អ្នកតាឃ្លាំងមឿង
Filed under: បូជនីយដ្ឋាន
តាមឿងមានស្រុកកំណើតនៅ ស្រុកបាកាន ខេត្តពោធិ៍សាត់ ជាបុគ្គលម្នាក់ខ្លាំងពូកែ ។ នៅ ពេល បានដំណឹងថាព្រះបាទអង្គចន្ទរាជា ត្រឡប់មកពីប្រទេសសៀម និងកំពុង តែលើកទ័ព តម្រង់ ចូល មក ខេត្តពោធិ៍សាត់ តាមឿងធ្វើសកម្មភាពបញ្ចុះបញ្ចូលប្រជាពលរដ្ឋ និងប្រមូលទ័ពបានប្រមាណជា ៣០០០ នាក់ ចាំបម្រើ និងដង្ហែព្រះអង្គ ។ ក្រោយពីបានច្បាំងឈ្នះ និងសម្លាប់ពញាសួគ៌ាលោក ចៅហ្វាយខេត្តពោធិ៍សាត់របស់ព្រះស្ដេចកន ព្រះអង្គចន្ទរាជា បានតែងតាំងតាមឿង ជាចៅហ្វាយ ខេត្តពោធិ៍សាត់ មុខងារជា ឧកញ៉ាសួគ៌ាលោក និងជាមេទ័ពធំរបស់ព្រះអង្គ នៅឆ្នាំជូត គ.ស. ១៥១៦ ។ ឧកញ៉ាសួគ៌ាលោក មឿង តែងតាំងកូនប្រុសទាំងបួននាក់ជាមេទ័ពស្រួច ទទួលបន្ទុក ដឹកនាំទ័ពផ្នែកមុខ ក្រោយ ឆ្វេង និងស្ដាំ ។ កូនប្រុសទី១ ឈ្មោះ កែវ ទទួលងារជា ពញាវង្សាអធិរាជ កូនទី២ ឈ្មោះ អន ជាពញាបរទេសរាជ កូនទី៣ ឈ្មោះ ទេព ជាពញាវិបុលរាជ និងកូនទី៤ ឈ្មោះ សុខ ជាពញារាជតេជះ ។បន្ទាប់ពីត្រូវសម្ដេចចៅហ្វា កៅ បញ្ជាការកងទ័ពរបស់ព្រះស្ដេចកន បញ្ជាកងទ័ពចោមរោមវាយលុកសម្រុកបន្ទាយពោធិ៍សាត់របស់ ព្រះអង្គចន្ទរាជា ពីគ្រប់ទិសទី និងបានហ៊ុមព័ទ្ធបន្ទាយនេះដើម្បីបង្អត់បាយទឹកសត្រូវឲ្យត្រូវ ស្លាប់ដោយដាច់ពោះនោះ ឧកញ៉ា សួគ៌ា លោក មឿង បង្គំសុំអនុញ្ញាតពីព្រះអង្គចន្ទរាជា ដើម្បីទៅកែន ប្រមូល ទ័ពខ្មោច ឲ្យនាំចេញ មក ជួយ វាយប្រហារបង្ក្រាបកង ទ័ពព្រះស្ដេចកន ។ ឧកញ៉ាសួគ៌ាលោក មឿង ចាត់ឲ្យពល ទាហានជីករណ្ដៅធំមួយនៅកណ្ដាលបន្ទាយ មានជម្រៅប្រមាណជា ៨ ហត្ថ (៤ ម៉ែត្រ) ហើយ ឲ្យ យកគ្រឿងយុទ្ធភ័ណ្ឌគ្រប់បែបយ៉ាងមកដោតបញ្ចុះក្នុងនោះ ។ នៅជុំវិញរណ្ដៅនោះ លោក ឲ្យរៀប ចំធ្វើរានទេវតា ៨ ថ្នាក់ ដាក់នៅតាមទិសទាំង ៨ ដោយមានបាយសី ទឹកអប់ និងគ្រឿង បូជា ផ្សេងៗជាច្រើន លុះរៀបចំស្រេចបាច់ហើយកាលណា ឧកញ៉ាសួគ៌ាលោក មឿង ទៅមុជ ទឹក សម្អាតកាយ ស្លៀកពាក់ស ហើយបញ្ជាឲ្យវង់ភ្លេងពិណពាទ្យប្រគំភ្លេងថ្វាយគ្រូ និងគុណ បុណ្យបារមីស័ក្តិសិទ្ធិទាំង៨ទិស ។ នៅពេល ឧកញ៉ាសួគ៌ាលោក ហក់លោត ទៅក្នុង រណ្ដៅ ដែល មានអាវុធដាវលំពែងបណ្ដុះច្រូងច្រាងនៅ ក្នុងនោះ លោកធ្លាក់ទៅចំផ្លែដាវ ក្បាលលោក ដាច់ធ្លាក់ ក្នុងពេលនោះទៅ ។ កូនប្រុស ឧកញ៉ាសួគ៌ាលោក មឿង ឃើញ ឪពុកលោត ធ្វើអត្តឃាត ក៏លោត សម្លាប់ខ្លួនតាមឪពុកដែរ ។ ពួកគេយល់ថាគួរតែនាំគ្នាទៅតាមបម្រើឪពុកទៀត ។ អ្នកទាំង៤ ក៏នាំគ្នា លោតទៅក្នុងរណ្ដៅ តែនាម៉ឺនមន្ត្រីនាំគ្នាស្ទុះទៅចាប់ជាប់បានកូនប្រុសទី១ និងទី៤ ។ ចំណែក កូនប្រុសទី២ និងទី៣ បានលោតស្លាប់ខ្លួនក្នុងរណ្ដៅ ស្លាប់បាត់ទៅហើយ ។ក្នុងពេល ជាមួយគ្នានោះ អ្នកម្នាង ខៀវ ស្នំឯករបស់ព្រះអង្គចន្ទរាជា ក៏បានសម្រេចចិត្តធ្វើការបួងសួងបន់ស្រន់ ហើយ លោតទៅក្នុងរណ្ដៅធ្វើអត្តឃាតដែរ ដើម្បីទៅជួយប្រមូលកម្លាំងខ្មោច ។ បម្រើអ្នកម្នាងឈ្មោះ
ពេញឃើញចៅហ្វាយស្រីធ្វើអត្តឃាតក៏លោតទឹកសម្លាប់ខ្លួនក្នុងស្ទឹងពោធិ៍សាត់
