ព្រះពុទ្ធសាសនាក្រោយសម័យអង្គរ
ក្រោយសតវត្សទី១៣មកព្រះពុទ្ធសាសនាត្រូវបានលើកតម្កើងជាសាសនារបស់រដ្ឋ។ ព្រះរាជាខ្មែរ និងប្រជាពលរដ្ឋគ្រប់មជ្ឍដ្ឋាន និយមព្រះពុទ្ធសាសនានេះខ្លាំងណាស់ និងមានជំនឿយ៉ាងមុតមាំ ដែលគេចាត់ទុកជាទីពឹងទីនឹក រឮក បើទោះបីជាប្រជាពលរដ្ឋខ្មែរមិនទាន់បោះបង់ចោលជំនឿលើព្រលឹង អារក្ខ អ្នកតាក៏ដោយ។ ប៉ុន្តែចំពោះព្រាហ្មណ៍សាសនាពុំមានប្រជាពលរដ្ឋខ្មែរគោរពរាប់អានទៀតនោះឡើយ។ ទោះជាយ៉ាងនេះក្ដីក៏ទំនៀមទម្លាប់បែបព្រាហ្មណ៍នៅតែដិតដាមក្នុងប្រពៃណីរបស់របស់ជនជាតិខ្មែររហូតដល់សព្វថ្ងៃ។ ឯក្នុងព្រះបរមរាជវាំងវិញគេនៅឃើញមានពួកព្រាហ្មណ៍បាគូនៅមានសេសសល់ ក្នុងភារកិច្ចជាអ្នករៀបចំពិធីផ្សេងៗ និងថែរក្សាទ្រព្យសម្បត្តិសម្រាប់រាជ្យ។
ក្នុងសម័យនោះចំនួនវត្តអារាមបានកើនឡើងជាលំដាប់។ ព្រះមហាថេរដែលមានតួនាទីមើលការខុសត្រូវលើការរៀបចំខាងសាសនា និងលើវត្តអារាមនៅក្នុងខេត្តនីមួយៗ លែងមានលទ្ធភាពបន្តការគ្រប់គ្រងនោះតទៅទៀត ហើយ។ ដោយហេតុនោះសម្ដេចសង្ឃរាជដោយមានការព្រមព្រៀងជាមួយរាជាគណៈឋានានុក្រម និងសហការីទាំងអស់ ទ្រង់បានស្នើទៅព្រះរាជា សូមឱ្យមានការកែប្រែដែលមានបែងចែកដូចតទៅ៖
ព្រះមហាថេរមួយអង្គៗពីមុនឥឡូវត្រូវតែងតាំងជាមេគណៈ ទទួលខុសត្រូវលើគណៈសង្ឃក្នុងខេត្តនីមួយ។ ចំណែកឯព្រះរាជាគណៈទាំង៤សម្រាប់ និងសម្ដេចព្រះសង្ឃរាជជាអ្នកត្រួតពិនិត្យ និងសម្រេចកិច្ចការសាសនាតទាំង ពួងក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល។ រាជាគណៈ ឬមន្ត្រីសង្ឃទាំង៤សម្រាប់ ត្រូវបែងចែកជាឯក ទោ ត្រី ចត្វា ដូចមន្ត្រីជាន់ខ្ពស់ខាងអាណាចក្រដែរ។
-សម្រាប់ឯកជារាជាគណៈរបស់ក្សត្រិយ៍ទ្រង់រាជ្យ
-សម្រាប់ទោជារាជាគណៈរបស់ក្សត្រិយ៍ឧភយោរាជ
-សម្រាប់ត្រីជារាជាគណៈរបស់សម្ដេចព្រះមហាឧបរាជ
-សម្រាប់ចត្វាជារាជាគណៈរបស់សម្ដេចព្រះវររាជជននី (សៀវភៅលោកត្រឹងងារប្រវត្តិសាស្ត្រខ្មែរភាគ២)
ព្រះពុទ្ធសាសនាក៏ដើរតួយ៉ាងសំខាន់ផងដែរក្នុងវិស័យអក្សរសាស្ត្រ និងការតាក់តែងនិពន្ធ។ ហេតុនេះហើយទើបឃើញកើតមានជាអត្ថបទគម្ពីរ បិតក ជាតកច្រើនកើតឡើងហូរហែ។ មិនតែប៉ុណ្ណោះអត្ថបទបែបព្រះពុទ្ធសាសនា ពោលគឺទស្សនៈពុទ្ធនិយមត្រូវបានអ្នកនិពន្ធខ្មែរយកមកធ្វើជាវិធីសាស្ត្រ ក្នុងការតាក់តែងអត្ថបទរបស់ខ្លួនផងដែរ។ ព្រឹត្តិការណ៍ទាំងនេះបានកើតឡើងនៅក្រោយពេលដែលទីក្រុងអង្គរត្រូវបានព្រះរាជាខ្មែរបោះបង់ចោល ហើយប្រទេសធ្លាក់ចូលទៅក្នុងកលិយុគ ចម្បាំងកើតមានញឹកញាប់។
ការលើកយកទស្សនៈបុណ្យបាបរបស់ពុទ្ធសាសនាមកតាក់តែងជាស្នាដៃអក្សរសិល្បិ៍នេះ ត្រូវបានអ្នកសិក្សាខ្លះវិភាគថាជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរ ជាការលួងលោម កុំឱ្យពួកគាត់ធ្លាក់ទឹកចិត្ត បាក់ទឹកចិត្ត ដោយចាត់ទុកហេតុការណ៍ ឬទុក្ខលំបាកវេទនាដែលខ្លួនជួបប្រទះនេះជាកម្មពៀររបស់ខ្លួនដែលបានសាងមកពីអតីតជាតិ។ ព្រះសង្ឃក្នុងពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សា អក្សរសិល្បិ៍ អក្សរសាស្ដ្រជាតិ និងប្រពៃណីទំនៀមទម្លាប់របស់ខ្មែរឱ្យនៅគង់វង្ស។
ចំពោះវិស័យសង្គមកិច្ចវិញព្រះសង្ឃជាគ្រូពេទ្រ ជាអ្នកកាត់ក្ដី ជាអ្នកមើលការខុសត្រូវដល់ប្រជាពលរដ្ឋខ្មែរផងដែរ។ ទីធ្លាវត្តអារាម បានក្លាយទៅជាទីសម្រាប់ជនទុរគតសម្រាក និងព្យាបាលជំងឺ ការសណ្តោសរបស់ព្រះសង្ឃពុទ្ធសាសនា ការចូលរួមចំណែកច្រើនក្នុងវិស័យសង្គមជាតិនោះ បានធ្វើឱ្យព្រះពុទ្ធសាសនាកាន់តែទទួលបានការរាប់អានពីប្រជាពលរដ្ឋខ្មែរ។
សម័យក្រោយអង្គររាប់ចាប់តាំងពីសតវត្សទី១៥ រហូតដល់សតវត្សទី១៩ ។ បើគិត ពីសតវត្សទី១៥ រហូតដល់សតវត្សទី១៩នោះ ដោយប្រទេសកម្ពុជាទទួលរងនូវសង្គ្រាមដ៏ ច្រើនពេកណាស់ធ្វើអោយ អ្នក កត់ត្រាប្រវត្តិព្រះពុទ្ធសាសនាមិនសូវមានការពិស្តាល្អ ។ប៉ុន្តែទោះបីជាយ៉ាងណាក្តី សម័យក្រោយអង្គរ នេះអាចអោយគេធ្វើការទាញបញ្ជាក់ បានថា ចលនាព្រះពុទ្ធសាសនាក្នុងសម័យក្រោយអង្គរនេះមិនខុសគ្នាពីសម័យអង្គរ ប៉ុន្មានទេ ។ ដូចមានភស្តុតាងខ្លះៗ បញ្ជាក់ថា សម័យក្រោយអង្គរ ព្រះពុទ្្ធសាសនាមានការរីចម្រើនជាងព្រហ្មញ្ញសាសានាព្រោះយោងតាមពង្សាវតាខ្មែរមានចំណុចខ្លះ ក៏បានបង្ហាញពីការឧបត្ថម្ភក៌មកលើព្រះពុទ្ធសាសនា រឺ ជួយទំនុបបំរុងដល់ភិក្ខុសង្ឃ រហូតព្រះរាជាអង្គខ្លះមានព្រះទ័យបួសជាភិក្ខុភាវៈទៀតផង ។
រជ្ជកាលព្រះបាទ ពញាយ៉ាត
(ព.ស ១៩៦៤ ដល់២០០៨ ,គ.ស ១៤២១ដល់១៤៦២)
ដំបូងព្រះអង្គទ្រង់គ្រងរាជ្យក្នុងរាជធានីបាសាន ស្រុកស្រីសន្ធរ ក្រោយមកទ្រង់បានផ្លាល់ ទៅចតុមុខវិញក្នុង ព.ស១៩៨៩ គ.ស១៤៤៦ដោយចាប់ពង្រីកដីហើយជីកព្រែកនិងកសាង វត្តអារាម ទ្រង់មានព្រះទ័យបញ្ជាអោយគេកសាងវត្តចំនួន៦ដ៏ទៃទៀតគឺ៖
១. វត្ត កោះ នៅទិសខាងកើតឆៀងអគ្នេយ៌ភ្នំដូនពេញ។
២. វត្ត លង្កា នៅទិសខាងកើតឦសានភ្នំដូនពេញ ។
៣. វត្ត ពុទ្ធឃោសា នៅទិសខាងត្បូងព្រែកចិនដំដែកនាទិសខាងជើងភ្នំដូនពេញ ។ ទ្រង់មានព្រះរាជទាននាមវត្តទាំង៣នេះដូច្នេះដើម្បីអោយសមនឹងរឿងដែលថាព្រះពុទ្ធឃោ សាចារ្យទៅចំឡងគម្ពីរអំពីកោះស្រីលង្កា ។
