<<    ទំព័រដើម     ទំនាក់ទំនងយើង      ប្រវត្តិសាស្រ្ត      កសិកម្ម     នាទីកំសាន្ត     វត្តទេពសន្យា     ព្រះពុទ្ធសាសនា    ​​​ វេយ្យាករណ៍ខ្មែរ   >>
  ស្ថាប័ន​អធិ​ការ​កិច្ច​បឋម​សិក្សា​បញ្ជូន​មន្ត្រី​​ឈ្មោះ​វិន​សុន ភី​ថឺ ឱ្យ ​ចុះ​ត្រួត​ពិនិត្យ​​ការ​បង្រៀន​ និង​ការ​រៀន​សូត្រ​​​របស់​សិស្ស​នៅ​​តាម​ សាលា​បឋម​សិក្សា ។ ​ពេល​​មក​ដល់​សាលា​បឋម​សិក្សា​​នៅចុង​កាត់​មាត់​ញក លោក​ វិន​សុន ភីថឺ ជ្រើស​រើស​យក​ថ្នាក់​ដំបូង​មួយ​សម្រាប់​ធ្វើ​ការ​សាក​ល្បង​ សមត្ថ​​ភាព​សិស្ស ។ គាត់​សួរ​ខ្លាំងៗ ៖ -ចំណោម​ក្មួយៗ​រាល់​គ្នា​​ មានក្មួយ​ណា​​អាច​ឱ្យ​ឧទាហរណ៍​អ្វី​ដែល​ល្មម​​ ចាត់​ទុក​​ជា​សោកនាដ​កម្ម​បាន​ទេ? ក្មួយ​ណា​ក្លាហាន​​ក្រោក​ឆ្លើយ​​មុន​គេ​ ឱ្យ​លោក​គ្រូ​ស្គាល់​មុខ​ផង ។ កុមារ​ម្នាក់​​ក្រោក​ភ្លែត​សួរ ៖ -ឧទាហរណ៍​​របស់​ខ្ញុំ គឺ​មិត្ត​ខ្ញុំ​ម្នាក់​ពេល​កំពុង​លេង​ជា​មួយ​ខ្ញុំ​លើ ​ចិញ្ចើម​ថ្នល់​ ស្រាប់​តែ​មាន​​រថយន្ត​មួយ​​​គ្រឿង​ភ្លាវ​ចង្កូត​ឡើង​មក​ កិន​វា​ស្លាប់ តើ​នេះ​ហៅ​ថា សោក​នា​ដ​កម្ម​បាន​ទេ? -​មិន​បាន​ទេ ​នេះ​គេ​ហៅ​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរា​ចរណ៍ ។ កុមារ​ទី​ពីរ​​ក្រោក​ឡើង​ទៀត ៖ -ចុះ​ប្រសិន​បើ​រថយន្ត​បឺស​មួយ​​គ្រឿង​ដឹក​សិស្ស​តូចៗ​៥០​នាក់ ទៅ​កម្សាន្ត​ ​ទេស​ភាព​តាម​ជន​បទ ស្រាប់​តែ​រអិល​ធ្លាក់​ជ្រោះ​ជ្រៅ សិស្ស​​តូច​ៗ​ស្លាប់​ ​អស់​គ្មាន​សល់​ម្នាក់។ តើ​នេះ​ហៅ​ថា សោក​នាដ​​កម្ម​ទេ? -មិន​ដូច​គ្នា​ទេ នេះ​គេ​ហៅ​ការ​បាត់​បង់​ជីវិត​ដ៏​​ធំ ។ ក្នុង​ថ្នាក់​ស្ងាត់​​ច្រៀប​ បន្ទាប់​​ពី​ឧទាហរណ៍​ដែល​​​លើក​ឡើង​ត្រូវ​បាន​ បដិសេធ​ជា​បន្ត​បន្ទាប់។ ឃើញ​ដូច្នេះ​លោក​មន្ត្រី​អធិ​ការ​កិច្ច​បឋម​សិក្សា ​​សួរ​បន្ត ៖ -​ម៉េច​ដែរ ​មាន​ក្មួយ​ណា​​អាច​និយាយ​បាន​ពី​ឧទាហរណ៍​សោក​នាដ​កម្ម​ទេ? ចុង​ក្រោយ​​មាន​ដៃ​ស្គម​តូច​មួយ​លើក​ឡើង​របៀប​ស្ទាក់​ស្ទើរ​​ញញើត​ញញើម​​គឺ​ ជា​កុមារ​តូច​ម្នាក់​​អង្គុយ​ចុង​ថ្នាក់​ក្រោក​ឡើង​​និយាយ ៖ -ឧទាហរណ៍​របស់​ខ្ញុំ គឺ​ថ្ងៃ​មួយ​យន្ត​ហោះ​ផ្លូវ​ឆ្ងាយ​​មួយ​គ្រឿង​​ដែល​មាន ​​លោក​អធិ​ការ​​វិន​សុន ភីថឺ ជិះ​ក្នុង​នោះ​ផង ត្រូវ​ពួក​ភេរវ​ករ​​ដាក់​ គ្រាប់​បែក​ បណ្តាល​​ឱ្យ​ផ្ទុះ​ឆេះ​កណ្តាល​​អាកាស​ តើ​នេះ​ហៅ​ថា សោក​នាដ​ កម្ម​បាន​ទេ? -អស្ចារ្យ! នេះ​ទើប​ពិត​ជា​សោក​នាដ​កម្ម​ពិតប្រាកដ។ ​ប៉ុន្តែ​ក្មួយ​ឯង​ ត្រូវ​បក​ស្រាយ​ឱ្យ​គ្រូ​ស្តាប់ តើ​ហេតុ​ម៉េច​នឹក​ឃើញ​ពី​ដំបូង​ថា នេះ​​ជា​ សោក​នាដ​កម្ម? -បាទ! ព្រោះ​ខ្ញុំ​គិតថា បើលោកគ្រូស្លាប់ ប្រពន្ធដ៏ស្អាតរបស់លោកគ្រូនឹងយំសោកបោកខ្លួននៅចំពោះមុខសពលោកគ្រូ នេះគឺជាសោកនាដកម្មមួយ, តែបន្ទាប់ពីបុណ្យសពលោកគ្រូចប់ ប្រពន្ធដ៏ស្អាតរបស់លោកគ្រូនឹងជប់លៀងសប្បាយជាមួយប្រុសថ្មីរបស់គាត់ ដល់ពេលនោះលោកគ្រូនឹងយំសោកបោកខ្លួនវិញម្តង នេះហៅថាសោកនាដកម្មលើសោកនាដកម្ម....។ ... អានរឿងពេញ
ស្ថានីយ​បុរេប្រវត្តិសាស្ត្រ កោះ​តា​មាស នៅ​បារាយណ៍​ខាងលិច​ ​    ​ជនជាតិខ្មែរ​មាន​ស្ថានីយ​បុរេប្រវត្តិសាស្ត្រ​ជាច្រើន ដែល​ផ្តល់នូវ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​វប្បធម៌​នា​បុ​រេ​សម័យ​ប្រវត្តិសាស្ត្រ ដែល​បាន​ផ្តើមឡើង​ចាប់តាំងពី​មុន​ស​.​វទី​១ នៃ​គ​.​ស ។ ក្នុងចំណោម​ស្ថានីយ​បុ​រ​ប្រវត្តិសាស្ត្រ​ទាំងនោះ គេ​ឃើញ​មាន​ស្ថានីយ៍ កោះ​តា​មាស ដែល​បង្ហាញ​នូវ​ឫសកែវ​ខ្មែរ ដែល​ស្ថិតក្នុង​ចុង​សម័យ​ថ្ម​រំលីង និង​ដើម​សម័យ​សំ​រិ​ទ្ធិ ។​ ​    ​ស្ថានីយ​បុរេប្រវត្តិសាស្ត្រ​នេះ ស្ថិតនៅ​ផ្ទៃ​ខាងក្នុង​នៃ​បារាយណ៍​ខាងលិច​ចម្ងាយ​ប្រមាណ​ជា ១៣០០​ម៉ែត្រ ពី​ប្រាសាទ​មេបុណ្យ គឺជា​ទួល​កប់​សព​មួយ​ដែល​ពិបាក​នឹង​សន្ម​ត់ ដោយសារ​មានទឹក​លិច នៅ​រដូវវស្សា ក្នុង​កម្ពស់​២ ម៉ែត្រ ។ របកគំហើញ​ខាង​បុរាណវិទ្យា​បាន​ឲ្យ​ដឹងថា ស្ថានីយ​បុរេប្រវត្តិសាស្ត្រ​មាន​អាយុកាល​ចន្លោះ​១៨០០ ទៅ​៩០០ ឆ្នាំមុន​គ​.​ស ។ ការតាំង​កាលបរិច្ឆេទ​នេះ​គឺ សំអាង​លើ​លទ្ធផល​នៃ​ការធ្វើ​តាំង​អាយុកាល តាម​វិធី​ប្រើប្រាស់​កាបូន​១៤ សម្រាប់​វាស់​ជាតិ​វិទ្យុសកម្ម​លើ​សម្ភារៈ​វប្បធម៌ ដែល​គេ​បាន​រកឃើញ​ក្នុង​រណ្តៅ​ចំនួន​៣ មាន​ទំហំ​ត្រឹមតែ​១០០ ម៉ែត្រក្រឡា​ប៉ុណ្ណោះ ។​ ​     ​សូម​រំលឹកថា ស្រទាប់ដី​ខាងលើ​នៃ​ស្ថានីយ​កោះ​តា​មាស គឺជា​ស្រទាប់ដី​ដែលមាន​អាយុ​តិច​បំផុត រីឯ​ស្រទាប់ដី​នៅ​ខាងក្រោម គឺជា​ស្រទាប់ ដី​ដែលមាន​អាយុ​ចាស់​ជាងគេ​បំផុត ។​ ​    ​នៅក្នុង​ការធ្វើ​កំណាយ​តាម​វិធីសាស្ត្រ គេ​បាន​រកឃើញ​នូវ​ឧបករណ៍ប្រើប្រាស់ និង​គ្រឿងអលង្ការ​ជាច្រើន ដែល​អាច​ឆ្លុះបញ្ចាំង​នូវ​ប្រពៃណី​ទំនៀម​ទំលាប់ ប្រព័ន្ធ​ជំនឿ​សាសនា និង​ជីវភាព​ប្រចាំថ្ងៃ ... អានរឿងពេញ

ព្រះពុទ្ធសាសនាក្រោយសម័យអង្គរ
            ក្រោយ​សតវត្ស​ទី១៣មក​ព្រះពុទ្ធសាសនា​ត្រូវបាន​លើកតម្កើង​ជា​សាសនា​របស់​រដ្ឋ។ ព្រះរាជា​ខ្មែរ និង​ប្រជាពលរដ្ឋ​គ្រប់​ម​ជ្ឍ​ដ្ឋា​ន និយម​ព្រះពុទ្ធសាសនា​នេះ​ខ្លាំងណាស់ និង​មាន​ជំនឿ​យ៉ាង​មុតមាំ ដែល​គេ​ចាត់ទុកជា​ទីពឹង​ទី​នឹក   រ​ឮ​ក បើទោះបីជា​ប្រជាពលរដ្ឋ​ខ្មែរ​មិនទាន់​បោះបង់ចោល​ជំនឿ​លើ​ព្រលឹង អារក្ខ អ្នកតា​ក៏ដោយ។ ប៉ុន្តែ​ចំពោះ​ព្រាហ្មណ៍​សាសនា​ពុំមាន​ប្រជាពលរដ្ឋ​ខ្មែរ​គោរព​រាប់អាន​ទៀត​នោះឡើយ។ ទោះជា​យ៉ាងនេះ​ក្ដី​ក៏​ទំនៀមទម្លាប់​បែប​ព្រាហ្មណ៍​នៅតែ​ដិតដាម​ក្នុង​ប្រពៃណី​របស់​របស់​ជនជាតិ​ខ្មែរ​រហូតដល់​សព្វថ្ងៃ។ ឯ​ក្នុង​ព្រះបរមរាជវាំង​វិញ​គេ​នៅ​ឃើញ​មាន​ពួក​ព្រាហ្មណ៍​បា​គូ​នៅមាន​សេសសល់ ក្នុង​ភារកិច្ច​ជា​អ្នករៀបចំ​ពិធីផ្សេងៗ និង​ថែរក្សា​ទ្រព្យសម្បត្តិ​សម្រាប់​រាជ្យ។
            ក្នុងសម័យ​នោះ​ចំនួន​វត្ត​អារាម​បាន​កើន​ឡើងជា​លំដាប់។ ព្រះ​មហាថេរ​ដែលមាន​តួនាទី​មើល​ការខុសត្រូវ​លើ​ការរៀបចំ​ខាង​សាសនា និង​លើ​វត្ត​អារាម​នៅក្នុង​ខេត្តនីមួយៗ លែងមាន​លទ្ធភាព​បន្ត​ការគ្រប់គ្រង​នោះ​តទៅទៀត   ហើយ។ ដោយហេតុ​នោះ​សម្ដេច​សង្ឃរាជ​ដោយមាន​ការព្រមព្រៀង​ជាមួយ​រាជាគណៈ​ឋានានុក្រម និង​សហការី​ទាំងអស់ ទ្រង់​បានស្នើ​ទៅ​ព្រះរាជា សូមឱ្យ​មានការ​កែប្រែ​ដែលមាន​បែងចែក​ដូចតទៅ៖
ព្រះ​មហាថេរមួយអង្គៗពីមុន​ឥឡូវ​ត្រូវ​តែងតាំង​ជា​មេគណៈ ទទួលខុសត្រូវ​លើ​គណៈសង្ឃ​ក្នុង​ខេត្ត​នីមួយ។ ចំណែកឯ​ព្រះ​រាជាគណៈ​ទាំង៤សម្រាប់ និង​សម្ដេចព្រះសង្ឃរាជ​ជា​អ្នកត្រួតពិនិត្យ និង​សម្រេច​កិច្ចការ​សាសនា​ត​ទាំង  ពួ​ង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងមូល។ រាជាគណៈ ឬ​មន្ត្រី​សង្ឃ​ទាំង៤សម្រាប់ ត្រូវ​បែង​ចែកជា​ឯក ទោ ត្រី ចត្វា ដូច​មន្ត្រីជាន់ខ្ពស់​ខាង​អាណាចក្រ​ដែរ។
            -សម្រាប់​ឯក​ជា​រាជាគណៈ​របស់​ក្សត្រិយ៍​ទ្រង់​រាជ្យ
            -សម្រាប់ទោ​ជា​រាជាគណៈ​របស់​ក្សត្រិយ៍​ឧភយោរាជ
            -សម្រាប់​ត្រី​ជា​រាជាគណៈ​របស់​សម្ដេចព្រះ​មហាឧបរាជ
           -សម្រាប់​ចត្វា​ជា​រាជាគណៈ​របស់​សម្ដេចព្រះ​វររាជ​ជននី (សៀវភៅ​លោក​ត្រឹង​ងារ​ប្រវត្តិសាស្ត្រ​ខ្មែរ​ភាគ២) 
ព្រះពុទ្ធសាសនា​ក៏​ដើរតួ​យ៉ាងសំខាន់​ផងដែរ​ក្នុង​វិស័យ​អក្សរសាស្ត្រ និង​ការតាក់តែង​និពន្ធ។ ហេតុនេះហើយ​ទើប​ឃើញ​កើតមាន​ជា​អត្ថបទ​គម្ពីរ បិតក ជាតក​ច្រើន​កើតឡើង​ហូរហែ។ មិនតែប៉ុណ្ណោះ​អត្ថបទ​បែប​ព្រះពុទ្ធសាសនា ពោលគឺ​ទស្សនៈ​ពុទ្ធ​និយម​ត្រូវបាន​អ្នកនិពន្ធ​ខ្មែរ​យកមក​ធ្វើជា​វិធីសាស្ត្រ ក្នុងការ​តាក់តែង​អត្ថបទ​របស់ខ្លួន​ផងដែរ។ ព្រឹត្តិការណ៍​ទាំងនេះ​បាន​កើតឡើង​នៅក្រោយ​ពេលដែល​ទីក្រុង​អង្គរ​ត្រូវបាន​ព្រះរាជា​ខ្មែរ​បោះបង់ចោល ហើយ​ប្រទេស​ធ្លាក់ចូល​ទៅក្នុង​កលិយុគ ចម្បាំង​កើតមាន​ញឹកញាប់។
            ការ​លើកយក​ទស្សនៈ​បុណ្យ​បាប​របស់​ពុទ្ធសាសនា​ម​ក​តាក់តែង​ជា​ស្នាដៃ​អក្សរ​សិ​ល្បិ៍​នេះ ត្រូវបាន​អ្នកសិក្សា​ខ្លះ​វិភាគ​ថា​ជាការ​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ជាការ​លួងលោម កុំឱ្យ​ពួកគាត់​ធ្លាក់​ទឹកចិត្ត បាក់​ទឹកចិត្ត ដោយ​ចាត់ទុក​ហេតុការណ៍ ឬ​ទុក្ខលំបាក​វេទនា​ដែល​ខ្លួន​ជួបប្រទះ​នេះ​ជា​កម្ម​ពៀរ​របស់ខ្លួន​ដែល​បាន​សាង​មកពី​អតីតជាតិ។ ព្រះសង្ឃ​ក្នុង​ពុទ្ធសាសនា​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ថែរក្សា អក្សរ​សិ​ល្បិ៍ អក្សរសាស្ដ្រ​ជាតិ និង​ប្រពៃណី​ទំនៀមទម្លាប់​របស់​ខ្មែរ​ឱ្យនៅ​គង់វង្ស។
            ចំពោះ​វិស័យ​សង្គមកិច្ច​វិញ​ព្រះសង្ឃ​ជា​គ្រូ​ពេ​ទ្រ ជា​អ្នកកាត់ក្ដី ជា​អ្នកមើលការខុសត្រូវ​ដ​ល់​ប្រជាពលរដ្ឋ​ខ្មែរ​ផងដែរ។ ទីធ្លា​វត្ត​អារាម បានក្លាយ​ទៅជា​ទី​សម្រាប់​ជន​ទុរគត​សម្រាក និង​ព្យាបាល​ជំងឺ ការសណ្តោស​របស់​ព្រះសង្ឃ​ពុទ្ធសាសនា ការចូលរួមចំណែក​ច្រើន​ក្នុង​វិស័យ​សង្គមជាតិ​នោះ បានធ្វើឱ្យ​ព្រះពុទ្ធសាសនា​កាន់តែ​ទទួល​បានការ​រាប់អាន​ពី​ប្រជាពលរដ្ឋ​ខ្មែរ។
        សម័យក្រោយអង្គររាប់ចាប់តាំងពីសតវត្សទី១៥​ រហូតដល់សតវត្សទី១៩ ។​ បើគិត ពីសតវត្សទី១៥​ រហូតដល់សតវត្សទី១៩នោះ ដោយប្រទេសកម្ពុជាទទួលរងនូវសង្គ្រាមដ៏​ ច្រើនពេកណាស់ធ្វើអោយ អ្នក កត់ត្រាប្រវត្តិព្រះពុទ្ធសាសនាមិនសូវមានការពិស្តាល្អ ។ប៉ុន្តែទោះបីជាយ៉ាងណាក្តី សម័យក្រោយអង្គរ នេះអាចអោយគេធ្វើការទាញបញ្ជាក់​ បានថា ចលនាព្រះពុទ្ធសាសនាក្នុងសម័យក្រោយអង្គរនេះមិនខុសគ្នាពីសម័យអង្គរ ប៉ុន្មានទេ ​ ។​ ដូចមានភស្តុតាងខ្លះៗ បញ្ជាក់ថា សម័យក្រោយអង្គរ ព្រះពុទ្្ធសា​សនាមានការរីចម្រើនជាងព្រហ្មញ្ញសាសានាព្រោះយោងតាមពង្សាវតាខ្មែរមានចំណុចខ្លះ​ ក៏បានបង្ហាញពីការឧបត្ថម្ភក៌មកលើព្រះពុទ្ធសាសនា រឺ ជួយទំនុបបំរុងដល់ភិក្ខុសង្ឃ រហូតព្រះរាជាអង្គខ្លះមានព្រះទ័យបួសជាភិក្ខុភាវៈទៀតផង ។​
រជ្ជកាលព្រះបាទ ពញាយ៉ាត
(ព.ស ១៩៦៤ ដល់២០០៨ ,គ.ស ១៤២១ដល់១៤៦២)
ដំបូងព្រះអង្គទ្រង់គ្រងរាជ្យក្នុងរាជធានីបាសាន ស្រុកស្រីសន្ធរ ក្រោយមកទ្រង់បានផ្លាល់ ទៅចតុមុខវិញក្នុង ព.ស១៩៨៩ គ.ស១៤៤៦ដោយចាប់ពង្រីកដីហើយជីកព្រែកនិងកសាង វត្តអារាម ទ្រង់មានព្រះទ័យបញ្ជាអោយគេកសាងវត្តចំនួន៦ដ៏ទៃទៀតគឺ៖
          ១. វត្ត កោះ នៅទិសខាងកើតឆៀងអគ្នេយ៌ភ្នំដូនពេញ។
          ២. វត្ត លង្កា នៅទិសខាងកើតឦសានភ្នំដូនពេញ ។
          ៣. វត្ត ពុទ្ធឃោសា នៅទិសខាងត្បូងព្រែកចិនដំដែកនាទិសខាងជើងភ្នំដូនពេញ ។ ទ្រង់មានព្រះរាជទាននាមវត្តទាំង៣នេះដូច្នេះដើម្បីអោយសមនឹងរឿងដែលថាព្រះពុទ្ធឃោ សាចារ្យទៅចំឡងគម្ពីរអំពីកោះស្រីលង្កា ។
          ៤. វត្ត ឧណ្ណាលោម ដែលមាននាមនេះស្រាប់មកពីយូរណាស់ហើយ ជានាមចេតិយ៏ ធំកណ្តាលចេតិយ៏ទាំង៥ នៅខាងលិចវិហារវត្តឧណ្ណាលោម សព្វថ្ងៃនេះ ។
          ៥. វត្ត ពាមផ្លុង នៅទិសអគ្នេយ៌ភ្នំដូនពេញជាប់នឹងព្រែកឧកញ៉ាផ្លុងឆ្ងាយពីវត្តកោះ បន្តិច។
          ៦. វត្ត ខ្ពប តាយ៉ង ដោយយកតាមនាមរបស់តាមម្នាក់ឈ្មោះ យ៉ង ដែលជាអ្នកជីក ខ្ពប ,លុះ ចំណេរតមកខាងមុខ វត្ត ខ្ពប តាយ៉ង គឺ វត្ត បទុមវតីសព្វថ្ងៃនេះ។
          នៅថ្ងៃ១១កើត ខែ ពិសាខ ឆ្នាំ ច ចត្វាស័ក ព.ស១៩៨៦ ច.ស ៨០៤ គ.ស ១៤៤២ ព្រះបាទ ពញាយ៉ាត ព្រមដោយមន្រីរាជការគ្រប់ជន់ថ្នាក់ និង សម្េតច សុគន្ធាធិបតិ ជាប្រមុខបានធ្វើពិធិបញ្ចុះសីមាគ្រប់ទាំង៧មានវត្ត ចេតិយបត៌តជាដើម និង ព្រះរាជពិធី កុសលផ្សេងៗទៀតជាច្រើន។
រជ្ជកាលព្រះបាទ ចន្ទរាជា
(ព.ស២០៥៦ដល់២០៨៩ គ.ស ១៥១៥ដល់ ១៥៥៥)
ទ្រង់គ្រងរាជនៅក្នុងរាជធានី លង្វេក ។​ តាមពង្សាវតាខ្ែមរបានបង្ហាញថា ព្រះអង្គក្រៅពី ធ្វើ ចំបាំងជាមួយសៀម ទ្រង់បានកសាងវត្ត អារាមជាច្រើន ។​ ហើយសម័យនោះវត្តអារាមមាន​ ការកើនឡើងជាលំដាប់​។  ព្រះសង្ឃ និង​ វត្ត អារាម មាននាទីសំខាន់ណាស់ក្នុងវិស័យ សង្គមកិច្ច ។ ព្រះសង្ឃពុំមែនគ្រាន់តែជា ស្រែបុណ្យប៉ុណ្ណោះទេ ព្រះអង្គគឺជាអ្នកអប់រំ ផ្តល់ចំណេះវិជ្ជាគ្រប់បែបយ៉ាង ដល់ពុទ្ធបរិស័ទ ជើងវត្ត។​ នេះហើយជាកត្តាមួយធ្វើអោយ​ រាស្រ្តខ្មែរគ្រប់រូបកាន់តែមាមជំនឿ លើព្រះពុទ្ធសា សនាកាន់តែខ្លាំងឡើងថែមទៀត​ ។ពួកយុវជនតែង ចូលទៅបួសអស់រយៈកាលហើយ​​ សិក្ខវិញ ទើ​បអ្នកផងគេចាត់ទុកជា មនុស្សពេញលក្ខណៈមានចំណេះដឹង ស្គាល់ខុស ស្គាល់ត្រូវ ជាដើម ។
រជ្ជកាលព្រះបាទធម្មរាជាសម្ភារ (ពញាតូ)
(ព.ស ២០៥៨ ដល់ ២០៨៩ គ.ស ១៦២៩ ដល់ ១៨៣៦)
ព្រះបាទពញាតូ គឺជាព្រះរាជបុត្ររបស់ព្រះបាទជ័យជេដ្ឋាទី២ ព្រះអង្គគឺជាពុទ្ធសាសនិក មួយអង្គប្រកបដោយបសាទសទ្ធាដ៏ខ្ពស់ក្នុងព្រះធម៌ និង ព្រះវិន័យ ដោយព្រះអង្គបាន បួស ជាភិក្ខុភាវៈបំពេញព្រហ្មចរិយធម៌ ប៉ុន្តែព្រះអង្គបានលាចាកសិក្ខាបទវិញ ។ ដើម្បីទទួលរាជ សម្បត្តិក្រោយពេលព្រះបិតារបស់ព្រះអង្គចូលទីវង្គត់ទៅ​ ។​ រជ្ជកាលក្រោយមកសង្គ្រាម ប្រទេសយើងកាន់តែធ្ងន់ធ្ងរទៅៗ ការគោរពប្រតិប្តិបត្តិព្រះពុទ្ធសាសនាក៏ត្រូវបានស្រុតចុះ យ៉ាងខ្លាំង ។


          