ដើម្បីទៅតាមបម្រើក្នុងបរលោកទៀត ។កន្លែង ឧកញ៉ាសួគ៌ាលោក មឿង បានសម្លាប់ខ្លួន ថ្ងៃក្រោយមក ដុះក្លាយ ទៅ ជា ដំបូកដែល គេដាក់ឈ្មោះហៅថា ដំបូកតាឃ្លាំងមឿង ។ ជារៀងរហូតមក គេតែងកត់សម្គាល់យល់ជាប្រផ្នូលថា បើដំបូកនោះដុះខ្ពស់ល្អ ចៅហ្វាយខេត្តសប្បាយចិត្ត ។ បើដំបូកនោះរេចរឹល ចៅហ្វាយ ខេត្ត មាន ទុក្ខ ព្រួយដោយការងារនគរដើរមិនល្អ ឬដោយសារមានកើតជម្ងឺពេញស្រុក បើដំបូក នោះ ប្រេះបែក ក្រហែង ចៅហ្វាយខេត្តត្រូវអស់បុណ្យ ឬត្រូវស្លាប់ ។ នៅខាងលិចនោះ ដែលជា កន្លែងកូន តាមឿង ស្លាប់ ក៏មានដុះដំបូកដែរ ដែលគេដាក់ឈ្មោះថា ដំបូកក្រវាញ ។ បើដំបូកនោះដុះល្អ ក្រវាញនឹងបានផលល្អ ។ ផ្ទុយទៅវិញ បើដំបូកនោះរេចរឹល ក្រវាញមិនបានល្អទេ ។ បើសិន ជាមានសត្វទៅធ្វើ ឲ្យដំបូកនោះធ្លុះធ្លាយ នឹងមាន ជនបរទេសមក លួចដើមក្រវាញជាមិនខាន ។
ដើម្បីទៅតាមបម្រើក្នុងបរលោកទៀត ។កន្លែង ឧកញ៉ាសួគ៌ាលោក មឿង បានសម្លាប់ខ្លួន ថ្ងៃក្រោយមក ដុះក្លាយ ទៅ ជា ដំបូកដែល គេដាក់ឈ្មោះហៅថា ដំបូកតាឃ្លាំងមឿង ។ ជារៀងរហូតមក គេតែងកត់សម្គាល់យល់ជាប្រផ្នូលថា បើដំបូកនោះដុះខ្ពស់ល្អ ចៅហ្វាយខេត្តសប្បាយចិត្ត ។ បើដំបូកនោះរេចរឹល ចៅហ្វាយ ខេត្ត មាន ទុក្ខ ព្រួយដោយការងារនគរដើរមិនល្អ ឬដោយសារមានកើតជម្ងឺពេញស្រុក បើដំបូក នោះ ប្រេះបែក ក្រហែង ចៅហ្វាយខេត្តត្រូវអស់បុណ្យ ឬត្រូវស្លាប់ ។ នៅខាងលិចនោះ ដែលជា កន្លែងកូន តាមឿង ស្លាប់ ក៏មានដុះដំបូកដែរ ដែលគេដាក់ឈ្មោះថា ដំបូកក្រវាញ ។ បើដំបូកនោះដុះល្អ ក្រវាញនឹងបានផលល្អ ។ ផ្ទុយទៅវិញ បើដំបូកនោះរេចរឹល ក្រវាញមិនបានល្អទេ ។ បើសិន ជាមានសត្វទៅធ្វើ ឲ្យដំបូកនោះធ្លុះធ្លាយ នឹងមាន ជនបរទេសមក លួចដើមក្រវាញជាមិនខាន ។
កន្លែងអ្នកម្នាង ខៀវ បានធ្វើអត្តឃាតក៏ដុះទៅជាដំបូក ដែលគេហៅថា ដំបូកកន្ទោងខៀវ ។ ដំបូកនោះតែងតែផ្ដល់ប្រផ្នូលថា បើដំបូកនោះដុះឡើងល្អ ព្រះមហាក្សត្រ នឹងបានសុខ សប្បាយ រីករាយ ។ តែបើដំបូកនោះត្រូវរេចរឹល ព្រះមហាក្សត្រនឹងត្រូវអស់ព្រះជន្ម ។ ឯកន្លែងដែលនាងពេញ បានសម្លាប់ខ្លួនក្នុងស្ទឹងពោធិ៍សាត់ ក៏មានដុះជាដីកោះនៅកណ្ដាលស្ទឹងទល់មុខផ្សារ ។ កោះ នោះ ហៅថា កោះដូនពេញ ។ ចំពោះប្រផ្នូលវិញ គេតែងនិយាយតគ្នាមកថា បើច្រាំង កោះដូន ពេញ ដុះខ្ពស់ល្អ ចៅហ្វាយខេត្តនឹងបានឡើងបុណ្យស័ក្តិ សុខសប្បាយ ។ បើសិនច្រាំងនោះត្រូវរេចរឹល ចៅហ្វាយខេត្តនឹងមានទុកព្រួយ ។ បើច្រាំងបាក់ ចៅហ្វាយខេត្តនឹងត្រូវអស់បុណ្យ ។រហូតមក ដល់ សព្វថ្ងៃនេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តពោធិ៍សាត់ តែងតែមាន ជំនឿទៅលើ គុណបុណ្យ បារមីលោកតាឃ្លាំងមឿងជានិច្ច ។ ជារៀងរាល់ឆ្នាំ គេតែងតែធ្វើបុណ្យឡើងអ្នកតា ថ្វាយជូន អ្នកតា ឃ្លាំងមឿង ។ មិនតែប៉ុណ្ណោះ បើមានការអ្វី អ្នកស្រុក នៅពោធិ៍សាត់ តែងតែធ្វើ ពិធីបន់ ស្រន់ ដល់អ្នកតាឃ្លាំង មឿង ។ បើគេបានសម្រេចគោលបំណងហើយ គេពុំដែលភ្លេច ទៅធ្វើបុណ្យ លា បំណន់ឡើយ ។
រូបសំណាកលោកឧកញ៉ាសួគ៌ាលោក មឿង និងអ្នកម្នាងខៀវ
រូបសំណាកលោកឧកញ៉ាសួគ៌ាលោក មឿង និងអ្នកម្នាងខៀវ
ពលសេនារបស់អ្នកតាឃ្លាំងមឿង
គ្រឿងដង្វាយដល់អ្នកតាឃ្លាំងមឿង និងអ្នកម្នាងខៀវ
អន្លង់ដែលអ្នកតាឃ្លាំងមឿងលោតចុះ
ពិធីបុណ្យឡើងអ្នកតាឃ្លាំងមឿង
រឿងនិទានប្រវត្ដិអ្នកតាឃ្លាំងមឿង
ប្រវត្ដិអ្នកតាឃ្លាំងមឿង