៤. វត្ត ឧណ្ណាលោម ដែលមាននាមនេះស្រាប់មកពីយូរណាស់ហើយ ជានាមចេតិយ៏ ធំកណ្តាលចេតិយ៏ទាំង៥ នៅខាងលិចវិហារវត្តឧណ្ណាលោម សព្វថ្ងៃនេះ ។
៥. វត្ត ពាមផ្លុង នៅទិសអគ្នេយ៌ភ្នំដូនពេញជាប់នឹងព្រែកឧកញ៉ាផ្លុងឆ្ងាយពីវត្តកោះ បន្តិច។
៦. វត្ត ខ្ពប តាយ៉ង ដោយយកតាមនាមរបស់តាមម្នាក់ឈ្មោះ យ៉ង ដែលជាអ្នកជីក ខ្ពប ,លុះ ចំណេរតមកខាងមុខ វត្ត ខ្ពប តាយ៉ង គឺ វត្ត បទុមវតីសព្វថ្ងៃនេះ។
នៅថ្ងៃ១១កើត ខែ ពិសាខ ឆ្នាំ ច ចត្វាស័ក ព.ស១៩៨៦ ច.ស ៨០៤ គ.ស ១៤៤២ ព្រះបាទ ពញាយ៉ាត ព្រមដោយមន្រីរាជការគ្រប់ជន់ថ្នាក់ និង សម្េតច សុគន្ធាធិបតិ ជាប្រមុខបានធ្វើពិធិបញ្ចុះសីមាគ្រប់ទាំង៧មានវត្ត ចេតិយបត៌តជាដើម និង ព្រះរាជពិធី កុសលផ្សេងៗទៀតជាច្រើន។
រជ្ជកាលព្រះបាទ ចន្ទរាជា
(ព.ស២០៥៦ដល់២០៨៩ គ.ស ១៥១៥ដល់ ១៥៥៥)
ទ្រង់គ្រងរាជនៅក្នុងរាជធានី លង្វេក ។ តាមពង្សាវតាខ្ែមរបានបង្ហាញថា ព្រះអង្គក្រៅពី ធ្វើ ចំបាំងជាមួយសៀម ទ្រង់បានកសាងវត្ត អារាមជាច្រើន ។ ហើយសម័យនោះវត្តអារាមមាន ការកើនឡើងជាលំដាប់។ ព្រះសង្ឃ និង វត្ត អារាម មាននាទីសំខាន់ណាស់ក្នុងវិស័យ សង្គមកិច្ច ។ ព្រះសង្ឃពុំមែនគ្រាន់តែជា ស្រែបុណ្យប៉ុណ្ណោះទេ ព្រះអង្គគឺជាអ្នកអប់រំ ផ្តល់ចំណេះវិជ្ជាគ្រប់បែបយ៉ាង ដល់ពុទ្ធបរិស័ទ ជើងវត្ត។ នេះហើយជាកត្តាមួយធ្វើអោយ រាស្រ្តខ្មែរគ្រប់រូបកាន់តែមាមជំនឿ លើព្រះពុទ្ធសា សនាកាន់តែខ្លាំងឡើងថែមទៀត ។ពួកយុវជនតែង ចូលទៅបួសអស់រយៈកាលហើយ សិក្ខវិញ ទើបអ្នកផងគេចាត់ទុកជា មនុស្សពេញលក្ខណៈមានចំណេះដឹង ស្គាល់ខុស ស្គាល់ត្រូវ ជាដើម ។
រជ្ជកាលព្រះបាទធម្មរាជាសម្ភារ (ពញាតូ)
(ព.ស ២០៥៨ ដល់ ២០៨៩ គ.ស ១៦២៩ ដល់ ១៨៣៦)
ព្រះបាទពញាតូ គឺជាព្រះរាជបុត្ររបស់ព្រះបាទជ័យជេដ្ឋាទី២ ព្រះអង្គគឺជាពុទ្ធសាសនិក មួយអង្គប្រកបដោយបសាទសទ្ធាដ៏ខ្ពស់ក្នុងព្រះធម៌ និង ព្រះវិន័យ ដោយព្រះអង្គបាន បួស ជាភិក្ខុភាវៈបំពេញព្រហ្មចរិយធម៌ ប៉ុន្តែព្រះអង្គបានលាចាកសិក្ខាបទវិញ ។ ដើម្បីទទួលរាជ សម្បត្តិក្រោយពេលព្រះបិតារបស់ព្រះអង្គចូលទីវង្គត់ទៅ ។ រជ្ជកាលក្រោយមកសង្គ្រាម ប្រទេសយើងកាន់តែធ្ងន់ធ្ងរទៅៗ ការគោរពប្រតិប្តិបត្តិព្រះពុទ្ធសាសនាក៏ត្រូវបានស្រុតចុះ យ៉ាងខ្លាំង ។
+ពុទ្ធសាសនាសម័យអាណានិគមបារាំង
សម័យអាណានិគមនិយមបារាំងគិតចាប់ពីឆ្នាំ១៨៦៣ នៅពេលដែលព្រះនរោត្តមទ្រង់បានចុះសន្ធិសញ្ញាជាមួយបារាំងថ្ងៃ១១ខែសីហាឆ្នាំ១៩៦៣នេះតែម្ដង ក្នុងបំណងយកបារាំងជាខែលការពារប្រទេសកម្ពុជាពីការឈ្លានពានរបស់ប្រទេសជិតខាង មានយួន សៀមជាដើម។
ក្នុងកំឡុងសតវត្សទី ១៧, ១៨, ១៩ប្រទេសៀមបានមានឥទ្ធិពលយ៉ាងខ្លាំងមកលើនយោបាយក្នុងស្រុករបស់ខ្មែរ ដែលជាហេតុធ្វើឱ្យឥទ្ធិពលនៃប្រពៃណីសាសនាក៏លាយឡំជាមួយគ្នានោះផងដែរ។ ដូចជានៅក្នុងឆ្នាំ១៨៥៥ ព្រះបាទនរោត្តមបាននិមិន្តព្រះសង្ឃធម្មយុត្តិកនិកាយពីប្រទេសសៀមចូលមក្នុងស្រុកខ្មែរ ដើម្បីបង្កើតនិកាយនេះនៅក្នុងស្រុកខ្មែរផងដែរ។ សម្ដេចប៉ានទ្រង់ជាព្រះសង្ឃខ្មែរក៏ប៉ុន្តែទ្រង់បានទៅសិក្សាប្រទេសសៀម ហើយត្រូវបានតែងតាំងជាព្រះសង្ឃធម្មយុត្តិដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា គង់នៅក្នុងវត្តបទុមវត្តីក្រុងភ្នំពេញ។ ហើយប្រពៃណីនេះបានបន្តជាប់គ្រប់រាជការព្រះមហាក្សត្រខ្មែររហូតដល់សព្វថ្ងៃ។
ក្នុងសម័យអាណានិគមនេះ ក៏មិនខុសពីសម័យកណ្ដាលប៉ុន្មានដែរ ព្រះពុទ្ធ សាសនាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមខ្មែរ ទាំងវិស័យសង្គមកិច្ច សុខាភិបាល អប់រំ យុត្តិធម៌ និងជាឃ្លាំងអភិរក្សអក្សរសាស្ដ្រជាតិខ្មែរ ព្រមទាំងវប្បធម៍ប្រពៃណីរបស់ខ្មែរយើងផងដែរ។ ក្រោមការជិះជាន់របស់បារាំងមកលើប្រជាពលរដ្ឋខ្មែរ និងពុទ្ធសាសនា បានធ្វើឱ្យព្រះសង្ឃខ្មែរងើបឡើងតស៊ូបះបោរប្រឆាំងជាមួយបារាំង ប៉ុន្តែត្រូវបរាជ័យយ៉ាងធ្ងន់ធ្ងរ រហូតដល់មានការចាប់ខ្លួនធ្វើទោសទណ្ឌទៀតផង។ តែទោះបីជាយ៉ាងណាក៏ដោយក៏ពុទ្ធសាសនានៅតែពង្រឹងខ្លួនជានិច្ចពុំមានការចុះញ៉មជាមួយពួកបារាំងនោះឡើយ ដែលនៅឆ្នាំ១៩១៤គេឃើញមានការសាងសង់សាលាភាសាបាលីជាន់ខ្ពស់មួយនៅភ្នំពេញ និងក្រោយមកកែប្រែទៅជាមហាវិទ្យាល័យ។ ការសិក្សាអប់រំចំពោះព្រះសង្ឃមិនត្រឹមតែចំណេះដឹងខាងភាសាបាលីប៉ុណ្ណោះទេ ក៏ប៉ុន្តែមូលដ្ឋានគ្រឹះនៃចំណេះដឹងទូទៅតាមបែបទំនើបក៏ត្រូវយកមកសិក្សារៀនសូត្រនៅឯសាលារៀនផងដែរ។ សាលា បាលីជាន់ទាបត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៣៣ដើម្បីផ្ដល់លទ្ធភាព ឱ្យព្រះសង្ឃដែលទើបបួសថ្មីអាចសិក្សាពីភាសាបាលីនេះពីកម្រិតដំបូង បាន។
រជ្ជកាលព្រះបាទហរិរក្សរាមាធិបតិអង្គឌួង
(ព.ស២៣៨៨ ២៤០២ គ.ស១៥៥៤ ១៨៥៩)
ព្រះបាទអង្គឌួង គឺជាពុទ្ធសាសនិកមួយអង្គដ៏ឆ្នើមមិនចាញ់ព្រះរាជាអង្គមុនៗប៉ុន្មានទេ ហើយទ្រង់មានប្រាជ្ញាឈ្លាសវៃក្នុងអត្ថនៃព្រះភិធម្ម (ចេះធម៌អភិធម្ម) ។ ព្រះអង្គបានយក ព្រះទ័យចិត្តទុកដាក់ក្នុងវិស័យព្រះពុទ្ធសាសនាយ៉ាងខ្លាំង ដោយទ្រង់ជួយទំនុបបំរុងដល់ ការកសាងវត្តអារាមជាច្រើន ហើយព្រះអង្គបានទុកវត្តអារាមជាថ្លាលបណ្តុះបណ្តាលវិជ្ជា ដោយព្រះអង្គត្រាស់បង្គាប់ឲ្យកុលបុត្រកុលធីតាទាំងអស់ឲ្យចូលមកសិក្សារៀនសូត្រផ្លូវ លោកព្រមទាំង ផ្លូវព្រះធម៌ក្នុងវត្តអារាមនីមួយៗ ។ព្រះអង្គឲ្យជ្រើសយកអាចារ្យបង្រៀនព្រះ