+ពុទ្ធសាសនា​សម័យ​អាណានិគម​បារាំង
            សម័យ​អាណានិគមនិយម​បារាំង​គិត​ចាប់ពី​ឆ្នាំ១៨៦៣ នៅពេលដែល​ព្រះ​នរោត្តម​ទ្រង់​បាន​ចុះសន្ធិសញ្ញា​ជាមួយ​បារាំង​ថ្ងៃ១១ខែសីហា​ឆ្នាំ១៩៦៣នេះ​តែម្ដង ក្នុង​បំណង​យក​បា​រាំងជា​ខែល​ការពារ​ប្រទេស​កម្ពុជា​ពី​ការឈ្លានពាន​របស់​ប្រទេសជិតខាង មាន​យួន សៀម​ជាដើម។
            ក្នុង​កំឡុង​សតវត្ស​ទី ១៧, ១៨, ១៩ប្រ​ទេ​សៀម​បាន​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​មកលើ​នយោបាយ​ក្នុងស្រុក​របស់​ខ្មែរ ដែលជា​ហេតុ​ធ្វើឱ្យ​ឥទ្ធិពល​នៃ​ប្រពៃណី​សាសនា​ក៏​លាយឡំ​ជាមួយគ្នា​នោះ​ផងដែរ។ ដូចជា​នៅក្នុង​ឆ្នាំ១៨៥៥ ព្រះបាទ​នរោត្តម​បាន​និ​មិ​ន្ត​ព្រះសង្ឃ​ធម្មយុត្តិកនិកាយ​ពី​ប្រទេស​សៀម​ចូល​ម​ក្នុងស្រុក​ខ្មែរ ដើម្បី​បង្កើត​និកាយ​នេះ​នៅក្នុង​ស្រុក​ខ្មែរ​ផងដែរ។ សម្ដេច​ប៉ាន​ទ្រង់​ជា​ព្រះសង្ឃ​ខ្មែរ​ក៏ប៉ុន្តែ​ទ្រង់​បាន​ទៅ​សិក្សា​ប្រទេស​សៀម ហើយ​ត្រូវបានតែងតាំង​ជា​ព្រះសង្ឃ​ធម្មយុត្តិ​ដំបូង​គេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា គង់នៅ​ក្នុង​វត្ត​បទុម​វ​ត្តី​ក្រុងភ្នំពេញ។ ហើយ​ប្រពៃណី​នេះ​បាន​បន្ត​ជាប់​គ្រប់​រាជការ​ព្រះមហាក្សត្រ​ខ្មែរ​រហូតដល់​សព្វថ្ងៃ។
            ក្នុងសម័យ​អាណានិគម​នេះ ក៏​មិន​ខុសពី​សម័យ​កណ្ដាល​ប៉ុន្មាន​ដែរ ព្រះពុទ្ធ សាសនា​បាន​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​សង្គម​ខ្មែរ ទាំង​វិស័យ​សង្គមកិច្ច សុខាភិបាល អប់រំ យុត្តិធម៌ និង​ជាឃ្លាំង​អភិរក្ស​អក្សរសាស្ដ្រ​ជាតិខ្មែរ ព្រមទាំង​វប្ប​ធ​ម៍​ប្រពៃណី​របស់​ខ្មែរ​យើង​ផងដែរ។ ក្រោម​ការជិះជាន់​របស់​បារាំង​មកលើ​ប្រជាពលរដ្ឋ​ខ្មែរ និង​ពុទ្ធសាសនា បានធ្វើឱ្យ​ព្រះសង្ឃ​ខ្មែរ​ងើបឡើង​តស៊ូ​បះបោរ​ប្រឆាំង​ជាមួយ​បារាំង ប៉ុន្តែ​ត្រូវ​បរាជ័យ​យ៉ាងធ្ងន់ធ្ងរ រហូតដល់​មានការ​ចាប់ខ្លួន​ធ្វើ​ទោសទណ្ឌ​ទៀតផង។ តែ​ទោះបីជា​យ៉ាងណាក៏ដោយ​ក៏​ពុទ្ធសាសនា​នៅតែ​ពង្រឹង​ខ្លួន​ជានិច្ច​ពុំមាន​ការចុះ​ញ៉ម​ជាមួយ​ពួក​បារាំង​នោះឡើយ ដែល​នៅ​ឆ្នាំ១៩១៤គេ​ឃើញ​មានការ​សាងសង់​សាលា​ភាសាបាលី​ជាន់ខ្ពស់​មួយ​នៅ​ភ្នំពេញ និង​ក្រោយមក​កែប្រែ​ទៅជា​មហាវិទ្យាល័យ។ ការសិក្សាអប់រំ​ចំពោះ​ព្រះសង្ឃ​មិន​ត្រឹមតែ​ចំណេះដឹង​ខាង​ភាសាបាលី​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​មូលដ្ឋានគ្រឹះ​នៃ​ចំណេះដឹង​ទូទៅ​តាមបែប​ទំនើប​ក៏ត្រូវ​យកមក​សិក្សា​រៀនសូត្រ​នៅឯ​សាលារៀន​ផងដែរ។ សាលា ​បាលី​ជាន់​ទាប​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ១៩៣៣ដើម្បី​ផ្ដល់​លទ្ធភាព​ ឱ្យ​ព្រះសង្ឃ​ដែល​ទើប​បួស​ថ្មី​អាច​សិក្សា​ពី​ភាសាបាលី​នេះ​ពី​កម្រិត​ដំបូង ​បាន។
រជ្ជកាលព្រះបាទហរិរក្សរាមាធិបតិអង្គឌួង
(ព.ស២៣៨៨ ២៤០២ គ.ស១៥៥៤ ១៨៥៩)
ព្រះបាទអង្គឌួង គឺជាពុទ្ធសាសនិកមួយអង្គដ៏ឆ្នើមមិនចាញ់ព្រះរាជាអង្គមុនៗប៉ុន្មានទេ ហើយទ្រង់មានប្រាជ្ញាឈ្លាសវៃក្នុងអត្ថនៃព្រះភិធម្ម (ចេះធម៌អភិធម្ម) ។​ ព្រះអង្គបានយក ព្រះទ័យចិត្តទុកដាក់ក្នុងវិស័យព្រះពុទ្ធសាសនាយ៉ាងខ្លាំង ដោយទ្រង់ជួយទំនុបបំរុងដល់ ការកសាងវត្តអារាមជាច្រើន ហើយព្រះអង្គបានទុកវត្តអារាមជាថ្លាលបណ្តុះបណ្តាលវិជ្ជា ដោយព្រះអង្គត្រាស់បង្គាប់ឲ្យកុលបុត្រកុលធីតាទាំងអស់​ឲ្យចូលមកសិក្សារៀនសូត្រផ្លូវ លោកព្រមទាំង ផ្លូវព្រះធម៌ក្នុងវត្តអារាមនីមួយៗ ។ព្រះអង្គឲ្យជ្រើសយកអាចារ្យបង្រៀនព្រះ
បរិយត្តិធម៌ ឬ ព្រះត្រៃបិដកតាមអារាមនានា ។ ព្រះឲ្យគេធ្វើសាលាទានសម្រាប់ធ្វើសង្ឃ ទាន និង​ ធ្វើទានដល់ជនក្រីក្រលំបាកទុគ៌តអត់ឃ្លាន ។​ ព្រះបានជាទីសក្ការៈនៃជនានុជន គ្រប់បជ្ឈដ្ឋានដោយព្រះអង្គទ្រង់មានព្រះទ័យប្រកបដោយប្រជាធិប្បតេយ្យដ៏បរិសុទ្ធ ហើយ ទ្រង់លប់ចោលនៅអំពើទារុណកម្មលើរូបរាងកាយ និង​ កែប្រែទម្លាប់ខ្លះដែលទាក់ទងនឹង ព្រះរាជាមុនៗ ។​ ព្រះអង្គគឺជាព្រះមហាក្សត្រគោរពព្រះពុទ្ធសាសនាដ៏ប្រសើរបានជួយ ទំនុបបំរុងដល់ដល់ការកសាងវត្តអារាមជាច្រើន ។ ព្រះអង្គទ្រងអនុញ្ញាតឲ្យប្រជាជនទាំង អស់មានឪកាសធ្វើបុណ្យ ធ្វើទានតាមលក្ខណៈប្រពៃណីយ៌ ដូចជាបុណ្យ កឋិន បុណ្យ ភ្ជំបិណ្ឌ បុណ្យផ្កាជាដើម ។ ជាងនេះទៅទៀតដើម្បីលើកស្ទួយវិស័យព្រះពុទ្ធ សាសនាអោយកាន់តែមានភាបរុងរឿងថែមទៀត ព្រះអង្គបានកសាង មន្ទីរពុទ្ធសាសន បណ្ឌិត្យ ជាបណ្ណាល័យ និង សាលាបាលីជាន់ខ្ពស់ ។
រជ្ជកាលព្រះបាទស៊ីសុវត្ថិមនីវង្ស
(ព.ស ២៤៧០ ដល់ ២៤៨៤ គ.ស ១៩២៧ ១៩៤១)
ក្នុងរជ្ជកាលរបស់ព្រះអង្គគេសង្គេតឃើញវប្បធម៌អរិយធម៌ កាន់តេខ្លាំងឡើងៗ​ ។ វប្បធម៌ អរិយធម៌ត្រូវបានជ្រកកោននៅក្នុងវត្ត ព្រះពុទ្ធសាសនាដែលមានភិក្ខុដើរតួយ៉ាងសំខាន់ក្នុង ការអភិបាលវប្បធម៌អរិយធម៌របស់ខ្មែរយើងដើម្បីឲ្យមានចិរភាពមកដល់សព្វថ្ងៃនេះ ។ ជា ពិសេសវប្បធម៌អរិយធម៌ អក្សរសាស្រជាតិដែលត្រូវវាយលុកដោយពួកបារាំងសែល ។ចាប់ តាំងពីរជ្ជកាលព្រះអង្គមក និង រជ្ជកាលក្រោយៗទៀតព្រះពុទ្ធសាសនាដើរតួនាទីយ៉ាង សំខាន់ការពាររក្សាវប្បធម៌អរិយធម៌ជាតិយើង ។​ កាលនោះបើគ្មាន​វត្តអារាមព្រះពុទ្ធ សាសនា ដែលមានភិក្ខុសង្ឈអ្នកស្នងមត៌កទេនោះ ម្លោះវប្បធម៌អរិយធម៌មិនដឹងក្លាយទៅ ជាយ៉ាងណាទេ ។ នៅក្នុងរជ្ជកាលព្រះអង្គគេសង្គេតឃើញមានសាលាបាលីជាន់ខ្ពស់ និង សាលាច្បាប់មួយ និង សាលារចនាមួយ ។ មត៌កដ៍អស្ចារ្យមួយទៀតគឺ សៀវភៅព្រះត្រៃ បិដកដែលបកប្រែជា ភាសាជាតិដំបូងបំផុតនៅក្នុងប្រទេសខ្មែរយើង ។ ព្រះអង្គបានបង្កើត ឲ្យមានក្រុមជុំនុំផ្ទៀងផ្ទាត់ព្រះត្រៃបិដកដែលពីមុនយើងមានតែភាសាបាលីប៉ុណ្ណោះ ។ ចាប់ តាំងពី ព.ស ២៤៧២ គ.ស ១៩២៩ រហូតដល់ ព.ស ២៤៨២ គ.ស ១៩៣៩​ មានរយៈពេល ១០ ឆ្នាំគត់ក្រុមជំនុំផ្ទៀងផ្ទាត់ដែលមានគ្នាចំនួន ៤០នាក់ រួមទាំងសម្តេចព្រះរាជាគណៈ ទាំតពីគណៈផងដែរ ។
រជ្ជកាលព្រះបាទ នរោត្តមសីហនុ
(ព.ស ២៤៨៤ ២៤៩៨ គ.ស ១៩៤១ ​ ១៩៥៥) (ក្នុងរជ្ជកាលទី១)
ព្រះអង្គគឺជាអគ្គពុទ្ធសាសនូបត្ថម្ភក៌ដ៏ឆ្នើមដោយទ្រង់បានប្រទាននូវ ធមនុញ្ញដល់ប្រជា រាស្រ្ត ដើម្បីលើកដំកើងព្រះពុទ្ធសាសនាដែលជាមត៌ករបស់ជាតិយើង តាំងពីសម័យ បុរាណកាលមក ព្រះពុទ្ធសាសនា ជាសាសនារបស់ជាតិ (មាត្រាទី ៤ និង មាត្រាទី៤៣ នៃ
ច្បាប់រដ្ឋធមនុញ្ញ)​ ។ ពិសេសជាងនេះទៅទៀតគឺព្រះអង្គបានបង្កើតឲ្យមានសាលាពុទ្ធិក មហាវិទ្យាល័យព្រះសីហនុរាជដែលជាថ្នាលដ៏ពិសិដ្ឋ សម្រាប់ការបណ្តុះបណ្តាលយុវជន សមណៈនិស្សិតខ្មែរឲ្យមានចំណេះដឹងខ្ពង់ខ្ពស់ នេះគឺ ជាគ្រឹះដ៏រឹងមាំបំផុតក្នុងវិស័យ សាសនា ដែលសមស្របទៅនឹងបាវចនាជាតិដែល ចែងថា “  ជាតិ សាសនា ព្រះមហាក្សត្រ  ។​ ក្នុងរជ្ជកាលព្រះអង្គ ទ្រឹស្តីព្រះពុទ្ធសាសនាត្រូវរីក យ៉ាងត្រសុំត្រសាយ ក្រោយពេលសមណៈនិស្សិតទាំងអស់បានបញ្ចប់ការសិក្សាទៅបំពេញភារកិច្ចក្នុងឋានៈ ជា ពុទ្ធសាសនិកដ៏ឆ្នើមប្រកបដោយគតិបណ្ឌិត និង ស្មារតីសន្តិភាពសម្រាប់អភិវឌ្ឍន៏សង្គម ជាតិ ។
រជ្ជកាលព្រះបាទសុរាម្រឹត
(ព.ស ២៤៩៨ ២៥០៣ គ.ស ១៩៥៥ ១៩៥៥)
ព្រះបាទសុរាម្រឹត គឺជាអគ្គពុទ្ធសាសនូបត្ថម្ភក៏មួយរូបដែរ ដោយព្រះអង្គលើកស្ទួយវិស័យ ព្រះពុទ្ធសាសនា ឲ្យមានការរីចំរើនមិនចាញព្រះមហាក្សត្រអង្គមុនៗទេ ។ នៅក្នុងរជ្ជកាល ព្រះអង្គបានឃើញព្រឹត្តិការណ៌ដ៏អស្ចារ្យមួយ នៅក្នុងប្រវត្តិព្រះពុទ្ធសាសនាខ្មែរ គឺ បុណ្យ ពាក់កណ្តាលសាសនា ដែលបានរៀបចំនៅទីក្រុងភ្នំពេញ និង ទូទាំងវត្តអារាមទូទាំងព្រះ រាជាណាចក្រកម្ពុជា ។ បុណ្យនេះគឺស្ថិតនៅក្រោមការឧបត្ថម្ភក៏របស់ព្រះបាទសុរាម្រឹត  ព្រមទាំងបុណ្យសម្ពោធឆ្លង ព្រះសក្យមុនីចេតិយបញ្ចុះ ព្រះបរមសារិកធាតុ នៅមុខស្ថានីយ៌ រាជាយស្មយយានរាជធានីភ្នំពេញ ។បុណ្យពាក់កណ្តាលសាសនានេះព្រះបាទសុរាម្រឹត ទ្រង់ និង សម្េតចសង្ឃទាំងពីរគណៈទ្រង់ ធ្វើអស់រយៈពេល ៧យប់ ៧ថ្ងៃ គឺចាប់ពីថ្ងៃអាទិត្យ ទី១៤ ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥០០ ត្រូវនឹងថ្ងៃទី១១ ខែ ឧសភា គ.ស ១៩៥៧ រហូតដល់ថ្ងៃសៅរ៌ ៥រោច ខែ ចេត្រ ត្រូវនឹងថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ១៩៥៧ ថ្ងៃបុណ្យឆ្លង។​
លើសពីនេះទៀតព្រះអង្គបានឧបត្ថម្ភក៏ដល់ការកសាង មន្ទីរពេទ្យ ព្រះកុសុម មន្ទីរពេទ្យ ព្រះសង្ឃ និង កសាងវត្តជាច្រើនមានវត្ត កុសុមារាម (លង្កា)ជាដើម។  នៅក្នុងរជ្ជកាល របស់ព្រះបាទសុរាម្រឹត វិស័យព្រះពុទ្ធសាសនាមានការរីចំរើនល្អណាស់ បើតាមស្ថិតិឆ្នាំ ១៩៦១​​នៅក្នុងប្រទេសទាំងមូលមានវត្ត ចំនួន ២៥៨០ វត្ត ដែលមានព្រះសង្ឃសរុប ៥៣៥០៩ព្រះអង្គ ដល់មកឆ្នាំ ១៩៦៩ យើងមានវត្តចំនួន ៣៣៦៩៦វត្ត ដែលក្នុងនោះគណៈ មហានិកាយមាន៦២៦៧៨ព្រះអង្គ និង ធម្មយុត្តិកនិកាយមាន ចំនួន ២៣៨៤ សរុបមាន ចំនួន ៦៥០៦២ព្រះអង្គ​។
សម័យសាធារណៈ(លន់ ណុល)
(ព.ស ២៥១៣ ដល់ ២៥១៨ គ.ស ១៩៧០ ដល់ ១៩៧៥)
វត្តអារាមដែលជាកន្លែងសក្ការៈបូជាបានក្លាយទៅជាកន្លែងសឹកសង្រ្គាម ។ ព្រះវិហារ ព្រះ ពុទ្ធរូប កុដិ សាលា ចេតិយ គម្ពីរសាសនា ត្រូវទទួលការបំផ្លិចបំផ្លាញក្រោមទំង​ន់គ្រាប់ ផ្លោងដែលទម្លាក់ពីលើយន្តហោះ  គ្មានវត្តណាមួដែលគេចផុតឡើយ ។ ព្រះសង្ឃ និង ប្រជាពលរដ្ឋតែងតែទទួលការភិតភ័យ ពីការគំរាបគំហែងពីកងទ័ពព្រៃ ។ ទោះបីជាយ៉ាង ណាក៏ដោយស្មាតី និង មនសិការរបស់ពុទ្ធបរិស័ទ គ្រប់មជ្ឈដ្ឋាននៅតែដក់ជាប់នៅឆន្ទៈ ភ្ញាក់រឭកដល់គុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃដែលជាសរណៈដ៏ចំបងក្នុងព្រះពុទ្ធសាសនា ជានិច្ច​។ សម័យសាធារណៈនេះពិតមែនតែរូបភាពខាងក្រៅមិនត្រូវបានទទួលភាពរីក ចម្រើនរុងរឿងដូចសម័យកាលមុនៗយ៉ាងណាដ៏ដោយតែស្មារតីផ្នត់គំណិតនៅតែស្ថិតស្ថេរ ចិរភាពអមតៈជានិច្ចគឺពុទ្ធសាសនានិកយើងនៅតែឆ្លៀតឪកាសបំពេញ នូវកាតព្វកិច្ចជា ពុទ្ធសាសនូបត្ថម្ភក៏ក្នុងពិធីបុណ្យប្រពែណីពុទ្ធសាសនាដូចជា បុណ្យភ្ជំបិណ្ឌ កឋិន បុណ្យ បួស  ។ ល។ តាមរដួវកាលជាប់មិនដាច់ឡើយ គ្រាន់តែការធ្វើនោះពុំបានថ្កុំថ្កើងរុងរឿងដូច សម័យកាលដែលប្រទេសជាតិ យើងមានសន្តិភាពនោះឡើយ ។ រួមមកគឺព្រះពុទ្ធសាសនា រុងរឿងតែក្នុងផ្នត់គំនិតតែប៉ុណ្ណោះ ។
សម័យកម្ពុជាប្រជាធិបតេយ្យ
(ព.ស ១៥១៨ ដល់២៥២២ គ.ស ១៩៧៥ ដល់១៩៧៩)
ភ្នំពេញ : នៅ​សម័យ​អន្តរ​កប្ប ចន្លោះ​ឆ្នាំ​១៩៧៥-៧៩ ប៉ុល ពត បាន​រំលាយ​ខឿន​ព្រះពុទ្ធសាសនា ​ទាំង​វត្ត​អារាម ​ទាំង​ព្រះសង្ឃ ទាំង​ឧបាសក ទាំង​ឧបាសិកា ទា​យក ទាំងយិ​កាចោ​ល​ទាំងអស់ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​បំផ្លាញ​គម្ពី​រដីកា​ព្រះពុទ្ធ​សាសនា​មួយ​ចំនួ​ន​ធំ​ទៀត ។​ និយាយរួមមកវិស័យសាសនាត្រូរបបនេះបំបាត់ចោលទាំងស្រុង វត្តអារាមជាទីសក្ការៈបូជាសន្សំកុសលបានប្រែក្លាយទៅជាកន្លែងគុកច្រវាក់ឃុំឃាំងធ្វើ ទារុណកម្មកាប់សម្លាប់សាងនូវបាបកម្មគ្មានញញើតដៃ ។ ព្រះសង្ឃរាប់ពាន់អង្គត្រូវបាន ចាប់ផ្សឹកទាំងបង្ខំ ឲ្យធ្វើពលកម្មលើសលប់មានការបរិភោកអាហារមិនគ្រប់គ្រាន់ ។ ហើយ ព្រះសង្ឃដែលជាមេដឹកនាំដូចជាមេគណ ព្រះអនុគណត្រូវបានចាប់ផ្សឹកបង្ខំឲ្យយកគ្រូសារ តាមរយៈការ រលាក់ដែ និង ការចាប់អារម្មណ៌ គ្មានមង្គលការត្រឹមត្រូវទេ ។
​ ​នៅ​ថ្ងៃ​សៅរ៍ ៣ កើត ខែ​មិគសិរ ឆ្នាំ​មមែ ស​.​ព​.២៥២២ ត្រូវ​នឹង​ថ្ងៃទី​២ ខែ​ធ្នូ គ​.​ស​.១៩៧៨ ប្រជាជន​បាន​បង្កើត​រណសិរ្ស​មួយ ឈ្មោះ​រណសិរ្សសាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​មាន​គោលការណ៍​១១.​ខ ក្នុង​គោលបំណង​វាយ​រំដោះ​ប្រជាជន​កម្ពុជាឲ្យបាន​រួច​ផុត​ពី​របប​បន​ប្រល័យ​ ពូជសាសន៍ ប៉ុល ពត ។ លុះដល់​ថ្ងៃ​អាទិត្យ ១០ កើត ខែ​បុស្ស ឆ្នាំ​មមែ ព​.​ស​.២៥២២ ត្រូវ​នឹង​ថ្ងៃទី​៧ ខែ​មេសា ឆ្នាំ​១៩៧៩ រំដោះប្រជាជន​ឲ្យ​រួចផុត​ពី​របប​បន​ប្រល័យ​ពូជសាសន៍ ប៉ុល ពត បាន​ដូច​បំណង ។ នៅពេល​នោះ​ឯង​ហើយ​ប្រជាជន​កម្ពុជាអាច​មាន​ជំនឿ​លើ​ព្រះពុទ្ធសាសនា​ ឡើងវិញបានជា​បណ្ដើរៗ ​ពីព្រោះ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​មាន​យោបល់​ថា ព្រះពុទ្ធសាសនា និង​ចិត្ត​គំនិត​របស់​ប្រជាជន​កម្ពុជា មាន​ភាព​ផ្សារភ្ជាប់​គ្នា​យ៉ាង​ជិតស្និទ្ធរាប់ពាន់​ឆ្នាំ​កន្លងមកហើយ មិនអាចមាន​អ្នកណា​ម្នាក់​មក​បេះ​បំបែកចេញ​ពី​គ្នា​បាន​ដោយ​ងាយ​ឡើយ ។ សូម្បី​នៅក្នុង​សម័យ​ប៉ុល ពត ពួក ប៉ុល ពត បាន​បំបាក់ស្មារតី​ប្រជាជន​ឲ្យ​លះបង់​ព្រះពុទ្ធសាសនា បើ​អ្នកណា​មិន​ព្រម​លះបង់​ចោល​ទេ នៅ​មាន​ការ​អាឡោះអាល័យ​ព្រះពុទ្ធសាសនា ​ពួក ប៉ុល ពត នាំ​យក​អ្នក​នោះ​សម្លាប់ចោល​ទាំង​ពូជ ។
​ ​បើ​ទុក​ជា​មាន​ការគាបសង្កត់​សម្លាប់បែប​នេះ​ក៏ដោយ ក៏​ប្រជាជន​មួយចំនួនធំនៅតែ​លួច​ថ្វាយបង្គំ​ព្រះ​សម្ពុទ្ធ​ក្នុងពេល​ស្ងាត់ ឬ​ក៏​នៅតែ​លើកដៃ​អធិដ្ឋាន​ចិត្ត​ចំពោះ​ព្រះ​សម្ពុទ្ធ​ដែរ ។ ចំណែក​ព្រះសង្ឃ​វិញ ព្រះសង្ឃ​មួយ​ចំនួន​ធំ​ ពួក​ប៉ុល​ពត​បង្ខំ​ឲ្យ​សឹក លោក​ក៏​សឹក​តាម​បញ្ជា តែ​ចិត្ត​របស់​ព្រះអង្គ​វិញ នៅតែ​អាល័យ​ភេទ​ផ្នួស ពេលយប់​យក​ស្បង់ ចីព​រ មក​ដេក​ឱប ។ នៅ​មាន​ព្រះ​ស​សង្ឃ​មួយ​ចំនួន​តូច​បំផុត​មិន​ព្រម​លះបង់​ភេទបព្វជិត ដោយ​ប្រើ​កលល្បិច​ពេល​មាន​ប្រជាជន​អ៊ូអរ យក​សំពត់​សមក​ស្លៀកដណ្ដប់ តែ​នៅពេល​ស្ងាត់​វិញ​លោក​យក​ស្បង់ចីព​រ មក​គ្រង ខំ​ភាវនា​ធម៌ មិន​ខ្លាច​សេចក្ដីស្លាប់​ឡើយ ។​
សម័យកាលសាធារណរដ្ឋប្រជាមានិត្យកម្ពុជា និង រដ្ឋកម្ពុជា
(ព.ស ២៥២២ ដល់ ២៥៣៦ គ.ស ១៩៧៩ ដល់ ១៩៩៣)
            ក្រោយ​ជ័យជំនះ​លើ​កងទ័ព​ខ្មែរក្រហម ពល ពត ​នៅ​ឆ្នាំ១៩៧៩ ជំនឿ​សាសនា​ត្រូវបាន​បើកចំហ​ឡើងវិញ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ។ ព្រះពុទ្ធសាសនា ​ ក៏ត្រូវ​បាន​លើកតម្កើង​សារជាថ្មី​ផងដែរ ​ដោយ​រដ្ឋាភិបាល​បាន​និមន្ត​ព្រះសង្ឃ​ខ្មែរ​ ដែល​បាន​ភៀសខ្លួន​ទៅ​ប្រទេស​វៀតណាម​កាលពី​កំឡុង​សម័យ ​នោះ ចូលមកក្នុង​ប្រទេស​ក​ម្ពុ​ជា​វិញ​ដើម្បី​ដឹកនាំ​ព្រះពុទ្ធសាសនា​ឡើងវិញ។
​ ​ដោយ​គ្រាន់តែ​បានដឹងថា រដ្ឋអំណាច​បន្ធូរ​ឲ្យប្រជាជន​មាន​ជំនឿលើ​ព្រះពុទ្ធសាសនា​បាន​ភ្លាម ​ប្រជាជន​ដែល​ធ្លាប់​ជា​ពុទ្ធបរិស័ទ​ពី​ជំនាន់​មុន ងើប​ច្រូងច្រាង​នាំគ្នា​ធ្វើ​បុណ្យ។ តែ​នៅពេល​នោះ​មិនទាន់​មាន​ព្រះសង្ឃ​នៅឡើយ នាំគ្នា​អញ្ជើញ​លោក​តាៗ​ដែល​ចេះ​ព្រះពុទ្ធសាសនា ឲ្យធ្វើ​ជា​ព្រះសង្ឃ ហើយ​នាំគ្នា​វេរ​បច្ច័យ​៤ ឧ​ទិ្ទស​កុសលជូន​វិញ្ញាណក្ខន្ធ​បុព្វបុរស​ដូចជា កាល​ព្រះពុទ្ធ​គង់​ធម្មា​ដូចនោះ​ដែរ ។​
​ ​នៅពេល​នោះ​ឯង ព្រះសង្ឃ​អង្គ​ខ្លះដែល​ព្រះអង្គ​លប​ស្លៀកស្បង់​គ្រងចីពរ​អស់​រយៈពេល​ជាង​បី​ ឆ្នាំ​កន្លងមកហើយ​នេះ ព្រះអង្គ​ប្រកាស​ខ្លួន​ថា នៅ​សម័យ ប៉ុល ពត ព្រះអង្គ​មិន​ដែល​ឃ្លាត​ចេញពី​ភេទ​បព្វ​ជិត​ឡើយ ព្រះអង្គស្លៀកស្បង់​គ្រងចីពរ ជា​ធម្មតា​វិញ ។ ក៏​មាន​ការ​យល់​ថា ការ​ស្លៀកខោ​ពាក់អាវ​ដោយ​ការបង្ខំ​ពី​សត្រូវ សីល​ផ្នួសរ​បស់​ព្រះអង្គ​មិនបាច់​ឡើយ​ពី ព្រោះ​ព្រះអង្គ​បាន​រក្សាសីល​ផ្នួស​របស់ខ្លួន​បាន​ដូច​ធម្មតា ។ ការយល់​ដូចនេះ លោក​យក​ស្បង់​ចីពរ​មក​ស្លៀកដណ្ដប់​ ហើយ​ប្រកាស​ខ្លួន​ថាខ្លួន​ជា​អ្នកបួស​ពិតប្រាកដ ។​
​ ​ដោយ​មាន​ការ​បួស​គ្មាន​សណ្ដាប់ធ្នាប់​បែបនេះ ទើប​ទីស្ដីការ​គណៈកម្មាធិការ​មជ្ឈិម​រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា​បាន​ ចាត់ចែង​និមន្ដ​ព្រះសង្ឃពី​ប្រទេស​វៀតណាម​ចំនួន ៩ អង្គ មក​បំបួស​លោក​អាចារ្យ ដែល​ជា​អតីត​បព្វជិត ហើយ​ដែល​មិន​មាន​ប្រពន្ធ​-កូន ធ្វើ​ជា​ពូជ​ព្រះសង្ឃ​ដើម្បី​បំបួស​កុលបុត្រ​បន្តទៅទៀត ។ តាម​ព្រះ​សព​សម្តេច​មង្គលទេពាចារ្យ អ៊ុម ស៊ុម បានឲ្យដឹងថា ព្រះសង្ឃ ៩ អង្គ​ដែល​រដ្ឋាភិបាល​វៀតណាម បាន​ចាត់តាំង​ឲ្យ​មក​បំបួស​នោះ លោក អាចារ្យ តុង ធ្វើ​ជា​ព្រះ​ឧប្បជ្ឈា​យ៍ និមន្ត​មក​ដល់​ក្រុងភ្នំពេញ​ព្រះអង្គ​សុគត ។ សូមបញ្ជាក់​ថា ព្រះអង្គ​ព្រះនាម តុង នេះ ពី​មុន​ពេល​សម័យ​ប៉ុល ពត ឆ្នាំ​១៩៧៥ ព្រះអង្គ​គង់​នៅ​វត្ត​មហាមន្ត្រី ក្រុងភ្នំពេញ ។ ឯ​ព្រះសង្ឃ ១ អង្គ​ទៀត ព្រះនាម​ថាច់ មិញ ជា​ព្រះសង្ឃ​មហាយាន ​ព្រះអង្គ​ជា​អ្នកសង្កេតការណ៍ មិនបាន​ចូលរួម​ជា​ការ​ក​សង្ឃ​ទេ ។​
​ដូច្នេះ ព្រះសង្ឃ​ជា​ការ​ក​សង្ឃ រៀបចំ​ការ​បំបួស​នោះ​មាន​ចំនួន ៧ អង្គ ៖
១. ព្រះអង្គ យី​វ ងីម ជា​ព្រះ​ឧបជ្ឈា​យ៍​
២. ព្រះអង្គ ថាច់ ធៀង​តុង ជា​គ្រូសូត្រស្តាំ​
៣. ព្រះអង្គ ធី​វ វីត ជា​គ្រូសូត្រឆ្វេង​
​ឯ​ព្រះអង្គ ៤ ព្រះ​អង្គ​ទៀត សម្ដេច​មិន​បាន​ស្គាល់ ។ ការរៀបចំ​បំបួស​ធ្វើ​ចំពោះ​អតីត​បព្វជិត ៧​រូប នៅ​ថ្ងៃ​ពុធ ១៣ រោច​ខែ​ភទ្របទ ឆ្នាំ​មមែ ព​.​ស​.២៥២៣ ត្រូវ​នឹង​ថ្ងៃទី ១៩ ខែ​កញ្ញា គ​.​ស​.១៩៧៩ ។​
​ឯ​អតីត​បព្វជិត ៧ រូប​ដែល​ត្រូវ​បំបួស​នោះ ៖
១. ភិក្ខុ កើត វ៉ា​យ មកពី​ខេត្តកំពង់ធំ ( សុគត ២៥ មករា ១៩៩១ )
២. ភិក្ខុ ប្រាក់ ឌិ​ត មកពី​ខេត្ត តាកែវ​
៣. ភិក្ខុ ឌិន សារុន មកពី​ខេត្ត កណ្ដាល​
៤. ភិក្ខុ អ៊ិត ស៊ុម មកពី​ខេត្ត តាកែវ ( សុគត ០១.០៩.១៩៩៨ )
៥. ភិក្ខុ ន​ន់ ង៉ែត មកពី​ខេត្ត តាកែវ​
៦. ភិក្ខុ កែ​ន វង្ស មកពី​ខេត្ត ព្រៃវែង​
៧. ភិក្ខុ ទេព វង្ស មកពី​ខេត្ត សៀមរាប ។​
​ ​ចាប់ពី​ពេល​បាន​បំបួស​ព្រះសង្ឃ​នេះ​រួចមក ព្រះ​ឧបជ្ឈាយ៍​ព្រះនាម ​ឋិត​ស្រី​លោ ដែល​បាន​បំបួស​ភិក្ខុ​ទាំង ៧ អង្គ​នេះ បាន​សម្រេច​ប្រគល់​ភារកិច្ច​ឲ្យភិក្ខុ កើត វ៉ា​យ ធ្វើ​ជា​ព្រះ​ឧបជ្ឈា​យ៍ បំ​បួសភិក្ខុ សាមណេរ បន្តទៅ​ទៀត ​ក្រោយ​មក​ភិក្ខុ កើត វ៉ា​យ ព្រះអង្គ​មាន​ព្រះជន្ម​ច្រើន មាន​វត្ត​អារាម​នៅ​ឆ្ងាយ​ពី​ទីក្រុង​ភ្នំពេញ​មាន​ផ្លូវ​លំបាក​ខ្លាំង ហើយ​បើ​ព្រះ​អង្គ​និមន្ត​មក​ក្រុងភ្នំពេញ​ចេះ​តែ​មាន​ព្រះ​អា​ពាធ ។​
​ ​ដោយមាន​មូលហេតុ​នេះហើយ ទើប​ភិក្ខុ កើត វ៉ា​យ និមន្ត​មក​បំបួស​បាន​ត្រឹមតែ​មួយ​លើក​ប៉ុណ្ណោះ ព្រះអង្គ​បាន​ប្រគល់​នាទី​ព្រះ​ឧបជ្ឈាយ៍​ឲ្យ​ភិក្ខុ ទេព វង្ស បំ​បួសភិក្ខុ សាមណេរ បន្ត​ពី​ព្រះអង្គ​ទៅ​ទៀត ។ បន្ទាប់​ពី​ការ​បំបួស​បាន​ព្រះសង្ឃ ៧ អង្គ​រួច​មក​គណៈកម្មាធិកា​រម​ជ្ឈិ​មរណស្សិ និង​ក្រុមប្រឹក្សា​ប្រជាជន​បដិវត្តន៍​កម្ពុជា មាន​ចំណាប់អារម្មណ៍​លើ ៖