ក្នុង អតីតកាលកន្លងទៅក្នុងរាជ្យព្រះចន្ទរាជាស្ដេចគង់នៅបន្ទាយលង្វែក (គ.ស១៥០២) កាលជាន់នោះ ស្រុកខ្មែរជាស្រុកចំណុះសៀមនៅឡើយ តែងនាំសួយសារអាករឡើងទៅស្រុកសៀម ព្រះចៅសៀមចាត់ព្រះរាជបុត្រមួយព្រះអង្គមាននាមមិនប្រាកដ ឱ្យមកនៅស្រុកខ្មែរ ដើម្បីមើលការខុសត្រូវធ្វើ្វជាអ្នកត្រួតត្រាខាងពន្ធអាករ គ្រប់យ៉ាង ក្រែងស្ដេចស្រុកខ្មែរមានចិត្ដមិនត្រង់ បំបាត់សួយសារអាករ យកទៅមិនអស់ ឬមួយក្រែងស្ដេចខ្មែរមានគំនិតក្បត់ មានចិត្ដមិនត្រង់នឹងរាជការដោយប្រការណាមួយ ទើបប្រើព្រះរាជបុត្រពេញព្រះហឫទ័យ មកនៅដើម្បីជំនួសព្រះនេត្រព្រះអង្គ ចំណែកព្រះរាជបុត្រមានចិញ្ចឹមសត្វត្មាតមួយ ត្មាតនោះមានមារយាទចេះដឹងប្រហែលមនុស្ស ជាសត្វខុសពីសត្វដទៃធម្មតា ចេះស្រឡាញ់ម្ចាស់ ប្រើនាំសារទៅមករវាងស្រុកខ្មែរ និងស្រុកសៀមបានដោយស្ងាត់ ។
ថ្ងៃមួយ ព្រះចន្ទរាជាព្រួយព្រះទ័យថា ព្រះចៅលោកមិនទុកព្រះហឫទ័យនឹងយើងហើយ បានជាលោកចាត់ព្រះរាជបុត្រឱ្យមើលការផ្ទាល់ ណាមួយព្រះរាជបុត្រនោះ មានការរំលោភបៀតបៀន មិនមានសេចក្ដីកោតក្រែង បង្គាប់ឱ្យនាំសួយសារឡើងនគរខ្លួនហួសហេតុ ទ្រង់តូចព្រះហឫទ័យខ្លាំង អត់ទ្រាំពុំបាន ក៏បង្គាប់ពួកពេជ្ឈឃាដឱ្យចាប់រាជបុត្រស្ដេចសៀមយកទៅសម្លាប់ចោល ក្នុងព្រៃពេលយប់ ។ ឯសត្វត្មាត លុះព្រឹកឡើងមិនឃើញព្រះរាជបុត្រជាម្ចាស់របស់វា ហើរចុះ ហើរឡើង រកឃើញខ្មោចនៅក្នុងព្រៃ ត្មាតឃើញព្រះទម្រង់ វាស្គាល់ច្បាស់ជាម្ចាស់វា ក៏ចឹកពាំព្រះទម្រង់ទៅស្រុកសៀមថ្វាយព្រះបិតា ។ ព្រះចៅទតឃើញព្រះទម្រង់ ទ្រង់យល់ថា ព្រះរាជបុត្ររបស់ព្រះអង្គដល់ទីវង្គតហើយ រឿងនេះពិតជាស្ដេចស្រុកខ្មែរសម្លាប់ ។ ទ្រង់ក្រោធខ្លាំងណាស់ កោះប្រជុំពួកសេនាបតីមួយរំពេច មានព្រះបន្ទូលប្រាប់តាមរឿង រួចបង្គាប់ឱ្យលើកទ័ពមកសងសឹកស្ដេចខ្មែរវិញ ហើយមានព្រះបន្ទូលថា ត្រូវតែសម្លាប់ព្រះចន្ទរាជាព្រមទាំងញាតិសាច់សាលោហិត ទាំងពួកសេនាបតី ហើយរឹបជាន់យកទ្រព្យសម្បត្ដិ និងកៀរពួកបណ្ដារាស្ដ្រមកស្រុកសៀមកុំឱ្យសល់ ។ ពួកកងទ័ពក៏ចេញមកដល់បន្ទាយលង្វែក ចូលឡោមព័ទ្ធចាប់ព្រះចន្ទរាជាសម្លាប់ ព្រមទាំងព្រះញាតិ ។ ចំណែកព្រះម្នាងប៉ែន ជាស្នំ ក៏មិនអាចភៀសខ្លួនរួចអំពីគ្រោះថ្នាក់ដើម្បីទៅជាមួយនឹងសេនាបតី មឿង ព្រមទាំងភរិយា និងបុត្រ៤នាក់ទៀតឡើយ ។ ពួកកងទ័ពសៀមកៀរមនុស្សអំពីស្រុកខ្មែរ ដោយទាំងព្រះម្នាងទៅជាមួយផង ទាំងព្រះរាជទ្រព្យមានវិញ្ញាណ និងឥតវិញ្ញាណ ។ ចំណែកមេដំរីសមួយ ឈ្មោះជំទាវប៉ាលហៃ មានកូននៅក្នុងពោះ ដែលជាព្រះទីនាំងដ៏ប្រសើរ ក៏ត្រូវកងទ័ពសៀមកៀរយកទៅដែរ ។
ពួក សៀមជាន់នោះមានសេចក្ដីព្យាបាទធ្វើបាបខ្មែរអស្ចារ្យណាស់ ចាប់មនុស្សដោតស្លឹកត្រចៀក ដឹកយកទៅដូចសត្វធាតុ ស្រីណាមានកូនខ្ចីចាប់ច្រកការុងឱ្យដំរីជាន់ វៀរលែងតែមានកូននៅក្នុងពោះ ។ លុះទៅដល់ស្រុកសៀម នាំសេចក្ដីទៅថ្វាយព្រះចៅដោយសព្វគ្រប់ ។ ដោយសេចក្ដីសងសឹកបានសម្រេចដូចប្រាថ្នា ព្រះចៅទ្រង់បង្គាប់ឱ្យយកពួកខ្មែរទាំងអស់ទៅនៅមួយក្រុមជិត ក្រុង ហើយសន្មតឱ្យឈ្មោះថា “ក្រុមខ្មែរអ្នកគ្រួរ” ។
ព្រះ ម្នាងប៉ែន ហាក់ជាស្រីមានបុណ្យវាសនា ទុកណាជានាងទទួលគ្រោះថ្នាក់ដោយសៀមយកទៅយ៉ាងហ្នឹងក៏ដោយនាងគង់នៅ ជាស្រីប្លែកអំពីស្រីឯទៀតៗ ។ ដោយអំណាចកូនដែលនៅក្នុងគភ៌ជាកូនមានឥទ្ធិឫទ្ឋិ មានបុណ្យ ក៏បណ្ដាលឱ្យអ្នកផងជិតខាង មានចិត្ដទោរទន់រាប់អានស្រឡាញ់ ជួយឧបត្ថម្ភ យកអាសារនាងគ្រប់យ៉ាង ។
លុះ នាងមានគភ៌គ្រប់ខែ ក៏ប្រសូតបុត្រមកដោយសុខសប្បាយ អ្នកជិតខាងទាំងប្រុសទាំងស្រី ជួយថែទាំផ្ដល់ទឹកក្ដៅទឹកត្រជាក់ អ្នកណាក៏មកមិនមានខាន ដោយអំណាចគុណបុណ្យតេជៈបារមីនៃទារកនោះ ។ លុះប្រសូតបាន៣ថ្ងៃ ពួកក្រុមញាតិមូលមាត់គ្នា ឱ្យឈ្មោះកូននោះថា ឧទេន ។