បរិយត្តិធម៌ ឬ ព្រះត្រៃបិដកតាមអារាមនានា ។ ព្រះឲ្យគេធ្វើសាលាទានសម្រាប់ធ្វើសង្ឃ ទាន និង ធ្វើទានដល់ជនក្រីក្រលំបាកទុគ៌តអត់ឃ្លាន ។ ព្រះបានជាទីសក្ការៈនៃជនានុជន គ្រប់បជ្ឈដ្ឋានដោយព្រះអង្គទ្រង់មានព្រះទ័យប្រកបដោយប្រជាធិប្បតេយ្យដ៏បរិសុទ្ធ ហើយ ទ្រង់លប់ចោលនៅអំពើទារុណកម្មលើរូបរាងកាយ និង កែប្រែទម្លាប់ខ្លះដែលទាក់ទងនឹង ព្រះរាជាមុនៗ ។ ព្រះអង្គគឺជាព្រះមហាក្សត្រគោរពព្រះពុទ្ធសាសនាដ៏ប្រសើរបានជួយ ទំនុបបំរុងដល់ដល់ការកសាងវត្តអារាមជាច្រើន ។ ព្រះអង្គទ្រងអនុញ្ញាតឲ្យប្រជាជនទាំង អស់មានឪកាសធ្វើបុណ្យ ធ្វើទានតាមលក្ខណៈប្រពៃណីយ៌ ដូចជាបុណ្យ កឋិន បុណ្យ ភ្ជំបិណ្ឌ បុណ្យផ្កាជាដើម ។ ជាងនេះទៅទៀតដើម្បីលើកស្ទួយវិស័យព្រះពុទ្ធ សាសនាអោយកាន់តែមានភាបរុងរឿងថែមទៀត ព្រះអង្គបានកសាង មន្ទីរពុទ្ធសាសន បណ្ឌិត្យ ជាបណ្ណាល័យ និង សាលាបាលីជាន់ខ្ពស់ ។
រជ្ជកាលព្រះបាទស៊ីសុវត្ថិមនីវង្ស
(ព.ស ២៤៧០ ដល់ ២៤៨៤ គ.ស ១៩២៧ ១៩៤១)
ក្នុងរជ្ជកាលរបស់ព្រះអង្គគេសង្គេតឃើញវប្បធម៌អរិយធម៌ កាន់តេខ្លាំងឡើងៗ ។ វប្បធម៌ អរិយធម៌ត្រូវបានជ្រកកោននៅក្នុងវត្ត ព្រះពុទ្ធសាសនាដែលមានភិក្ខុដើរតួយ៉ាងសំខាន់ក្នុង ការអភិបាលវប្បធម៌អរិយធម៌របស់ខ្មែរយើងដើម្បីឲ្យមានចិរភាពមកដល់សព្វថ្ងៃនេះ ។ ជា ពិសេសវប្បធម៌អរិយធម៌ អក្សរសាស្រជាតិដែលត្រូវវាយលុកដោយពួកបារាំងសែល ។ចាប់ តាំងពីរជ្ជកាលព្រះអង្គមក និង រជ្ជកាលក្រោយៗទៀតព្រះពុទ្ធសាសនាដើរតួនាទីយ៉ាង សំខាន់ការពាររក្សាវប្បធម៌អរិយធម៌ជាតិយើង ។ កាលនោះបើគ្មានវត្តអារាមព្រះពុទ្ធ សាសនា ដែលមានភិក្ខុសង្ឈអ្នកស្នងមត៌កទេនោះ ម្លោះវប្បធម៌អរិយធម៌មិនដឹងក្លាយទៅ ជាយ៉ាងណាទេ ។ នៅក្នុងរជ្ជកាលព្រះអង្គគេសង្គេតឃើញមានសាលាបាលីជាន់ខ្ពស់ និង សាលាច្បាប់មួយ និង សាលារចនាមួយ ។ មត៌កដ៍អស្ចារ្យមួយទៀតគឺ សៀវភៅព្រះត្រៃ បិដកដែលបកប្រែជា ភាសាជាតិដំបូងបំផុតនៅក្នុងប្រទេសខ្មែរយើង ។ ព្រះអង្គបានបង្កើត ឲ្យមានក្រុមជុំនុំផ្ទៀងផ្ទាត់ព្រះត្រៃបិដកដែលពីមុនយើងមានតែភាសាបាលីប៉ុណ្ណោះ ។ ចាប់ តាំងពី ព.ស ២៤៧២ គ.ស ១៩២៩ រហូតដល់ ព.ស ២៤៨២ គ.ស ១៩៣៩ មានរយៈពេល ១០ ឆ្នាំគត់ក្រុមជំនុំផ្ទៀងផ្ទាត់ដែលមានគ្នាចំនួន ៤០នាក់ រួមទាំងសម្តេចព្រះរាជាគណៈ ទាំតពីគណៈផងដែរ ។
រជ្ជកាលព្រះបាទ នរោត្តមសីហនុ
(ព.ស ២៤៨៤ ២៤៩៨ គ.ស ១៩៤១ ១៩៥៥) (ក្នុងរជ្ជកាលទី១)
ព្រះអង្គគឺជាអគ្គពុទ្ធសាសនូបត្ថម្ភក៌ដ៏ឆ្នើមដោយទ្រង់បានប្រទាននូវ ធមនុញ្ញដល់ប្រជា រាស្រ្ត ដើម្បីលើកដំកើងព្រះពុទ្ធសាសនាដែលជាមត៌ករបស់ជាតិយើង តាំងពីសម័យ បុរាណកាលមក “ ព្រះពុទ្ធសាសនា ជាសាសនារបស់ជាតិ (មាត្រាទី ៤ និង មាត្រាទី៤៣ នៃ
ច្បាប់រដ្ឋធមនុញ្ញ”) ។ ពិសេសជាងនេះទៅទៀតគឺព្រះអង្គបានបង្កើតឲ្យមានសាលាពុទ្ធិក មហាវិទ្យាល័យព្រះសីហនុរាជដែលជាថ្នាលដ៏ពិសិដ្ឋ សម្រាប់ការបណ្តុះបណ្តាលយុវជន សមណៈនិស្សិតខ្មែរឲ្យមានចំណេះដឹងខ្ពង់ខ្ពស់ នេះគឺ ជាគ្រឹះដ៏រឹងមាំបំផុតក្នុងវិស័យ សាសនា ដែលសមស្របទៅនឹងបាវចនាជាតិដែល ចែងថា “ ជាតិ សាសនា ព្រះមហាក្សត្រ” ។ ក្នុងរជ្ជកាលព្រះអង្គ ទ្រឹស្តីព្រះពុទ្ធសាសនាត្រូវរីក យ៉ាងត្រសុំត្រសាយ ក្រោយពេលសមណៈនិស្សិតទាំងអស់បានបញ្ចប់ការសិក្សាទៅបំពេញភារកិច្ចក្នុងឋានៈ ជា ពុទ្ធសាសនិកដ៏ឆ្នើមប្រកបដោយគតិបណ្ឌិត និង ស្មារតីសន្តិភាពសម្រាប់អភិវឌ្ឍន៏សង្គម ជាតិ ។
រជ្ជកាលព្រះបាទសុរាម្រឹត
(ព.ស ២៤៩៨ ២៥០៣ គ.ស ១៩៥៥ ១៩៥៥)
ព្រះបាទសុរាម្រឹត គឺជាអគ្គពុទ្ធសាសនូបត្ថម្ភក៏មួយរូបដែរ ដោយព្រះអង្គលើកស្ទួយវិស័យ ព្រះពុទ្ធសាសនា ឲ្យមានការរីចំរើនមិនចាញព្រះមហាក្សត្រអង្គមុនៗទេ ។ នៅក្នុងរជ្ជកាល ព្រះអង្គបានឃើញព្រឹត្តិការណ៌ដ៏អស្ចារ្យមួយ នៅក្នុងប្រវត្តិព្រះពុទ្ធសាសនាខ្មែរ គឺ បុណ្យ ពាក់កណ្តាលសាសនា ដែលបានរៀបចំនៅទីក្រុងភ្នំពេញ និង ទូទាំងវត្តអារាមទូទាំងព្រះ រាជាណាចក្រកម្ពុជា ។ បុណ្យនេះគឺស្ថិតនៅក្រោមការឧបត្ថម្ភក៏របស់ព្រះបាទសុរាម្រឹត ព្រមទាំងបុណ្យសម្ពោធឆ្លង ព្រះសក្យមុនីចេតិយបញ្ចុះ ព្រះបរមសារិកធាតុ នៅមុខស្ថានីយ៌ រាជាយស្មយយានរាជធានីភ្នំពេញ ។បុណ្យពាក់កណ្តាលសាសនានេះព្រះបាទសុរាម្រឹត ទ្រង់ និង សម្េតចសង្ឃទាំងពីរគណៈទ្រង់ ធ្វើអស់រយៈពេល ៧យប់ ៧ថ្ងៃ គឺចាប់ពីថ្ងៃអាទិត្យ ទី១៤ ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥០០ ត្រូវនឹងថ្ងៃទី១១ ខែ ឧសភា គ.ស ១៩៥៧ រហូតដល់ថ្ងៃសៅរ៌ ៥រោច ខែ ចេត្រ ត្រូវនឹងថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ១៩៥៧ ថ្ងៃបុណ្យឆ្លង។
លើសពីនេះទៀតព្រះអង្គបានឧបត្ថម្ភក៏ដល់ការកសាង មន្ទីរពេទ្យ ព្រះកុសុម មន្ទីរពេទ្យ ព្រះសង្ឃ និង កសាងវត្តជាច្រើនមានវត្ត កុសុមារាម (លង្កា)ជាដើម។ នៅក្នុងរជ្ជកាល របស់ព្រះបាទសុរាម្រឹត វិស័យព្រះពុទ្ធសាសនាមានការរីចំរើនល្អណាស់ បើតាមស្ថិតិឆ្នាំ ១៩៦១នៅក្នុងប្រទេសទាំងមូលមានវត្ត ចំនួន ២៥៨០ វត្ត ដែលមានព្រះសង្ឃសរុប ៥៣៥០៩ព្រះអង្គ ដល់មកឆ្នាំ ១៩៦៩ យើងមានវត្តចំនួន ៣៣៦៩៦វត្ត ដែលក្នុងនោះគណៈ មហានិកាយមាន៦២៦៧៨ព្រះអង្គ និង ធម្មយុត្តិកនិកាយមាន ចំនួន ២៣៨៤ សរុបមាន ចំនួន ៦៥០៦២ព្រះអង្គ។