​ ​-​ព្រះពុទ្ធ​សាសនា​បាន​កើត​ហើយ តែ​ការរៀបចំ​ព្រះពុទ្ធសាសនា នៅ​មិនទាន់​មាន​ របៀបរៀប​រយ​ល្អ​នៅឡើយ ។ ដូចនេះ គួរតែ​រៀបចំ​ព្រះសង្ឃ​ឲ្យមាន​ឯកភាព គឺ​គ្មាន​គណៈ​និកាយ​ឡើយ ។​
​ ​-​គួរ​រៀបចំ​ពុទ្ធសាសនាឲ្យ​មាន​ព្រះសង្ឃ​មជ្ឈិម និង​ក្រសួង​ធម្មការ​សម្រាប់​ជួយ​សម្រួលកិច្ចការ​ព្រះពុទ្ធសាសនា ។​
​ ​-​អ្នក​មាន​សទ្ធា​ចូល​បួស​ក្នុង​ព្រះពុទ្ធសាសនាកាន់តែ​មាន​ច្រើន​ឡើង ។ ឯ​ព្រះសង្ឃ​មជ្ឈិម​អាច​ចេញ​ទៅ​បំបួស​តាម​ខេត្ត​នានា​មិន​ទាន់​ពេលតាម​សំណូមពរ​របស់​ពុទ្ធបរិស័ទ​បាន​ឡើយ ។​
​ ​ដូចនេះ គណៈកម្មការ​មជ្ឈិមរ​ណ​សិរ្ស និង​ក្រុម​ប្រឹក្សា​ប្រជាជន​បដិវត្ត​ន៏​កម្ពុជា បាន​ឯកភាព​ជាមួយ​ព្រះសង្ឃ​មជ្ឈិម​រណសិរ្ស​បង្កើតឲ្យមាន​ព្រះ​ឧបជ្ឈា​យ៍ និង​ការ​ក​សង្ឃ​នៅ​គ្រប់​ខេត្ត ក្នុងប្រទេស​កម្ពុជា​ទាំងមូល ។​
​ ​ឯការ​បំបួស​នោះ​ទៀតសោត ត្រូវ​គោរព​តាម​សារាចរ​ស្ដីពី​របៀប​បំបួស​កុលបុត្រ ក្នុង​ព្រះពុទ្ធសាសនា ​លេខ ២៤-៨១​ស​.​រ ចុះ​ថ្ងៃ​ទី៥ ខែមិថុនា គ​.​ស ១៩៨១/​ព​.​ស​.២៥២៤ ។​
​ ​សារាចរ​បាន​រៀបរាប់ថា ព្រះពុទ្ធ​សាសនា​បាន​ដុះ​ជាប់​ជា​និស្ស័យ​ចិត្ត​គំនិត​របស់​ប្រជាជន​កម្ពុជា​ជាច្រើន​ពាន់​ឆ្នាំ​មកហើយ ថែមទាំង​បាន​ផ្សារ​ភ្ជាប់​នឹង​ទំ​នៀម​ទម្លាប់​ខ្មែរ​ទៀតផង ព្រោះហេតុនោះ​ទើប​ប្រជាជន​កម្ពុជា ៩៩ ភាគរយគោរព​រាប់អាន ។​
​ ​ក្រោយ​ថ្ងៃ​១៧ មេសា ១៩៧៥ មកទល់​នឹង​ថ្ងៃ ៧ មករា ១៩៧៩ រយៈ​កាល​ជិត ៤ ឆ្នាំ ព្រះពុទ្ធសាសនា​ត្រូវ​ធ្លាក់​ដល់​សូន្យ ដោយ​ពួក​ទមិឡ​ឥតសាសនា ជា​បន​ប្រល័យពូជសាសន៍ ប៉ុល ពត​ អៀង សារី​ ខៀវ សំផន វា​រលាយ​សូន្យសុង ។ ក្រោយ​ថ្ងៃ​៧ មករា ១៩៧៩ ជា​ថ្ងៃ​ជ័យជម្នះរបស់​រណសិរ្សសាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​បាន​ដេញ​កម្ចាត់​ពួក​ទមិឡ​ទាំងនោះបាន​សម្រេច​ជោគជ័យ​ជា​ស្ថាពរ​ហើយ អង្គការ​នេះ​ក៏​បាន​បើក​សិទ្ធិនិង​សេរីភាព​យ៉ាង​បរិបូរណ៍ឡើងវិញ ឲ្យ​ប្រជាជន​គ្រប់​ឋានៈ មាន​សិទ្ធិ សេរីភាព​ខាង​ជំនឿ​ សាសនា​ជាដើម ។ ប្រជាជន​កម្ពុជាដែល​ធ្លាប់តែ​មាន​សន្ដាន​ចិត្ត​គោរព​ ប្រតិបត្តិព្រះពុទ្ធសាសនា​ ទាំង​បព្វ​ជិតដែល​ត្រូវ​រងគ្រោះ​ដោយ​បន​ក្បត់ ប៉ុល ពត ផ្សឹក​ ក៏ដូចជា​អ្នក​ធ្លាប់​ជឿ គោរព​សាសនាព្រះពុទ្ធ​សាសនា​ទាំងអស់​ដែរ មាន​សទ្ធា​ជ្រះថ្លា​ចូល​កាន់​ភេទ​បព្វ​វិជ្ជា​ឡើងវិញ​ជា​ច្រើន ។ ការ​បួស​នេះចាប់ផ្ដើម​ក្រោយពី​ថ្ងៃ​៧ មករា ១៩៧៩ ដោយ​សំអាង​លើ​រដ្ឋ​ប្រគល់​សិទ្ធិ សេរីភាពខាង​ជំនឿ​សាសនា ត្រូវ​នឹង​បំណងប្រាថ្នា​របស់​ខ្លួន​ហើយ ក៏​ចេះតែ​បួស​បាន​តាម​ទំនើងចិត្ត​យល់​ឃើញ​របស់​ខ្លួន​ទៅ រហូតដល់​មាន​អ្នកខ្លះ​គ្រាន់តែ​យក​ព្រះ​ពុទ្ធរូប​ជា​សាក្សី ក៏​ស្លៀកពាក់​ត្រៃចីវរ​សន្មត​ខ្លួន​ថាជា​បព្វជិត​ក៏មាន​ ដោយ​រដ្ឋ​អំណាច​មិន​ទាន់​គិតគូរ​ដល់​ផង ។ លុះ​ក្រោយ​ពី​នោះ​បន្តិច​មក ដោយ​ការ​បួស​នេះ​ច្របូកច្របល់​ ពុំ​មាន​លក្ខណៈ​ត្រឹមត្រូវ រដ្ឋ​ក៏​បាន​ចាត់ចែង​និមន្ត​ឧបជ្ឈា​យ៍ និង​ការ​ក​សង្ឃ​មួយចំនួនពី​ប្រទេស​វៀតណាមមក​បំបួស​អតីត​បព្វជិត ៧ រូប នៅ​វត្ត​ឧណ្ណា​លោម ក្រុងភ្នំពេញ ដើម្បី​ជា​ការបណ្ដុះ​ពូជ​ព្រះសង្ឃ​ ជា​លើកដំបូង​នៅ​ថ្ងៃ​ទី ១៩.៩.១៩៧៩ ។​
​ ​បន្ទាប់ពីនោះ​មក រដ្ឋ​ក៏​បាន​ចាប់អារម្មណ៍​ក្នុង​ការរៀបចំ​សាសនាឲ្យបាន​ឯកភាព​ត្រឹមត្រូវ​ សមស្រប​ល្អ ។ ផ្ដើម​រៀបចំ​ឲ្យមាន​ព្រះសង្ឃ​មជ្ឈិម និង​មាន​ក្រសួង​ធម្មកា​រ បណ្ដោះ​អាសន្ន ធ្វើ​សារាចរ លេខ​០១ ចុះ​ថ្ងៃ​ទី ០១.១១.៧៩ សម្រាប់​ឲ្យ​អ្នក​មាន​សទ្ធា​ចូលរួម​អនុវត្តតាម ដើម្បី​ឲ្យមាន​របៀបរៀប​រយ​ឯកភាព​តែ​មួយ​បែប សមស្រប​ជា​ព្រះសង្ឃ សាមគ្គីភាព​តែមួយគត់​ គ្មាន​គណៈ​និកាយ​ឡើយ ។​ ​
​ ​ចាប់​តាំងពី​នោះ​មក ការ​បួស​ក៏​ត្រូវ​អនុវត្ត​តាម​សារាចរ​ខាងលើ​រហូត​មក​បាន​លទ្ធផល​ល្អប្រសើរ ។ ឥឡូវនេះ ដោយ​ការ​បួស​កាន់តែ​ច្រើនឡើងៗ​នៅ​គ្រប់​ខេត្ត​ ព្រះសង្ឃ​មជ្ឈិម​ពុំ​អាច​ចេញទៅ​បំបួស​បានតាម​សំណូមពរ​របស់​ប្រជាជន ។ គណៈកម្មការ​មជ្ឈិមរ​ណស​រ្ស និង​ក្រុមប្រឹក្សា​ប្រជាជន​បដិវត្ត​កម្ពុជា ឯកភាព​គ្នា​ជាមួយនឹង​ព្រះសង្ឃ​មជ្ឈិម ​បង្កើតឲ្យមាន​ឧបជ្ឈាយ៍ និង​ការ​ក​សង្ឃ​គ្រប់​ខេត្ត ដើម្បី​តម្រូវតាម​បំណង​របស់​ប្រជាជន ។ ឯកា​របួស​បន្តទៅទៀត តាម​ខេត្ត​ត្រូវអនុវត្ត​តាម​គោលការណ៍​តទៅ​នេះ ។ ការអនុវត្ត​នេះ​ត្រូវបាន​ចែក​ជា​ពីរ​ផ្នែក​គឺ ផ្នែក​ទី​១ អំពី​ឧបជ្ឈាយ៍ និង​ការ​ក​សង្ឃ ផ្នែក​ទី​២ អំពី​កុលបុត្រ​អ្នក​បួស ។​
​ផ្នែក​ទី ១ អំពី​ឧបជ្ឈាយ៍ និង​ការ​ក​សង្ឃ​
​ ​ឧបជ្ឈាយ៍​ ជា​អ្នកទទួលខុសត្រូវ​ផ្ទាល់ចំពោះ​ការ​បំបួស​កុលបុត្រ ។ ដូចនេះ ឧបជ្ឈាយ៍​ត្រូវ​ប្រកប​ដោយ​លក្ខណៈ​ដូចខាងក្រោម​នេះ :
១. ភិក្ខុ​ដែល​ត្រូវធ្វើ​ជា​ឧបជ្ឈាយ៍ ត្រូវមាន​សមត្ថភាព​ទូទៅ កម្រិតវប្បធម៌​ខាង​ផ្លូវ​សាសនា​, ផ្លូវ​លោក បើ​មិន​ច្រើន​ក៏​បង្គួរ ។​
២. ឧបជ្ឈា​យ៍ ត្រូវ​ជា​អ្នក​ឆ្លៀវឆ្លាត​ប្រតិពល ក្នុង​ពិធី​សង្ឃកម្ម​ផ្សេងៗ ចេះ​ពិន័យ​បព្វជ្ជា​ខន្ធ​កៈយល់​ច្បាប់​នូវ​អក្ខរប្បភេទ​ចេះដឹង​នូវ​ធម៌​សម្រាប់​ឧបជ្ឈាយ៍ និង​សិទិ្ធ​វិ​ហា​រិក ចេះ​នាយកធម៌​ ហើយ​ប្រតិបត្តិ​ដោយ​ត្រឹមត្រូវ​ចេះ​ចាំ​អនុ​សាសន៍ៈ ៨ យ៉ាង ប្រៀនប្រដៅ​នូវ​ក​ភិក្ខុ​ច្បាស់លាស់ "ផ្ដាំ​នាគ" ។​
៣. មាន​វត្តប្រតិបត្តិ​ខាង​ផ្លូវ​សាសនា ក៏​ដូចជា​ផ្លូវ​លោក និង​មាន​គោលជំហរ​ល្អ ស្មោះត្រង់​ចំពោះ​សា​​សនា ក៏ដូចជា​ចំពោះ​បដិវត្តន៍។​
៤. មាន​សីលធម៌​ស្អាតស្អំ គួរ​ជាទី​គោរព​របស់​សិទ្ធ​ិវិ​ហារិក និង​បរិស័ទ​ទូទៅ ។​
៥. មាន​ភារកិច្ច​ពិនិត្យ​ឲ្យបាន​ល្អិតល្អន់ ក្នុង​ការជ្រើសរើស​បេក្ខសមណៈ ដែល​មាន​ប្រវត្តិរូប​ស្អាតស្អំ និង​ស្រប​ច្បាប់ ។​
៦. ការជ្រើសរើស​នោះ ត្រូវ​ចៀសវាង​បក្ខពួកនិយម អត្តនោមតិ​និយម ។​
៧. ករណី​យកិច្ច​បំបួស ត្រូវ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ តាម​វិន័យ​បព្វជ្ជា​ខន្ធ​ក​វិធី បំបួស​កុលបុត្រ​ដែល​ដ​ក​ស្រង់​ចេញពី​វិន័យ​បិដ​ក ។​
៨. ការ​ក​សង្ឃ​ជា​កម្មវាចាចារ្យ ត្រូវការ​អនុវត្តតាម​បព្វជ្ជា​ខ​ន្ខ​កៈ​ដែល​ស្រង់​ចេញពី​វិន័យ​បិដ​ក ត្រូវ​តែ​ឲ្យ​ត្រៃ​សរណគមន៍ និង​សូធ្យ​ញត្តិចតុត្ថកម្ម​វាចា​ច្បាស់ ត្រូវ​ឆ្លៀវឆ្លាតប្រតិពល​អង់អាច ក្នុង​ការពិនិត្យ​សម្លឹង​រំពៃ​ក្នុង​សង្ឃ​កម្មនេះដោយ​ច្បាស់លាស់ ។​
៩. ឧបជ្ឈា​យ៍ ការ​ក​សង្ឃ​សម្រាប់​ខេត្ត​ណាបំបួស​បាន​តែ​ក្នុង​ខេត្ត​នោះ ​ពុំ​អាច​ឆ្លង​ទៅ​បំបួស​ខេត្ត​ដទៃ ឬ​ក៏​ពុំ​អាច​ណែនាំ​អ្នក​ចង់​បួស​ពី​ខេត្ត​ដទៃ​មក​បំបួស​ខេត្ត​របស់​ខ្លួន​បានឡើយ ។​
១០. កាល​បើ​បំបួស​រួចហើយ ព្រះ​ឧបជ្ឈាយ៍​ត្រូវតែ​ចេញ​លិខិត​សម្គាល់​ភេទ ដោយ​មាន​រដ្ឋអំណាច​មូលដ្ឋាន​បាន​ឯកភាព​ជាមួយផ​ង ដើម្បី​ឲ្យវន​ក​ភិក្ខុ​ដែល​បាន​បួស​ហើយ​កាន់​សម្គាល់​តទៅ ។​
១១. ការ​លបលាក់​បំបួសដោយ​អត្ត​នោ​មតិ ត្រូវ​ហាមឃាត់ ។​
ផ្នែក​ទី ២ អំពី​កុលបុត្រ​អ្នក​បួស
​ ​កុលបុត្រ​អ្នកបួស គឺជា​បុគ្គល​ដែល​មាន​ជំនឿ​មោះមុតក្នុង​ធម្ម​វិន័យ​ព្រះពុទ្ធ​សាសនា ប្ដេជ្ញា​ខ្លួន​ប្រតិបត្តិ​តាម​គោល​មាគ៌ារបស់​ព្រះពុទ្ធ​ជា​ម្ចាស់ ។ ដូចនេះ​កុលបុត្រ​នេះ​ត្រូវតែ​ប្រកប​ដោយ​លក្ខណៈ​ដូចខាងក្រោម :
១. អនុវត្តតាម​ពុទ្ធសាសនា​តែមួយគត់ គឺជា​ពុទ្ធសាសនា​ខ្មែរ ដែល​ផ្សារភ្ជាប់​នឹង​ទំនៀម​ទម្លាប់​ប្រពៃណី​ជាតិខ្មែរ​តាំង​ពី​យូរអង្វែង​មកហើយ ។​
២. ការ​បួស​ក្នុង​សម័យនេះ ត្រូវ​អនុ​វត្ត​តាម​ធម៌​វិន័យ​ពុទ្ធ​ប្បញ្ញត្តិ និង​ពុទ្ធានុញ្ញាត​ដែល​មាន​ព្រះ​ត្រ័យបិដក​ជា​គោល ដូច​ដែល​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង​ក្រុមប្រឹក្សា​ប្រជាជន​បដិវត្ត​ន៏​កម្ពុជា​បាន​បណ្តុះ​ពូជ​ព្រះសង្ឃ​ឲ្យមាន​ឡើង​វិញ គឺ​ថ្ងៃ​ទី ១៩.៩.១៩៧៩ ។​
៣. ជាបឋម​នេះ គឺ​លើក​ទី ១ នៃ​ការ​បួស​ឡើងវិញ ។ ត្រូវ​ជ្រើសរើស​យក​តែ​អតីត​បព្វជិត ដែល​ត្រូវ​រងគ្រោះ​ដោយ​ពួក​ទមិឡ​ឥត​សាសនាក្បត់ជាតិ​ប្រល័យពូជសាសន៍ ប៉ុល ពត បាន​ផ្សឹក ​ហើយ​មិន​មាន​គ្រួសារ​ ប្រពន្ធ ​កូន ហើយ​មិន​ដែល​បាន​បង្ក​លក្ខណៈ​អន្តរាយ​ដល់​បដិវត្តន៍​ម្ដង​ណា​ផង ។​
៤. ការ​បួស​នេះ ត្រូវ​ផ្អែកលើ​ប្រវត្តិរូប​ស្មោះត្រង់​ មិន​វៀចវេរ ដែល​ប្រជាជន​គោរព​រាប់អាន និង​មាន​សេចក្តីបញ្ជាក់​ទទួលស្គាល់​ពីរ​រដ្ឋអំណាច​មូលដ្ឋាន ហើយ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមរ​ណ​សិរ្ស​បាន​ពិនិត្យ​សម្រេច ។​
៥. កុលបុត្រ​អ្នកបួស ត្រូវ​បួស​នៅក្នុង​ខេត្ត​ដែល​ចេញ​ប្រវត្តិ​រូប គឺប្រវត្តិ​រូបធ្វើ​នៅ​មូលដ្ឋាន​ណា ត្រូវ​បួស​នៅ​មូលដ្ឋាន​នោះ ។ ដាច់ខាត​កុលបុត្រ​អ្នក​បួស មិន​បាន​អនុញ្ញាត​ឲ្យ​ទៅ​បួស​នៅ​ខេត្ត​ដទៃ ក្រៅ​ពី​មូលដ្ឋាន​ចេញ​ប្រវត្តិរូប​ឲ្យឡើយ ។​
​ ​ការ​បួស និង​ការ​បំបួស​ទាំងឡាយ ត្រូវតែ​បាន​អនុវត្ត​តាម​លក្ខណ៍ការណ៍​ខាងលើ​នេះ​ដោយ​ដាច់ខាត ។ បើ​ឧបជ្ឈាយ៍ ការ​កសង្ឃ និង​អ្នកបួស​ទាំងឡាយណា​ប្រព្រឹត្ត​ផ្ទុយ​ពីនេះ គណៈសង្ឃ​មជ្ឈិម និង​រដ្ឋអំណាច​បដិវត្ត​ន៍​មិន​ទទួល​ស្្គាល់ដាច់ខាត ហើយ​ក៏​ត្រូវតែ​មាន​វិធានការ​ចាំបាច់​កែ​លំអ​ឡើងវិញ ។​
​ ​សារាចរ​ខាងលើនេះ មាន​ចុះហត្ថលេខានិង​ត្រា​ ដោយលោក ហេង សំរិន ក្នុងឋានៈ​ជា​ប្រធាន​គណៈ​គ​ម្មា​ធិ​ការ​មជ្ឈិម​រណសិរ្ស និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ប្រជាជន​បដិវត្តន៍ ។
នៅ​ឆ្នាំ១៩៨១​ព្រះសង្ឃ​ខ្មែរ​មួយអង្គ​ត្រូវបានតែងតាំង​ជា​ព្រះសង្ឃ​ទី១នៃ​កម្ពុជា​គណៈ
មហានិកាយ ទ្រង់​ព្រះនាម​ទេព ​វង្ស (សម្តេច អគ្គមហាសង្ឃរាជ សព្វថ្ងៃ)។ ព្រះពុទ្ធសាសនា​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ដឹកនាំ​ប្រទេស ពុទ្ធសាសនា​បានក្លាយ​ជា​អ្នក​អប់រំ​ដល់​ពលរដ្ឋ​ខ្មែរ​ទូទៅពុទ្ធសាសនា​ក៏បាន​ជួយ​សង្គម​ខ្មែរ​ក្នុង​វិស័យផ្សេងៗផងដែរ  ព្រះសង្ឃ​មាន​រាប់សែន​អង្គ​នៅ​ទូទាំងប្រទេស ដែល​ទន្ទឹមនឹងនោះ​វត្ត​អារាម​ក៏ត្រូវ​បាន​កសាង​ឡើងជា​បន្តបន្ទាប់​ពាសពេញ​ប្រទេស​ផងដែរ។
          ក្រុមព្រឹក្សាទូទាំងប្រទេសនៃរណសិរ្យសាមគ្គី​ កសាងការពារមាតុភូមិកម្ពុជាបាន បង្កើតឡើងនូវគណកម្មការរៀបចំបោះពុម្ភសៀវភៅធម្មវិន័យ ព្រះពុទ្ធសាសនាដោយអនុវត្ត តាមសេចក្តីសម្រេចលេខ ៣៥/៩៥ ករស ចុះថ្ងែទី ០៦ ខែ សីហា ព.ស ២៥២៨ គ.ស ១៩៨៥ ។​ លុះមកដល់ ព.ស ២៥៣២ គ.ស ១៩៨៩ ទើបចេញសារាចរលេខ ០៣ក.ធ៨៩ ស្តីពីកាឲ្យមានអ្នកបួសមិនកំណត់អាយុទូទាំងប្រទេស ។ ក្នុងឆ្នាំដដែលនេះរដ្ឋបានចេញ សារាចរលេខ ២៩ ចុះថ្ងៃទី ១៣ វិច្ឆិការ ព.ស ២៥៣១ គ.ស ១៩៨៩ ស្តីពីការបើកឲ្យមាន សាលាពុទ្ធិកបឋមសិក្សាបានសម្ភោធ បើកជាផ្លូវការដោយ លោក ជា ស៊ីម ប្រធានរដ្ឋសភា នាថ្ងៃទី២ ធ្នូនៅវត្តទូលទំពួង ខ័ណ្ឌចំការមនក្រុងភ្នំពេញដែលមានសមណសិស្ស ៨០អង្គ បង្គាប់ដោយឧទ្ទេសាចារ្យ សុវណ្ណប្បញ្ញោ ចឹក ជូន ដែលក្រុមប្រឹក្សារណសិរ្យជាតិដឹកនាំ ដោយព្រះតេជគុណ អ៊ុម ស៊ុម លោក មិន ឃិន លោក ព្រំ ឋាន បានទៅនិមន្តមកពីវត្ត ព្រៃ ល្វា ឃុំ ព្រៃ ល្វា ស្រុក ព្រៃកប្បាស ខេត្ត តាកែវ ។ នៅ ព.ស ២៥៣៩ គ.ស ១៩៩៦ ទូទាំង រដ្ឋកម្ពុជាយើងមានអារាមព្រះពុទ្ធសាសនាចំនួន ៧៨វត្ត ដែលមនព្រះសង្ឃសរុបទាំងអស់
ចំនួន៤៦.០៣២អង្គ គឺគណមហានិកាយ ចំនួន ៤៥៤០៩ និង គណធម្មយុត្តិកនិកាយចំនួន ៦២៣អង្គ ។ សម័យនោះយើងសង្កេតឃើញមាននៅសាលាធម្មវិន័យមានចំនួន៤១១ សាលាមានសមណៈសិស្សចំនួន ៧៩១ ព្រះអង្គ បង្ហាត់ដោយលោកគ្រូអាចារ្យចំនួន ៤៩ អង្គ ។​  
          សាលាពុទ្ធិកវិទ្យាល័យឃើញមានពីរកន្លែងគឺ វិទ្យាល័យព្រះសុរាម្រឹត ក្រុងភ្នំពេញ និង វិទ្យាល័យអ៊ឹធួងខេត្តបាត់ដំបងដែលមាន៩បន្ទប់មានសមណៈសិស្សទាំងអស់ចំនួន ៤៣៣នាក់ និង នារី២នាក់ផង ។ បង្ហាត់ដោយលោកសាស្រ្តចារ្យដែលក្របខ័ណ្ឌចំនួន១០ នាក់ គឺ លោក រស់ សាវេន ,លោក ហ៊ឹង យ៉ាន ,លោក រឿន យ៉ុន ,លោក ស៊ឹម យ៉ុន, លោក ខៀវ រ៉ាឌី ,លោក ជិន ជន ,លោក ជាម សុផល (សាស្រ្តចារ្យទាំង៧នាក់នេះបង្រៀននៅ ភ្នំពេញ ) លោក ឌី សុមាលី ,លោក គ្រូ ប្រាក់ ឃុន , លោក គាំ អីវ (លោកគ្រូទាំង៣នាក់ នេះ​ បង្ហាត់នៅវិទ្យាល័យអ៊ឹង ធួង បាត់ដំបង )ចាប់តាំងពីពេលនោះមកអ្វីៗត្រូវបានរីក ចម្រើនសន្សឹមៗឡើងវិញ។ យើងមានវត្តអារាមមានព្រះសង្ឃជាសក្ការៈបូជា មានព្រះវិហារ មានកុដិ មានសាលា សម្រាប់ធ្វើបុណ្យប្រពៃណីយ៏ជាតិ​​ ន​ិង សាសនាឡើងវិញ ។
 នៅ​ឆ្នាំ១៩៩១ ព្រះបាទ​នរោត្តម​សីហនុ​ បានរៀបចំ​ឡើងវិញ​នូវ​រចនាសម្ព័ន្ធ​ដឹកនាំ​ពុទ្ធសាសនា​ដោយមាន​ទាំង​ធម្មយុត្តិកនិកាយ និង​មហានិកាយ។ ទន្ទឹមនឹង​ការចាត់ទុក​ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ ស្របតាម​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​នៅ​ឆ្នាំ១៩៩១ ការប្រកាន់​ជំនឿ​សាសនា​ដទៃទៀត​ក៏ត្រូវ​បាន​គាំទ្រ​ពី​រដ្ឋា​ភិ បាល​ផងដែរ។ នៅក្នុងដំណាក់ កាលថ្មីៗនេះព្រះពុទ្ធសាសនាបានបំពេញតួនាទីយ៉ាងសកម្មក្នុង ឪកាសស្វែងរកសន្តិភាព។ មានព្រឹត្តិការណ៏ដ៏អស្ចារ្យមួយដែលគេមិនអាចបំភ្លេចបាន គឺនៅថ្ងៃទី៣ ឧសភា ព.ស ២៥៣៦ គ.ស ១៩៩៣ក្បួនធម្មយាត្រាសន្តិភាព និង​អហឹង្សាដែលដឹកនាំដោយសម្តេច ព្រះឃោសា នន្ទ វ៉ា យ៉ាវ ព្រមទាំងព្រះសង្ឃដូនជី និង ពុទ្ធបរិស័ទចូលរួមយ៉ាងច្រើនកុះករ រាប់ម៉ឺននាក់ចេញពីខេត្តសៀមរាម ឆ្ពោះមកកាន់ទីក្រុងភ្នំពេញដើម្បីសុំសន្តិភាពនិង  អហឹង្សា មុនពេលបោះឆ្នោត ។​ គឺជាធម្មយាត្រាធំបំផុតក្នុងព្រះរាជាណាចក្រកម្ពុជាយើង ដែលបានពង្រឹងរួចហើយទាំងបរិមាណ និង គុណភាព ។ ចំណែកខាងព្រះពុទ្ធសាសនា គណៈមហានិកាយមានសម្តេច មហាសុមេធាធិបតី ទេព វង្ស ជាសម្តេចសង្ឃនាយក ។ ខាងធម្មយុត្តិកនិកាយ មានសម្តេចព្រះសុគន្ធាធិបតី ប៊ូ គ្រី ជាសម្តេចព្រះសង្ឃរាជ ព្រមទាំង មនរចនាសម្ព័ន្ធគ្រប់លំដាប់ឋាននុក្រម ។  សម្តេចព្រះប្រមុខរដ្ឋព្រះនរោត្តមសីហនុ ព្រះអង្គ សព្វព្រះរាជហឬទ័យថ្វាយទានបំពេញបុណ្យកុសលតាមប្រពៃណី ព្រះពុទ្ធសាសនា ជាប់ មិនដាច់ពិសេសជារៀងរាល់ថ្ងៃឧបោសថសីល ស្តាប់ព្រះធម៌ទេសនា និង បំពេញទាន ជាប់មិនដាច់ដល់ដូនជី តាជី នៅក្នុងព្រះបរមព្រះរាជវាំង ។ ក្នុងនោះទៀតសោត រាជរដ្ឋា ភិបាលបានយកចិត្តទុកដាក់ក្នុងព្រះពុទ្ធសាសនាយ៉ាងពេញទំហឹង ដោយបង្កើតនូវ ក្រសួងធម្មការ និង សាសនា ដើម្បីរៀបចំត្រួតពិនិត្យលើវិស័យព្រះពុទ្ធសាសនាឲ្យមាន តម្លាភាព និង ចិរភាពយូរអង្វែង ។ ដូច្នេះសរុបសេចក្តីមក ព្រះពុទ្ធសាសនាសម័យនោះ មានរីកចំរើនឆ្ពោះទៅរកភាពរុងរឿងជាលំដាប់ ។ 
រជ្ជកាលព្រះបាទ នរោត្តម សីហមុនីរាជ
(ព.ស ២៥៤៨ គ.ស ២០០៤)
ព្រះអង្គទ្រង់គង់គ្រងរាជនៅជាធានីភ្នំពេញសព្វថ្ងៃនេះ ព្រះអង្គ គឺជាព្រះរាជបុត្តរបស់ព្រះ បាទ នរោត្តម​ សីហនុ វរ្ម័ន ។ ព្រះអង្គគឺជាពុទ្ធសានូបត្ថម្ភក៌ ដ៏សំខានណាស់ដែរ ។ ក្នុងរជ្ជ កាលព្រះអង្គគេសង្គេតឃើញវិស័យព្រះពុទ្ធសាសនាមានភាពរុងរឿង និង រីកចំរើន យ៉ាង ខ្លាំង មិនចាញ់សម័យកាលមុនៗទេ ។ មានសាលាជាច្រើនបានអន្តែតខ្លួនលើដែនដី សុវណ្ណភូមិ​យើងនេះ ជាពិសេសសាលាពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា និង សាលាពុទ្ធិកសាកលវិទ្យាល័យ ខេត្តបាត់ដំបង និង សាលាពុទ្ធិកសាកលវិទ្យាល័យ ខេត្ត កំពង់ឆ្នាំង ព្រមទាំងសាលាពុទ្ធិកសាកលវិទ្យាល័យ ខេត្តកំពងចាម ដែលបានបើក បណ្តុះ បណ្តាលនៅឆ្នាំ ២០០៧ ។ បើតាមប្រសាសន៏របស់ ឯកឧត្តម មិន ឃិន ទីប្រឹក្សាផ្ទាល់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា វិស័យព្រះពុទ្ធសាសនាមានការរីកចម្រើនជាលំដាប់គួរឲ្យកត់សម្គាល់ វត្ត អារម មានចំនួនកើនឡើងដល់ ៤.៣០៧វត្ត និងមានព្រះសង្ឃចំនួន ៥៥.៥៨៣ព្រះអង្គ ។នៅក្នុងគណៈមហានិកាយមាន៤.១៦៩វត្ត មាន ព្រះសង្ឃ ចំនួន ៥៤.៣២៧អង្គ និង គណៈធម្មយុត្តិកនិកាយមាន ១៣៩ វត្ត និង ព្រះសង្ឃចំនួន ១.២៥៦ព្រះអង្គ ។​ ចំណែក វិស័យពុទ្ធិកសិក្សានៅទូទាំងប្រទេសមាន ១.៣៧០សាលាមានសមណៈសិស្ស សមណៈ និស្សិត កំពុងសិក្សាទាំង អស់ចំនួន ៣០.០០១អង្គ ក្នុងនោះចែកជា
          -សាលាធម្មវិន័យបីថ្មាក់ គឺ ថ្នាក់ត្រី ទោ ឯក មាន ៧៨៣សាលាមានសមណៈសិស្ស សរុបចំនួន​ ១១.២១៥អង្គ ។
          -សាលាពុទ្ធិកបឋមសិក្សាចំនួន ៥៤៩ សាលា មានសមណៈសិស្សចំនួន ១២.១៧៤ អង្គ ។
          -សាលាពុទ្ធិកអនុវិទ្យាល័យចំនួន ២៤  សាលា មានសមណៈសិស្សចំនួន៣.៨៦៣​ អង្គ ។
-សាលាពុទ្ធិកវិទ្យាល័យចំនួន ១២  សាលាមានសមណៈសិស្សចំនួន ១.៨២៤​ អង្គ ។
-សាលាពុទ្ធិកសាកលវិទ្យាល័យ ចំនួន២ គឺពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ មានសមណៈនិស្សិតចំនួន ៩៧២អង្គ និងមានសមណៈនិស្សិតដែលបញ្ចប់បរិញ្ញប័ត្រ ចំនួន ១៧៧អង្គ​ ។
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា  មានសមណៈនិស្សិតចំនួន ៤៣០អង្គ។
 គេសង្គតឃើញមានព្រះសង្ឃកើនឡើងនៅសិក្សាក្នុងទីក្រុងភ្នំពេញ។ ក្នុងការសិក្សាព្រះ សង្ឃមានទុកលំ​បាកយ៉ាងខ្លាំងក្នុងចង្ហាន់ប្រចាំថ្ងៃ និងកន្លែងស្នាក់នៅ ដូចនេះក្រសួងអប់រំ ក៏បានចេញប្រកាស ៣ស្តីពីការបើកសាខាពុទ្ធិកវិទ្យាល័យព្រះសីហនុរាជ គឺៈ
          -ប្រកាសរបស់ក្រសួងអប់រំយុវជន និង កីឡា លេខ១៧៣អយកប្រ ចុះថ្ងៃទី០៤ ខៃ កុម្ភៈ ឆ្នាំ ២០០៩ ស្តីពីការបង្តើតសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នៅទីរួមខេត្ត កំពង់ឆ្នាំង ។
          -ប្រកាសរបស់ក្រសួងអប់រំយុវជន និង កីឡា លេខ១៧៣អយកប្រ ចុះថ្ងៃទី០៤ ខៃ កុម្ភៈ ឆ្នាំ ២០០៩ ស្តីពីការបង្តើតសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នៅទីរួមខេត្ត កំពង់ចាម ។
          -ប្រកាសរបស់ក្រសួងអប់រំយុវជន និង កីឡា លេខ១៧៣អយកប្រ ចុះថ្ងៃទី០៤ ខៃ កុម្ភៈ ឆ្នាំ ២០០៩ ស្តីពីការបង្តើតសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នៅទីរួមខេត្ត ខេត្តបាត់ដំបង ។
          នៅរជ្ជកាលរបស់ព្រះអង្គព្រះពុទ្ធសាសនា មានការរីកចម្រើនគួរឲ្យកត់សម្លាល់ដែរ ។ ដោយព្រះអង្គយកចិត្តទុកដាក់លើវិស័យព្រះពុទ្ធសាសនាជារៀងរាល់ថ្ងៃឧបោសថ សីល ព្រះអង្គឲ្យគេទៅនិមន្តព្រះសង្ឃដើម្បីសុំសមាទានសីលពិសេសគឺបរិច្ចាកទាន ជួនដល់ដូន ជីតាជីកាន់សីល១០ និង​​ ប្រជារាស្រ្តមិនរើសវណ្ណៈ ដើម្បីបំពេញសង្គហធម៌ចំពោះប្រជា រាស្រ្តរបស់ព្រះអង្គ ។