ចំណែក មេដំរីដែលជាព្រះទីនាំង ក៏កើតកូនក្នុងថ្ងៃដំណាលទារកនោះដែរ តែមេដំរីនោះ ផ្ដាច់ខ្សែទន្លឹង ទៅកើតកូននៅក្នុងព្រៃឆ្ងាយ លាក់មិនឱ្យអ្នកណាដឹងឡើយ ដរាបដល់៣ថ្ងៃទើបនាំកូនមកកាន់ទីកន្លែងដើមវិញ ។ កូនដំរីនោះមានពណ៌សម្បុរ ព្រមទាំងរូបរាងល្អប្លែកអំពីដំរីធម្មតា អ្នករក្សាដំរីនាំដំណឹងទៅក្រាបទូលព្រះចៅគ្រប់សព្វ ព្រះចៅពេញព្រះហឫទ័យណាស់ ។
ដំណាលពី កុមារឧទេន លុះបានអាយុប្រាំឆ្នាំ ដឹងសេចក្ដីខុសត្រូវខ្លះ នឹកភ្នករកបិតា សួរម្ដាយថា “ឪពុកខ្ញុំទៅឯណា ពុំដែលឃើញ ក្មេងឯទៀតមានម្ដាយ-ឪពុក ខ្ញុំមិនឃើញមានឪពុកដូចគេ ?” មា្ដយកាលបើឮកូនសួរដូច្នោះ នាងណែនក្នុងទ្រូងអួលអាក់ខ្លោចផ្សា និយាយប្រាប់កូនមិនរួច ក៏និយាយបន្លែបន្លប់ កុំឱ្យកូនសួរទៀត ពីព្រោះខ្លាចក្រែង រឿងនោះមិនជិតដឹងទូទៅ នឹងដល់នូវសេចក្ដីអន្ដរាយនៃជីវិត ។ កូនចេះតែសួរញយៗ នាងក៏និយាយបង្វេះពង្វាងមិនឱ្យសួរបានដរាបដល់កូននោះអាយុ១២ ឆ្នាំ ។ ថ្ងៃមួយនាងនឹកថា កូននេះខានប្រាប់ពុំបាន ក៏នាំកូនទៅកាន់ទីស្ងាត់តែពីរនាក់ ដំណាលរឿងរ៉ាវតាំងពីដើមដល់ចុង កូនស្ដាប់បានយល់សេចក្ដីសព្វគ្រប់ ប្រាប់ម្ដាយឱ្យអត់ទ្រាំសិនចុះ កូននឹងគិតរកមធ្យោបាយមួយ ដើម្បីនឹងវិលទៅនគរវិញ ។ ចំណែកកុមារឧទេន ចាប់តាំងពីថ្ងៃដែលបានស្ដាប់ពាក្យម្ដាយមក ក៏ខំស្វែងរៀនសូត្រវិជ្ជាគ្រប់បែបយ៉ាង មានអក្សរជាដើម ឧទេនជាកុមារឆ្លាតវាងវៃ អង់អាចប្លែកអំពីកុមារធម្មតា ។
ថ្ងៃមួយ កុមារឧទេនចូលទៅសេពគប់នឹងពួកហ្មដំរី សុំខ្លួនជាអ្នកបម្រើបោសច្រាសរោងដំរី ដើម្បីរៀនវិជ្ជាខាងហ្មដំរីឱ្យស្ទាត់ ។ ថ្ងៃមួយព្រះចៅស្ដេចយាងមកទតរោងដំរី ឃើញកុមារនោះជួយធ្វើនេះធ្វើនោះ ដោយយកចិត្ដទុកដាក់ រហ័សរហួនវាងវៃ មានព្រះបន្ទូលសួរថា ក្មេងនេះមកពីណា ហ្មដំរីក្រាបទូលតាមដំណើរដោយសព្វគ្រប់ ទ្រង់ពេញព្រះហឫទ័យ មានព្រះបន្ទូលប្រាប់ថា ចូរមើលក្មេងនេះផង ។ ចាប់ផ្ដើមពីថ្ងៃនោះមក កុមារខំយកចិត្ដទុកដាក់ធ្វើការដោយហ្មត់ចត់ បោសប្រមូលអាចម៍ដំរី ដុតបំពក់ជាជី ដើម្បីយកទៅដាំស្ពៃ ស្ពៃក៏មានគុម្ពធំប្លែកចម្លែកពីស្ពៃអ្នកស្រុកធម្មតា ។ លុះស្ពៃនោះធំល្មមដក កុមារឧទេន ដកយកទៅលាងយ៉ាងស្អាតរែកយកទៅថ្វាយព្រះចៅ ទ្រង់ទតឃើញមានព្រះបន្ទូលថា “នែ ! កុមារឯងបានស្ពៃនេះមកពីណា ប្លែកពីស្ពៃធម្មតា” កុមារក្រាបទូលតាមដំណើរសព្វគ្រប់ ព្រះចៅទ្រង់ប្រទានរង្វាន់ និងមុខងារជាអ្នកត្រួតត្រាភ្នាក់ងារខាងដំរី ។
ដំរី ជាកូនមេដំរីឈ្មោះជំទាវប៉ាលប៉ៃ ដែលជាទីនាំងដ៏ប្រសើររបស់ព្រះចៅ ក៏ស្រាប់តែចុះប្រេង មានកិរិយាខុសប្រក្រតីកាចសាហាវមិនព្រមស្ដាប់បង្គាប់ ព្រិចហ្មស្លាប់ មិនមានអ្នកឯណាមួយអាចដឹកបាន ថែមទាំងធ្វើបាបអ្នកស្រុកបោចរោចផ្ទះសម្បែងផ្អើលជ្រួលច្របល់ រត់ខ្ចាត់ខ្ចាយចោលទីលំនៅរៀងៗខ្លួន ។ ពួកអ្នកគង្វាលដំរីនាំសេចក្ដីទៅទូលព្រះចៅៗទ្រង់ចាត់ការឱ្យ ស៊ើបសួររកអ្នកណាដែលអង់អាចក្លាហានហ៊ានទៅចាប់ដំរីនោះបាន ។ ពេលនោះ កុមារឧទេនឆ្លើយថា ខ្ញុំហ៊ានទទួលចាប់ដំរីនោះបាន ទើបទ្រង់ប្រគល់ការទៅកុមារឧទេនចាត់ការយ៉ាងណាឱ្យតែចាប់បានព្រះ ទីនាំងនោះ ។