សម័យសាធារណៈ(លន់ ណុល)
(ព.ស ២៥១៣ ដល់ ២៥១៨ គ.ស ១៩៧០ ដល់ ១៩៧៥)
វត្តអារាមដែលជាកន្លែងសក្ការៈបូជាបានក្លាយទៅជាកន្លែងសឹកសង្រ្គាម ។ ព្រះវិហារ ព្រះ ពុទ្ធរូប កុដិ សាលា ចេតិយ គម្ពីរសាសនា ត្រូវទទួលការបំផ្លិចបំផ្លាញក្រោមទំងន់គ្រាប់ ផ្លោងដែលទម្លាក់ពីលើយន្តហោះ គ្មានវត្តណាមួដែលគេចផុតឡើយ ។ ព្រះសង្ឃ និង ប្រជាពលរដ្ឋតែងតែទទួលការភិតភ័យ ពីការគំរាបគំហែងពីកងទ័ពព្រៃ ។ ទោះបីជាយ៉ាង ណាក៏ដោយស្មាតី និង មនសិការរបស់ពុទ្ធបរិស័ទ គ្រប់មជ្ឈដ្ឋាននៅតែដក់ជាប់នៅឆន្ទៈ ភ្ញាក់រឭកដល់គុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃដែលជាសរណៈដ៏ចំបងក្នុងព្រះពុទ្ធសាសនា ជានិច្ច។ សម័យសាធារណៈនេះពិតមែនតែរូបភាពខាងក្រៅមិនត្រូវបានទទួលភាពរីក ចម្រើនរុងរឿងដូចសម័យកាលមុនៗយ៉ាងណាដ៏ដោយតែស្មារតីផ្នត់គំណិតនៅតែស្ថិតស្ថេរ ចិរភាពអមតៈជានិច្ចគឺពុទ្ធសាសនានិកយើងនៅតែឆ្លៀតឪកាសបំពេញ នូវកាតព្វកិច្ចជា ពុទ្ធសាសនូបត្ថម្ភក៏ក្នុងពិធីបុណ្យប្រពែណីពុទ្ធសាសនាដូចជា បុណ្យភ្ជំបិណ្ឌ កឋិន បុណ្យ បួស ។ ល។ តាមរដួវកាលជាប់មិនដាច់ឡើយ គ្រាន់តែការធ្វើនោះពុំបានថ្កុំថ្កើងរុងរឿងដូច សម័យកាលដែលប្រទេសជាតិ យើងមានសន្តិភាពនោះឡើយ ។ រួមមកគឺព្រះពុទ្ធសាសនា រុងរឿងតែក្នុងផ្នត់គំនិតតែប៉ុណ្ណោះ ។
សម័យកម្ពុជាប្រជាធិបតេយ្យ
(ព.ស ១៥១៨ ដល់២៥២២ គ.ស ១៩៧៥ ដល់១៩៧៩)
ភ្នំពេញ : នៅសម័យអន្តរកប្ប ចន្លោះឆ្នាំ១៩៧៥-៧៩ ប៉ុល ពត បានរំលាយខឿនព្រះពុទ្ធសាសនា ទាំងវត្តអារាម ទាំងព្រះសង្ឃ ទាំងឧបាសក ទាំងឧបាសិកា ទាយក ទាំងយិកាចោលទាំងអស់ ។ មិនត្រឹមតែប៉ុណ្ណោះទេ ថែមទាំងបានបំផ្លាញគម្ពីរដីកាព្រះពុទ្ធសាសនាមួយចំនួនធំទៀត ។ និយាយរួមមកវិស័យសាសនាត្រូរបបនេះបំបាត់ចោលទាំងស្រុង វត្តអារាមជាទីសក្ការៈបូជាសន្សំកុសលបានប្រែក្លាយទៅជាកន្លែងគុកច្រវាក់ឃុំឃាំងធ្វើ ទារុណកម្មកាប់សម្លាប់សាងនូវបាបកម្មគ្មានញញើតដៃ ។ ព្រះសង្ឃរាប់ពាន់អង្គត្រូវបាន ចាប់ផ្សឹកទាំងបង្ខំ ឲ្យធ្វើពលកម្មលើសលប់មានការបរិភោកអាហារមិនគ្រប់គ្រាន់ ។ ហើយ ព្រះសង្ឃដែលជាមេដឹកនាំដូចជាមេគណ ព្រះអនុគណត្រូវបានចាប់ផ្សឹកបង្ខំឲ្យយកគ្រូសារ តាមរយៈការ រលាក់ដែ និង ការចាប់អារម្មណ៌ គ្មានមង្គលការត្រឹមត្រូវទេ ។
នៅថ្ងៃសៅរ៍ ៣ កើត ខែមិគសិរ ឆ្នាំមមែ ស.ព.២៥២២ ត្រូវនឹងថ្ងៃទី២ ខែធ្នូ គ.ស.១៩៧៨ ប្រជាជនបានបង្កើតរណសិរ្សមួយ ឈ្មោះរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលមានគោលការណ៍១១.ខ ក្នុងគោលបំណងវាយរំដោះប្រជាជនកម្ពុជាឲ្យបានរួចផុតពីរបបបនប្រល័យ ពូជសាសន៍ ប៉ុល ពត ។ លុះដល់ថ្ងៃអាទិត្យ ១០ កើត ខែបុស្ស ឆ្នាំមមែ ព.ស.២៥២២ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ១៩៧៩ រំដោះប្រជាជនឲ្យរួចផុតពីរបបបនប្រល័យពូជសាសន៍ ប៉ុល ពត បានដូចបំណង ។ នៅពេលនោះឯងហើយប្រជាជនកម្ពុជាអាចមានជំនឿលើព្រះពុទ្ធសាសនា ឡើងវិញបានជាបណ្ដើរៗ ពីព្រោះរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាមានយោបល់ថា ព្រះពុទ្ធសាសនា និងចិត្តគំនិតរបស់ប្រជាជនកម្ពុជា មានភាពផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធរាប់ពាន់ឆ្នាំកន្លងមកហើយ មិនអាចមានអ្នកណាម្នាក់មកបេះបំបែកចេញពីគ្នាបានដោយងាយឡើយ ។ សូម្បីនៅក្នុងសម័យប៉ុល ពត ពួក ប៉ុល ពត បានបំបាក់ស្មារតីប្រជាជនឲ្យលះបង់ព្រះពុទ្ធសាសនា បើអ្នកណាមិនព្រមលះបង់ចោលទេ នៅមានការអាឡោះអាល័យព្រះពុទ្ធសាសនា ពួក ប៉ុល ពត នាំយកអ្នកនោះសម្លាប់ចោលទាំងពូជ ។
បើទុកជាមានការគាបសង្កត់សម្លាប់បែបនេះក៏ដោយ ក៏ប្រជាជនមួយចំនួនធំនៅតែលួចថ្វាយបង្គំព្រះសម្ពុទ្ធក្នុងពេលស្ងាត់ ឬក៏នៅតែលើកដៃអធិដ្ឋានចិត្តចំពោះព្រះសម្ពុទ្ធដែរ ។ ចំណែកព្រះសង្ឃវិញ ព្រះសង្ឃមួយចំនួនធំ ពួកប៉ុលពតបង្ខំឲ្យសឹក លោកក៏សឹកតាមបញ្ជា តែចិត្តរបស់ព្រះអង្គវិញ នៅតែអាល័យភេទផ្នួស ពេលយប់យកស្បង់ ចីពរ មកដេកឱប ។ នៅមានព្រះសសង្ឃមួយចំនួនតូចបំផុតមិនព្រមលះបង់ភេទបព្វជិត ដោយប្រើកលល្បិចពេលមានប្រជាជនអ៊ូអរ យកសំពត់សមកស្លៀកដណ្ដប់ តែនៅពេលស្ងាត់វិញលោកយកស្បង់ចីពរ មកគ្រង ខំភាវនាធម៌ មិនខ្លាចសេចក្ដីស្លាប់ឡើយ ។
សម័យកាលសាធារណរដ្ឋប្រជាមានិត្យកម្ពុជា និង រដ្ឋកម្ពុជា
(ព.ស ២៥២២ ដល់ ២៥៣៦ គ.ស ១៩៧៩ ដល់ ១៩៩៣)
ក្រោយជ័យជំនះលើកងទ័ពខ្មែរក្រហម ពល ពត នៅឆ្នាំ១៩៧៩ ជំនឿសាសនាត្រូវបានបើកចំហឡើងវិញសម្រាប់ប្រជាពលរដ្ឋខ្មែរ។ ព្រះពុទ្ធសាសនា ក៏ត្រូវបានលើកតម្កើងសារជាថ្មីផងដែរ ដោយរដ្ឋាភិបាលបាននិមន្តព្រះសង្ឃខ្មែរ ដែលបានភៀសខ្លួនទៅប្រទេសវៀតណាមកាលពីកំឡុងសម័យ នោះ ចូលមកក្នុងប្រទេសកម្ពុជាវិញដើម្បីដឹកនាំព្រះពុទ្ធសាសនាឡើងវិញ។