ឯកសារយោង
                   - របត់ព្រះពុទ្ធសាសនានៅក្នុងសង្គមខ្មែរ(បណ្ឌិត ខ្លូត ធីតា)
- ប្រវត្តិសាស្រ្តខ្មែត (ត្រឹង ងា)
                                    - រក្សាសិទ្ធគ្រប់យ៉ាងដោយខេមបូឌាអិចបេ្រសញូស៏ ២០០៨
                             - ព្លឺព្រះពុទ្ធសាសនា
                             -  ចលនាវប្បធម៌សន្តិភាបព្រះពុទ្ធសាសនា

លំនាំ​ដើម

មុន​ដំបូង​ខ្ញុំ​គិត​ថា​សរសេរ​អំពី “វិធី​សរសេរ​តែង​និពន្ធ” ​ដោយ​សង្ខេប​ប៉ុណ្ណោះ ប៉ុន្តែ​ពេល​ក្រោយ​មក អស់​លោក​ជា​អ្នក​ផ្ដួច​​ផ្ដើម​គំនិត លោក​មាន​សំណូម​ពរ សូម​ឲ្យ​បន្ថែម​សេចក្ដី​ណែ​នាំ​មួយ​ចំនួន​ទាក់​ទង​ទៅ​នឹង​វេយ្យាករណ៍​ផង នោះ​ទើប​ខ្ញុំ​ក៏​ពិចារណា​ទៅ​ឃើញ​ថា ប្រសិន​បើ​មិន​ចេះ ឬ​ចេះ​វេយ្យាករណ៍​ស្ទើរ​ៗ ​សើៗ ញ្រល​​ៗ​ នោះ ការ​សរសេរ​តែង​និពន្ធ ​ប្រាកដ​ជា​មាន​ចំណុច​ខ្វះ​ខាត​ច្រើន​មិន​ខាន ។ ដូច្នេះ​ខ្ញុំ​ក៏​យល់​ស្រប ហើយ​សម្រេច​បញ្ចូល​ចំណុច​សំខាន់ៗ​​ មួយ​​ចំនួន​នៃ​ចំណេះ​ខាង​វេយ្យាករណ៍​ខ្មែរ នៅ​ភាគ​ខាង​ដើម​នៃ​សៀវភៅ​នេះ ។ ធ្វើ​ដូច្នេះ ​ដោយ​ចង់​រំលឹក​អ្នក​ចង់​ចេះ​សរសេរ​តែង​និពន្ធ​ទាំង​ឡាយ មិន​ឲ្យ​មើល​ស្រាល​ចំណេះ​ខាង​វេយ្យាករណ៍ ប្រសិន​បើ​គេ​ចង់​សរសេរ​ឲ្យ​បាន​ល្អ ។ លុះ​កាល​ណា​អ្នក​អាន ឬ​អ្នក​សិក្សា​ចាប់​បាន​នូវ​ផ្នែក​សំខាន់ៗ​នៃ​វេយ្យាករណ៍ ធ្វើ​ឲ្យ​គេ​ទទួល​បាន​នូវ​ពន្លឺ និង​គោល​ការណ៍​នៃ​ការ​តែង​និពន្ធ​ហើយ​នោះ ទើប​ខ្ញុំ​ជួយ​ឲ្យ​អស់​លោក​ទៅ​ជួប​នឹង​ចំណេះ​ដឹង​ជា​សារវន្ត​ទាក់​ទង​ដល់​ ការ​សរសេរ​តែង​និពន្ធ ។ ដើម្បី​កុំ​ឲ្យ​សៀវភៅ​នេះ​ក្រាស់​ពេក ហើយ​ដោយ​យល់​ឃើញ​ថា វេយ្យាករណ៍​ខ្មែរ​នេះ មាន​រៀម​ច្បង​មួយ​ចំនួន​បាន​សរសេរ​លម្អិត​ហើយ​នោះ ដូច្នេះ​ខ្ញុំ​គ្រាន់​តែ​សូម​​​ជួយ​រំលឹក​តែ​ត្រង់​ផ្នែក​សំខាន់​ខ្លះ ដែល​អ្នក​សរសេរ​តែង​និពន្ធ​ត្រូវ​ដឹង​ដោយ​ខាន​ពុំ​បាន ។ ឯ​នៅ​​ភាគ​ទី ​​II នេះ​ទៀត​សោត ក៏​ខ្ញុំ​ពុំ​បាន​ធ្វើ​ឲ្យ​មាន​ការ​លម្អិត​ពិស្ដារ​ជ្រៅ​ជ្រះ​​​ប៉ុន្មាន​ទេ ។ សំខាន់​គឺ​គ្រាន់​តែ​លើក​មក​បង្ហាញ​ត្រួសៗ​នូវ​ចំណុច​ចាំ​បាច់​ខ្លះ ដើម្បី​ផ្ដល់​ជូន​អ្នក​អាន អ្នក​សិក្សា​នូវ​សញ្ញាណ​ស្តី​ពី​របៀប​សរសេរ​តែង​និពន្ធ ។ របៀប និង​វិធី​សរសេរ​មាន​ច្រើន​ណាស់... ។ អស់​លោក​ត្រូវ​ខំ​ព្យាយាម​អាន​សៀវភៅ​គ្រប់​ប្រភេទ​ឲ្យ​បាន​ច្រើន​ទាំង​​​ បុរាណ ទាំង​ទំនើប ទាំង​កំណាព្យ​កម្រង​កែវ និង​អត្ថបទ​សម្រាយ​ធម្មតា... ។ អរគុណ​ដែល​បាន​ចាប់​អារម្មណ៍​ចំពោះ​មុខវិជ្ជា​នេះ ។ សូម​ជូន​ពរ​ការ​ខិត​ខំ​សិក្សា​ទទួល​បាន​លទ្ធផល​ល្អ ។
មៀច ប៉ុណ្ណ


ផ្នែក​ទី​ ១
អំពី​អក្សរ ឬ​អក្ខរៈ

អក្សរ តាម​ពាក្យ​សំស្រ្កឹត មាន​ន័យ​ថា ទន់​ភ្លន់​ អាច​បត់​បែន​បាន អាច​យក​ទៅ​ច្នៃ​បាន តាម​ការ​ផ្សំ​ជា​មួយ​ស្រៈ តាម​ការ​ប្រកប​ជា​មួយ​នឹង​ព្យញ្ជនៈ​មួយ​ទៀត ឬ​តាម​ការ​ផ្សំ​ជា​មួយ​ជើង​អក្សរ​ណា​មួយ ។
អក្សរ ​ឬ​អក្ខរៈ អាច​ហៅ​បាន​ម្យ៉ាង​ទៀត​ថា “វណ្ណៈ” មាន​ចែក​ជា​បី​ក្រុម​គឺ ៖
    ១-ព្យញ្ជនៈ មាន ៣៣ តួ ។
    ២-ស្រៈ​ពេញ​តួ ១២ តួ ។
    ៣-ស្រៈ​និស្ស័យ​ពី​មុន​​មាន ២១ តែ​ត្រូវ​បន្ថែម ៧ ទៀត​បាន​ទៅ​ជា​ ២៨​ តួ បើ​គិត​ទាំង​សំឡេង ។ តែ​បើ​គិត​តែ​រូប​មាន​ ២៧ តួ ព្រោះ​​ស្រៈ (អ) មាន​នៅ​គ្រប់​ព្យញ្ជនៈ​ទាំង​ឃោសៈ​ទាំង​អឃោសៈ ។
១-​ព្យញ្ជនៈ
    ព្យញ្ជនៈ​ទាំង​ ៣៣​ តួ ត្រូវ​រាប់​តាម​លំដាប់​ពី​ដើម​ដល់​ចប់៖
ក​ខ​គ​ឃ​ង ច​ឆ​ជ​ឈ​ញ ដ​ឋ​ឌ​ឍ​ណ ត​ថ​ទ​ធ​ន ប​ផ​ព​ភ​ម យ​រ​ល​វ​ ស​ហ​ឡ​អ
២-ជើង​ព្យញ្ជនៈ
    ព្យញ្ជនៈ​ប្រៀប​បាន​នឹង​មនុស្ស​ដែរ​ គឺ​មាន​សក់ (៊) មាន​តួ​ខ្លួន (ក) ​មាន​ជើង (្ក) ។ រូប​នៃ​ជើង​ព្យញ្ជនៈ​មាន​ទ្រង់​ទ្រាយ​ដូច​គ្នា​នឹង​តួ​អង្គ​ព្យញ្ជនៈ​ដែរ ប៉ុន្តែ​គ្រាន់​តែ​តូច​ជាង​តួ និង​ពុំ​មាន​"សក់"ទេ ។ ខាង​ក្រោម​នេះ គឺ​ជើង​ព្យញ្ជនៈ (Consonnes souscrites)​ ។
 ្ក ្ខ ្គ ្ឃ ្ង , ្ច ្ឆ ្ជ ្ឈ ្ញ , ្ដ ្ឋ ្ឌ ្ឍ  ្ណ , ្ត ្ថ ្ទ ្ធ ្ន ​, ្ប ្ផ ្ព ្ភ ្ម , ្យ ្រ ្ល ្វ ្ស ្ហ ្ឡ ្អ
របៀប​សរសេរ ជើង​ព្យញ្ជនៈ ភ្ជាប់​ជា​មួយ​តួ​ព្យញ្ជនៈ ដូច​ខាង​ក្រោម​ ៖
ក្ខ​ខ្ខ​គ្គ​ឃ្ឃ​ង្ង ច្ច​ឆ្ឆ​ជ្ជ​ឈ្ឈ​ញ្ញ ដ្ត​ឋ្ឋ​ឌ្ឌ​ឍ្ឍ​ណ្ណ ត្ត​ថ្ថ​ទ្ទ​ធ្ធ​ន្ន ប្ប​ផ្ផ​ព្ព​ភ្ភ​ម្ម យ្យ​រ្រ​ល្ល​វ្វ​ ស្ស​ហ្ហ​ឡ្ឡ​អ្អ
៣-ស្រៈពេញ​តួ
    អ្នក​ប្រាជ្ញ​ជំនាន់​មុន​ចែង​ថា ស្រៈ​ពេញ​តួ​មាន ១៥ តួ ដោយ​រាប់​យក​ អ អា មក​បញ្ចូល​ផង ។ ប៉ុន្តែ​អ្នក​ប្រាជ្ញ​បច្ចុប្បន្ន​លោក​ដក​យក​ “អ” និង “អា” នេះ​ចេញ​ពី​ប្រព័ន្ធ​ស្រៈ​ពេញ​តួ ព្រោះ​លោក​យល់​ថា​​ “អ” គឺ​ជា​ព្យញ្ជនៈ ដែល​ត្រូប​រាប់​បញ្ចូល​ទៅ​ក្នុង​ក្រុម​ព្យញ្ជនៈ ទាំង​៣៣​ តួ​នោះ​វិញ ។ ឯ “អា” គឺ​តួ​ព្យញ្ជនៈ​បំបែក ​យក​តួ ​​​​​​​​​ “ អ” មក​ផ្សំ​ជា​មួយ​ស្រៈ “ ា ” ដូច្នេះ​ស្រៈ​ពេញ​តួ​បច្ចុប្បន្ន​នេះ មាន​តែ ១៣​តួ​ទេ គឺ ឥ​ ឦ​ ឧ ​ឩ ឪ ឫ ឬ ឭ ឮ ឯ ឰ ឱ ឳ ។ ចំពោះ​អស់​លោក​អ្នក​ប្រាជ្ញ​ខ្លះ​ទៀត​យល់​ថា ​ក្នុង​ចំណោម​ស្រៈ​ពេញ​តួ​ទាំង​១៣​នេះ ស្រៈ ឩ គេ​មិន​សូវ​ប្រើ​ទេ ដូច្នេះ​ គួរ​រាប់​យក​ត្រឹម​តែ ១២ តួវិញ ព្រោះ​សព្វ​ថ្ងៃ​គេ​ប្រើ​ស្រៈ​ពេញ​តួ ឩ នេះ​តែ​ពាក្យ “ព្រះ​ឩរូ” មួយម៉ាត់​គត់ ដែល​មាន​នៅ​ក្នុង​ពាក្យ “ រាជ​ស័ព្ទ ” មាន​ន័យ​ថា “​ ភ្លៅ​ស្ដេច ” ។
៤-ស្រៈ​និស្ស័យ
    គឺ​តួ​អក្សរ ដែល​ជា​ទី​ពឹង​ពាក់​អាស្រ័យ​នៃ​ព្យញ្ជនៈ ។ បើ​សរសេរ​តែ​រូប​វា​ដាច់​តែ​ឯង​នោះ នឹង​ពុំ​មាន​ន័យ​ប្រាកដ​ប្រជា​ថា​យ៉ាង​ណាៗ​នោះ​ឡើយ ។ ដូច​ជា​ស្រៈ ា ស្រៈ ៅ មាន​តែ​រូប និង​សំឡេង​ផ្សំ តែ​ពុំ​មាន​សារៈ​អ្វី​ទេ ។ ស្រៈ​និស្ស័យ​មាន ២១ តួ តាម​ការ​កំណត់​របស់​ក្បួន​ពី​មុន​នោះ​គឺ ្​ ា ិ ី ឹ ឺ ុ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ុំ ំ ាំ ះ ។ ប៉ុន្តែ​អស់​លោក​អ្នក​អក្សរសាស្រ្ត​ក្រោយ​មកសន្មត​ថា មាន​តែ២០តួវិញ ព្រោះ​ថា ស្រៈ​(អ) មាន​តែ​សំឡេង​តែ​គ្មាន​រូប​ មិន​គួរ​នឹង​រាប់​បញ្ចូល​ទេ ។ ស្រៈ​(អ) នេះ​មាន​បង្កប់​នៅ​គ្រប់​ព្យញ្ជនៈ​ទាំង​អស់ ទោះ​ជា​ឃោសៈ​ក្តី អឃោសៈ​ក្តី ប៉ុន្តែ​ប្រសិន​បើ​គេ​យក​ទៅ​ផ្សំ​ជា​មួយ​នឹង​ព្យញ្ជនៈ​សំឡេង​ឃោសៈ គេ​អាន​តាម​សំឡេង​ព្យញ្ជនៈ ឃោសៈ គឺ​សំឡេង(អ៊) ឧទាហរណ៍ ងា ងិ ងី ញោ ញៅ ទុំ ទាំ ទះ.... ។ បើ​ផ្សំ​ជា​មួយ​នឹង​ព្យញ្ជនៈ​អឃោសៈ ​វា​មាន​សំឡេង (អ) ដូច​ជា កា កី កោ ចូ ចើ ចេ ចែ ចៃ ចោ... ។ ចំពោះ​ស្រៈ ួ ឿ និង ៀ ទោះ​គេ​យក​ទៅ​ផ្សំ​នឹង​ព្យញ្ជនៈ ឃោសៈ​ក្តី អឃោសៈ​ក្តី វា​នៅ​តែ​មាន​សូរ​សំឡេង “អួ”​ (អឿ-អៀ) ​ដូច​គ្នា​ នេះ​វាជា​ករណី​លើក​លែង​សម្រាប់​ស្រៈ​និស្ស័យ​របស់​ខ្មែរ​យើង ។ រីឯ​ស្រៈ​៤​ទៀតដូច​ជា ស្រៈ ុះ ិះ ោះ វិញ​នោះ កាល​ពី​មុន​លោក​មិន​យក​មក​រាប់​បញ្ចូល​ក្នុង​ស្រៈ​និស្ស័យ​ទេ ។ ប៉ុន្តែ​នៅ​ពេល​ក្រោយ​មក​ ដោយ​បាន​ពិនិត្យ​ឃើញ​ថា មាន​ពាក្យ​ជា​ច្រើន ដែល​ត្រូវ​ការ​ប្រើ​ស្រៈ​ទាំង​នេះ នៅ​ក្នុង​ពាក្យ​ខ្មែរ​ជា​ចាំ​បាច់​នោះ ទើប​លោក​អ្នក​ប្រាជ្ញ​ជាន់​ក្រោយ ​ក៏​បាន​សម្រេច​បញ្ចូល​បន្ថែម​ស្រៈ​ទាំង​៤នេះ ហើយ​ស្រៈ​និស្ស័យ​ក៏​បាន​កើន​ដល់ (២១-១)+៤ = ២៤ ហើយ​បើ​បន្ថែម​ស្រៈ ​ ឹះ ,ស្រៈ ើះ, ស្រៈែះ ពីលើស្រៈ​និស្ស័យ​ដែល​ធ្លាប់​ឃើញ​​មាន​នៅ​ក្នុង​វចនានុក្រម​សម្ដេច​ ជួន ណាត ក្ដី ក្នុង​អត្ថបទ​នានា​ក្ដី​ទៀត​នោះ  ស្រៈ​និស្ស័យ​អាច​កើន​ឡើង​ដល់​ ២៦ ឬ ២៧ [1] ។
៥-ការ​ប្រើ​ប្រាស់​ជើង​អក្សរ
    ដោយ​ហេតុ​ថា មាន​ករណី​ដោយ​ឡែក​ខ្លះ ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​ជើង​អក្សរ​ព្យញ្ជនៈ​ខ្មែរ​យើង​នោះ ខ្ញុំ​សូម​អនុញ្ញាត​ជម្រាប​​ថា ៖
    ក/ ជើង​ “ត្ត” និង​ជើង “ដ្ដ” មាន​រូប​រាង​ដូច​គ្នា​អាច​ច្រឡំ ​ព្រោះ​ការ​ប្រើ​ប្រាស់​កន្លង​មក​ ហាក់​ដូច​ជា​ច្របូក​ច្របល់​បន្តិច ដូច​ជា​ពាក្យ​ ស្ដូក​​ស្ដឹង, ផ្តិល(ទឹក), ផ្ដាច់​ផ្តិល ។ ប៉ុន្តែ​អ្នក​ប្រាជ្ញ​បាន​កំណត់​ប្រើ​ជើង​(ត្ត) នៅ​ផ្ញើ​ពី​ក្រោម​អក្សរ (ន) វា​មាន​សំឡេង​ជា​ជើង(ត្ត)ទាំង​អស់​ដូច​ជា ប៉ុន្តែ, កន្តែរ៉ែ, កន្តាំង, អន្តរាយ, បន្តិច​បន្តួច ។ល។ លើក​លែង​តែ​ពាក្យ ៤ ម៉ាត់​ចេញ​ ដែល​ជើង (្ត) យក​ទៅ​ផ្ញើ​នឹង (ន) ទៅ​ជា​មាន​សំឡេង“ដ”នោះ​គឺ សន្តោស, សន្តាន, ចិន្តា, អន្តរធាន ។ ប៉ុន្តែ​បើ​ជើង (្ត) នៅ​ផ្ញើ​នៅ​ពី​ក្រោម​តួ​ព្យញ្ជនៈ (ណ) វិញ​នោះ វា​មាន​សំឡេង​ជា “ដ” វិញ​ ដូច​ជា សណ្តែក, សណ្ដាន់, កណ្ដៀវ, កណ្ដុរ, កណ្ដាល, អណ្តូង, អណ្តើក[2] ។ល។
    ខ/ ចំពោះ​ជើង “ញ” បើ​កាល​ណា​ត្រូវ​យក​ជើង (ញ) ទៅ​ផ្ញើ​នឹង​ព្យញ្ជនៈ (ញ) នោះ អក្សរ(ញ)ខាង​លើ​ត្រូវ​កំបុត​ជើង (ខ្នែង ្ញ) ។ រី​ឯជើង​(ញ)ដែល​យក​ទៅ​ផ្ញើ​នឹង​តួ​ (ញ) នោះ មាន​សិទ្ធិ​អាច​រក្សា​ជើង ​( ខ្នែង ញ្ញ) នេះ​បាន ។ ឧទាហរណ៍​ បញ្ញើ​ក្អែក, បញ្ញត្តិ, អនុញ្ញាត, កញ្ញា, សញ្ញា ។
    គ/ ជើង​ ឡ មិន​ដែល​ប្រើ​ទេ
    ឃ/ ជើង ​(្ព) និង​ជើង (្វ) អាច​ប្រើ​ចូល​គ្នា​បាន ដោយ​យក​ជើង (្វ) ទៅ​ផ្ញើ​ពី​ក្រោម​ព្យញ្ជនៈ (ព) ដូច​ជា និញ្វន ។
សូមគូស​បញ្ជាក់​ថា
    បុព្វ​បុរស​យើង​ផ្លាស់​ប្តូរ (ពៈ) ជា ​(វៈ)​ គឺ​ប្រើ​ជា​មួយ​គ្នាជំនួស​គ្នា​បាន ប៉ុន្តែ​គេ​មិន​អាច​យក​ជើង (ព) ទៅ​ផ្ញើ​នឹង​តួ​ (វ) ឡើយ ។
៦-អំពីវគ្គ
    ១-វគ្គ (ក) ក​ខ​គ​ឃ​ង
    ២-វគ្គ (ច) ច​ឆ​ជ​ឈ​ញ
    ៣-វគ្គ (ដ) ដ​ឋ​ឌ​ឍ​ណ
    ៤-វគ្គ (ត) ត​ថ​ទ​ធ​ន
    ៥-វគ្គ (ប) ប​ផ​ព​ភ​ម
    ឯតួ​អក្សរ​ទាំង​៨តួដែល​សល់​ពី​វគ្គ​ទាំង៥ខាង​ដើម​នោះ លោក​​​ហៅ​ថា សេសវគ្គ​ បាន​ដល់  ៖ យ រ ល វ ស ហ ឡ អ ។
៧-សំឡេង​ព្យញ្ជនៈ
    ព្យញ្ជនៈ ​៣៣ ​តួ​នេះ ចែក​ចេញ​​​សំឡេង​​ជា​ពីរ​ប្រភេទ​គឺ អឃោសៈ បាន​ដល់​ព្យញ្ជនៈ​ដែល​មាន​សំឡេង​តូច​ស្រួយ មិន​លាន់​ឮ​គឹក​កង​ មាន​ដូច​ជា កខ ចឆ ដឋណ តថ បផ សហឡអ (១៥ តួ ) ។
ឃោសៈ ៖ ពួក​ព្យញ្ជនៈ​ដែល​មាន​សំឡេង​ធំ​គ្រលរ ​គឹកកង​ ដូច​ជា គឃ​ង ជឈញ ឌឍ ទធន ពភម យរលវ (១៨ តួ)។ ព្យញ្ជនៈ​សំឡេង​ឃោសៈ ប្រទាញ​ស្រៈ​និស្ស័យ ឲ្យឮសូរ​គ្រលរ​គឹកកង​ដូច​វា​ដែរ ។
៨-ព្យញ្ជនៈ​ប្តូរ​សំឡេង
    ដើម្បី​មាន​ពាក្យ​ប្រើ​ប្រាស់​គ្រប់​គ្រាន់​ ទៅ​តាម​ពាក្យ​ទាំង​ប៉ុន្មាន​ក្នុង​ភាសា​ខ្មែរ​យើង បុព្វ​បុរស​យើង​បាន​កែ​ច្នៃ បំប្លែង​សំឡេង​ព្យញ្ជនៈ​ខ្លះៗ​ពី​ឃោសៈ​ទៅ​ជា​សំឡេង​អឃោសៈ ដោយ​យក​សញ្ញា​​មូសិកទន្ត ​“ ៉ ” មក​ដាក់សម្លាប់ពី​លើ ,ឧ. ង៉, ញ៉, ប៉, ម៉, យ៉, រ៉, វ៉ (៧ តួ) ។ រី​ឯសញ្ញា​ត្រីសព្ទ (៊) នេះ​ លោក​យក​ទៅ​ដាក់​ពី​លើ​ព្យញ្ជនៈ​អឃោសៈ​មួយ​ចំនួន​បំប្លែង​សំឡេង​ ឲ្យ​ទៅ​ជាឃោសៈ​វិញ ដូច​ជា ៖ ប៊, ស៊, ហ៊, អ៊, ( ៤ តួ ) ។
កំណត់​សម្គាល់
    អក្សរ​ដែល​ដាក់​សញ្ញា​ត្រីសព្ទ (៊) ហើយ​បើ​កាល​ណា​មក​ជួប​ប្រទះ​នឹង​ស្រៈ ិ ី ឹ ឺ ើ​​​នោះ​គេ​ផ្លាស់​ត្រី​ស័ព្ទ​ចេញ​ហើយ​ដាក់ (ុ) ជំនួស​វិញ​ចៀស​វាង​ការ​ទើស​ទែង​ដូច​ជា​ពាក្យ ស៊ី ហ៊ឺហា ។ ឯ​ពាក្យ​សម្លាប់​ដោយ​ធ្មេញ​កណ្ដុរ ក៏​យក(ុ) មក​ជំនួស​មូសិកទន្ត​ដែរ ដូច​ពាក្យ ប៉ិន​ ប៉ិច[3] ។
ករណី​ពិសេស ក្នុង​ការ​សរសេរ​ពាក្យ​ “ ប៊ិច ” ឈ្មោះ “ ប៊ិម ” គេ​មិន​​អាច​អនុវត្ត​ក្បួន​ខាង​ដើម​នោះបាន​ឡើយ ព្រោះ​បើ​យក​ស្រៈ “ ុ ” មក​ប្រើ​តាម​ក្បួន​ខាង​លើ វា​អាច​ច្រឡំ​នឹង​ពាក្យ “ ប៉ិច ” (ប៉ិច​ពន្លក) ឬ​ទឹក​ “ ប៉ិម ” ហៀប​និង​ហូរ​ចូល​ទូក ។
៩-ព្យញ្ជនៈផ្ញើ​ជើង
    ផ្ញើ​ជើង​ គឺ​ជា​វិធី​យក​ជើង​ព្យញ្ជនៈ​មួយ ​ទៅ​ផ្សំ​ជា​មួយ​នឹង​ព្យញ្ជនៈ​មួយ​ទៀត ដើម្បី​បង្កើត​បាន​ជា​សំឡេង​ផ្សំ​ពីរ​បញ្ចូល​គ្នា ឲ្យ​លាន់​ឮ​ក្នុង​ព្យាង្គ​តែ​មួយ ។ នៅ​ក្នុង​ភាសាខ្មែរ​យើង​ សម្បូរ​ពាក្យ​ដែល​ផ្សំ​សំឡេង​ពីរ​រួម​បញ្ចូល​មក​តែ​មួយ​ព្យាង្គ​ សម្រាប់​អាន​និយាយ​ចេញ​មក​ភ្ជាប់​គ្នា​ដូច​ជា​សំឡេង​ភ្លោះ ​។
ឧទាហរណ៍
ក+្ប = ក្ប មាន​ក្នុង​ពាក្យ “ ក្បាល ”
ខ+្ស = ខ្ស មាន​ក្នុង​ពាក្យ “ ខ្សត់ ”
● របៀប​យក​ជើង​ទៅ​ផ្ញើ (ផ្សំ) ជា​មួយ​ព្យញ្ជនៈ “គោល” គឺ​ព្យញ្ជនៈ​មាន​ឋានៈ​ជា​ម្ចាស់​មាន​របៀប​ប្លែកគ្នា ៖
ក-យក​ជើង​ផ្សំ​ដាក់​ពី​ក្រោម​តួព្យញ្ជនៈ​គោល ៖ ខ្លី, ឆ្មា ។
ខ-យក​ជើង​ផ្សំ​ដាក់​ពី​ឆ្វេង​តួ​ព្យញ្ជនៈ ៖ ស្រែ ។
គ-យក​ជើង​ផ្សំ​ដាក់​ពី​ក្រោម​និង​ខាង​ស្តាំ ៖ សង្ឃ, អភិវឌ្ឍ, សប្បាយ, រក្សា ។
១០-ព្យញ្ជនៈ​បន្ថែម
    ដើម្បី​អាច​សម្របតម្រូវ​ជា​មួយ​សំណូរ​ម្យ៉ាងតាមបែប​សូរ​សៀង​ជា​ភាសា​បរទេស ដែល​យើង​តែង​តែ​ខ្ចី​យក​មក​ប្រើ​ខ្លះៗ មាន​ភាសា​បារាំង អង់​គ្លេស.... គេ​យក​តួ​ព្យញ្ជនៈ​មក​ផ្សំ​ជា​មួយ​ជើង​ព្យញ្ជនៈ ដូច​ជា​ពាក្យ guitare= ហ្គីតារ, frein ហ្រ្វាំង, café =កាហ្វេ, George Cœdès= ហ្ស៊ក សេដែស[4] ។ល។
១១-សិថិល និង​ ធនិត
    ក/ សិថិល គឺ​ព្យញ្ជនៈ​ដែល​មាន​សំឡេង​ស្រាល​ប្រមូល​ផ្តុំ​ចេញ​សំឡេង​ដាច់​តែ​មួយ ពុំ​មាន​ខ្យល់​ផ្សំ​ពី​ព្យញ្ជនៈ​ណា​ផ្សេង ៖ ក គ ច ជ ដ ឌ ត ទ ប ព ។
    ខ/ ធនិត រាល់​ព្យញ្ជនៈ​ដែល​មាន​គួប​ផ្សំ​ដោយ​សំឡេង ​​​​“​​​​ ហ ” មាន​ដូច​ជា ខ< ក+ហ; ឆ< ច+ហ; ឋ< ដ+ហ; ថ< ត+ហ; ផ< ប+ហ; ឃ < គ+ហ; ឈ < ជ+ហ៊ ; ឍ < ឌ+ហ៊; ធ < ទ+ហ៊; ភ < ព+ហ៊ ។
១២-ព្យញ្ជនៈ​គូ
    នៅ​ក្នុង​តួ​ព្យញ្ជនៈ​ទាំង​ ៣៣​ តួ ក្នុង​វគ្គនីមួយៗ តែង​តែ​មាន​ព្យញ្ជនៈ​ជា​គូ​នឹង​គ្នា ដែល​មួយ​មាន​សំឡេង​ អឃោសៈ ហើយ​មួយ​ទៀត​មាន​សំឡេង​ឃោសៈ​ គឺ ៖
    ក/ ផ្នែក​អឃោសៈ ៖ ក​ គូ​នឹង​ ខ; ច ​គូ​នឹង ​ឆ; ដ​ គូ​នឹង​ ឋ; ត​ គូ​នឹង ​​ថ ។
    ខ/ ផ្នែក​ឃោសៈ ៖ គ​ គូ​នឹង​ ឃ; ជ ​គូ​នឹង ​ឈ; ទ ​គូ​នឹង​ ធ; ព ​គូនិង ភ ។
    ចំពោះ​ព្យញ្ជនៈ​សេស​គូ នៅ​ចុង​វគ្គ​ទាំង​ ៥ ​មាន​ ង, ញ, ណ, ន, ម និង​ព្យញ្ជនៈ​សេស​វគ្គ​ទាំង​៨​តួ ​មាន ៖ យ ​រ ​ល​ វ ​ ស​ ហ ​ឡ​ អ​ នោះ​ពុំ​មាន​គូ​ទេ ។