ឧទេនបង្គាប់ឱ្យប្រមូលដំរី ៥០០មក ដើម្បីនឹងរើសយកដំរីណាគួរយកមកធ្វើធ្នាក់បាន ទើបរើសយកមេដំរីសឈ្មោះ ជំទាវប៉ាល់ប៉ៃ ពេលចេញទៅចាប់ កុមារឧទេនបង្គាប់ឱ្យរៀបពិធីបួងសួងសែនព្រេនអឹកធឹក ។ អ្នកស្រុកផ្អើលមកមើលអឺងកង ពាសពេញមីរដេរដាស់ លុះសែនព្រេនរួច កុមារឧទេនបង្គាប់ឱ្យយកចេក៣ស្និត អំពៅ៣បាច់ ពេលទៅដល់ព្រះទីនាំង ស្ទុះមករកហាក់ដូចជាប្រុងនឹងព្រិច តែបែរជាក្រាបថ្វាយបង្គំវិញ ដោយអំណាចតេជៈបុណ្យបារមីនៃឧទេនៗនិយាយទូន្មានប្រដៅថា “ទីនាំងឯងតាំងពីថ្ងៃនេះទៅ លះបង់មារយាទអាក្រក់ចេញទៅ ត្រូវធ្វើឱ្យស្លូតល្អដូចពីដើម ឱ្យចេក និងអំពៅស៊ីរួចនិយាយថា ឯងទៅតាមយើង ថាតែប៉ុណ្ណោះស្រាប់តែដំរីដើរតាមទៅដោយស្រួល ឥតបាច់ចាប់ចងអ្វីឡើយ ហាក់ដូចជាហ្មចាស់យូរមកហើយ ។
ចាប់ ដើមតាំងពីថ្ងៃដែលទៅយកព្រះទីនាំងមក ព្រះចៅទ្រង់ប្រទានរង្វាន់ឱ្យឧទេន និងប្រទានងារថា ជ័យអស្ចារ្យ ជាសេនាខាងទ័ពដំរី និងខាងទាក់ដំរីព្រៃ ។ ពួកអ្នករាជការទទួលស្គាល់ខ្លាចអំណាចឧទេនថា ជាអ្នកមោះមុតស្ទាត់ជំនាញខាងហ្មដំរី សូម្បីតែពេលចេញទាក់ដំរីព្រៃម្ដងៗមិនចាំមានគ្នាច្រើនប៉ុន្មាន ក៏ទៅទាក់បានដែរ ហាក់ដូចជាហៅមកបាន ព្រះចៅទ្រង់ពេញចិត្ដ និងទុកព្រះហឫទ័យលើជ័យអស្ចារ្យ ប្រហែលគ្នានឹងព្រះរាជបុត្ររបស់ព្រះអង្គ ។
លុះដល់ អាយុ១៦ឆ្នាំ ជ័យអស្ចារ្យភ្នកនឹកដល់បំណងដើម ក៏រំពឹងគិតរកឧបាយណាមួយ នឹងដោះខ្លួនចេញអំពីកណ្ដាប់ដៃសៀម ហើយទៅនៅស្រុកខ្មែរ សោយរាជ្យស្នងព្រះបិតា និងនាំយកមនុស្សពីស្រុកសៀមទៅស្រុកខ្មែរវិញ ព្រមទាំងទ្រព្យសម្បត្ដិមានវិញ្ញាណ ឥតវិញ្ញាណ ទៅឱ្យអស់អំពីស្រុកសៀម ឱ្យបានសម្រេចដូចសេចក្ដីបំណង ។
ទើប ដើរនយោបាយចាត់មនុស្ស១៥នាក់ ដែលជាមនុស្សទុកចិត្ដស្និទ្ធស្នាលដូចបងប្អូនបង្កើត ធ្វើជាល និងឈើជើងដំរី ឱ្យយកជាលច្រកអាចម៍ដំរីញាត់ឱ្យណែន ទុកឱ្យស្ងួតចាក់រាយតាមស្ទឹង ឬផ្លូវយកឈើជើងដំរីដើរសង្កត់ជាស្នាមដាន ដូចជាដំរីដើរមែនៗ ដើម្បីឱ្យអ្នកស្រុកឃើញហើយ នាំព័ត៌មាននោះក្រាបទូលព្រះចៅៗនឹងទ្រង់ចាត់ឱ្យសេនា ជ័យអស្ចារ្យខ្លួន ទៅតាមទាក់មិនខាន ម្យ៉ាងទៀតដើម្បីឱ្យពលដែលព្រះចៅចាត់ឱ្យទៅជាមួយជឿជាក់ក្នុង ចិត្ដ ថា ជាដានដំរីពិតមែន ។
ចំណែក អ្នកស្រុក លុះឃើញដានជើងដំរី និងអាចម៍ធំៗ អណ្ដែតតាមទឹកមកដូច្នោះ ក៏នាំសេចក្ដីនោះទៅក្រាបទូលព្រះចៅៗទ្រង់ប្រើជ័យអស្ចារ្យ ឱ្យទៅតាមទាក់ដំរីព្រៃដែលមានដានជើងធំនោះ ។ ជ័យអស្ចារ្យក្រាបទូលថា សូមព្រះមេត្ដាប្រោស បើទ្រង់សព្វព្រះទ័យ ចង់បានដំរីធំបែបនោះ លុះតែមានគ្នាច្រើន នឹងដំរីធ្នាក់ដ៏ច្រើន ហើយឱ្យមនុស្សដែលទៅជាមួយទូលព្រះបង្គំទាំងប៉ុន្មាន ស្ដាប់បង្គាប់ទូលបង្គំ ទើបធ្វើការនោះបាន ពេលចេញទៅសូមព្រះអង្គមេត្ដាអនុញ្ញាតឱ្យធ្វើពិធីបួងសួងផងឱ្យ មានជោគជ័យ ។ ព្រះចៅទ្រង់អនុញ្ញាតគ្រប់សំណូមពរ ប្រគល់ការនោះឱ្យជ័យអស្ចារ្យតាមត្រូវការ ធ្វើបែបណាៗស្រេចនៅលើជ័យអស្ចារ្យចុះ ។ លុះរៀបធ្វើពិធីរួច ព្រះចៅប្រទានព្រះខ័នសឹកឱ្យអំណាចពេញ បើឈ្មោះណាមិនស្ដាប់បង្គាប់ត្រូវសម្លាប់បាន ។ លុះចេញទៅបានចំនួន១៥ថ្ងៃ ដល់ពាក់កណ្ដាលផ្លូវមកស្រុកខ្មែរ ជ័យអស្ចារ្យធ្វើសារទៅក្រាបទូលព្រះចៅវិញថា “សូមទ្រង់មេត្ដាប្រោស ទូលបង្គំជាខ្ញុំតាមទាក់ដំរីនោះ កាន់តែឃើញដានកៀកហើយ តែអស់ស្បៀង សូមព្រះអង្គមេត្ដាប្រោសព្រះរាជទានបញ្ជូនមកឱ្យឆាប់ ដើម្បីនឹងធ្វើការឱ្យបានសម្រេចដូចបំណង” ។