ដោយគ្រាន់តែបានដឹងថា រដ្ឋអំណាចបន្ធូរឲ្យប្រជាជនមានជំនឿលើព្រះពុទ្ធសាសនាបានភ្លាម ប្រជាជនដែលធ្លាប់ជាពុទ្ធបរិស័ទពីជំនាន់មុន ងើបច្រូងច្រាងនាំគ្នាធ្វើបុណ្យ។ តែនៅពេលនោះមិនទាន់មានព្រះសង្ឃនៅឡើយ នាំគ្នាអញ្ជើញលោកតាៗដែលចេះព្រះពុទ្ធសាសនា ឲ្យធ្វើជាព្រះសង្ឃ ហើយនាំគ្នាវេរបច្ច័យ៤ ឧទិ្ទសកុសលជូនវិញ្ញាណក្ខន្ធបុព្វបុរសដូចជា កាលព្រះពុទ្ធគង់ធម្មាដូចនោះដែរ ។
នៅពេលនោះឯង ព្រះសង្ឃអង្គខ្លះដែលព្រះអង្គលបស្លៀកស្បង់គ្រងចីពរអស់រយៈពេលជាងបី ឆ្នាំកន្លងមកហើយនេះ ព្រះអង្គប្រកាសខ្លួនថា នៅសម័យ ប៉ុល ពត ព្រះអង្គមិនដែលឃ្លាតចេញពីភេទបព្វជិតឡើយ ព្រះអង្គស្លៀកស្បង់គ្រងចីពរ ជាធម្មតាវិញ ។ ក៏មានការយល់ថា ការស្លៀកខោពាក់អាវដោយការបង្ខំពីសត្រូវ សីលផ្នួសរបស់ព្រះអង្គមិនបាច់ឡើយពី ព្រោះព្រះអង្គបានរក្សាសីលផ្នួសរបស់ខ្លួនបានដូចធម្មតា ។ ការយល់ដូចនេះ លោកយកស្បង់ចីពរមកស្លៀកដណ្ដប់ ហើយប្រកាសខ្លួនថាខ្លួនជាអ្នកបួសពិតប្រាកដ ។
ដោយមានការបួសគ្មានសណ្ដាប់ធ្នាប់បែបនេះ ទើបទីស្ដីការគណៈកម្មាធិការមជ្ឈិមរណសិរ្សសង្គ្រោះជាតិកម្ពុជាបាន ចាត់ចែងនិមន្ដព្រះសង្ឃពីប្រទេសវៀតណាមចំនួន ៩ អង្គ មកបំបួសលោកអាចារ្យ ដែលជាអតីតបព្វជិត ហើយដែលមិនមានប្រពន្ធ-កូន ធ្វើជាពូជព្រះសង្ឃដើម្បីបំបួសកុលបុត្របន្តទៅទៀត ។ តាមព្រះសពសម្តេចមង្គលទេពាចារ្យ អ៊ុម ស៊ុម បានឲ្យដឹងថា ព្រះសង្ឃ ៩ អង្គដែលរដ្ឋាភិបាលវៀតណាម បានចាត់តាំងឲ្យមកបំបួសនោះ លោក អាចារ្យ តុង ធ្វើជាព្រះឧប្បជ្ឈាយ៍ និមន្តមកដល់ក្រុងភ្នំពេញព្រះអង្គសុគត ។ សូមបញ្ជាក់ថា ព្រះអង្គព្រះនាម តុង នេះ ពីមុនពេលសម័យប៉ុល ពត ឆ្នាំ១៩៧៥ ព្រះអង្គគង់នៅវត្តមហាមន្ត្រី ក្រុងភ្នំពេញ ។ ឯព្រះសង្ឃ ១ អង្គទៀត ព្រះនាមថាច់ មិញ ជាព្រះសង្ឃមហាយាន ព្រះអង្គជាអ្នកសង្កេតការណ៍ មិនបានចូលរួមជាការកសង្ឃទេ ។
ដូច្នេះ ព្រះសង្ឃជាការកសង្ឃ រៀបចំការបំបួសនោះមានចំនួន ៧ អង្គ ៖
១. ព្រះអង្គ យីវ ងីម ជាព្រះឧបជ្ឈាយ៍
២. ព្រះអង្គ ថាច់ ធៀងតុង ជាគ្រូសូត្រស្តាំ
៣. ព្រះអង្គ ធីវ វីត ជាគ្រូសូត្រឆ្វេង
ឯព្រះអង្គ ៤ ព្រះអង្គទៀត សម្ដេចមិនបានស្គាល់ ។ ការរៀបចំបំបួសធ្វើចំពោះអតីតបព្វជិត ៧រូប នៅថ្ងៃពុធ ១៣ រោចខែភទ្របទ ឆ្នាំមមែ ព.ស.២៥២៣ ត្រូវនឹងថ្ងៃទី ១៩ ខែកញ្ញា គ.ស.១៩៧៩ ។
ឯអតីតបព្វជិត ៧ រូបដែលត្រូវបំបួសនោះ ៖
១. ភិក្ខុ កើត វ៉ាយ មកពីខេត្តកំពង់ធំ ( សុគត ២៥ មករា ១៩៩១ )
២. ភិក្ខុ ប្រាក់ ឌិត មកពីខេត្ត តាកែវ
៣. ភិក្ខុ ឌិន សារុន មកពីខេត្ត កណ្ដាល
៤. ភិក្ខុ អ៊ិត ស៊ុម មកពីខេត្ត តាកែវ ( សុគត ០១.០៩.១៩៩៨ )
៥. ភិក្ខុ នន់ ង៉ែត មកពីខេត្ត តាកែវ
៦. ភិក្ខុ កែន វង្ស មកពីខេត្ត ព្រៃវែង
៧. ភិក្ខុ ទេព វង្ស មកពីខេត្ត សៀមរាប ។
ចាប់ពីពេលបានបំបួសព្រះសង្ឃនេះរួចមក ព្រះឧបជ្ឈាយ៍ព្រះនាម ឋិតស្រីលោ ដែលបានបំបួសភិក្ខុទាំង ៧ អង្គនេះ បានសម្រេចប្រគល់ភារកិច្ចឲ្យភិក្ខុ កើត វ៉ាយ ធ្វើជាព្រះឧបជ្ឈាយ៍ បំបួសភិក្ខុ សាមណេរ បន្តទៅទៀត ក្រោយមកភិក្ខុ កើត វ៉ាយ ព្រះអង្គមានព្រះជន្មច្រើន មានវត្តអារាមនៅឆ្ងាយពីទីក្រុងភ្នំពេញមានផ្លូវលំបាកខ្លាំង ហើយបើព្រះអង្គនិមន្តមកក្រុងភ្នំពេញចេះតែមានព្រះអាពាធ ។
ដោយមានមូលហេតុនេះហើយ ទើបភិក្ខុ កើត វ៉ាយ និមន្តមកបំបួសបានត្រឹមតែមួយលើកប៉ុណ្ណោះ ព្រះអង្គបានប្រគល់នាទីព្រះឧបជ្ឈាយ៍ឲ្យភិក្ខុ ទេព វង្ស បំបួសភិក្ខុ សាមណេរ បន្តពីព្រះអង្គទៅទៀត ។ បន្ទាប់ពីការបំបួសបានព្រះសង្ឃ ៧ អង្គរួចមកគណៈកម្មាធិការមជ្ឈិមរណស្សិ និងក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា មានចំណាប់អារម្មណ៍លើ ៖
-ព្រះពុទ្ធសាសនាបានកើតហើយ តែការរៀបចំព្រះពុទ្ធសាសនា នៅមិនទាន់មាន របៀបរៀបរយល្អនៅឡើយ ។ ដូចនេះ គួរតែរៀបចំព្រះសង្ឃឲ្យមានឯកភាព គឺគ្មានគណៈនិកាយឡើយ ។
-គួររៀបចំពុទ្ធសាសនាឲ្យមានព្រះសង្ឃមជ្ឈិម និងក្រសួងធម្មការសម្រាប់ជួយសម្រួលកិច្ចការព្រះពុទ្ធសាសនា ។
-អ្នកមានសទ្ធាចូលបួសក្នុងព្រះពុទ្ធសាសនាកាន់តែមានច្រើនឡើង ។ ឯព្រះសង្ឃមជ្ឈិមអាចចេញទៅបំបួសតាមខេត្តនានាមិនទាន់ពេលតាមសំណូមពររបស់ពុទ្ធបរិស័ទបានឡើយ ។
ដូចនេះ គណៈកម្មការមជ្ឈិមរណសិរ្ស និងក្រុមប្រឹក្សាប្រជាជនបដិវត្តន៏កម្ពុជា បានឯកភាពជាមួយព្រះសង្ឃមជ្ឈិមរណសិរ្សបង្កើតឲ្យមានព្រះឧបជ្ឈាយ៍ និងការកសង្ឃនៅគ្រប់ខេត្ត ក្នុងប្រទេសកម្ពុជាទាំងមូល ។
ឯការបំបួសនោះទៀតសោត ត្រូវគោរពតាមសារាចរស្ដីពីរបៀបបំបួសកុលបុត្រ ក្នុងព្រះពុទ្ធសាសនា លេខ ២៤-៨១ស.រ ចុះថ្ងៃទី៥ ខែមិថុនា គ.ស ១៩៨១/ព.ស.២៥២៤ ។
សារាចរបានរៀបរាប់ថា ព្រះពុទ្ធសាសនាបានដុះជាប់ជានិស្ស័យចិត្តគំនិតរបស់ប្រជាជនកម្ពុជាជាច្រើនពាន់ឆ្នាំមកហើយ ថែមទាំងបានផ្សារភ្ជាប់នឹងទំនៀមទម្លាប់ខ្មែរទៀតផង ព្រោះហេតុនោះទើបប្រជាជនកម្ពុជា ៩៩ ភាគរយគោរពរាប់អាន ។