ផ្នែកទី ២
វណ្ណយុត្តិ (Signe Diacritique)


វណ្ណយុត្តិ គឺ​ជា​សញ្ញា​ទាំង​ឡាយ​ដែល​បង្កើត​ឡើង ដើម្បី​កែ​ប្រែ​ ផ្តួល​សំឡេង​ព្យញ្ជនៈ ឬ​ពាក្យ​ពេចន៍​ខ្លះ ឲ្យ​សម​ស្រប​ទៅ​តាម​តម្រូវ​ការ​ប្រើ​ប្រាស់ ​ក្នុង​ភាសា​របស់​យើង ។ មិន​តែ​ប៉ុណ្ណោះ​ សញ្ញា​ទាំង​នេះ ក៏​អាច​ជួយ​បំប្លែង​​សំឡេង​នៃ​ពាក្យ​ខ្លះ ដែល​មាន​ប្រភព​មក​ពី​ភាសា​បាលី​ ឬ​សំស្ក្រឹត​ផង​ដែរ ។
វណ្ណយុត្តិ​ទាំង​ឡាយ​ចែក​ចេញ​ជា​ពីរ​ពួក​គឺ ៖
    ក/ វណ្ណយុត្តិ​ដែល​បន្ថែម​លើ​ព្យញ្ជនៈ ដើម្បី​លម្អៀង​ស័ព្ទ​ឲ្យ​ខ្លី​ឲ្យ​មាន​សូរ​ផ្សេង​ ឲ្យ​ប្លែក​ពី​សំឡេង​ដើម (Signes diacritiques) ។
    ខ/ វណ្ណយុត្តិ​ ដែល​ប្រើ​ជា​មួយ​នឹង​ពាក្យ​ ក្នុង​ឃ្លា​ប្រកប ដើម្បី​កាត់​ឃ្លា​ជា​ប្រយោគ​ជា​សង្កាត់ ដើម្បី​សម្គាល់​ន័យ​សេចក្តី​ផ្សេងៗ​ ។ វណ្ណយុត្តិ​ពួក​នេះ​ហៅ​ថា “ ខណ្ឌសញ្ញា ”( Signe de ponctuation ) ។
១-មូសិកទន្ត​ ឬ​ធ្មេញ​កណ្តុរ “ ៉ ”
    ជា​សញ្ញា​ប្រើ​សម្រាប់​សម្លាប់, បំបែរ​សំឡេង​ព្យញ្ជនៈ ​៧​ តួ ដែល​មាន​សំឡេង​ឃោសៈ ឲ្យ​ទៅ​ជា​អឃោសៈ គឺ ង, ញ, ប, ម, យ, រ, វ, ឲ្យ​ទៅ​ជា​សំឡេង​អឃោសៈ​វិញ ង៉, ញ៉, ប៉, ម៉, យ៉, រ៉, វ៉, ។ ប្លែក​តែ​តួ “ ប ” មួយ ដែល​មាន​សំឡេង​អឃោសៈ​ស្រាប់ ប៉ុន្តែ​គ្រាន់​តែ​លម្អៀង​សូរ​ពី ប ទៅ ប៉ ប៉ុណ្ណោះ ។ អក្សរ​ប្តូរ​សំឡេង​ទាំង​នេះ ត្រូវ​បាន​ប្រើ​ក្នុង​ពាក្យ ង៉ក់ង, ញ៉ែង​ញ៉ង, ប៉ប៉ាច់​ប៉ប៉ោច, ម៉ែឪ, យ៉ាប់​យ៉ឺន, រឿង​រ៉ាវ, វ៉ូង​វ៉ាង ។
● ចំណាំ ៖ កាល​ណា​ពាក្យ​ទាំង​នេះ​ទៅ​ប្រទះ​នឹង​ស្រៈ ិ ី ឹ ឺ ើ ឧទាហរណ៍ ៖ ផ្ទះ​ប៉ិត យាប់​យ៉ឺន, ល្បែង​ចាប៉ឹក... ។ គេ​ត្រូវ​យក​សញ្ញា (ុ) មក​ជំនួស​ធ្មេញ​កណ្តុរ​ ដែល​ដាក់​ពី​លើ ដើម្បី​កុំ​ឲ្យ​វណ្ណយុត្តិ​នេះ ទើស​ទែង​គ្នា​ជា​មួយ​ស្រៈ​ខាង​លើ ។ ឧទាហរណ៍ ស៊ី ប៉ើង រឹងប៉ឹង ។
២-ត្រីស័ព្ទ ( ៊)[5]
    ជា​សញ្ញា​សម្រាប់​ដាក់​លើ​ព្យញ្ជនៈ​ ៤ ​តួ ជា​អឃោសៈ ប, ស, ហ, អ, ឲ្យ​ទៅ​ជា​ឃោសៈ​វិញ ៖ ប៊, ស៊, ហ៊, អ៊, ។ ព្យញ្ជនៈ​ប្តូរ​សំឡេង​ទាំង​នេះ ត្រូវ​បាន​យក​ទៅ​ប្រើ​ក្នុង​ពាក្យ សាប៊ូ, សម្ល​ស៊ុប, ហ៊ាន, ទ្រអ៊ូ... ។ កាល​ណា​សញ្ញា​ត្រីស័ព្ទ​នេះ​ជួប​ប្រទះ​នឹង​ស្រៈ ិ ី ឹ ឺ ើ ក៏​ត្រូវ​ប្រែ​ប្រួល​រូប​មក​ជា (ុ) ដូច​ករណី​ខាង​លើ​ដែរ ឧទាហរណ៍ ស៊ីបាយ, លេង​ហ៊ី... លើក​លែង​តែ​ពាក្យ ប៊ិច, អ៊ីចុះ​អ៊ីចឹង... ។
៣ រស្សសញ្ញា​ ឬ​បន្តក់ (់)
    សម្រាប់​ប្រើ​ដាក់​ថែម​លើ​តួ​ប្រកប​នៃ​ពាក្យ​ ដែល​កើត​ឡើង​ពី​ស្រៈ “ អ ” និង​ស្រៈ “ អា ” ហើយ​កាត់​ស័ព្ទ​វែង​ឲ្យ​ទៅ​ជា​ខ្លី ដែល​ត្រូវ​អាន​លឿន​រហ័ស​។ ឧទាហរណ៍ ៖ កាត = ស័ព្ទ​វែង, កាត់ = ស័ព្ទ​ខ្លី, ចប = ស័ព្ទវែង, ចប់ = ស័ព្ទខ្លី ។
    ● កំណត់​សម្គាល់
    ក/ ចំពោះ​តួ​ព្យញ្ជនៈ​ប្រកប​នឹង​អក្សរ “ ម ” ត្រង់​សំឡេង​ប្រកប​លំដាប់​ទី​២​នោះ មិន​បាច់​ប្រើ​សញ្ញា “រស្សៈ” ឬ​បន្តក់ទេ ឧទាហរណ៍ ៖ ចាម់ ។ ក្នុង​ករណី​នេះ គេ​ប្រើ​និគ្គហិត( ៓) ឬស្រៈ “ ាំ” “ ចាំ ” ជំនួស​វិញ ។
    ខ/ រីឯតួព្យញ្ជនៈ​ប្រកប​នឹង​អក្សរ “ យ ” ត្រង់​សំឡេង​ប្រកប​លំដាប់​ទី​២​នោះ ក៏​មិន​បាច់​ប្រើ “ រស្សសញ្ញា ” ឬបន្តក់ដែរ, ដូច​ជា​ពាក្យ “ ចាយ់ ” ក្នុង​ករណី​នេះ​គេ​យក​ស្រៈ​ “ ៃ ” មក​ជំនួស​វិញ ព្រោះ​មាន​សំឡេង​ដូច​គ្នា ។
    គ/ ចំពោះ​ពាក្យ​ទាំង​ឡាយ​ណា ដែល​ក្លាយ​មក​ពី​ភាសា​បាលី​ឬ​សំស្រ្កឹត មិន​ត្រូវប្រើ​សញ្ញា (់) នេះ​ឡើយ ដូច​ជា​ពាក្យ បទ, សព, ភព, កុសល, ផល កិច្ចកល ធនធាន រសជាតិ លាមក ... ពាក្យ​ទាំង​នេះ​មាន​សំឡេង​ខ្លី​ស្រេច​ហើយ តាម​ទម្លាប់​អាន​បែប​បាលី​និង​សំស្រ្កឹត ។
៤-សំយោគ​សញ្ញា (័)
    ក/ គេ​ប្រើ​វណ្ណយុត្តិ​នេះ​សម្រាប់​លម្អៀង​ស័ព្ទ​របស់​ពាក្យ​ក្លាយ​មក​ពី​ភាសា​ បាលី ឬសំស្រ្កឹត ដូច​ជា ៖ ភយ > ភ័យ, ជយ > ជ័យ, នយ > ន័យ, អាស្រយ > អាស្រ័យ[6], អាលយ > អាល័យ ។
    ខ/ សញ្ញា​នេះ​ក៏​ប្រើ​លើ​ពាក្យ​ខ្មែរ​ខ្លះ​ ដែល​មាន​សំឡេង​ស្ទើរ​ស្រៈ “​ អ ” និង ស្រៈ “ អា ” ដើម្បី​ឲ្យ​មាន​សូរ​សំឡេង​មួយ​ត្រូវ​ចំនឹង​សំឡេង​ពិត​នៃ​ពាក្យ​នោះ គឺ ញ័រ, ជ័រ, ទំព័រ... ។
    គ/ សម្រាប់​ប្រើ​សម្រួល​សំឡេង​ក្លាយ​ពី​ពាក្យ​បរទេស​ខ្លះ​ៗ ដូច​ជា ដុក​ទ័រ, ប៉ាស្ទ័រ, អាំង​ហ្សេនីញ័រ, កុំព្យូទ័រ, ត្រាក់ទ័រ [7]។
៥-របាទ (៌)
    វណ្ណយុត្តិ​នេះ ជា​តំណាង​អក្សរ “ រ ” ដែល​គេ​កាត់​យក​ក្បាល​ខាង​លើ​របស់​វា​ មក​រក្សា​ទុក​ធ្វើ​ជា​សញ្ញា​របាទ (៌) ។ គេ​ប្រើ​វណ្ណយុត្តិ​នេះ សម្រាប់​ដាក់​លើ​ពាក្យ​ដែល​ក្លាយ​មក​ពី​ភាសា​សំស្រ្កឹត ដើម្បី​សម្រួល​សំឡេង​អាន​តាម​បែប​សំឡេង​ខ្មែរ ។ គេ​កត់​សម្គាល់​ថា ពាក្យ​បាលី​ណា ដែល​សរសេរ​តម្រួត​នោះ កាល​ណា​យើង​សរសេរ​ជា​ពាក្យ​សំស្រ្កឹត​ក្លាយ​ខ្មែរ គេ​ត្រូវ​ដាក់ (៌) របាទ​នេះ​ជំនួស​វិញ ។