ព្រះ ចៅទ្រង់ព្រះរាជទានតាមសេចក្ដីសុំដោយរួសរាន់ ដោយបំណងចង់បានដំរីនោះពេកភ្លេចគិតអំពីការបង់ខាតព្រះរាជទ្រព្យ ឬសង្ស័យដោយហេតុណាមួយឡើយ ។
ជ័យ អស្ចារ្យ លុះបានទទួលស្បៀងបន្ថែមអំពីព្រះចៅ ក៏បន្ដដំណើរទៅទៀតចំនួន៥ថ្ងៃក្រោយមកក៏បានដល់ស្រុកបាត់ដំបងដែល ជាដីខ្មែរ មានអ្នកស្រុកជិតឆ្ងាយគ្រប់តំបន់រត់មកចុះចូលថ្វាយខ្លួនជាពល សេនា ព្រមទាំងសេនាចាស់ម្នាក់ធ្លាប់បំរើព្រះវរបិតាឈ្មោះមឿង និងកូនប្រុស៤នាក់ បានចូលមកថ្វាយខ្លួនដែរ ក៏មានមនុស្សច្រើនល្មមតទល់នឹងព្រះចៅសៀមបាន ។ ជ័យអស្ចារ្យក៏សរសេរសំបុត្រចងនឹងកដំរី ប្រើឱ្យទៅអញ្ជើញម្ដាយមកស្រុកខ្មែរ រួចចងកូនជំទាវប៉ាល់ប៉ៃទៅទទួលម្ដាយ ។ មេដំរីទៅដល់ទីកន្លែងម្ដាយ ពេលពាក់កណ្ដាលអធ្រាត្រ មេដំរីវាទម្លាក់បំពង់៣ដង ម្ដាយភ្ញាក់នឹកស្មានថាកូនត្រឡប់មកវិញ ក៏អុជភ្លើងបំភ្លឺមើល តែមិនឃើញកូន ឃើញតែសំបុត្រ មើលដឹងសេចក្ដីសព្វគ្រប់ រៀបដំណើរឡើងជិះមេដំរីយ៉ាងប្រញាប់ ខំស្រួតឱ្យជួបនឹងកូននៅស្រុកបាត់ដំបង ។ ទើបជ័យអស្ចារ្យប្រកាសខ្លួនឱ្យអ្នកស្រុកដឹងច្បាស់ថា ខ្លួនហ្នឹងហើយជាព្រះរាជបុត្ររបស់ព្រះចន្ទរាជា គង់នៅបន្ទាយលង្វែក ឥឡូវនេះវិលមកគ្រងរាជ្យស្នងព្រះបិតា ។ រឿងនេះមិនបាត់ស្ងាត់ជ្រាបដល់ព្រះចៅសៀម ទ្រង់ពិរោធយ៉ាងខ្លាំងពន់ពេក និងតូចព្រះទ័យក្រៃលែង ទ្រង់ប្រជុំពួកសេនាយោធាមកប្រាប់ថា ជ័យអស្ចារ្យ ប្រើឧបាយកលបោកបញ្ឆោត យកព្រះខ័នសឹកព្រមទាំងទ្រព្យមានវិញ្ញាណ ឥតវិញ្ញាណ រត់ទៅស្រុកខ្មែរ ហេតុនេះត្រូវលើកទ័ពតាមទៅដណ្ដើមយកមកវិញឱ្យបាន ហើយចាប់ជ័យអស្ចារ្យសម្លាប់ឱ្យផុតពូជព្រះចន្ទរាជា ព្រមទាំងពួករាជការទាំងប៉ុន្មានកុំឱ្យសល់ ។
ជ័យ អស្ចារ្យ បានដំណឹងច្បាស់ថា ព្រះចៅលើកទ័ពមកតាមដូច្នោះ ទ្រង់ជំនុំនឹងសេនាបតីថា ឥឡូវពលសេនាយើង និងគ្រឿងអាវុធយុទ្ធភណ្ឌរបស់យើងពុំបរិបូណ៌ តើអ្នករាល់គ្នាគិតរកឧបាយកលបែបណាឱ្យមានជ័យជំនះ ពេលនេះ សេនាទាំងអស់មិនមានអ្នកណាមួយហ៊ានឆ្លើយទទួលធានាអះអាងសោះ មានតែសេនាមឿង ឆ្លើយធានាអះអាង ហ៊ានតទល់នឹងទ័ពសៀម ដោយឧបាយមួយដ៏ចម្លែក គឺហ៊ានប្ដូរជីវិតដើម្បីនឹងទៅកែនពលខ្មោច ធ្វើជាទ័ពច្បាំងនឹងពលសៀម ។ ទើបបង្គាប់ឱ្យជីករណ្ដៅទំហំ៤ម៉ែត្រ ៤ជ្រុង ជម្រៅ៤ម៉ែត្រ រួចឱ្យដាក់គ្រឿងសាស្ដ្រាវុធក្នុងរណ្ដៅនោះដើម្បីនឹងលោតឱ្យជង់ ស្លាប់ក្នុងរណ្ដៅ តែនៅពេលមុននឹងលោតសម្លាប់ខ្លួននោះ សេនាមឿងបង្គាប់ឱ្យពួកពលរដ្ឋទាំងអស់មកស្ដាប់ពាក្យឱវាទលោកប្រកាស ថា “សូមឱ្យអស់លោកខំប្រឹងយកចិត្ដទុកដាក់ក្នុងរឿងចម្បាំងពេលនេះ ដើម្បីរំដោះដែនដីខ្មែរ ឱ្យបានរួចអំពីកណ្ដាប់ដៃនៃបច្ចាមិត្ដ ចំណែកខ្ញុំៗធានាខាងទ័ពខ្មោច សូមអស់លោកសង្ឃឹមទុកចុះបើខ្ញុំស្លាប់ទៅបាន៧ថ្ងៃ ឮសូរសន្ធឹកហ៊ោកញ្ជ្រៀវបីដូចជាសម្លេងផ្គរលាន់ យើងនឹងមានជ័យហើយ” ។
លុះផ្ដាំរួចលោត ចុះក្នុងរណ្ដៅព្រឹប “ប្រពន្ធឃើញប្ដីលោតដូច្នេះ ក៏លោតទៅជាមួយនឹងប្ដី ព្រមទាំងកូនប្រុសពីរនាក់ ស្លាប់ជាមួយគ្នា” ។ ដល់ថ្ងៃជាគម្រប់៧ថ្ងៃ លាន់ឮសូរសន្ធឹកដូចការផ្ដាំមែន ។
ទ័ព សៀមចួលដល់បាត់ដំបង ឆ្លងចូលមកដល់អូរមួយ សព្វថ្ងៃហៅថា អូរស្វាយដូនកែវ ជួនគ្នានឹងទ័ពជ័យអស្ចារ្យ ទ័ពខ្មោចចេញសម្ដែងឫទ្ធិ ធ្វើឱ្យពលសៀមវិលមុខចុកពោះ ចុះក្អួត ដួលខ្លួនឯងស្រួលៗ ទ័ពព្រះជ័យអស្ចារ្យចូលទៅកាប់សម្លាប់អស់ ពួកកងទ័ពសៀមទប់ទល់មិនបាន ថយទៅដល់បាត់ដំបង ធ្វើសារទៅក្រាបទូលព្រះចៅតាមដំណើរសព្វគ្រប់ ព្រះចៅទ្រង់ជ្រាបឱ្យទ័ពថយត្រឡប់ស្រុកសៀមវិញ ។