ក្រោយថ្ងៃ១៧ មេសា ១៩៧៥ មកទល់នឹងថ្ងៃ ៧ មករា ១៩៧៩ រយៈកាលជិត ៤ ឆ្នាំ ព្រះពុទ្ធសាសនាត្រូវធ្លាក់ដល់សូន្យ ដោយពួកទមិឡឥតសាសនា ជាបនប្រល័យពូជសាសន៍ ប៉ុល ពត អៀង សារី ខៀវ សំផន វារលាយសូន្យសុង ។ ក្រោយថ្ងៃ៧ មករា ១៩៧៩ ជាថ្ងៃជ័យជម្នះរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានដេញកម្ចាត់ពួកទមិឡទាំងនោះបានសម្រេចជោគជ័យជាស្ថាពរហើយ អង្គការនេះក៏បានបើកសិទ្ធិនិងសេរីភាពយ៉ាងបរិបូរណ៍ឡើងវិញ ឲ្យប្រជាជនគ្រប់ឋានៈ មានសិទ្ធិ សេរីភាពខាងជំនឿ សាសនាជាដើម ។ ប្រជាជនកម្ពុជាដែលធ្លាប់តែមានសន្ដានចិត្តគោរព ប្រតិបត្តិព្រះពុទ្ធសាសនា ទាំងបព្វជិតដែលត្រូវរងគ្រោះដោយបនក្បត់ ប៉ុល ពត ផ្សឹក ក៏ដូចជាអ្នកធ្លាប់ជឿ គោរពសាសនាព្រះពុទ្ធសាសនាទាំងអស់ដែរ មានសទ្ធាជ្រះថ្លាចូលកាន់ភេទបព្វវិជ្ជាឡើងវិញជាច្រើន ។ ការបួសនេះចាប់ផ្ដើមក្រោយពីថ្ងៃ៧ មករា ១៩៧៩ ដោយសំអាងលើរដ្ឋប្រគល់សិទ្ធិ សេរីភាពខាងជំនឿសាសនា ត្រូវនឹងបំណងប្រាថ្នារបស់ខ្លួនហើយ ក៏ចេះតែបួសបានតាមទំនើងចិត្តយល់ឃើញរបស់ខ្លួនទៅ រហូតដល់មានអ្នកខ្លះគ្រាន់តែយកព្រះពុទ្ធរូបជាសាក្សី ក៏ស្លៀកពាក់ត្រៃចីវរសន្មតខ្លួនថាជាបព្វជិតក៏មាន ដោយរដ្ឋអំណាចមិនទាន់គិតគូរដល់ផង ។ លុះក្រោយពីនោះបន្តិចមក ដោយការបួសនេះច្របូកច្របល់ ពុំមានលក្ខណៈត្រឹមត្រូវ រដ្ឋក៏បានចាត់ចែងនិមន្តឧបជ្ឈាយ៍ និងការកសង្ឃមួយចំនួនពីប្រទេសវៀតណាមមកបំបួសអតីតបព្វជិត ៧ រូប នៅវត្តឧណ្ណាលោម ក្រុងភ្នំពេញ ដើម្បីជាការបណ្ដុះពូជព្រះសង្ឃ ជាលើកដំបូងនៅថ្ងៃទី ១៩.៩.១៩៧៩ ។
បន្ទាប់ពីនោះមក រដ្ឋក៏បានចាប់អារម្មណ៍ក្នុងការរៀបចំសាសនាឲ្យបានឯកភាពត្រឹមត្រូវ សមស្របល្អ ។ ផ្ដើមរៀបចំឲ្យមានព្រះសង្ឃមជ្ឈិម និងមានក្រសួងធម្មការ បណ្ដោះអាសន្ន ធ្វើសារាចរ លេខ០១ ចុះថ្ងៃទី ០១.១១.៧៩ សម្រាប់ឲ្យអ្នកមានសទ្ធាចូលរួមអនុវត្តតាម ដើម្បីឲ្យមានរបៀបរៀបរយឯកភាពតែមួយបែប សមស្របជាព្រះសង្ឃ សាមគ្គីភាពតែមួយគត់ គ្មានគណៈនិកាយឡើយ ។
ចាប់តាំងពីនោះមក ការបួសក៏ត្រូវអនុវត្តតាមសារាចរខាងលើរហូតមកបានលទ្ធផលល្អប្រសើរ ។ ឥឡូវនេះ ដោយការបួសកាន់តែច្រើនឡើងៗនៅគ្រប់ខេត្ត ព្រះសង្ឃមជ្ឈិមពុំអាចចេញទៅបំបួសបានតាមសំណូមពររបស់ប្រជាជន ។ គណៈកម្មការមជ្ឈិមរណសរ្ស និងក្រុមប្រឹក្សាប្រជាជនបដិវត្តកម្ពុជា ឯកភាពគ្នាជាមួយនឹងព្រះសង្ឃមជ្ឈិម បង្កើតឲ្យមានឧបជ្ឈាយ៍ និងការកសង្ឃគ្រប់ខេត្ត ដើម្បីតម្រូវតាមបំណងរបស់ប្រជាជន ។ ឯការបួសបន្តទៅទៀត តាមខេត្តត្រូវអនុវត្តតាមគោលការណ៍តទៅនេះ ។ ការអនុវត្តនេះត្រូវបានចែកជាពីរផ្នែកគឺ ផ្នែកទី១ អំពីឧបជ្ឈាយ៍ និងការកសង្ឃ ផ្នែកទី២ អំពីកុលបុត្រអ្នកបួស ។
ផ្នែកទី ១ អំពីឧបជ្ឈាយ៍ និងការកសង្ឃ
ឧបជ្ឈាយ៍ ជាអ្នកទទួលខុសត្រូវផ្ទាល់ចំពោះការបំបួសកុលបុត្រ ។ ដូចនេះ ឧបជ្ឈាយ៍ត្រូវប្រកបដោយលក្ខណៈដូចខាងក្រោមនេះ :
១. ភិក្ខុដែលត្រូវធ្វើជាឧបជ្ឈាយ៍ ត្រូវមានសមត្ថភាពទូទៅ កម្រិតវប្បធម៌ខាងផ្លូវសាសនា, ផ្លូវលោក បើមិនច្រើនក៏បង្គួរ ។
២. ឧបជ្ឈាយ៍ ត្រូវជាអ្នកឆ្លៀវឆ្លាតប្រតិពល ក្នុងពិធីសង្ឃកម្មផ្សេងៗ ចេះពិន័យបព្វជ្ជាខន្ធកៈយល់ច្បាប់នូវអក្ខរប្បភេទចេះដឹងនូវធម៌សម្រាប់ឧបជ្ឈាយ៍ និងសិទិ្ធវិហារិក ចេះនាយកធម៌ ហើយប្រតិបត្តិដោយត្រឹមត្រូវចេះចាំអនុសាសន៍ៈ ៨ យ៉ាង ប្រៀនប្រដៅនូវកភិក្ខុច្បាស់លាស់ "ផ្ដាំនាគ" ។
៣. មានវត្តប្រតិបត្តិខាងផ្លូវសាសនា ក៏ដូចជាផ្លូវលោក និងមានគោលជំហរល្អ ស្មោះត្រង់ចំពោះសាសនា ក៏ដូចជាចំពោះបដិវត្តន៍។
៤. មានសីលធម៌ស្អាតស្អំ គួរជាទីគោរពរបស់សិទ្ធិវិហារិក និងបរិស័ទទូទៅ ។
៥. មានភារកិច្ចពិនិត្យឲ្យបានល្អិតល្អន់ ក្នុងការជ្រើសរើសបេក្ខសមណៈ ដែលមានប្រវត្តិរូបស្អាតស្អំ និងស្របច្បាប់ ។
៦. ការជ្រើសរើសនោះ ត្រូវចៀសវាងបក្ខពួកនិយម អត្តនោមតិនិយម ។
៧. ករណីយកិច្ចបំបួស ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមវិន័យបព្វជ្ជាខន្ធកវិធី បំបួសកុលបុត្រដែលដកស្រង់ចេញពីវិន័យបិដក ។
៨. ការកសង្ឃជាកម្មវាចាចារ្យ ត្រូវការអនុវត្តតាមបព្វជ្ជាខន្ខកៈដែលស្រង់ចេញពីវិន័យបិដក ត្រូវតែឲ្យត្រៃសរណគមន៍ និងសូធ្យញត្តិចតុត្ថកម្មវាចាច្បាស់ ត្រូវឆ្លៀវឆ្លាតប្រតិពលអង់អាច ក្នុងការពិនិត្យសម្លឹងរំពៃក្នុងសង្ឃកម្មនេះដោយច្បាស់លាស់ ។
៩. ឧបជ្ឈាយ៍ ការកសង្ឃសម្រាប់ខេត្តណាបំបួសបានតែក្នុងខេត្តនោះ ពុំអាចឆ្លងទៅបំបួសខេត្តដទៃ ឬក៏ពុំអាចណែនាំអ្នកចង់បួសពីខេត្តដទៃមកបំបួសខេត្តរបស់ខ្លួនបានឡើយ ។
១០. កាលបើបំបួសរួចហើយ ព្រះឧបជ្ឈាយ៍ត្រូវតែចេញលិខិតសម្គាល់ភេទ ដោយមានរដ្ឋអំណាចមូលដ្ឋានបានឯកភាពជាមួយផង ដើម្បីឲ្យវនកភិក្ខុដែលបានបួសហើយកាន់សម្គាល់តទៅ ។
១១. ការលបលាក់បំបួសដោយអត្តនោមតិ ត្រូវហាមឃាត់ ។
ផ្នែកទី ២ អំពីកុលបុត្រអ្នកបួស
កុលបុត្រអ្នកបួស គឺជាបុគ្គលដែលមានជំនឿមោះមុតក្នុងធម្មវិន័យព្រះពុទ្ធសាសនា ប្ដេជ្ញាខ្លួនប្រតិបត្តិតាមគោលមាគ៌ារបស់ព្រះពុទ្ធជាម្ចាស់ ។ ដូចនេះកុលបុត្រនេះត្រូវតែប្រកបដោយលក្ខណៈដូចខាងក្រោម :
១. អនុវត្តតាមពុទ្ធសាសនាតែមួយគត់ គឺជាពុទ្ធសាសនាខ្មែរ ដែលផ្សារភ្ជាប់នឹងទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរតាំងពីយូរអង្វែងមកហើយ ។
២. ការបួសក្នុងសម័យនេះ ត្រូវអនុវត្តតាមធម៌វិន័យពុទ្ធប្បញ្ញត្តិ និងពុទ្ធានុញ្ញាតដែលមានព្រះត្រ័យបិដកជាគោល ដូចដែលរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងក្រុមប្រឹក្សាប្រជាជនបដិវត្តន៏កម្ពុជាបានបណ្តុះពូជព្រះសង្ឃឲ្យមានឡើងវិញ គឺថ្ងៃទី ១៩.៩.១៩៧៩ ។