៦-អស្តា (៏)
    វណ្ណយុត្តិ​នេះ គឺ​មាន​ទ្រង់​ទាយ​ជា​លេខ ៨ ប៉ុន្តែ​បង្រួញ​ឲ្យ​តូច​ ដើម្បី​ងាយ​យក​មក​ដាក់​លើ​ព្យញ្ជនៈ “ ក ” និង “ ដ ” ដែល​ជា​និបាត​ស័ព្ទ ។ ឧទាហរណ៍ ៖ ខ្ញុំ​ក៏​ទៅ, អ្នក​ក៏​ទៅ, ទោះ​បី​យ៉ាង​ណា​ក៏​ដោយ ...។ ក្រៅ​ពី​នេះ​គេ​ប្រើ​លេខ​អស្តា សម្រាប់​ដាក់​លើ​ពាក្យ​ឧទាន​ស័ព្ទ​ខ្លះ ជា​ពាក្យ​ភ្ញាក់​ ស្ងើច​ រំភើប​... ឱហ្ន៏ នុ៎ះហ្ន៏ ។
៧-ទណ្ឌឃាត ឬ​បដិសេធ (​៍)
    វណ្ណយុត្តិ​នេះ មាន​រូបសណ្ឋាន​ដូច​សក់​លេខ “ ៩ ” ។ គេ​ប្រើ​ទណ្ឌឃាត ដើម្បី​ដាក់​លើ​អក្សរ​ព្យញ្ជនៈ​ណា​ ដែល​គេ​មិន​អាន ប៉ុន្តែ​គេ​ត្រូវ​តែ​រក្សា​ទុក​ព្យញ្ជនៈ​នោះ​ជា​ចាំ​បាច់ ក្នុង​ន័យ​រក្សា​អក្ខរា​វិរុទ្ធ​របស់​ពាក្យ និង​ជា​គ្រឿង​សម្គាល់​ជាតិ​ស័ព្ទ​របស់​ពាក្យ ។ ឧទាហរណ៍ ៖ ​ទូរទស្សន៍, ប្រយោជន៍, គមនាគមន៍, ព្រឹត្តិការណ៍, ពាក្យ​ពេចន៍, វេយ្យាករណ៍, ត្រ័យរតន៍ ។​ គេ​ច្រើន​ប្រើ​ទណ្ឌឃាត​លើ​ពាក្យ​ក្លាយ​ពី​បាលី​និង​សំស្រ្កឹត ។ សញ្ញា​នេះ ក៏​យក​មក​ប្រើ​ចំពោះ​ពាក្យ​ខ្ចី​ពី​បរទេស​ខ្លះ សម្រាប់​រក្សា​លំនាំ​អក្ខរាវិរុទ្ធ​ដើម​របស់​ពាក្យ​ទាំង​នោះ ដូច​ជា ស៊ីម៉ងត៍, អេដស៍, អាល់​ប៊ែរត៍...។
៨-វិសជ៌នី (ះ) ឬរះមុខ
    គេ​ប្រើ​សញ្ញា​នេះ សម្រាប់​ប្រកប​ជំនួស​ខ្យល់ “​​ ហ​ ” ជា​ពាក្យ​កាត់​កំបុត​ខ្លី ហើយ​អាន​ដោយ​បើក​ចំហមាត់​ដូច​ជា ​តិះ, រិះ, ចុះ, ចង្កើះ (ចង្កឹះ) ឈ្មោះ,​ ទះ, ដោះ​ដូរ, លោត​ផ្លោះ ។ល។ វា​មាន​សូរ​សំឡេង​ស្រដៀង​នឹង​ពាក្យ​ដែល​ប្រកប​នឹង​ព្យញ្ជនៈ “ ស ” ដែរ ។
៩-យុគលពិន្ទុ(ៈ) ឬ​ហៅថា “ ចុចពីរ ” ក៏បាន [8]
    គេ​ប្រើ​វណ្ណយុត្តិ​នេះ​សម្រាប់ ៖​ ដាក់​នៅ​ចុង​ពាក្យ​មាន​កំណើត​ពី​បាលី ​ឬ​សំស្រ្កឹត ដែល​មាន​សូរ “ អាក់ ” ឬ “​ អ៊ាក់ ” ដូច​ជា លោភៈ, មោហៈ, ទោសៈ...
    ● ចំណាំ ៖ បើ​ពាក្យ​ទាំង​នេះ​នៅ​ខាង​ដើម​គេ ដូច​ជា ពលកម្ម, វណ្ណកម្ម​ សច្ចភាព, ខេមរភាសា នោះ​គេ​មិន​ចាំ​បាច់​ដាក់​យុគល​ពិន្ទុ​ទេ ព្រោះ​ពាក្យ​ទាំង​នេះ​ជា​សមាសនាម ។
    ● លើក​លែង​តែ​ពាក្យ​ ៖ គណៈ ដែល​ទោះ​បី​វា​នៅ​ដើម​គេ ឬ​កណ្តាល​គេ​ក្តី ក៏​ត្រូវ​តែ​ប្រើ​យុគលពិន្ទុ​ជា​ដរាប ឧទាហរណ៍ គណៈប្រតិភូ, គណៈកម្មការ, គណៈសង្ឃ, គណៈរដ្ឋមន្រ្តី, គណៈប្រធាន​រដ្ឋ... ព្រោះ​ថា​ក្នុងពាក្យ​ទាំង​នេះ​ “គណៈ” មិន​ចូល​ក្នុង​សមាសនាម​តាម​ក្បួន​ខ្នាត​វេយ្យាករណ៍​បាលី ។
    ● លើក​លែង​តែ​ពាក្យ ៖ គណបក្ស, គណនា, គណនេយ្យ...​ ដែល​គេ​មិន​ត្រូវ​ប្រើ​យុគលពិន្ទុ​ទេ ។
    ● រីឯពាក្យ ៖ កាលៈ​ទេសៈ គេ​ត្រូវ​ប្រើ​យុគលពិន្ទុក​ទាំង​ពីរ​ម៉ាត់​តែ​ម្តង​ ។ ក៏ប៉ុន្តែ បើ​គេ​សរសេរ​ពាក្យ​នេះ “ បញ្រ្ចាស ” មក​វិញ “ ទេសកាល ” នោះ គេ​មិន​ត្រូវ​ប្រើ​យុគលពិន្ទុ​ឡើយ ។
    ● ក្នុង​សម័យ​នេះ គេ​យក​យុគលពិន្ទុ​មក​ ប្រើ​ក្លាយ​ក្នុង​ឃ្លា​ប្រយោគ​ខ្លះ​ដែរ សម្រាប់​រាប់​រាយ​ឈ្មោះ​អ្វីៗ​ ដូច​ពាក្យ​ថា ទង់​ជាតិ​បារាំង​មាន ៣​ ពណ៌គឺ ៖ ស, ខៀវ, ក្រហម ។ ប៉ុន្តែ​ជា​ទូទៅ អ្នក​និពន្ធ​ទាំង​ឡាយ​តែង​តែ​ប្រើ “ទ្វិពិន្ទុ​លេខ” ក្នុង​ករណី​រៀប​រាប់, ឧទ្ទេស បង្ហាញ... ព្រោះ​ការ​ប្រើ​សញ្ញា​ខណ្ឌបែប​នេះ​ត្រឹម​ត្រូវ និង​សម​ហេតុ​សម​ផល​ជាង ។ យើង​នឹង​បាន​ឃើញ​ព្រម​ទាំង​អធិប្បាយ​ពន្យល់ អំពី​ខណ្ឌ​សញ្ញា​នេះ​នៅ​ទំព័រ​ខាង​មុខ ។
១០-រជ្ជុស​ញ្ញា ឬ​សហសញ្ញា (-) “Trait d’union”
    ជា​សញ្ញា​បន្ទាត់​ផ្ដេក​ខ្លីសម្រាប់​ប្រើ​ប្រាស់​បាន​ច្រើន​យ៉ាង​នៅ​ក្នុង​ការ​សរសេរ​អត្ថបទ ​ឬ​តែង​និពន្ធជា​ដើម ។
    ក/សម្រាប់​បំបែក​ព្យាង្គ​នៃ​ពាក្យ​មួយ​ កុំ​ឲ្យ​អាន​ច្រឡំ​ជា​ប្រកប ​នាំ​ឲ្យ​ខុស​ពាក្យ​ដូច​ជា ទូក-ង, ​កុក-ស,​ សម្បុរ-ស,​ខ្សែ-ក​...។
    ខ/សម្រាប់​ត​ភ្ជាប់​ពាក្យ​មួយ ដែល​សរសេរ​មិន​ទាន់​ចប់​នៅ​ចុង​ទំព័រ ហើយ​ត្រូវ​ត្រឡប់​មក​សរសេរ​នៅ​ដើម​បន្ទាត់​វិញ ។
    គ/ សម្រាប់​ភ្ជាប់​ពាក្យ​មួយ​ដែល​ដាច់​គ្នា ដើម្បី​តម្រូវ​ចាប់​ចុង​ចួន​ក្នុង​កំណាព្យ ។
    ឃ/ សម្រាប់​បញ្ជាក់​អំពី​ការ​ផ្លាស់​ប្តូរ​ឃ្លា​សន្ទនា​នៃ​តួ​ពីរ ឬ​ច្រើន​នាក់ ។
    ង/ សម្រាប់​សម្គាល់​នូវ​ការ​រៀបរាប់ ជា​លំដាប់​លំដោយ អំពី​គំនិត ​ឬ​ចំណុច​ប្លែកៗ​ ។
១១-កាក​បាទ ឬ​ជើង​ក្អែក (+)
    គឺ​ជា​បន្ទាត់​ខ្លី​ពីរ ​មួយ​ផ្តេក​មួយ​ទៀត​បញ្ឈរ គូស​កាត់​ខ្វែង​គ្នា​ចំពាក់​កណ្តាល ។ គេ​ប្រើ​វណ្ណយុត្តិ​នេះ សម្រាប់​ដាក់​លើ​ពាក្យ​ឧទាន​ស័ព្ទ​ខ្លីៗ​មួយ​ចំនួន​ ដែល​មាន​សូរ​សៀង​បង្អូស ​ឬ​ត្អូញ​ថ្ងូរ ដូច​ជា​ពាក្យ ចា៎ះ ! បា៎ទ ! ណា៎ ! ហ្ន៎, នុ៎ះ, ណ៎ះ, អូ៎, អ្ហា៎... ។ ខាង​ផ្នែក​នព្វន្ត គេ​ប្រើ​សញ្ញា​ជើង​ក្អែក​ជា​សញ្ញា​បូក, ឧទាហរណ៍ ៖ ១៥+៣៨ ។
១២-លេខ​ទោ (ៗ)
    សញ្ញា​នេះ​គេ​ប្រើ​សម្រាប់
    ក/- ផ្ទួន​ពាក្យ​ដែល​តម្រូវ​ឲ្យ​ថា ឬ​អាន​ពីរ​ដង,
    ខ/- សម្រាប់​បញ្ជាក់​អំពី​ចំនួន​ច្រើន ឬ ពហុវចនៈ​ ។
    ● ចំណាំ ៖ មិន​មែន​កំណត់​ថា គ្រប់​តែ​ពាក្យ​ដែល​ត្រូវ​ថា​ឬ​អាន​ពីរ​ដង​នោះ ត្រូវ​តែ​ដាក់​លេខ​ទោ​ទាំង​អស់​នោះ​ ទេ ។ ពាក្យ​បាលី​ខ្លះ​ដែល​យក​មក​ប្រើ​ក្នុង​ភាសា​ខ្មែរ ដូច​ជា នានា ​ធម្មសង្វេគ គេ​ត្រូវ​សរសេរ​ពាក្យ “នានា”​​​​​​​​ នេះ​ត្រួត​គ្នា​ពីរ​ដង ដោយ​គោរព​ទៅ​តាម​វិធាន​បាលី ។ ដូច​ជា​ពាក្យ​ថា ឯហិមម...? ។ បើ​ប្រើ​ជា​មួយ​គុណនាម ​និយាយ​អំពី​ពណ៌​នោះ​ ពាក្យ​ស្ទួន​ដោយ​ប្រើ​លេខ​ទោ​ ចង់​បញ្ជាក់​អំពី​ប្រភេទ​ពណ៌ ដោយ​ឡែកៗ​របស់​វត្ថុ ។
    ចំពោះ​ពាក្យ​ខ្មែរ​ខ្លះ ដែល​មាន​សំឡេង​ដដែលៗ​ពីរ​ដង​ដូច​ជា​បបរ កករ ត្រូវ​តែ​សរសេរ​ពីរ​ដង​ជាន់​គ្នា​ដូច្នេះ​ជា​ដរាប ។ ហាម​ដាច់​ខាត មិន​ឲ្យ​សរសេរ បរៗ, ករៗ, បែប​នេះ​ឡើយ ។
    ● លេខ​ទោ​ប្រើ​ក្នុង​ករណី​បញ្ជាក់​ និង​ប្រៀប​ធៀប​ ។
    ● លេខ​ទោ​ប្រើ​ជា​មួយ​ពាក្យ​មួយ​ព្យាង្គ​ ។
    ● លេខ​ទោ​ប្រើ​ជា​មួយ​ពាក្យ​ពីរ​ម៉ាត់​ ។
    ● លេខ​ទោ​ប្រើ​ជំនួស​ពាក្យ​បី​ម៉ាត់​ឬ​ច្រើន​ព្យាង្គ ។
    ● ចំណាំ ៖ លេខ​ទោ​មិន​អាច​ប្រើ​ផ្ទួន​បាន​នៅ​ខាង​ចុង​ពាក្យ​ពិពណ៌នា អំពី​រូប​រាង​មនុស​ឬ​សត្វ ដូច​ជា កូន​គោ​នេះ​ធាត់​ទ្រលុក​លុក មុខ​ឡើង​កំប្លង់​ប្លង់​ដូច​វង់​ចន្រ្ទា ។ ស្គម​កំព្រឹង​ព្រឹង ។
    ● មិន​ត្រូវ​ប្រើ​លេខ​ទោនេះ​ក្នុង​ករណី​ប្រើ​ពាក្យ​ដដែល​ច្រើនដង
ផ្នែកទី​៣
ខណ្ឌ​សញ្ញា (Signes de ponctuation)
ខណ្ឌ​សញ្ញា គឺ​ជា​សញ្ញា​មាន​រូប​ភាព​ប្លែកៗ សម្រាប់​ប្រើ​ក្នុង​ការ​សរសេរ​អត្ថបទ​ផ្សេងៗ ដើម្បី​សម្គាល់​លក្ខណៈ ទម្រង់​បែប​បទ ដែល​ជា​លំនាំ​ឲ្យ​ងាយ​យល់​ ឲ្យ​អាន​បាន​ត្រឹម​ត្រូវ ។
១-ក្បៀស ( , ) ឬ​កណ្ដក​សញ្ញា (La virgule)[9]
    សញ្ញា​នេះ ប្រើ​សម្រាប់​ញែក​ពាក្យ​ក្នុង​ប្រយោគ​ឲ្យ​ដាច់​ពី​គ្នា ទោះ​ពាក្យ​រៀប​រាប់​នោះ ជា​នាម​ក្តី ជា​គុណនាម​ក្តី ជា​កិរិយាស័ព្ទ​ក្តី ។ គួរ​កត់​សម្គាល់​ថា ការ​ប្រើ​ក្បៀស​ក្នុង​ការ​សរសេរ​របស់​ខ្មែរ​យើង ​ក៏​ប្រហាក់​ប្រហែល​នឹង​ការ​ប្រើ​ក្បៀស​របស់​លោក​ខាង​លិច​ដែរ ។
    ក/ ការ​ប្រើ​ក្បៀស​ក្នុង​ការ​ពិពណ៌នា រៀប​រាប់​ជំពូក​នាម
    ខ/​ ការ​ពិពណ៌នា​រៀប​រាប់​អសាធារណ​នាម
    គ/ ការ​ពិពណ៌នា​រៀប​រាប់​គុណនាម
    ឃ/ ការ​ពិពណ៌នា​រៀប​រាប់​កិរិយាស័ព្ទ
● កំណត់​សម្គាល់ នៅ​ក្នុង​ឃ្លា​ប្រយោគ​បរទេស​ដូច​ជា ភាសា​បារាំង អង់គ្លេស អេស្ប៉ាញ៉ុល​​ជា​ដើម​នោះ ប្រយោគ​ល្បះ​ណា​ដែល​ខ្មែរ​យើង​ត្រូវ​ប្រើ​ដក​ឃ្លា គេ​ប្រើ​ក្បៀស​ទាំង​អស់ ។ នេះ​អាច​ជា​ទម្លាប់​ភាសា​គេ ឬ​ក៏​ធ្វើ​ទៅ​តាម​ការ​តម្រូវ​ចាំ​បាច់ ​នៃ​ក្បួន​វេយ្យាករណ៍ របស់​គេ ។
អត្ថបទ​ខ្មែរ​យើង​ពី​បុរាណ ដែល​ចារ​នៅ​លើ​ក្រាំង​ក្ដី សាស្ត្រា​ស្លឹករឹត​ក្ដី នៅ​ក្នុង​ឃ្លា​ប្រយោគ​ទាំង​អស់នោះ​ ពុំ​ដែល​មាន​ប្រើ​ក្បៀស​ទាល់​តែ​សោះ ។ យើង​កត់​សម្គាល់​ឃើញ​ថា ចាប់​តាំង​ពី​ប្រទេស​យើង​ ឋិត​ក្រោម​របប​អាណានិគម​បារាំង​មក ប្រហែល​ដោយ​សារ​បាន​ទទួល​ឥទ្ធិពល ​ពី​របៀប​របប​សរសេរ​បែប​បារាំង យើង​ក៏​ចាប់​ផ្ដើម​ប្រើ​ក្បៀស​ជា​រៀង​រហូត​មក ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី យើង​សង្កេត​ឃើញ​មាន​ទំនោរ​ពីរ​គឺ ៖
    ក/-ប្រភេទ​ជន​ដែល​បាន​រៀន​សូត្រ​ចេះ​ដឹង​ជ្រៅ​ជ្រះ​ភាសា​បារាំង ច្រើន​សរសេរ​ប្រើ​ក្បៀស ។
    ខ/-ប្រភេទ​ជន​ដែល​ចេះ​តែ​ភាសា​ខ្មែរ ក៏​ទទួល​យក​ទម្លាប់​មត៌ក​ពី​បុព្វបុរស​ជាន់​ដើម ហើយ​សរសេរ​ឥត​ប្រើ​ក្បៀស​ទេ ។
និយាយ​រួម​មក ការ​ប្រើ​ដក​ឃ្លា ជំនួស​ក្បៀស ឬ​ប្រើ​ដក​ឃ្លា​ផង និង​ប្រើ​ក្បៀស​ផង គឺ​មិន​មាន​អ្វី​ប្លែក​គ្នា​ខ្លាំង​ពេក​នោះ​ទេ ។ ប៉ុន្តែ​ការ​ប្រើ​ក្បៀស វា​មាន​ចរិត​ច្បាស់​លាស់​ប្រាកដ​ប្រជា​ជាង[10] ។
២-ទ្វិពន្ទុលេខ ឬ ចំណុច​ពីរ​គូស (៖)
    សញ្ញា​ដែល​មាន​គំនូស​ផ្តេក​នៅ​ខណ្ឌ​ចន្លោះ​សូន្យ​ពីរ​ ​លើ​មួយ​ក្រោម​មួយ​នេះ គេ​ប្រើ​សម្រាប់ ៖
    ក/ ដាក់​នៅ​ចុង​បញ្ចប់​នៃ​ប្រយោគ ក្នុង​ន័យ​កត់​ត្រា​សម្តី​របស់​បុគ្គល​ណា​មួយ​ ដែល​គេ​ស្រង់​យក​មក​ដាក់​ក្នុង​សញ្ញា​អញ្ញ​ប្រកាស(“ ”) គេ​កត់​សម្គាល់​ឃើញ​ថា សញ្ញា​បែប​នេះ ច្រើន​តែ​ប្រើ​ក្នុង​ទម្រង់​រចនាបថ​ប្រយោគ​ពណ៌នា​ក្នុង​រឿង​ព្រេង, រឿង​និទាន, ការ​និយាយ​ប្រាប់​គ្នា​ពី​ហេតុ​ការណ៍​អតីតកាល ។ល។
    ខ⁄ សម្រាប់​ដាក់​នៅ​ចុង​ប្រយោគ​ណា ដែល​ត្រូវ​បន្ត​ទៅ​ដល់​ការ​រៀប​រាប់ ដោយ​ចាត់​ជា​ពួក, ជា​ផ្នែក ។
 សម្គាល់ ៖ មិន​ត្រូវ​ច្រឡំ​យុគល​ពិន្ទុ (ៈ) ជា​មួយ​និង​ទ្វិពិន្ទុ​លេខ (៖) ទេ ។ យុគល​ពិន្ទុ គ្រាន់​តែ​ចុច​ចំណុច​ពីរ​លើ​ក្រោម​ប៉ុណ្ណោះ, រីឯ​ទ្វិពិន្ទុ​លេខ គឺ​មាន​សូន្យ​លើ ( ° ) សូន​ក្រោម (°) ហើយ​មាន​រជ្ជុសញ្ញា​ខណ្ឌ​ចំកណ្តាល​ គឺ​យ៉ាង​នេះ (៖) ។ សព្វ​ថ្ងៃ​នេះ យើង​ឃើញ​គេ​ប្រើ​យុគល​ពិន្ទុ​តាម​បែប​អឺរ៉ុប ​ជំនួស​ទ្វិពិន្ទុ​លេខ ដោយ​មក​ពី​ទម្រង់​ពុម្ព​អក្សរ​លីម៉ុន (font Limon) ពុំ​មាន​សញ្ញា​ទ្វិពិន្ទុ​លេខ ក៏​តាំង​តែ​យក​យុគល​ពិន្ទុ​មក​ប្រើ​ជំនួស​ឲ្យ​តែ​បាន​ៗ សិន រង់​ចាំ​អ្នក​បច្ចេក​ទេស​រក​ឃើញ​សញ្ញា​ទ្វិពិន្ទុ​លេខ​​​ នោះ​នឹង​យក​មក​ប្រើ​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​វិធាន​វេយ្យាករណ៍។
ប៉ុន្តែ​គេ​អាច​ប្រើ​យុគលពិន្ទុ​បាន​ នៅ​ក្នុង​ទម្រង់​លិខិត​ខ្លះៗ​ដូច​ជា កម្មវត្ថុ[11] ៖ ស្នើ​សុំ​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​យោងៈ លិខិត​លេខ... ចុះ​ថ្ងៃ​ទី....
    កំណត់​សម្គាល់​អំពី​ការ​ប្រើ ឬ​មិន​ប្រើ​យុគលពិន្ទុ​នៅ​ពី​មុខ​ពាក្យ ​“ថា” ៖
    ក/ មិន​ប្រើ​យុគល​ពិន្ទុ ចំពោះ​តែ​ពាក្យ​ “ថា[12]” ណា​ដែល​ជា​និបាត​ស័ព្ទ​ ដែល​អាច​ប្រៀប​នឹង​ភាសា​បារាំង​ថា “Que” បាន​ដល់​ពាក្យ​ដែល​ត្រូវ​កត់​ត្រា​សម្តី​មិន​ផ្ទាល់​របស់​តួអង្គ មាន​និយាយ​ក្នុង“ Style indirect ” របស់​ភាសា​បារាំង ដូច​ជា​ពាក្យ ​៖ ពោល​ថា, និយាយ​ថា, ទំនាយ​ទាយ​ថា, តិះ​ដៀលថា, ជេរថា, ប្រាប់​ថា... ពាក្យ​ទាំង​នេះ គេ​មិន​ត្រូវ​ប្រើ​ដាក់​យុគល​ពិន្ទុ (ៈ) ពី​មុខ​ទេ ។
    ខ/ ត្រូវ​ប្រើ​យុគលពិន្ទុ គេ​ប្រើ​សញ្ញា​យុគល​ពិន្ទុ (ៈ[13]) ក្នុង​ករណី​កត់​ត្រា​ពាក្យ​សម្តី​ផ្ទាល់​របស់​អ្នក​និពន្ធ ត្រូវ​គ្នា​នឹង​ទម្រង់​របស់​ភាសា​បារាំង​ថា (Style direct) ។
៣-បុច្ឆន​សញ្ញា (?) (Point d'interrogation)
    ជា​សញ្ញា​ប្រើ​សម្រាប់​ដាក់​ពី​ខាង​ក្រោយ​ពាក្យ, ឃ្លា, ល្បះ ចោទ​សួរ​ជា​និច្ច ។ នៅ​ក្នុង​ពាក្យ, ល្បះ, ឃ្លា, ប្រយោគ​ដែល​ចោទ​សួរ គេ​តែង​ប្រើ​ជា​ចាំ​បាច់​នូវ​ពាក្យ ឬ​រូបមន្ត​ផ្សេង​មាន​ជា​អាទិ៍៖ តើ, ព្រោះ​អ្វី, ហេតុ​អ្វី, ដូច​ម្តេច, (ក៏, ឬ, បាន​ជា...) យ៉ាង​ម៉េច​ក៏..., អ្វី​ទៅ, ស្អីគេ, អង្កាល់, កាល​ណា, ... ។ល។ ពាក្យ​សម្រាប់​សួរ​អាច​នៅ​ដើម​ឃ្លា ឬ នៅ​ចុង​ឃ្លា​ក៏​បាន ។ ជួន​កាល​គេ​មិន​ចាំ​បាច់ ប្រើ​ពាក្យ​សួរ គេ​គ្រាន់​តែ​ដាក់​បុច្ឆនសញ្ញា​ទៅ​ក៏​បាន​ដែរ ។
            -ល្បះ, ឃ្លា, ពាក្យ​សំណួរ​ខ្លីៗ ៖ ឃ្លាន​អ្វី? ម៉េច​ក៏​យំ? ទៅ​សាលា? ដើរ? ជិះកង់ ?
           -គប្បី​កត់​សម្គាល់​ថា សំណួរ​ដដែល​គ្រាន់​តែ​ផ្លាស់​ប្តូរ​ដាក់​ពាក្យ​ណា​មុន ពាក្យ​ណា​ក្រោយ ក៏​ឲ្យ​ន័យ ឬ រំលេច​ន័យ​ខុស​គ្នាដែរ ។
            ក្រៅ​ពី​នេះ រាល់​សំណួរ​ដែល​សុទ្ធ​តែ​មាន​បុច្ឆន​សញ្ញា​នៅ​ចុង​ល្បះ​ដូច​គ្នា​នេះ អាច​មាន​ន័យ​ខុស​ប្លែក​គ្នា ទៅ​តាម​សំឡេង​លើក​ដាក់​ថ្នាក់​ថ្នម គំហក​កំហែង ​អង្វរ​ករ​លន់​តួ ។
            មាន​បុច្ឆន​សញ្ញ​មួយ​បែប​ទៀត ដែល​ច្រើន​ឃើញ​ប្រើ​នៅ​ក្នុង​រូប​គំនូរ​កំប្លែង (Caricature) ។
៤-ឧទានសញ្ញា (!) (Point d'exclamation)
    សញ្ញា​បង្គោល​​បញ្ឈរ​ដែល​មាន​ចំណុច (!) មួយ​នៅ​ពី​ក្រោម​នេះ គេ​ប្រើ​សម្រាប់​ដាក់​នៅ​ពី​ក្រោយ ពាក្យ ឃ្លា ល្បះ ភ្ញាក់​ផ្អើល​តក់​ស្លុត​ ស្ងើច ភ័យ អាសន្ន ខ្លាច បញ្ជាដាច់​ខាត បែ​បន់ អធិដ្ឋាន សម្រែក​ជយឃោស គំរាម​កំហែង ។ ជួន​កាល​គេ​ក៏​ប្រើ​ឧទាន​សញ្ញា​ជា​មួយ​នឹង​ឃ្លា កំហឹង បន្ទោស ​ឬ​ ជេរផងដែរ ។
៥-អញ្ញប្រកាស[14] ( “...” )