ចំណែក ពួកទ័ពព្រះជ័យអស្ចារ្យ នាំគ្នាត្រឡប់មកកាន់បន្ទាយវិញ សព្វថ្ងៃគេហៅថាបន្ទាយជ័យ ចាប់ផ្ដើមពីពេលនោះមក ព្រះជ័យអស្ចារ្យបានទទួលរាជាភិសេកសោយរាជ្យ និងទទួលនាមថា ព្រះជ័យចេស្ដា ព្រះចៅក្រុងកម្ពុជាធិបតី គង់នៅបន្ទាយជ័យ ។ លុះព្រះអង្គបានឡើងសោយរាជ្យសម្បត្ដិសុខសាន្ដហើយ ទ្រង់នឹកឃើញដល់គុណូបការៈសេនាមឿង ដែលស៊ូប្ដូរជីវិតចំពោះព្រះអង្គ និងចំពោះទឹកដីខ្មែរ ទ្រង់ក៏ចាត់ឱ្យធ្វើបុណ្យឧទ្ទិសផលដល់ដួងវិញ្ញាណក្ខន្ធរបស់សេនា មឿង យ៉ាងឱឡារិកអស្ចារ្យ ជាប់ជាទំនៀមដរាបដល់មកសព្វថ្ងៃនេះ ហៅថាធ្វើបុណ្យឡើងអ្នកតាឃ្លាំងមឿងទៅវិញ ។
ទីកន្លែង អ្នកតា ជាទីរហោស្ថាន មានរុក្ខជាតិតូចធំដុះព័ទ្ធជុំវិញ មានមែកបែកសាខា មានម្លប់ត្រឈៃត្រជាក់ គួរឱ្យសប្បាយរីករាយអស្ចារ្យ ហើយមានសត្វបក្សីបក្សាកញ្ជ្រៀវខ្ញៀវខ្ញា ប្រចឹកគ្នាលើមែកព្រឹក្សានោះ ឮសូរសម្លេងទ្រហឹង ។ បន្ទាប់អំពីរុក្ខជាតិ មានវាលស្រែព័ទ្ធជុំវិញ បើមើលពីចម្ងាយទៅ ឃើញរុក្ខជាតិដង្គំត្រសុំខ្មួលខ្មៅ ដាច់ស្រយាលពីភូមិស្រុក ។ បណ្ដាដើមឈើទាំងអស់នៅទីនោះមាន ដើមសំរោងមួយខ្ពស់ជាងដើមឯទៀតៗ ដុះចំពីមុខអាស្រម ។ ពីសាលាខេត្តពោធិ៍សាត់ ទៅទីអ្នកតានោះមានចម្ងាយប្រមាណជា៦គីឡូម៉ែត្រ ។ គេត្រូវចេញតាមផ្លូវថ្នល់ពីសាលាខេត្តទៅទិសខាងលិច ប្រមាណជាពីរគីឡូម៉ែត្រ ត្រូវងាកទៅទិសខាងត្បូង កាត់ផ្លូវអយស្ម័យយាន ដល់ឃុំបាក់នឹមដែរទៅទិសខាងលិចដល់ភូមិព្រែកជីក ឡើងពីព្រែកជីកងាកទៅកាន់ទិសខាងជើង ទើបដល់កន្លែងអ្នកតា ។
ជុំវិញ អាស្រមអ្នកតា មានវាលស្រឡះទំនេរនៅត្រង់ចន្លោះរុក្ខជាតិ ។ នៅពីខាងត្បូងអាស្រម ជាទីវាលទុកសម្រាប់ធ្វើរោង មានបណ្ដោយ៦០ម៉ែត្រ ទទឹង៤០ម៉ែត្រ ។ អាស្រមនោះធ្វើដោយឈើប្រក់ស្បូវ មានបណ្ដោយ៨ម៉ែត្រ ទទឹង៤ម៉ែត្រ កំពស់៤ម សសរលញ់ មិនមានជញ្ជាំងបិទបាំងទេ ។ ជុំវិញអាស្រម មានលានទំហំ៤ម៉ែត្រ ទុកបម្រុងឱ្យពួកអ្នកទៅធ្វើបុណ្យដើរហែរប្រទក្សិណនៅពេលឡើង អ្នកតា ។ ពីខាងក្រៅទីវាល មានរបងធ្វើដោយឈើខ្លឹម ព័ទ្ធជុំវិញ មានតែផ្លូវចូលពីខាងកើតមួយ និងពីខាងត្បូងមួយ ។ ក្នុងអាស្រមខាងមុខតួអ្នកតា មានរានបណ្ដោយ៣ម៉ែត្រ ទទឹង២ម៉ែត្រ កំពស់៥តឹក ធ្វើដោយឈើ ជារានសម្រាប់ដាក់តង្វាយអ្នកតា ខាងជើងនិងខាងត្បូងអ្នកតា មានបង្កាន់ដៃដោតដោយចាមរនៃបៃមន់ធ្វើដោយឈើដែរ ។
តួ អ្នកតា មិនមានរូបរាងបែបឈើ ឬថ្មតំណាងទេ គឺជាតួដីដំបូកសុទ្ធ ទំហំបណ្ដោយ២ម៉ែត្រ ទទឹង១ម៉ែត្រ កំពស់២ម៉ែត្រ ដែលកើតអំពីសត្វកណ្ដៀរវាពូនឡើង សន្មតថាជាតួអ្នកតាតែម្ដង នៅកំពូលនៃដំបូក មានពំនូកដី៤-៥ ស្រួចៗបែកចេញមើលទៅដូចជាកំពូលអង្គរវត្ដ ។ កំពូលដីដំបូកដែលជាតួអ្នកតានេះ អ្នកស្រុកសម្គាល់ថា បើមានសត្វកណ្ដៀរពូនឡើងថ្មីទៀតសន្មតថា ចៅហ្វាយខេត្ត ឬចៅហ្វាយស្រុកនៅខេត្តស្រុកនេះ នឹងត្រូវផ្លាស់ចេញ ឬខូចបុណ្យសក្ដិ ដីដំបូកនេះមិនដឹងជាកើតពីត្រឹមរាជ្យស្ដេចណាទេ ពុំមានអ្នកស្រុកណាដឹងសោះ ។