៣. ជាបឋមនេះ គឺលើកទី ១ នៃការបួសឡើងវិញ ។ ត្រូវជ្រើសរើសយកតែអតីតបព្វជិត ដែលត្រូវរងគ្រោះដោយពួកទមិឡឥតសាសនាក្បត់ជាតិប្រល័យពូជសាសន៍ ប៉ុល ពត បានផ្សឹក ហើយមិនមានគ្រួសារ ប្រពន្ធ កូន ហើយមិនដែលបានបង្កលក្ខណៈអន្តរាយដល់បដិវត្តន៍ម្ដងណាផង ។
៤. ការបួសនេះ ត្រូវផ្អែកលើប្រវត្តិរូបស្មោះត្រង់ មិនវៀចវេរ ដែលប្រជាជនគោរពរាប់អាន និងមានសេចក្តីបញ្ជាក់ទទួលស្គាល់ពីររដ្ឋអំណាចមូលដ្ឋាន ហើយអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សបានពិនិត្យសម្រេច ។
៥. កុលបុត្រអ្នកបួស ត្រូវបួសនៅក្នុងខេត្តដែលចេញប្រវត្តិរូប គឺប្រវត្តិរូបធ្វើនៅមូលដ្ឋានណា ត្រូវបួសនៅមូលដ្ឋាននោះ ។ ដាច់ខាតកុលបុត្រអ្នកបួស មិនបានអនុញ្ញាតឲ្យទៅបួសនៅខេត្តដទៃ ក្រៅពីមូលដ្ឋានចេញប្រវត្តិរូបឲ្យឡើយ ។
ការបួស និងការបំបួសទាំងឡាយ ត្រូវតែបានអនុវត្តតាមលក្ខណ៍ការណ៍ខាងលើនេះដោយដាច់ខាត ។ បើឧបជ្ឈាយ៍ ការកសង្ឃ និងអ្នកបួសទាំងឡាយណាប្រព្រឹត្តផ្ទុយពីនេះ គណៈសង្ឃមជ្ឈិម និងរដ្ឋអំណាចបដិវត្តន៍មិនទទួលស្្គាល់ដាច់ខាត ហើយក៏ត្រូវតែមានវិធានការចាំបាច់កែលំអឡើងវិញ ។
សារាចរខាងលើនេះ មានចុះហត្ថលេខានិងត្រា ដោយលោក ហេង សំរិន ក្នុងឋានៈជាប្រធានគណៈគម្មាធិការមជ្ឈិមរណសិរ្ស និងជាប្រធានក្រុមប្រឹក្សាប្រជាជនបដិវត្តន៍ ។
នៅឆ្នាំ១៩៨១ព្រះសង្ឃខ្មែរមួយអង្គត្រូវបានតែងតាំងជាព្រះសង្ឃទី១នៃកម្ពុជាគណៈ
មហានិកាយ ទ្រង់ព្រះនាមទេព វង្ស (សម្តេច អគ្គមហាសង្ឃរាជ សព្វថ្ងៃ)។ ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំប្រទេស ពុទ្ធសាសនាបានក្លាយជាអ្នកអប់រំដល់ពលរដ្ឋខ្មែរទូទៅពុទ្ធសាសនាក៏បានជួយសង្គមខ្មែរក្នុងវិស័យផ្សេងៗផងដែរ ព្រះសង្ឃមានរាប់សែនអង្គនៅទូទាំងប្រទេស ដែលទន្ទឹមនឹងនោះវត្តអារាមក៏ត្រូវបានកសាងឡើងជាបន្តបន្ទាប់ពាសពេញប្រទេសផងដែរ។
ក្រុមព្រឹក្សាទូទាំងប្រទេសនៃរណសិរ្យសាមគ្គី កសាងការពារមាតុភូមិកម្ពុជាបាន បង្កើតឡើងនូវគណកម្មការរៀបចំបោះពុម្ភសៀវភៅធម្មវិន័យ ព្រះពុទ្ធសាសនាដោយអនុវត្ត តាមសេចក្តីសម្រេចលេខ ៣៥/៩៥ ករស ចុះថ្ងែទី ០៦ ខែ សីហា ព.ស ២៥២៨ គ.ស ១៩៨៥ ។ លុះមកដល់ ព.ស ២៥៣២ គ.ស ១៩៨៩ ទើបចេញសារាចរលេខ ០៣ក.ធ៨៩ ស្តីពីកាឲ្យមានអ្នកបួសមិនកំណត់អាយុទូទាំងប្រទេស ។ ក្នុងឆ្នាំដដែលនេះរដ្ឋបានចេញ សារាចរលេខ ២៩ ចុះថ្ងៃទី ១៣ វិច្ឆិការ ព.ស ២៥៣១ គ.ស ១៩៨៩ ស្តីពីការបើកឲ្យមាន សាលាពុទ្ធិកបឋមសិក្សាបានសម្ភោធ បើកជាផ្លូវការដោយ លោក ជា ស៊ីម ប្រធានរដ្ឋសភា នាថ្ងៃទី២ ធ្នូនៅវត្តទូលទំពួង ខ័ណ្ឌចំការមនក្រុងភ្នំពេញដែលមានសមណសិស្ស ៨០អង្គ បង្គាប់ដោយឧទ្ទេសាចារ្យ សុវណ្ណប្បញ្ញោ ចឹក ជូន ដែលក្រុមប្រឹក្សារណសិរ្យជាតិដឹកនាំ ដោយព្រះតេជគុណ អ៊ុម ស៊ុម លោក មិន ឃិន លោក ព្រំ ឋាន បានទៅនិមន្តមកពីវត្ត ព្រៃ ល្វា ឃុំ ព្រៃ ល្វា ស្រុក ព្រៃកប្បាស ខេត្ត តាកែវ ។ នៅ ព.ស ២៥៣៩ គ.ស ១៩៩៦ ទូទាំង រដ្ឋកម្ពុជាយើងមានអារាមព្រះពុទ្ធសាសនាចំនួន ៧៨វត្ត ដែលមនព្រះសង្ឃសរុបទាំងអស់
ចំនួន៤៦.០៣២អង្គ គឺគណមហានិកាយ ចំនួន ៤៥៤០៩ និង គណធម្មយុត្តិកនិកាយចំនួន ៦២៣អង្គ ។ សម័យនោះយើងសង្កេតឃើញមាននៅសាលាធម្មវិន័យមានចំនួន៤១១ សាលាមានសមណៈសិស្សចំនួន ៧៩១ ព្រះអង្គ បង្ហាត់ដោយលោកគ្រូអាចារ្យចំនួន ៤៩ អង្គ ។
សាលាពុទ្ធិកវិទ្យាល័យឃើញមានពីរកន្លែងគឺ វិទ្យាល័យព្រះសុរាម្រឹត ក្រុងភ្នំពេញ និង វិទ្យាល័យអ៊ឹធួងខេត្តបាត់ដំបងដែលមាន៩បន្ទប់មានសមណៈសិស្សទាំងអស់ចំនួន ៤៣៣នាក់ និង នារី២នាក់ផង ។ បង្ហាត់ដោយលោកសាស្រ្តចារ្យដែលក្របខ័ណ្ឌចំនួន១០ នាក់ គឺ លោក រស់ សាវេន ,លោក ហ៊ឹង យ៉ាន ,លោក រឿន យ៉ុន ,លោក ស៊ឹម យ៉ុន, លោក ខៀវ រ៉ាឌី ,លោក ជិន ជន ,លោក ជាម សុផល (សាស្រ្តចារ្យទាំង៧នាក់នេះបង្រៀននៅ ភ្នំពេញ ) លោក ឌី សុមាលី ,លោក គ្រូ ប្រាក់ ឃុន , លោក គាំ អីវ (លោកគ្រូទាំង៣នាក់ នេះ បង្ហាត់នៅវិទ្យាល័យអ៊ឹង ធួង បាត់ដំបង )ចាប់តាំងពីពេលនោះមកអ្វីៗត្រូវបានរីក ចម្រើនសន្សឹមៗឡើងវិញ។ យើងមានវត្តអារាមមានព្រះសង្ឃជាសក្ការៈបូជា មានព្រះវិហារ មានកុដិ មានសាលា សម្រាប់ធ្វើបុណ្យប្រពៃណីយ៏ជាតិ និង សាសនាឡើងវិញ ។
នៅឆ្នាំ១៩៩១ ព្រះបាទនរោត្តមសីហនុ បានរៀបចំឡើងវិញនូវរចនាសម្ព័ន្ធដឹកនាំពុទ្ធសាសនាដោយមានទាំងធម្មយុត្តិកនិកាយ និងមហានិកាយ។ ទន្ទឹមនឹងការចាត់ទុកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជានៅឆ្នាំ១៩៩១ ការប្រកាន់ជំនឿសាសនាដទៃទៀតក៏ត្រូវបានគាំទ្រពីរដ្ឋាភិ បាលផងដែរ។ នៅក្នុងដំណាក់ កាលថ្មីៗនេះព្រះពុទ្ធសាសនាបានបំពេញតួនាទីយ៉ាងសកម្មក្នុង ឪកាសស្វែងរកសន្តិភាព។ មានព្រឹត្តិការណ៏ដ៏អស្ចារ្យមួយដែលគេមិនអាចបំភ្លេចបាន គឺនៅថ្ងៃទី៣ ឧសភា ព.ស ២៥៣៦ គ.