    គឺ​ជា​សញ្ញា​ឃ្នាប​ម្យ៉ាង ដែល​នៅ​ខាង​ដើម​មាន​រាង​កោង​ខ្វឹក​កួច​ពីរ​ឡើង​ទៅ​លើ ឯខាង​ចុង​ជា​សញ្ញា​ខ្វឹក​ពីរ​រាង​កោង កួច​ទម្លាក់​ចុះ​ក្រោម ។ គេ​ប្រើ​សញ្ញា​នេះ​សម្រាប់៖
    ក/ គាប ឬ​កត់​ត្រា​ដក​ស្រង់​សេចក្តី​សំខាន់​របស់​ជន​ណា​ម្នាក់ ទុក​ជា​សេចក្តី​ពិសេស​ដោយ​ឡែក ជា​ការ​រំលេច ​ឬ​បញ្ជាក់​ឲ្យ​ប្លែក​ពី​ន័យ​របស់​បរិបទ ។
    ខ/ ដក​ស្រង់​គំនិត, សម្តី​របស់​តួអង្គណា​មួយ​ក្នុង​រឿង ។
    គ/ ដក​ស្រង់​តួ​អង្គ​ណា​មួយ​ ដែល​មាន​កិត្តិស័ព្ទ​ល្បី​ល្បាញ
    ឃ/ ដក​ស្រង់​សេចក្តី​ឬ​អត្ថន័យ​មាន​លក្ខណៈ​លេច​ធ្លោ ។
៦-អព្ភន្តរ​សញ្ញា[15] (‘...’)
    សញ្ញា​នេះ ខុស​ប្លែក​ពី​អញ្ញ​ប្រកាស ដោយ​ប្រើ​តែ​ខ្វឹក​សញ្ញា​មួយ​នៅ​ខាង​ដើម និង​ក្បៀស​សញ្ញា​មួយ​នៅ​ខាង​ចុង ។ របៀប​ប្រើ​នស​អព្ភន្តរ​សញ្ញា​ខុស​គ្នា​បន្តិច ​ពី​សញ្ញា​អញ្ញប្រកាស ដោយ​ប្រើ​អព្ភន្តរ​សញ្ញា​ជា​ឃ្នាប​ពាក្យ​ឋិត​នៅ​ក្នុង​រង្វង់​ផែន​ពាក្យ ​ដែល​ដាក់​ឃ្នាប​ដោយ​សញ្ញា​អញ្ញ​ប្រកាស ។
សូម​អនុញ្ញាត​ជម្រាប​ថា៖ នៅ​ក្នុង​សៀវភៅ​ឯកសារ​ជា​ទូទៅ​ គេ​កម្រ​ឃើញ​អ្នក​និពន្ធ​ប្រើ​សញ្ញា​នេះ​ណាស់ ។ ជួន​កាល​គេ​ប្រើ​អព្ភន្តរ​សញ្ញា ឬ​អញ្ញ​ប្រកាស ក្នុង​គោល​ដៅ​តែ​មួយ​ដូច​គ្នា ។ នៅ​ក្នុង​សៀវភៅ​វេយ្យាករណ៍​របស់​លោក ពូវ អ៊ុម លោក​ចាត់​ទុក​អព្ភន្តរ​សញ្ញា​ថា ជា​សញ្ញា​អញ្ញ​ប្រកាស (​ សៀវភៅ​វេយ្យាករណ៍ ពូវ ​អ៊ុម ទំព័រ ៨ ) ចំណែក​នៅ​ក្នុង​វចនានុក្រម​សម្តេច​ជួន​ណាត ទំព័រ ១៦៥៦-៥៧ វិញ ក៏​បង្ហាញ​អព្ភន្តរ​សញ្ញា “​ ....” មាន​រូប​សណ្ឋាន​យ៉ាង​នេះ​ដែរ ។ លោក​បាន​ពន្យល់​ពាក្យ​អព្ភន្តរ​សញ្ញា​យ៉ាង​នេះ​ថា ៖ ពាក្យ​សន្មត​ហៅ​វណ្ណយុត្តិ ដែល​ពួក​វេយ្យាករណ៍​បណ្ឌិត​ក្នុង​ប្រទេស​អឺរ៉ុប បង្កើត​ឡើង​សម្រាប់​ប្រើ​រាំង​ពាក្យ ឬ​សេចក្តី​មាន​រូប​សណ្ឋាន​ពីរ​បែប​គឺ (“...”) ឬ («...»)[16] ។
    ដូច្នេះ ដោយ​យល់​ឃើញ​ថា កិច្ច​ការ​សរសេរ​តែង​និពន្ធ​នា​ពេល​បច្ចុប្បន្ន​នេះ មាន​សភាព​ល្អិត​ល្អន់​ស៊ី​ជម្រៅ និង​ហ្មត់​ចត់ យើង​គួរ​តែ​បញ្ចូល​អព្ភន្តរ​សញ្ញា ដែល​មាន​រូប​សណ្ឋាន​បែប​នេះ ( ‘... ’ ) មក​ប្រើ​បន្ថែម​ទៀត ដោយ​បំបែក​ចេញ​ពី​អញ្ញ​ប្រកាស ( “...” ) ។
៧-មច្ឆណ្ឌ​សញ្ញា ឬ ពងត្រី (...) (point de Suspension)
    ជួន​កាល​គេ​ហៅ​ថា (ចំណុច​រាយ) ផង​ក៏មាន ។ សញ្ញា​ដែល​មាន​ចំណុច​បី​បន្ត​បន្ទាប់​ជាប់​គ្នា​នេះ សម្រាប់​សម្គាល់​ប្រយោគ​ណា​មួយ ដែល​នៅ​មាន​សេចក្តី​បន្ត​ទៀត ប៉ុន្តែ​អ្នក​សរសេរ​បាន​ផ្អាក​បញ្ឈប់​លែង​ពណ៌នា ដោយ​ដាក់​សញ្ញា​ពងត្រី​នេះ ប្រាប់​ជា​ដំណឹង ។ របៀប​ប្រើ​ពង​ត្រី​មាន​បែប​ផែន​ប្លែកៗ​ដូច​តទៅ ៖
    ក/ ជា​សញ្ញា​កាត់​ពាក្យ​សម្តី​គូសន្ទនា​ម្នាក់​ ដែល​កំពុង​និយាយ​ឲ្យ​ដាច់​កណ្តាល​ឃ្លា ។
    ខ/ ជា​សញ្ញា​សម្រាប់​ផ្អាក​ពាក្យ​សម្តី មិន​ចង់​និយាយ​បន្ត​ដោយ​ទុក​ឲ្យ​គូសន្ទនា​យល់ ឬ ក៏​បង្កប់​ទុក​នូវ​ពាក្យ​គំរាម​កំហែង ពាក្យ​បណ្តាសា... ។ ​
    គ/ ផ្អាក​សេចក្តី​ត្រឹម​ប៉ុណ្ណឹង​សិន ឬ​ស្លេះ​ទុក ដោយ​មិន​ចង់​ឲ្យ​សេចក្តី​មាន​ន័យ​ដូច​គ្នា​នេះ វែង​អន្លាយ​ពេក ។
    ឃ/ សម្រាប់​ប្រាប់​អំពី​ពាក្យ​ឃ្លា ដែល​បាត់​រលុប​មាន​សេចក្តី​មិន​ច្បាស់ ដក​យក​ចេញ​ពី​សិលាចារឹក​ជា​ដើម ។
៨-វង់​ក្រចក ឬ​នខសញ្ញា ( )
    បាន​ជា​គេ​ឲ្យ​ឈ្មោះ​ដូច្នេះ ព្រោះ​វា​មាន​សណ្ឋាន​រាង​កោង​ដូច​វង់​ក្រចក​យើង​ពិតៗ ។ គេ​ប្រើ​សញ្ញា​វង់​ក្រចក​សម្រាប់ ៖
    ក/ គាប​ពាក្យ ឬ​សេចក្ដី​ ដែល​គេ​ចង់​ពន្យល់​ន័យ ។
    ខ/ គាប​ពាក្យ​ដែល​សរសេរ​ជា​អក្សរ​កាត់ ។
៩-វង់​តង្កៀប [.....]
    នៅ​ក្នុង​ភាសា​ខ្មែរ​គេ​មិន​ស្រូវ​ប្រើ​សញ្ញា​វង់​តង្កៀប​នេះ​ទេ​ព្រោះ​យើង​ មាន​វណ្ណយុត្តិ​ និង​ខណ្ឌ​សញ្ញា​យ៉ាង​ច្រើន សម​ស្រប​នឹង​ប្រើ​ក្នុង​អត្ថបទ​ជា​ភាសា​ខ្មែរ​គ្រប់​គ្រាន់​អស់​ហើយ ។ ប៉ុន្តែ​នៅ​ក្នុង​ការ​គណនា​លេខ​ផ្នែក​ពីជគណិត​(Algèbre) យើង​យក​មក​ប្រើ​តាម​ពួក​អឺរ៉ុប ។
១០-រ៉ាត់ ឬ​ឃ្នាប ( } ឬ { ....} ) (Accolade)
    សញ្ញានេះ ខ្មែរ​ខ្លះ​ហៅ​ថា ពុក​មាត់​មេ​អំបៅ ។
    ក/ នៅ​ក្នុង​មុខ​វិជ្ជា​ពីជគណិត របៀប​ប្រើ​ឃ្នាប ឬ​រ៉ាត់​មាន​ន័យ​ដូច​គ្នា នឹង​ការ​ប្រើ​តង្កៀប ឬ​វង់​ក្រចក​ដែរ ។ គេ​តែង​តែ​ប្រើ​រ៉ាត់​មួយ​សម្រាប់​បើក ( { ) និង​រ៉ាត់​មួយ​ទៀត​សម្រាប់​បិទ ( } ) គឺ​បែប​នេះ {.....} ។
    ខ/ រ៉ាត់​បើក និង​រ៉ាត់​បិទ​នេះ ប្រើ​សម្រាប់​គាប​ពាក្យ​ពីរ ឬ​ច្រើន​ជា​ការ​សម្គាល់​ថា ពាក្យ​ទាំង​នោះ​មាន​មុខ​ងារ​រួម​ដូច​គ្នា មិន​បាច់​សរសេរ​ដដែល​ច្រើន​ដង​នាំ​ខាត​ពេល ។
១១-បេយ្យាលៈ ឬ លៈ (។ល។)
គេ​មិន​សូវ​អាន​ថា បេយ្យាលៈ​ទេ ព្រោះ​វែង​ពេក ​គេ​អាន​កាត់​យក​តែ​ខាង​ចុង​ត្រង់​សូរ​ថា ឡាក់, ឡៈ សរសេរ​ថា ៖ (។ល។) ត្រូវ​នឹង​ពាក្យ​បារាំង​ថា (et cetera) សរសេរ​អក្សរ​កាត់​ថា (etc.) ។ ​គេ​ប្រើ​សម្រាប់​បំព្រួញ​សេចក្តី​ឯណា​នីមួយ ឬ​ការ​រៀប​រាប់​ដែល​វែង​ឲ្យ​នៅ​ខ្លី ដោយ​គិត​ថា អ្នក​អាន​ក៏​ដឹង​ថា នៅ​មាន​ពាក្យ និង​សេចក្តី​អ្វី​ខ្លះ​ទៀត ។
១២- ខណ្ឌ ឬ ខណ្ឌសញ្ញា (។)
    គេ​ប្រើ​សញ្ញា​ខណ្ឌ​នេះ សម្រាប់​រាំង​ខាំង​ប្រយោគ ឬ​សង្កាត់​នៃ​សេចក្តី​នីមួយៗ ឲ្យ​ដាច់​ស្រឡះ​ពី​គ្នា ។ កាល​ណា​ប្រយោគ​មួយ​ចាប់​សេចក្តី​ហើយ​ គេ​ត្រូវ​ដាក់​សញ្ញា (។) នេះ មុន​នឹង​បន្ត​ទៅ​ប្រយោគ​មួយ​ទៀត ។ ខណ្ឌ​សញ្ញា ធ្វើ​ឲ្យ​គេ​ងាយ​យល់ អាច​ញែក​សេចក្តី​ពី​ប្រយោគ​មួយ​ទៅ​ប្រយោគ​មួយ មិន​ឲ្យ​ច្រឡំ​ន័យ នាំ​ច្របូក​ប្របល់ ។ ហើយ​នៅ​ចន្លោះ ខណ្ឌ​សញ្ញា ការ​ដក​ឃ្លា ក៏​ជួយ​សម្រួល​ឲ្យ​អ្នក​អាន​ងាយ​យល់​ ងាយ​ចាប់​សេចក្តី​បាន ។ មាន​តែ​ការ​ប៉ិន​ប្រសប់​របស់​អ្នក​សរសេរ​តែង​និពន្ធ​ទេ ដែល​អាច​យល់​ដឹង​ដល់​ការ​ចាំ​បាច់​នៃ​ការ​ដក​ឃ្លា ការ​ដាក់​ខណ្ឌ​សញ្ញា​ឲ្យ​បាន​ត្រឹម​ត្រូវ​ទេ ទើប​ធ្វើ​ឲ្យ​អត្ថបទ​មាន​តម្លៃ មាន​ន័យ​គួរ​ជា​ទី​ចាប់​អារម្មណ៍ ។
ប៉ុន្តែ​កាល​ណា​គេ​ត្រូវ​ប្តូរ​គំនិត​ចូល​ទៅ​វគ្គ ឬ​កថាខណ្ឌ​ថ្មីនោះ គេ​ត្រូវ​ដាក់​សញ្ញា​ខណ្ឌ​ទៅ​ចុង​បញ្ចប់​ប្រយោគ រួច​ហើយ​ត្រូវ​ចាប់​សរសេរ​ដោយ​ចុះ​ទៅ​បន្ទាត់​ថ្មី ជា​មួយ​នឹង​ការ​ចោល​លំហ​បន្តិច​ដែល​គេ​តែង​និយម​ហៅ​ថា ខណ្ឌ ចុះ​បន្ទាត់​ឬ​ចោល​បន្ទាត់ និង​ចាប់​ដើម​បន្ទាត់ (នេះ​ជា​ការ​ប្រាប់​ដំណឹង​របស់​អ្នក​ហៅ​សរសេរ​តាម​សូត្រ )
១៣- ខណ្ឌចប់ ( ៕ )
    ជា​សញ្ញា​សម្រាប់​ដាក់​បញ្ចប់​អត្ថបទ ឬ​រឿង​មួយ​តែ​ត្រឹម​នេះពុំ​មាន​ត​សេចក្តី ឬ​រឿង​រ៉ាវ​ទៅ​មុខ​ទៀត​ឡើយ ។
១៤- អាទិសង្កេត ( . )
    គឺ​ជា​ចំណុច​មួយ​ដែល​ដាក់​ពី​មុខ​អក្សរ ដែល​គេ​សរសេរ​កាត់​ដូច​ជា ស.រ.អា. (សហរដ្ឋ​អាមេរិក), អ.ស.ប. (អង្គការ​សហរប្រជាជាតិ) គ.ជ.ប. (គណៈកម្មការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត) ​ជួន​កាល​គេ​ប្រើ​អាទិសង្កេត ដើម្បី​ដាក់​ពី​មុខ​លេខ​រៀង មាតិកា​ដែល​រៀប​រាប់​ចំណង​ជើង​រង (Sous-titre) ដូចជា ៖
    ១. មង្គល​ការ អបមង្គល
    ២. ស្វា​ស្អប់​ចេក ក្អែក​ស្អប់​ពង​មាន់
    ៣. ចង់​រត់​ចេញ​ពី​សង្គម...
    ជួន​កាល​ក្នុង​ករណី​ដូច​ខាង​លើ​នេះ គេ​ប្រើ​រជ្ជុ​សញ្ញា (-) ខ្លះ ៗ ​ដែរ ។
១៥- កុក្កុដនេត្រ ឬ ភ្នែក​មាន់ (៙)
    បុព្វក​វី​និពន្ធ​ខ្មែរ​ធ្លាប់​ប្រើ​សញ្ញា​នេះ សម្រាប់​ចាប់​ផ្តើម​សរសេរ​អត្ថបទ ឬ​សេចក្តី​រឿង​អ្វី​មួយ ដើម្បី​កំណត់​ទុក​ជា​ចំណុច​ចាប់​ផ្តើម ។ តែ​ពេល​បច្ចុប្បន្ន​នេះ អ្នក​និពន្ធ កវី​លែង​ប្រើ​សញ្ញា​នេះហើយ ។ ជា​ពិសេស​នៅ​ពេល​ចាប់​ផ្តើម​សរសេរ​កំណាព្យ នោះ​កវី​បុរាណ​យើង​ច្រើន​ប្រើ​សញ្ញា (៙) ដូច្នេះ ។ បច្ចុប្បន្ន​នេះ មាន​កវីសម័យ​ទំនើប​ខ្លះ​ក៏​ផ្តើម​ប្រើ​សញ្ញា​ផ្នែក​មាន់ ដែល​មាន​ក្បៀស​ពីរ​នេះ នៅ​ពេល​ចាប់​ផ្តើម​បើក​បទ​កំណាព្យ ។
១៦-ខណ្ឌបរិយោសាន ឬ គោ​មូត្រ (។៚)
    គឺ​ជា​សញ្ញា​យក​តាម​រូប​សណ្ឋាន​ដាន​នោម​គោ ដែល​នោម​ផង​ដើរ​ផង បណ្តាល​ឲ្យ​មាន​រាង​ក្ងិ​ក្ងក់​បែប​នេះ ហើយ​ខ្មែរ​បុរាណ​ក៏​សន្មត​យក​មក​ធ្វើ​ជា​សញ្ញា​ខណ្ឌ​បញ្ចប់ ដែល​ហៅ​តាម​ពាក្យ​បាលី​ថា “គោ​មូត្រ” គឺ​នោម​គោ​ដូច្នេះ​ទៅ ។ ចាស់​បុរាណ​លោក​ប្រើ​ខណ្ឌ​បរិយោ​សាន ឬ បរិយាន ឬ​គោ​មូត្រ​នេះ សម្រាប់​បញ្ជាក់​សេចក្តី​និយាយ​ពី​រឿង​រ៉ាវ​អ្វី​មួយ​ឬ​អត្ថបទ​ បទ​បាទ​បាលី​គាថា​ណា​មួយ ។ សព្វ​ថ្ងៃ​នេះ អ្នក​និពន្ធ​មួយ​ចំនួន បាន​ប្រើ​សញ្ញា​ពីរ​គឺ៖ ឬ​មួយ ៕ ឬ​មួយ ។៚ ។ ការ​​​​ប្រើ​គោមូត្រ​នេះ គឺ​ចង់​រក្សា​សម្បត្តិ​វប្បធម៌​ពី​បុរាណ​ឲ្យ​នៅ​គង់​វង្ស ។យើង​ឃើញ​អ្នក​កាសែត​មួយ​ចំនួន មាន​ប្រើ​សញ្ញា​គោ​មូត្រ​ផង​ដែរ ៕៚
១៧-អំពី​លេខ​ខ្មែរ
    តាំង​ពី​យូរ​មក​ហើយ ​ខ្មែរ​យើង​ប្រើ​លេខ ព្រម​ជា​មួយ​នឹង​ការ​បង្កើត​តួ​អក្សរ សម្រាប់​ចារឹក ​និង​កត់​ត្រា​​ហេតុ​ការណ៍​ផ្សេងៗ ។ លេខ​មាន​សារៈ​សំខាន់​ ជា​ពិសេស​ក្នុង​ការ​កត់​ត្រា​ចំនួន​លុយកាក់​ គោ​ក្របី ស្រែ​ភ្លឺ​ ខ្ញុំ​កំដរ... ។ កត់ត្រា អាយុ (ចំនួន​ឆ្នាំ) ដែល​ខ្លួន​រស់​នៅ​កត់​ត្រា​ចំនួន​ប្រាក់ ដែល​គេ​មក​ខ្ចី​បុល... ។
នៅ​ពេល​បច្ចុប្បន្ន លេខ​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​គណនា​លុយ​កាក់​ថវិកា​ចំណូល​ចំណាយ ។ ពិសេស​ស្ថាប័ន​ហិរញ្ញវត្ថុ, ស្ថាប័ន​សេដ្ឋកិច្ច, ធនាគារ, ពាណិជ្ជកម្ម ត្រូវ​ការ​ប្រើ​ប្រាស់​តួលេខ​ជា​ចម្បង​បំផុត ។ ព្រោះ​តែ “លេខ” មាន​តួនាទី​សំខាន់​នៅ​ក្នុង​សង្គម​នេះ​ហើយ ​ទើប​មាន​ពាក្យ​ស្លោក​មួយ​ឃ្លា​ចែង​ថា​៖​“សម្តីជាឯក ​លេខ​ជា​ទោ អក្សរ​ជា​ត្រី ” តាំង​ពី​សម័យ​ដើម​មក​ទល់​ពេល​នេះ ទម្រង់​បែប​ផែន​លេខ​ដែល​ខ្មែរ​យើង​ប្រើ​ប្រាស់​មាន៖
    ក/ លេខ​ទំនើប​ដែល​ខ្មែរ​យើង​ប្រើ​សព្វ​ថ្ងៃ​គឺ ៖
    0, ១, ២, ៣, ៤, ៥, ៦, ៧, ៨, ៩ ។
    ខ/ លេខ​អារ៉ាប់ ៖
    0, 1, 2, 3, 4, 5, 6, 7, 8, 9 ។
    ស្ទើរ​តែ​នៅ​លើ​សកល​លោក​ គេ​ប្រើ​លេខ​នេះ ទុក​ដូច​ជា​លេខ​អន្តរ​ជាតិ​ទៅ​ហើយ ។
    គ/ លេខ​ខ្មែរ​បុរាណ
    លេខ​ប្រភេទ​នេះ មាន​តែ​ពួក “ ហោរា ” (Astrologue) ប៉ុណ្ណោះ ​ដែល​ប្រើ​ក្នុង​ការ​ទស្សន៍​ទាយ ជោគ​តារាសី​ឲ្យ​មនុស្ស​ទូទៅ និង​ទស្សន៍​ទាយ​មើល​សុខ​ទុក្ខ, ​ព្រឹត្តិការណ៍, ទឹក​ភ្លៀង​ ឬ​កេណ្ឌ​ធារាសាស្រ្ត​ផលាផល​ប្រចាំ​ឆ្នាំ សម្រាប់​ចុះ​ផ្សាយ​ក្នុង​មហាសង្រ្កាន្ត ។ គេ​រាប់​លេខ​នេះ​ថា ៖ ឯក, ទោ, ត្រី, ចត្វា, បញ្ច, ឆ, ស័ប្ត, អដ្ឋ, នព, សំរិទ្ធិ ។ សូម​បង្ហាញ​ជូន​នូវ​រូប​សញ្ញា​នៃ​លេខ​ខ្មែរ​បុរាណ​ដូច​ខាង​ក្រោម ៖
៰, ៱, ៲, ៳, ៴, ៵, ៶, ៷, ៸, ៹ ។
    ឃ/​លេខ​រ៉ូម៉ាំង (Chiffre romain)
    លេខ​រ៉ូម៉ាំង ច្រើន​សរសេរ ៖
    ក-​ នៅ​លើ​មុខ​នាឡិកា​ប៉ោល​ព្យួរ​ជញ្ជាំង
    ខ- សម្រាប់​កត់​ត្រា ភាគ, ជំពូក, ផ្នែក, នៃ​អត្ថបទ ឯកសារ​សៀវភៅ​ផ្សេងៗ ។ខាងក្រោម​នេះ គឺ​រូប​សញ្ញា​តួនៃ​លេខ​រ៉ូម៉ាំង I, II, III, IV, V, VI, VII, VIII, IX, X [17]។
    នៅ​​​កម្ពុជា​យើង​ គេ​ប្រើ​ទាំង​អស់ លេខ​ទាំង​ប៉ុន្មាន​ដែល​បាន​បង្ហាញ​ជូន​ខាង​លើ ។ លើក​លែង​តែ​អស់​លោក​“ហោរា” ទេ ដែល​ប្រើ​លេខ​ខ្មែរ​បុរាណ ក្នុង​ការ​គណនា​ទស្សន៍ទាយ តាម​លេខ​អត្តៈ​ទស្សន៍​ទាយ ជោគ​ជតា​រាសី ។
១៨-ការ​ចុះ​កាល​បរិច្ឆេទ
    ការ​ចុះ​កាល​បរិច្ឆេទ​មាន​តួនាទី​សំខាន់​ជា​ចម្បង ព្រោះ​តាម​រយៈ​កាល​បរិច្ឆេទ គេ​អាច​ដឹង​អំពី​កាល​វេលា ​ដែល​ព្រឹត្តិ​ការណ៍​ប្រវត្តិសាស្រ្ត​នានា​បាន​កើត​ឡើង ។ ឧ. កាល​បរិច្ឆេទ​នៃ​ការ​ឡើង​សោយ​រាជ្យ​នៃ​ស្តេច​អង្គណាមួយ, កាល​បរិច្ឆេទ​នៃ​ការ​កសាង​ប្រាសាទ... កាល​បរិច្ឆេទ​នៃ​ជ័យ​ជម្នះ​របស់​ជាតិ​យើង ​ទៅ​លើ​គូស​ត្រូវ កាល​បរិច្ឆេទ​នៃ​ការ​ចាក​ចោល​ក្រុង​អង្គរ... កាល​បរិច្ឆេទ​នៃ​ការ​ផ្លាស់​ប្តូរ​រាជធានី ។ល។ នៅ​ក្នុង​គ្រួសារ​មួយ ​ការ​សាង​សង់​ផ្ទះ​ថ្មី ក៏​មាន​ចារឹក​កាល​បរិច្ឆេទ​ទុក​ជា​សម្គាល់ ​សម្រាប់​ឲ្យ​សមាជិក​គ្រួសារ​ជំនាន់​ក្រោយៗ​បាន​ដឹង​។ នៅ​តាម​ចេតិយ ម៉ុង​បញ្ចុះ​សព ក៏​គ្រួសារ​នីមួយៗ តែង​តែ​សរសេរ​ឈ្មោះ បុគ្គល​ជា​សាច់​ញាតិ​ដែល​ស្លាប់ ។
    - ការ​ចុះ​កាល​បរិច្ឆេទ​តាម​បែប​បុរាណ
ចាប់​ពីរវាង​សតវត្សទី១៦ រហូត​មក​ទល់​​​ដើម​សម័យ​ភ្នំ​ពេញ​បុព្វ​បុរស​យើង​ប្រើ​របៀប​ម្យ៉ាង​ សម្រាប់​ធ្វើ​ជា​រូប​មន្ត​នៃ​​ការ​ចុះ​កាល​បរិច្ឆេទ ។ គោល​សំខាន់​នៃ​រូប​មន្ត​នោះ គឺ​លោក​ដាក់​សញ្ញា​ខណ្ឌ (។) ទុក​ជា​គោល​សម្រាប់​ធ្វើ​ស្នូល​កណ្តាល ។ យើង​ឃើញ​ការ​ចុះ​កាល​បរិច្ឆេទ​របៀប​នេះ នៅ​លើ​ចេតិយ នៅ​លើ​សំណង់​ផ្សេងៗ ខាង​ពុទ្ធសាសនា ជា​ពិសេស យើង​ឃើញ​នៅ​គ្រប់​តែ​សន្លឹក​ខាង​ដើម​បំផុត ឬ​សន្លឹក​ចុង​បញ្ចប់​នៃ​សាស្រ្តា​សឹ្លក​រឹត ។ ឧទាហរណ៍៖ ថ្ងៃ​អង្គារ ១១ កើត ពិសាខ ព.ស. ២៥៤៩ គ.ស. ២០០៥ នោះ​គេ​សរសេរ​បែប​នេះវិញ ៖
                                                ព.ស. ២៥៤៩
            ៣ ᧫ ៦ ឆ្នាំ​មមែ           ____________
                                                គ.ស. ២០០៥
    នេះ​គឺ​ជារបៀប​ចុះ​កាល​បរិច្ឆេទបែប​សង្ខេប​ខ្លី ។ ខ្ញុំ​គ្រាន់​តែ​សូម​ជម្រាប​ថា ដើម្បី​ចេះ​ចុះ​កាល​បរិច្ឆេទ​របៀប​បុរាណ​នេះ គេ​ត្រូវ​ចេះ​ចាំ​ថ្ងៃ​ទាំង​ ៧ ឲ្យ​ស្ទាត់ គឺ ​អាទិត្យ (លេខ១) ច័ន្ទ (លេខ២) អង្គារ (លេខ៣) ពុធ (លេខ៤) ប្រហស្បតិ៍ (លេខ៥) សុក្រ (លេខ៦) សៅរ៍ (លេខ៧) ។ រួច​ហើយ​ត្រូវ​ចេះ រាប់​ខែ​ចន្ទគតិ​ឲ្យ​ស្ទាត់ ​ដោយ​ដាក់​លេខ​ឲ្យ​ខែ​នីមួយៗ​ផង​គឺ៖ មិគសិរ (លេខ១) បុស្ស (លេខ២) មាឃ (លេខ៣) ផល្គុន (លេខ៤) ចេត្រ (លេខ៥) ពិសាខ (លេខ៦) ជេស្ឋ (លេខ៧) អាសាឍ (លេខ៨) ស្រាពណ៍ (លេខ៩) ភទ្របទ (លេខ១០) អស្សុជ (លេខ១១) កត្តិក (លេខ១២) ។​ ការ​គិត ​ខ្នើត​ រនោច គឺលោក​កំណត់​ឲ្យ​ដាក់​ខ្នើត​នៅ​ខាង​លើ​សញ្ញា​ខណ្ឌ, ឲ្យ​ដាក់​រនោចនៅ​ខាង​ក្រោម​សញ្ញាខណ្ឌ ។ ឧទាហរណ៍ ៖ ថ្ងៃ​សៅរ៍ ៣ រោច ខែ អាសាឍ គ.ស. ២០០១ ព.ស. ២៥៤៨ ត្រូវ​សរសេរ​ដូច​ខាង​ក្រោម ៖​
                                    ព.ស. ២៥៤៨
            ៧᧳៨ ​ឆ្នាំ​ឆ្លូវ     ____________
                                    គ.ស. ២០០៤
១៩-អំពី​ទម្រង់​ផ្សេងៗ ​នៃ​អក្សរ​ខ្មែរ ( Les différents types de caractères Khmers )
    អក្សរ​ខ្មែរ មាន​ទ្រង់​ទ្រាយ​ច្រើន​បែប, មាន​ដូច​ជា ៖
    ក/ អក្សរ​ជ្រៀង (Ecriture penchée) ៖
    អក្សរ​ជ្រៀង​ គឺ​ជា​អក្សរ​ដៃ (manuscrit) មាន​ជំហរ​រាង​ទ្រេត​ទៅ​មុខ ។
    ខ/​ អក្សរ​ត្រង់ (Eeriture droite)
    គឺ​ជា​ទម្រង់​អក្សរ ​ដែល​គេ​សរសេរ​ ឲ្យ​មាន​ជំហរ​ត្រង់​ ទៅ​លើ​តាម​ទំនង​បន្ទាត់​បញ្ឈរ (vertical) ។
ប៉ុន្តែ គេ​កម្រ​ឃើញ​ទម្រង់​អក្សរ​ សរសេរ​ទ្រេត​​ទៅ​ខាង​ឆ្វេង​ណាស់ (ទ្រេត​ទៅ​ក្រោយ) ។
    គ/ អក្សរ​មូល[18]
    អក្សរ​មូល គឺ​ជា​ប្រភេទ​អក្សរ ដែល​មាន​ទម្រង់​មូល ។ គេ​ច្រើន​សរសេរ​អក្សរ​មូល ​នៅ​ក្នុង​សៀវភៅ​ធម៌ ជា​ភាសា​បាលី ឬ សំស្រ្កឹត ។ ម្យ៉ាង​ទៀត ការ​សរសេរ​មន្ត​អាគមគាថា លើ​កន្សែង​យ័ន្ត​លើ​អាវ​តេជះ សាក់​លើ​ខ្លួន​ប្រាណ, ក៏​គេ​និយម​ប្រើ​អក្សរ​មូល​ដែរ ។ នៅ​ទូទាំង​ស្រុក​សៀម(ថៃ) កាល​ណា​គេ​សរសេរ​បាលី​គាថា​ មន្ត​អាគម​ គឺ​គេ​សរសេរ​អក្សរ​មូល​ខ្មែរ​ទាំង​អស់ ។ គេ​និយម​យល់​ថា កាល​ណា​គេសរសេរ​អក្សរ (​សៀម) នៅ​លើ​យ័ន្ត​ មន្ត​អាគម​គាថា នោះ​មិន​ពូកែ​សក្តិសិទ្ធិ ​ដូច​សរសេរ​អក្សរ​មូល​ខ្មែរ​ទេ ។
ករណី​លើក​លែង
    ប៉ុន្តែ​ដោយ​ឡែក ហើយ​នេះ​ជា​ករណី​ពិសេស ដែល​ជា​ទម្លាប់​របស់​ខ្មែរ​យើង​ស្រាប់​ផង នៅ​លើ​ស្លាក (Enseigne) យីហោផ្ទះ​ជំនួញ ស្លាក​របស់​មន្ទីរ​ក្រសួង​នានា ឈ្មោះ​ចំណង​ជើង​សៀវភៅ​ឈ្មោះ​អ្នក​និពន្ធ... នោះ​គេ​ច្រើន​តែ​សរសេរ​អក្សរ​មូល​ផង​ដែរ ។ ឧទាហរណ៍ ៖
រោង​ចក្រ​ម៉ុង​ហួត, ក្រសួង​ឧស្សាហកម្ម រ៉ែ និង ថាម​ពល, វចនានុក្រម​បារាំង-ខ្មែរ ដោយ​លោក តិប យក់, ថាវ-គន្ធ សម ថាំង​... ។ល។

ឃ/ អក្សរ​ខម[19]

    អក្សរ​ខម​នេះ មាន​ទម្រង់​ទ្រង់​ទ្រាយ​មូល ​ប្រហាក់​ប្រហែល​នឹង​អក្សរ​មូល​ដែរ ប៉ុន្តែ​មាន​ចំណុច​ប្លែក​គ្នា​ខ្លះៗ ដូច​ជា៖
    -អក្សរ “ក” មាន​ពីរ​ជាន់ ជើង​បី​បែប​នេះ “ក” ។
    -គ្រប់​តួ​អក្សរ ច្រើន​តែ​មាន​ងៀង​ជ្រុង​បន្តិច ​នៅ​ត្រង់​ចុង​មុម​ ។
    -អក្សរ “ឞ ” មាន​បន្ទាត់ វះ​ពោះ​ភ្ជាប់​ពី​ម្ខាង​ដល់​ម្ខាង “ម”[20] ។
    -ស្រៈ “ ែ ” មាន​ទម្រង់​បែប​នេះ “ែ”[21]
    គេ​ប្រើ​សរសេរ​អក្សរ ​ខម ប្រហាក់​ប្រហែល​គ្នា​នឹង​អក្សរ​មូល​ដែរ តែ​មិន​សរសេរ​ក្នុង​យ័ន្ត គាថា​ទេ ។ គេ​ច្រើន​សសេរ​ចុះ​ចំណង​ជើង​សៀវភៅ , ចំណង​ជើង​អត្ថបទ , ឈ្មោះ​ជំពូក, វគ្គ, ផ្នែក​នៃ​សៀវភៅ​មួយ ។ ដោយ​ចង់​ថែរក្សា​ទម្រង់​អក្សរ​ បន្សល់​ទុក​មក​ដោយ​បុព្វបុរស​ខ្មែរ គេ​ចម្លង​គំរូ​អក្សរ​ខម​នេះ ពី​សិលាចារឹក ក្រោយ​អង្គរ​ខ្លះ ពីសាស្រ្តា​ស្លឹក​រឹត​ខ្លះ រក្សា​ទុក​ជា​កេរមត៌ក​ខាង​អក្សរ​សាស្រ្ត កុំ​ឲ្យ​បាត់​បង់ ។
២០-ការ​ប្រើ​ឈ្មោះ​ខែ​តាម​បែប​បារាំង
    តាំង​ពី​ប្រទេស​យើង​​​ឋិត​នៅ​ក្រោម​រដ្ឋការ​អាណា​ព្យាបាល​បារាំង​មក ក្រៅ​ពី​ប្រើ​កាល​បរិច្ឆេទ​តាម​បែប​ចន្ទគតិ ខ្មែរ​យើង​ប្រើ​កាល​បរិច្ឆេទ​បែប​សុរិយ​គតិ​តាម​បារាំង ព្រោះ​រដ្ឋការ​របស់​បារាំង​និង​ខ្មែរ​យើង​ មាន​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ជា​ប្រចាំ ។ ម្យ៉ាង​ទៀត​ឥទ្ធិពល​បារាំង ទាំង​នយោបាយ ​និង​វប្បធម៌ តែង​តែ​គ្រប​សង្កត់​មក​លើ​យើង​ជា​និច្ច ។ សូម​ជម្រាប​បញ្ជាក់​ថា បារាំង​ពុំ​មាន​ប្រើ​ឈ្មោះ​​ឆ្នាំ ជូត, ឆ្លូវ, ខាល, ថោះ, រោង.... ដូច​យើង​ទេ គឺ​គេ​ប្រើ​ឆ្នាំ​តាម​គ្រិស្តសករាជ ។
ឧទាហរណ៍៖
    គ្រិស្តសករាជ ២០០៧ ។ ក្រៅ​ពី​ប្រើ​ឆ្នាំ​តាម​គ្រិស្ត​សករាជ បារាំង​ប្រើ​ខែ​សុរិយគតិ​ដូច​ជា Janvier (ហ្សង់​វី​យេ), Février (ហ្វេ​វ្រីយេ), Mars (ម៉ាស់), Avril (អាវ្រីល), Mai (ម៉េ), Juin (យូវ៉ាំង), Juillet (ស៊ូយ៉េត), Août (អ៊ូត), Septembre (សេបតមប្រិ៍), Octobre (អុកតូប្រិ៍), Novembre (ណូវ៉មប្រិ៍) និង Décembre (ដេសម​ប្រិ៍) ។
ក្រោយ​មក ក្នុង​រវាង​បណ្តា​ឆ្នាំ ទសវត្ស​ទី​៦០ គណៈកម្មការ​វប្បធម៌​ជាតិ បាន​បង្កើត​ឈ្មោះ ខែ​សុរិយគតិ​ទាំង​១២ ជា​ភាសា​បាលី​ជំនួស​ខែ​សុរិយគតិ​បារាំង ​ដូច​ខាង​ក្រោម​នេះ ៖
១- Janvier = យ៉ាំង​វី​យេ = មករា ២- Février = ហ្វេ​វ្រីយេ = កុម្ភៈ ៣- Mars = ម៉ារ្ស = មីនា ៤-Avril =អាវ្រីល= មេសា ៥- Mai = ម៉េ = ឧសភា៦- Juin = យូវ៉ាំង = មិថុនា ៧- Juillet = ស៊ូយេត= កក្កដា ៨- Août = អ៊ូត = សីហា ៩- Septembre =សេបតមប្រិ៍=កញ្ញា​ ១០- Octobre = ឧកតូប្រិ៍=តុលា ១១- Novembre=ណូវ៉មប្រិ៍=វិច្ឆិកា ១២- Décembre= ដេសមប្រិ៍ =ធ្នូ  ។
    នេះ​ជា​ដំណាក់​កាល​នៃ​ការ​វិវត្តន៍​របស់​ភាសា​ និង​អក្សរ​សាស្រ្ត​ខ្មែរ​យើង​ ក្នុង​ជំហាន​ថ្មី​មួយ​ទៀត ។ ប៉ុន្តែ សូម​ជម្រាប​ថា ឈ្មោះ​ខែ​ថ្មី​របស់​ខ្មែរ​យើង ​ដែល​យក​មក​ជំនួស​ខែ​សុរិយគតិ​បារាំង​(ឬសកល) នេះពុំ​អាច​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​ផ្នែក​ហោរាសាស្រ្ត​សម្រាប់​ទស្សន៍ទាយ ជោគ​ជតារាសី ​គ្រោះ​កាច ​គ្រោះ​ជា... បាន​នោះ​ឡើយ ។ ហោរា​ខ្មែរ​នៅ​តែ​ប្រើ​ខែ​ខាង​ចន្ទគតិ ​សម្រាប់​គន់​គូរ​ដដែល​ដូច​ជា
                        -មិគសិរ= លេខ ១                    -ជេស្ឋ =​ លេខ ៧
                        -បុស្ស = លេខ ២                     -អាសាឍ = លេខ ៨
                        -មាឃ= លេខ ៣                      -ស្រាពណ៍= លេខ ៩
                        -ផល្គុន = លេខ ៤                    -ភទ្របទ = លេខ ១០
                        -ចេត្រ = លេខ ៥                     -អស្សុជ = លេខ ១១
                        -ពិសាខ = លេខ ៦                   -កក្តិក = លេខ ១២

ពាក្យ​អញ្ញត្រ​ស័ព្ទ
(Les mots exceptionnels)
                                                 
    គឺជា​ពាក្យ​មាន​លក្ខណៈ​ពិសេស ខុស​ប្លែក​ពី​ពាក្យ​ឯ​ទៀតៗ​ដោយ​ អក្ខរាវិរុទ្ធ​មិន​ចំណុះ​និង​សូរ​សំឡេង។
ឧទាហរណ៍
-​អ្នក= អាន​ថា =“នាក់” សរសេរ​ជា អ + ្ន + ក=អនក=អ្នក=នាក់ ។
-អញ=អានថា =“អាញ់” សរសេរ​ជា =អញ ។
-(ខាង)លិច(ទិស) អានថា=​“ឡិច” សរសេរ​ជា =លិច ទិស​ដែលព្រះ​អាទិត្យ​លិច ។
-មាតា=អាន​ថា =“មាដា” សរសេរ​ជា =មាតា= ត> ដ; បាលី​មាតា(មា+តា) អាន​ជា​សំឡេង​ខ្មែរ=​ម៉ែ ។
-មណ្ឌប. ន. អានថា មាន់​ដប់ = វិមាន, រោង ។
-ភ្នំ​ព្រះ​សុមេរុ = អាន​ថា “ព្រះ​សុម៉ែ” ភ្នំ​ខ្ពស់​ជាង​គេ​ក្នុង​លោក ។
-ខេត្ត = អាន​ថា “ខែត” មក​ពី​បាលី ខេត្ត=​ស្រែ ។
-វិសេស= អានថា “វិសែស” មក​ពី​បាលី វិសេស=​ ភាព​ប្លែក ។
-សេពគប់= អាន​ថា “សែបគប់” ទាក់​ទង​រាប់​រក; បាលី​ក្លាយ​ខ្មែរ ។
-តេមិយៈ= អាថា “ឌីម៉ែ​ ឬ ព្រះ​ឌីម៉ែ” រឿង​ទី​ ១ ​ក្នុង​ទសជាតក; ... ។
-តេជោ= អានថា “ដែជោ” មក​ពី​បាលី “តេជ”= អំណាច ។
-បណ្ឌិត=ហៅ​ក្លាយ​ជា “អន្ទិត” មក​ពី​ពាក្យ​បាលី=​ជន​អ្នក​មាន​ប្រាជ្ញា ។​
-បេតី= អាន​ថា “ប៉ែតី”, ក្លាយ​មក​ពី​ “បីតិ” ។
-ចេតិយ= អាន​ថា “ចែដី” មក​ពី​ពាក្យ​​បាលី=​ទីដែល​គេ​គោរព​បូជា ។
-ចេស្តា= អានថា “ចែស្តា” មក​ពី​សំស្រ្កឹត=សង្វាត​ប្រឹង​ប្រែង ។
-ចេតនា= អាន​ថា “ចែតាណា” មក​ពី​បាលី​= ផ្តួច​គិត,​ ផ្តោត​ចិត្ត ។
-ព្រះ​ធរណី= អានថា “ព្រះធរនី” មក​ពី​បាលី​,សំស្រ្កឹត= ផែន​ដី[22] ។
-ប្រពៃណី= អានថា “ប្រពៃនី[23]” មក​ពី​បាលី= ទំនៀម, ពូជពង្ស ។
-អនុលោម= អានថា “អនុឡោម” មក​ពី​បាលី=​ បណ្តោយ​តាម, យល់​តាម ។
ខ្ញុំ​ស្រង់​ពាក្យ “អញ្ញត្រស័ព្ទ” ខ្លះៗ​ប៉ុណ្ណេះ​ យក​បង្ហាញ​ជូន​អស់​លោក ​គ្រាន់​បាន​ជា​គំរូ​ប៉ុណ្ណោះ ។ នៅ​មាន​ពាក្យ​ប្រភេទ​នេះ​ច្រើន​ទៀត ។ សូម​អស់​លោក​ជួយ​ស្រាវ​ជ្រាវ​បន្ថែម តាម​ការ​គួរ ។
សង្កេត ៖ ក្នុង​ចំណោម​អញ្ញត្រ​ស័ព្ទ​ទាំង​អស់​នេះ យើង​សង្កេត​ ឃើញ​មាន​លក្ខណៈ​ពិសេស ៥ យ៉ាង​គឺ ៖
    ១-ពាក្យ​ទាំង​នេះ​ ច្រើន​តែ​ក្លាយ​មក​ពី​ពាក្យ​បាលី​ និង​សំស្ក្រឹត ។
    ២-យក​សំឡេង “ ដ ” មក​ជំនួស សំឡេង “ ត ” ; ឧ. បីដា ‹​ បិតា​ ។
    ៣-យក​ស្រៈ “ ែ ” មក​ជំនួស​ស្រៈ “ េ ” ឧ. ចែដី ‹​ ចេតិយ ។
    ៤-យក​ព្យញ្ជនៈ​សំឡេង “ អ៊ ” មក​ជំនួស​ព្យញ្ជនៈ​សំឡេង “ អ ” ; ឧ. ព្រះ​ធរនី ‹​ ព្រះ​ធរណី, ប្រពៃនី ‹​ ប្រពៃណី ។
    ៥-យក្យ​ព្យញ្ជនៈ​សំឡេង “ អ ” មក​ជំនួស​ព្យញ្ជនៈ​សំឡេង “ អ៊ ” ឧ.ទិស​ខាង​ឡិច ...។ បាតុ​ភូត​អញ្ញត្រ​ស័ព្ទ​ គឺ​ជា “សោភ័ណ​ភាសា” ដែល​ទាំង​អ្នក​អក្សរ​សាស្រ្ត​ ទាំង​មហាជន​ព្រម​ព្រៀង​គ្នា​ប្រឌិត​ឡើង សម្រាប់​សម្រួល​ការ​និយាយ​ស្តី ឲ្យ​ស្រួល​មាត់ ។ រីឯការ​សរសេរ​វិញ​ ត្រូវ​តែ​គោរព​អក្ខរាវិរុទ្ធដោយ​អនុលោម​ទៅ​តាម​ជាតិ​សព្ទ​(Etymologie) របស់​ពាក្យ ។
២១- អក្ស​រ​កាត់
    នៅ​ក្នុង​ការ​សរសេរ​អត្ថបទ​ផ្សេងៗ ជួន​កាល​គេ​សរសេរ​ពាក្យ​នៅ​ក្នុង​ឃ្លា​ណា​មួយ​ដោយ​ប្រើ​ពាក្យ​ពេញលេញ​ទាំង​ ស្រុង​តែ​ម្ដង ។ ឧ. អង្គការសុខភាព​ពិភពលោក (O.M.S.) ។
    ជួន​កាល​ក្នុង​កាលៈទេសៈ​ខ្លះ​ទៀត ដោយ​គេ​ចង់​ចំណេញ​ពេល ចំណេញ​ក្រដាស គេ​តែង​តែ​រិះរក​វិធី​បំព្រួញ​សង្ខេប​ពាក្យ​ពេញលេញ​នោះ​ឲ្យ​ខ្លី ប៉ុន្តែនៅ​តែ​រក្សា​បាន​អត្ថន័យ​ខ្លឹមសារ​វា​ទាំង​ស្រុង​ដដែល ។
    ឧ. អង្គការសហប្រជាជាតិ ​រួម​មក​នៅ​ត្រឹម អ. ស. ប.
    សហរដ្ឋ​អាមេរិក ​ ស. រ. អា.
    គណកម្មាធិការ​ជាតិ​ភាសាខ្មែរ គ. ជ. ភ. ខ.
    សេចក្ដី​ជូន​ដំណឹង ស. ជ. ណ.
វិធី៖ គេ​ជ្រើស​យក​ព្យញ្ជានៈ​​ក្នុង​ពាក្យ​ណាមួយ​ធ្វើ​ជា​គោល​ ។ ពាក្យ​គោល​នៅ​ក្នុង​ឃ្លា​ណាមួយ​នោះ​ ត្រូវ​បាន​កំណត់​ជ្រើសរើស​យក​មក​ដាក់​តម្រៀប​ជា​បន្តបន្ទាប់​រហូត​ដល់​អស់​ ពាក្យ​គោល ដូច​មាន​បញ្ជាក់​ជូន​នៅ​ក្នុង​ឧទាហរណ៍​ខាង​លើ​ស្រាប់ ។ ​
២២- ឋានៈរបស់​ពាក្យ
    ក/​ ចំពោះ​ព្រះសង្ឃ​ និង​ព្រះ​រាជា
    ដើម្បី​រាប់​កំណត់​ចំនួន​ ព្រះ​រាជា​នោះ គេ​ប្រើ​ពាក្យ​ភ្ជាប់​ថា “អង្គ” ៖
    ឧ. ​ព្រះ​មហាក្សត្រា ក្សត្រី យាង​ចូល​ប្រថាប់​ក្នុង​រាជរោង​មាន ១៧ អង្គ​ ។
    ដើម្បី​កំណត់​ចំនួន​ព្រះសង្ឃ​ គេ​ប្រើ​ពាក្យ​ភ្ជាប់​ថា “អង្គ” ៖
    ឧ.ក្នុង​ពិធី​ចម្រើន​ព្រះ​បរិត្ត​បុណ្យ​ទក្ខិណា​នុប្បទាន​នេះ គេ​និមន្ត​ព្រះសង្ឃ ១០ “អង្គ” ។
បញ្ជាក់ ៖ ពាក្យ​សង្ឃស័ព្ទ និង​រាជស័ព្ទ ​មួយ​ចំនួន គឺ​ជាន់​គ្នា​តែ​មួយ​ប្រើ​ពាក្យ​ដូច​គ្នា ដូច​ករណី​ខាង​លើ​ជា​ភស្តុតាង​ស្រាប់ ។ ព្រះរាជា​ឈឺ​ និង​ព្រះ​សង្ឃឈឺ គេ​អាច​ហៅ​ថា “ អាពាធ ” ដូច​គ្នា​បាន​ តែ​ចំពោះ​ព្រះ​រាជា​ មាន​ពាក្យ​ម្យ៉ាង​ទៀត​ថា “ ប្រឈួន ” ។
ខ្មែរ​យើង​ប្រើ​ពាក្យ​ពិសេសៗ ​សម្រាប់​តម្រូវ​នឹង​ឋានៈ​មនុស្ស​ក្នុង​សង្គម ។ ដូច្នេះ ​ព្រះ​សង្ឃ និង​ព្រះរាជា ជា​ជន​មាន​ឋានៈ​ខ្ពស់​ក្នុង​សង្គម ដែល​គេ​អាច​សន្មតថា ជា “ ឧត្តមភេទ” ដូច្នេះ​ត្រូវ​តែ​មាន​ពាក្យ​ខ្ពង់​ខ្ពស់​យក​មក​ប្រើ​ ឲ្យ​ត្រូវ​ទៅ​តាម​ឋានៈ​នាទី ក្នុង​សង្គម​ដូច​ជម្រាប​ខាង​លើ ។
    ខ/ ចំពោះ​មនុស្ស​ដែល​មាន​ឋានន្តរសក្តិ​ខ្ពង់​ខ្ពស់
    ដើម្បី​កំណត់​ចំនួន​មនុស្ស​មាន​យសសក្តិ​ខ្ពង់​ខ្ពស់​វិញ​  គេ​ប្រើ​ពាក្យ “រូប” ៖
    ឧ. នៅ​ក្នុង​ពិធី​សម្ពោធ​ការដ្ឋាន​ នៅ​ខេត្ត​កំពង់​ចាម មាន​អស់​លោក​រដ្ឋមន្រ្តី តំណាង​រាស្រ្ត ចូល​រួម​ប្រមាណ ៣០ រូប ។
    គ/ ចំពោះ​មនុស្ស​សាមញ្ញ​ធម្មតា
    ក្នុង​ការ​រាប់​កំណត់​ចំនួន​មនុស្ស​សាមញ្ញ​ធម្មតា ​គេ​ភ្ជាប់​ពាក្យ​ “នាក់” ៖
    ឧ. នៅ​ក្នុង​ពិធីបុណ្យ​ សុំ​ទឹក​ភ្លៀង​នៅ​ទី​ទួល​អ្នក​តា​ដើម​ពោធិ៍ មាន​មនុស្ស​ប្រុស​​ស្រី ក្មេង​ចាស់​ចំនួន​ប្រមាណ​ជាង​៥០០ នាក់ ចូល​រួម ។
ឃ/ ចំពោះ​សត្វ​ទូទៅ
    ក្នុង​ការ​គិត​គន់​គណនា​ចំនួន​សត្វ​ទូទៅ គេ​តែង​ប្រើ​ពាក្យ “ក្បាល” ៖
    ឧ. គេ​ពិឃាត​គោ ​និង​ជ្រូក​អស់​ចំនួន ៤ ក្បាល ។
    -តែ​ដោយ​ឡែក​, បើ​ចំពោះ​សៀវភៅ​វិញ​ ក៏​គេ​ហៅ​ថា “ក្បាល” សៀវភៅ ១០ ក្បាល (ដែរ)​ ។
    ង/ ចំពោះ​វត្ថុ​ផ្សេងៗ
    -ផ្ទះ គេ​ប្រើ​ពាក្យ “ ខ្នង ” យក​មក​ភ្ជាប់​ពី​ក្រោយ ឧ. ផ្ទះ ៣ ខ្នង ។
    -អិដ្ឋ គេ​ប្រើ​ពាក្យ “ ដុំ ” យក​មក​ភ្ជាប់​ពីក្រោយ ឧ. អិដ្ឋ ២០០​ ដុំ ។
    -ក្បឿង គេ​ប្រើ​ពាក្យ “ សន្លឹក ” យក​មក​ភ្ជាប់​ពីក្រោយ ឧ.ក្បឿង ​៥០០០​ សន្លឹក  ។
    -សង្កសី គេ​ប្រើ​ពាក្យ “ សន្លឹក ” យក​មក​ភ្ចាប់​ពី​ក្រោយ ឧ. ស័ង្កសី ៧០ សន្លឹក ។
    -ក្តារ គេ​ប្រើ​ពាក្យ “ សន្លឹក ” យក​មក​ភ្ជាប់​ពី​ក្រោយ ឧ. ក្តារ​ ១៨០​ សន្លឹក ។
    -ក្រដាស គេ​ប្រើ​ពាក្យ “ សន្លឹក ” យក​មក​ភ្ជាប់​ពីក្រោយ ឧ. ក្រដាស ​១០០០ សន្លឹក ។
    -គ្រឿង​ឈើ​ធ្វើ​សំណង់ គេ​ប្រើ​ពាក្យ “ ផ្លាន ” យក​មក​ភ្ជាប់​ពី​ក្រោយ រនូត, រត, ប្រម៉េ, ផ្ទោង ៤០ ផ្លាន ។
    -រថយន្ត, កប៉ាល់,​ទូក គេ​ប្រើ​ពាក្យ “ គ្រឿង ” យក​មក​ភ្ជាប់​ពី​ក្រោយ ​ឧ. រថយន្ត​ ៣ គ្រឿង ។ ឧ. កប៉ាល់ ២ គ្រឿង ។ ​ឧ. ទូក ៥ គ្រឿង ។
    ច/ ចំពោះ​រុក្ខជាតិ
    ដំណាំ​ដើម​ឈើ​ធំៗ គេ​ប្រើ​ពាក្យ “ ដើម ” យក​មក​ភ្ជាប់​ពី​ក្រោយ ៖
    ឧ. ខ្នុរ ៣០ ដើម ដូង ៥០ ដើម ។
    ឆ/ ចំពោះ​សត្វ​ទូទៅ
    ដើម្បី​រាប់​កំណត់​ចំនួន​សត្វ​សម្រាប់​ទឹម, គេ​តែង​យក​ពាក្យ​ “ នឹម” មក​ភ្ជាប់​ពី​ក្រោយ ។
    ជ/ ចំពោះ​ដំណាំ​វារ, ទ្រើង​តូច​តាច
    ដើម្បី​គណនា​ចំនួន​ដំណាំ​ប្រភេទ​នេះ គេ​ប្រើ​ពាក្យ “គុម្ព”​មក​ភ្ជាប់​ពីក្រោយ ៖
    ឧ. កសិករ​គំរូ​នៅ​ភូមិ​សំរោង​ បាន​ដាំ​ដំណាំ​បន្លែ​ជា​ច្រើន​ សម្រាប់​លក់​ និង​សម្រាប់​បរិភោគ​ក្នុង​គ្រួសារ​ដូច​ជា ៖
    -ត្រឡាច ២០ គុម្ព ។
    -ស្ពៃ​ខ្មៅ ១០០ គុម្ព ។
    -ខាត់​ណា ៥០ គុម្ព ។
    ឈ/ ចំពោះ​ដំណាំ​យក​ស្លឹក, ផ្លែ, ជាវល្លិ៍
    ក្នុង​ការ​គណនា​រាប់​ដំណាំ​ប្រភេទ​នេះ គេ​ប្រើ​ពាក្យ “ជន្លង់”​ពី​ខាង​ក្រោយ ៖
    ឧ. ពូ​ឡាយ​ ហាក់​ ដែល​មានចម្ការ​ប្រភេទ​ដី​ក្រហម, គាត់​ដាំ​ម្រេច​៥០០ ជន្លង់ ដី​មួយ​ងារ​នៅ​ខាង​ក្រោយ​ផ្ទះ, គាត់​ដាំ ម្លូក្រហម ២០ ជន្លង់​ ។
    ញ/ ចំពោះ​សម្លៀក​បំពាក់​ ឬ​វត្ថុ​ផ្សេងៗ​ទៀត
    បើ​រាប់​ខោ​មួយ អាវ​មួយ ឬ​សំពត់​មួយ ​អាវ​មួយ, គេ​ថា “ប្រដាប់” ៖
    -គឺ​ខោ​អាវ​, សំពត់​អាវ ១ ប្រដាប់ ។
    -ឬ​ខោ​អាវ ១ កុំ​ប្លេ ។
    -បើ​រាប់​ ឬ​គណនា​សំពត់ គេ​ប្រើ​ពាក្យ​ “ក្បិន” គឺ សំពត់ ១ ក្បិន ។
    -បើ​រាប់​កំណត់​ទំហំ​ល្មម​ កាត់​ខោ​អាវ​បាន​គេ​ថា“អាវ” ឧ. កំណាត់ ១ អាវ ។
    -បើ​រាប់​គណនា​ស្បែក​ជើង, គេ​ប្រើ​ពាក្យ “សម្រាប់” ឧ. ស្បែក​ជើង ​១ សម្រាប់ ។
    -បើ​រាប់​គណនា​សង្រែក, គេ​ប្រើ​ពាក្យ “សម្រាប់” ឧ. សង្រែក​ ១ សម្រាប់ ។
    -បើ​រាប់​គណនាចង្កឹះ, គេ​ប្រើ​ពាក្យ “គូ” ឧ. ចង្កឹះ ១ គូ ។
    -បើ​រាប់​ ឬ​គណនា​ខ្សែ​វិញ គេ​ភ្ជាប់​ពាក្យ “កន្ទុយ” ពីខាង​ក្រោយ ឧ. ខ្សែ​គោ ១ កន្ទុយ ។
    -បើ​រាប់ ​ឬ​គណនា​ចាន​វិញ​ គេ​ភ្ជាប់​ពាក្យ “ស្រាក់ ​ឬ​ឡូ” ពី​ខាង​ក្រោយ ៖
    ឧ. ចាន ១ ស្រាក់ ឬ ចាន ១ ឡូ ។
    ដ/ ចំពោះ​ផ្លែ​ឈើ
    បើ​រាប់ ​ឬ​គណនា​ផ្លែ​ឈើ, គេ​ភ្ជាប់​ពាក្យ ជា​ច្រើន​ប្រភេទ​ដូច​ខាង​ក្រោម ៖
    -បើ​ផ្លែ​ឈើ ៤ គេ​ថា ផ្លែ​ឈើ “១ ដំប” ។
    -បើ​ផ្លែ​ឈើ ៤០ គេ​ថា ផ្លែ​ឈើ “១ ផ្លូន” ។
    -បើ​ផ្លែ​ឈើ ៤០០ គេ​ថា ផ្លែ​ឈើ “១​ ស្លឹក” ។
    របៀប​រាប់​សំណាប​ ដែល​ដក​ចង​ជា​កណ្តាប់​បម្រុង​យក​ទៅ​​ស្ទូង​ ក៏​គេ​គិត​ជា “ដំប”, “ផ្លូន”, “ស្លឹក”, ដូច​ផ្លែ​ឈើ​ដែរ ។
    -បើរាប់​ផ្លែ​ស្លា គេ​គិត​ជា “ដៃ” ក្នុង ១ ​ដៃ​មាន ១០ ផ្លែ (ស្លា) ។​
    -បើ​រាប់​ម្លូ គេ​គិត​ជា “ស្នើ” ក្នុង​១​ស្នើ មាន ១០ សន្លឹក (ម្លូ) ឬ​គេ​គិត​ជា “ត្របក” ក្នុង ១ ​ត្របក​មាន ២០ សន្លឹក (ម្លូ)​ ។
    -បើ​រាប់​ដូង គេ​គិត​ជា “ធ្លាយ” គឺ​ចង្កោម​ផ្លែ​ដូង​ដែល​ចេញពី​ ទង​មួយ ។
    -បើ​រាប់​ស្លា គេ​គិត​ជា “ស្មែង” គឺ​ចង្កោម​ផ្លែ​ស្លា​ដែល​ចេញពី​ទង​មួយ ៖
    ឧ. ដូង ១ ធ្លាយ, ស្លា ១ ស្មែង ។
    -បើ​រាប់​សម្លៀក​បំពាក់ ដែល​គេ​វេច គេ​ហៅ​ថា ១ ឬ ២ បង្វេច ។
    -បើ​រាប់​សម្លៀក​បំពាក់ ដែល​គេ​វេច​ល្មម​ស្ពាយ​បាន​ គេ​ហៅ​ថា ១ ឬ ២ សម្ពាយ ។
    -បើ​របស់​អ្វី​ដែល​គេ​យក​មក​ឆ្វាយ​បានគេ​ហៅ​ថាខ្សែ​មួយចង្វាយ​ ។
    -បើ​របស់​អ្វី​ដែល​គេ​យក​មក​យួរ​បាន គេ​ហៅ​ថា មួយ​យួរ ។​
    ឋ/ ការ​វាស់​ពេល​វេលា​តាម​បែប​បុរាណ
    កាល​ដើម​ឡើយ ខ្មែរ​យើង​ពុំ​ទាន់​មាន​វិធី ឬ​ឧបករណ៍​សម្រាប់​វាស់​ពេល (លម្អិត​ខ្លី) ដូច​គ្រា​បច្ចុប្បន្ន​ឡើយ ។ ហេតុ​នេះ​ ចាស់​បុរាណ លោក​កំណត់​ពេល​វែង​ខ្លី​តាម​រយៈ​ការ​បង្កើត​ពាក្យ​ផ្សេងៗ ហើយ​ពាក្យ​ខ្លះ នៅ​តែ​ប្រើ​រហូត​មក​ទល់​សព្វ​ថ្ងៃ ​មាន​ដូច​ជា ៖
    • យាម៖ ក្នុង​ ២៤ ម៉ោង លោក​ចែក​ជា ៦ ឬ ៨ យាម ក្នុង​មួយយាមៗ មាន​ប្រមាណ​ពី ៣ ម៉ោង ទៅ ៤ ម៉ោង ។ គេ​គិត​រាប់​យាម​១ ចាប់​ពី​ថ្ងៃ​រះ គិត​ជា​យាម​៣ ឬ​យាម ៤ នៅ​ពេល​ថ្ងៃ​លិច ។ ក្នុង​ ១ យប់ គិត​ជា ៤ យាម គឺ​ពី​ព្រលប់​គិត​ជា​យាម ៤... ដល់​ភ្លឺ គិត​ជា​យាម ៨ ។
    • ខួប៖ ការ​គិត​អាយុ​ក្មេង គេ​រាប់​ពី​ខែ ដែល​វា​កើត​ រហូត​មួយ​ជុំ ដល់​ថ្ងៃ​ដដែល​នេះ​វិញ គេ​ហៅ​ថា​មួយ​ខួប​គឺ​ត្រូវ​ជា ១២ ខែ ។ ឧ. បើ​ក្មេង​កើត​នៅ ថ្ងៃ ២ កើត ខែ​មាឃ..... លុះ​ដល់​វិល​មួយ​ជុំ​ខួប​មក​ដល់​ថ្ងៃ ២ កើត ខែ មាឃ នេះ គេ​សន្មត​ថា ក្មេង​នេះ អាយុ​បាន ១ ខួប​ហើយ ។ ការ​រាប់​ឆ្នាំកំណើត ខ្មែរ​យើង​មិន​គិត​តាម​ពុទ្ធ​សករាជ​ឬ​គ្រិស្តសករាជ​ទេ គឺ​កំណត់​តាម​ឆ្នាំ​ទាំង​ ១២ គឺ ឆ្នាំ​ជូត, ឆ្លូវ, ខាល, ថោះ, រោង, ម្សាញ់, មមី, មមែ, វក, រកា, ច, កុរ ។ ក្នុង​ ១ ជុំ ខួប​មាន ១២ ឆ្នាំ ... ។
    • មួយ​សន្ទុះ៖ គឺ​ជា​រយៈ​ពេល​ជា​កំណត់​មួយ អាច​ស្មាន​បាន​ប្រហែល​ជា ១ ម៉ោង ។ ឧ. ដើរ​បាន​មួយ​សន្ទុះ ក៏​ចូល​ដល់​ព្រៃ​ធំ​មួយ.... ។
    • មួយ​បោក៖ គឺ​ជា​រយៈ​ពេល​ជា​កំណត់​មួយ ប្រមាណ​ជា​កន្លះ​ម៉ោង ។ ឧ. ដេក​បាន​មួយ​បោក ភ្ញាក់​ឡើង​ភ្លឺ​ល្មម ។
    • មួយ​បារី៖ គឺ​ជា​រយៈ​ពេល​ប្រមាណ ១៥ នាទី ។ ឧ. ច្រក​ថ្នាំ​ចំនួន​ពេល​ ១ បារី អ្នក​ជំងឺ​ក៏​ដឹង​ខ្លួន​វិញ ។
    • មួយ​សាប​ស្លា៖ រយៈ​ពេល​ប្រហែល​ ២០ នាទី ។ ឧ. ចម្ងាយ​ផ្លូវ​ពី​ភូមិ​ ធ្លក​ទ្រេត​ទៅ ឈើ​ទាល​ជ្រំ គេ​ត្រូវ​ដើរ តែ​១ សាប​ស្លា ប៉ុណ្ណោះ នឹង​បាន​ទៅ​ដល់​ហើយ ។
    • ចំណាំ៖ ពេល​ ១ បារី គឺ​រយៈ​ពេល ដែល​គេ​ជក់​ថ្នាំ​អស់ ១ បារី ឯពេល​ ១ សាប​ស្លា គឺ​រយៈ​ពេល​ដែល​អ្នក​ស៊ី​ស្លា កំណត់​ថា​ស្លា​សាប​អស់​រស​ជាតិ​ ត្រូវ​ខ្ជាក់​ចោលកាក​ស្លា​ហើយ ។
    • មួយ​ស្រឡេត៖ គឺ​រយៈ​ពេល​ខ្លី ប្រមាណ ៥ ទៅ ១០ នាទី ។ ឧ. ធ្មេច​មួយ​ស្រឡេត​ទៅ ក៏​យល់​សប្តិ​ឃើញ​ដំរី​ដេញ... ។
    • មួយ​ភ្លែត៖ ស្មើ​នឹង​រយៈ​ពេល ៥ នាទី ។ ឧ. កុំ​តាម​ម៉ែ​អី ម៉ែ​ទៅ​តែ​មួយ​ភ្លែត​នឹង​វិល​មក​វិញ​ហើយ ។