ស ១៩៩៣ក្បួនធម្មយាត្រាសន្តិភាព និងអហឹង្សាដែលដឹកនាំដោយសម្តេច ព្រះឃោសា នន្ទ វ៉ា យ៉ាវ ព្រមទាំងព្រះសង្ឃដូនជី និង ពុទ្ធបរិស័ទចូលរួមយ៉ាងច្រើនកុះករ រាប់ម៉ឺននាក់ចេញពីខេត្តសៀមរាម ឆ្ពោះមកកាន់ទីក្រុងភ្នំពេញដើម្បីសុំសន្តិភាពនិង អហឹង្សា មុនពេលបោះឆ្នោត ។ គឺជាធម្មយាត្រាធំបំផុតក្នុងព្រះរាជាណាចក្រកម្ពុជាយើង ដែលបានពង្រឹងរួចហើយទាំងបរិមាណ និង គុណភាព ។ ចំណែកខាងព្រះពុទ្ធសាសនា គណៈមហានិកាយមានសម្តេច មហាសុមេធាធិបតី ទេព វង្ស ជាសម្តេចសង្ឃនាយក ។ ខាងធម្មយុត្តិកនិកាយ មានសម្តេចព្រះសុគន្ធាធិបតី ប៊ូ គ្រី ជាសម្តេចព្រះសង្ឃរាជ ព្រមទាំង មនរចនាសម្ព័ន្ធគ្រប់លំដាប់ឋាននុក្រម ។ សម្តេចព្រះប្រមុខរដ្ឋព្រះនរោត្តមសីហនុ ព្រះអង្គ សព្វព្រះរាជហឬទ័យថ្វាយទានបំពេញបុណ្យកុសលតាមប្រពៃណី ព្រះពុទ្ធសាសនា ជាប់ មិនដាច់ពិសេសជារៀងរាល់ថ្ងៃឧបោសថសីល ស្តាប់ព្រះធម៌ទេសនា និង បំពេញទាន ជាប់មិនដាច់ដល់ដូនជី តាជី នៅក្នុងព្រះបរមព្រះរាជវាំង ។ ក្នុងនោះទៀតសោត រាជរដ្ឋា ភិបាលបានយកចិត្តទុកដាក់ក្នុងព្រះពុទ្ធសាសនាយ៉ាងពេញទំហឹង ដោយបង្កើតនូវ ក្រសួងធម្មការ និង សាសនា ដើម្បីរៀបចំត្រួតពិនិត្យលើវិស័យព្រះពុទ្ធសាសនាឲ្យមាន តម្លាភាព និង ចិរភាពយូរអង្វែង ។ ដូច្នេះសរុបសេចក្តីមក ព្រះពុទ្ធសាសនាសម័យនោះ មានរីកចំរើនឆ្ពោះទៅរកភាពរុងរឿងជាលំដាប់ ។
រជ្ជកាលព្រះបាទ នរោត្តម សីហមុនីរាជ
(ព.ស ២៥៤៨ គ.ស ២០០៤)
ព្រះអង្គទ្រង់គង់គ្រងរាជនៅជាធានីភ្នំពេញសព្វថ្ងៃនេះ ព្រះអង្គ គឺជាព្រះរាជបុត្តរបស់ព្រះ បាទ នរោត្តម សីហនុ វរ្ម័ន ។ ព្រះអង្គគឺជាពុទ្ធសានូបត្ថម្ភក៌ ដ៏សំខានណាស់ដែរ ។ ក្នុងរជ្ជ កាលព្រះអង្គគេសង្គេតឃើញវិស័យព្រះពុទ្ធសាសនាមានភាពរុងរឿង និង រីកចំរើន យ៉ាង ខ្លាំង មិនចាញ់សម័យកាលមុនៗទេ ។ មានសាលាជាច្រើនបានអន្តែតខ្លួនលើដែនដី សុវណ្ណភូមិយើងនេះ ជាពិសេសសាលាពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា និង សាលាពុទ្ធិកសាកលវិទ្យាល័យ ខេត្តបាត់ដំបង និង សាលាពុទ្ធិកសាកលវិទ្យាល័យ ខេត្ត កំពង់ឆ្នាំង ព្រមទាំងសាលាពុទ្ធិកសាកលវិទ្យាល័យ ខេត្តកំពងចាម ដែលបានបើក បណ្តុះ បណ្តាលនៅឆ្នាំ ២០០៧ ។ បើតាមប្រសាសន៏របស់ ឯកឧត្តម មិន ឃិន ទីប្រឹក្សាផ្ទាល់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា វិស័យព្រះពុទ្ធសាសនាមានការរីកចម្រើនជាលំដាប់គួរឲ្យកត់សម្គាល់ វត្ត អារម មានចំនួនកើនឡើងដល់ ៤.៣០៧វត្ត និងមានព្រះសង្ឃចំនួន ៥៥.៥៨៣ព្រះអង្គ ។នៅក្នុងគណៈមហានិកាយមាន៤.១៦៩វត្ត មាន ព្រះសង្ឃ ចំនួន ៥៤.៣២៧អង្គ និង គណៈធម្មយុត្តិកនិកាយមាន ១៣៩ វត្ត និង ព្រះសង្ឃចំនួន ១.២៥៦ព្រះអង្គ ។ ចំណែក វិស័យពុទ្ធិកសិក្សានៅទូទាំងប្រទេសមាន ១.៣៧០សាលាមានសមណៈសិស្ស សមណៈ និស្សិត កំពុងសិក្សាទាំង អស់ចំនួន ៣០.០០១អង្គ ក្នុងនោះចែកជា ៖
-សាលាធម្មវិន័យបីថ្មាក់ គឺ ថ្នាក់ត្រី ទោ ឯក មាន ៧៨៣សាលាមានសមណៈសិស្ស សរុបចំនួន ១១.២១៥អង្គ ។
-សាលាពុទ្ធិកបឋមសិក្សាចំនួន ៥៤៩ សាលា មានសមណៈសិស្សចំនួន ១២.១៧៤ អង្គ ។
-សាលាពុទ្ធិកអនុវិទ្យាល័យចំនួន ២៤ សាលា មានសមណៈសិស្សចំនួន៣.៨៦៣ អង្គ ។
-សាលាពុទ្ធិកវិទ្យាល័យចំនួន ១២ សាលាមានសមណៈសិស្សចំនួន ១.៨២៤ អង្គ ។
-សាលាពុទ្ធិកសាកលវិទ្យាល័យ ចំនួន២ គឺពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ មានសមណៈនិស្សិតចំនួន ៩៧២អង្គ និងមានសមណៈនិស្សិតដែលបញ្ចប់បរិញ្ញប័ត្រ ចំនួន ១៧៧អង្គ ។
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មានសមណៈនិស្សិតចំនួន ៤៣០អង្គ។
គេសង្គតឃើញមានព្រះសង្ឃកើនឡើងនៅសិក្សាក្នុងទីក្រុងភ្នំពេញ។ ក្នុងការសិក្សាព្រះ សង្ឃមានទុកលំបាកយ៉ាងខ្លាំងក្នុងចង្ហាន់ប្រចាំថ្ងៃ និងកន្លែងស្នាក់នៅ ដូចនេះក្រសួងអប់រំ ក៏បានចេញប្រកាស ៣ស្តីពីការបើកសាខាពុទ្ធិកវិទ្យាល័យព្រះសីហនុរាជ គឺៈ
-ប្រកាសរបស់ក្រសួងអប់រំយុវជន និង កីឡា លេខ១៧៣អយកប្រ ចុះថ្ងៃទី០៤ ខៃ កុម្ភៈ ឆ្នាំ ២០០៩ ស្តីពីការបង្តើតសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នៅទីរួមខេត្ត កំពង់ឆ្នាំង ។
-ប្រកាសរបស់ក្រសួងអប់រំយុវជន និង កីឡា លេខ១៧៣អយកប្រ ចុះថ្ងៃទី០៤ ខៃ កុម្ភៈ ឆ្នាំ ២០០៩ ស្តីពីការបង្តើតសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នៅទីរួមខេត្ត កំពង់ចាម ។
-ប្រកាសរបស់ក្រសួងអប់រំយុវជន និង កីឡា លេខ១៧៣អយកប្រ ចុះថ្ងៃទី០៤ ខៃ កុម្ភៈ ឆ្នាំ ២០០៩ ស្តីពីការបង្តើតសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នៅទីរួមខេត្ត ខេត្តបាត់ដំបង ។
នៅរជ្ជកាលរបស់ព្រះអង្គព្រះពុទ្ធសាសនា មានការរីកចម្រើនគួរឲ្យកត់សម្លាល់ដែរ ។ ដោយព្រះអង្គយកចិត្តទុកដាក់លើវិស័យព្រះពុទ្ធសាសនាជារៀងរាល់ថ្ងៃឧបោសថ សីល ព្រះអង្គឲ្យគេទៅនិមន្តព្រះសង្ឃដើម្បីសុំសមាទានសីលពិសេសគឺបរិច្ចាកទាន ជួនដល់ដូន ជីតាជីកាន់សីល១០ និង ប្រជារាស្រ្តមិនរើសវណ្ណៈ ដើម្បីបំពេញសង្គហធម៌ចំពោះប្រជា រាស្រ្តរបស់ព្រះអង្គ ។
ឯកសារយោង
- របត់ព្រះពុទ្ធសាសនានៅក្នុងសង្គមខ្មែរ(បណ្ឌិត ខ្លូត ធីតា)
- ប្រវត្តិសាស្រ្តខ្មែត (ត្រឹង ងា)
- រក្សាសិទ្ធគ្រប់យ៉ាងដោយខេមបូឌាអិចបេ្រសញូស៏ ២០០៨
- ព្លឺព្រះពុទ្ធសាសនា
- ចលនាវប្បធម៌សន្តិភាបព្រះពុទ្ធសាសនា
No comments:
Post a Comment