ពិធីបុណ្យ ឡើងអ្នកតានេះជាបុណ្យទំនៀមទម្លាប់ជាប់យូរមកហើយរបស់អ្នកស្រុក និងពួកសាលាស្រុក តែងធ្វើតែរាល់ៗឆ្នាំក្នុងខែពិសាខ ថ្ងៃសៅរ៍ ។ តែមិនកំណត់ជាខ្នើត ឬរនោចទេ រើសយកតែថ្ងៃសៅរ៍ ពេលធ្វើលុះណាតែមានសេចក្ដីបង្គាប់អំពីចៅហ្វាយស្រុកបាកាន ប្រាប់ទៅមេឃុំមេស្មឹង អាចារ្យវត្ដ និងបណ្ដារាស្ដ្រទាំងអស់ឱ្យដឹងជាមុន ដើម្បីមកជួបជុំជួយធ្វើរោងក្រសាល និងរៀបចំបោសច្រាសទីកន្លែងឱ្យស្អាតល្អ សម្រាប់ព្រះសង្ឃ និង មន្ដ្រីរាជការក្នុងខេត្ត ។ ទំនៀមនេះជាប្រពៃណីរបស់អ្នកស្រុក ។ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៤៩ ពេលចាប់ផ្ដើមបុណ្យ ត្រូវជួបជុំមេឃុំទាំងអស់ មេស្នឹង អាចារ្យវត្ដ និង បណ្ដារាស្ដ្រ នៅទីកន្លែងអ្នកតា ។ ពេលម៉ោង៦ល្ងាច មេស្មឹងអុជទៀនធូបទៅជម្រាបអ្នកតាថា “ថ្ងៃនេះ យើងខ្ញុំជាកូនចៅមកជួបជុំគ្នាធ្វើបុណ្យនៅទីនេះជូនលោកតា សុំឱ្យយើងទាំងអស់គ្នា បានសុខសប្បាយ” រួចគេលេងភ្លេងថ្វាយ មានភ្លេងខ្មែរ ភ្លេងពិណពាទ្យ ភ្លេងឆៃយ៉ាំ ភ្លេងត្រញាំងទា តាមធម្មតាឮសូរភ្លេងប្រគំទ្រហឹងអឺងកងរំពងព្រៃ មនុស្សចាស់ក្មេង រទេះគោ រទេះក្របីមកពីស្រុកឆ្ងាយៗមកជួបជុំគ្នាមីរដេរដាសនៅទីនោះ ។ ម៉ោង៩យប់ ជួបជុំគ្នាសូត្រនមស្ការថ្វាយបង្គំព្រះ រួចនិមន្ដព្រះសង្ឃ១០អង្គចម្រើនព្រះបរិត្ដ ។
លុះ ព្រឹកឡើង ថ្ងៃអាទិត្យ ១៩ ខែឆ្នាំដដែល ពេលម៉ោង៨កន្លះ ពួកមន្ដ្រីរាជការសាលាខេត្ត សាលាស្រុកគ្រប់តំណែងអញ្ជើញទៅជួបជុំគ្នានៅកន្លែងនោះ ហើយចូលទៅឈរនៅខាងត្បូងអ្នកតា មេស្មឹង អុជទៀនធូបជូនពួកអស់លោកដោតថ្វាយអ្នកតា ដោយសេចក្ដីគោរព រួចមេស្មឹងបង្គាប់ឱ្យលើកគ្រឿងតង្វាយមករៀបនៅលើរានចំពោះមុខ អ្នកតា ។ តង្វាយអ្នកតាគឺ ៖
- កន្ទេលក្រហម ខ្នើយ
- សំពត់សក្រាលពីលើកន្ទេល
- ស្លាធម៌ដី១គូ (ដោតម្លូ៥ ធូប៣សរសៃ)
- ក្បាលជ្រូក១គូ មានទាំងកន្ទុយដាក់នៅមាត់ផង
- ផ្តិលទឹកអប់១គូ ឈើស្ទន់១
- ពានស្លាបារី១គូ
- ដបស្រា១ គូ មានទាំងពែង
- ចេកនួន២ស្និត តម្កល់លើចានទាប
- បង្អែម២ស្ពក
- កន្ទោងស្លឹកចេក១គូ
- មាន់ស្ងោរ១គូ
- ស្នែងសត្វទន្សោង១គូ
រណ្ដាប់ តង្វាយទាំង១២មុខនេះ មានគូគ្រប់ទាំងអស់ សម្រាប់ដាក់ឆ្វេងស្ដាំ ក្រៅអំពីតង្វាយ ១២មុខនេះ មានតង្វាយដែលអ្នកស្រុកថ្វាយថែមទៀតបរិបូណ៌ត្រៀបត្រាដល់ដៅលើរាន នោះ ។ គេអុជទៀនធូបបែកគ្នាកាន់ដើរហែប្រទក្សិណជុំវិញអាស្រម ជាការគោរពចំពោះអ្នកតា និងនឹកដល់គុណលោកឧកញ៉ាសេនាបតីមឿង ដែលស៊ូប្ដូរជីវិតយកឈាមក្រាលផែនដី មានកេរ្តិ៍ឈ្មោះតាំងពីគ.ស១៥១៦ ដរាបមកដល់សព្វថ្ងៃនេះ ទើបអ្នកស្រុកសន្មតហៅថា អ្នកតាឃ្លាំងមឿង ។ គេរើសរកមនុស្សឱ្យមានរូបរាងប៉ុនៗគ្នា២នាក់ សម្រាប់ពាក់ស្នែងសត្វទន្សោង តែងតួស្លៀកសំពត់ផាមួងចងក្បិនខ្លួនទទេ អ្នករាំ២នាក់ទៀត ធ្វើព្រានព្រៃម្នាក់ស្ពាយកាំភ្លើង ម្នាក់ស្ពាយបាយសំណុំដើរតាមពីក្រោយ ស្លៀកពាក់ដូចគ្នានឹងអ្នកពាក់ស្នែងទន្សោងដែរ លុះហែ៣ជុំរួចហើយ គេលេងភ្លេងរាំស្នែងទន្សាង ភ្លេងនោះឈ្មោះ “ភ្លេងភ្លាំង” អ្នករាំចាប់ពាក់ស្នែងរួចក្រាបថ្វាយបង្គំអ្នកតា៣ដង ឡើងរាំដែរ ឆ្វេងរៀងខ្លួន មកជួបគ្នាគម្រប់៣ដង វារនឹងឌឺអួតដាក់គា្ន ជល់គ្នាដូចសត្វមែនៗ ព្រានព្រៃដើររកស្នាមជើងសត្វទន្សោង ងើបឱនៗ ដើម្បីតាមបាញ់ ។ មនុស្សឈរមើលពេញទីវាល នៅមុខអាស្រមអ្នកតានោះ ។ ទំនុកច្រៀង ៖
- បងដើរព្រៃស្ដុក តត្រុកព្រៃស្បាត ដើរកាត់ព្រៃញាត លេចវាលចូលព្រៃៗ ។
- ឡើង ភ្នំចុះភ្នំ ថ្មដាធំៗ ល្បាស់ព្រេចលាស់ខ្ចីៗ ទន្សោងគោបា កៀងញីឃ្មាតខ្មីៗ លាស់ព្រេចលាស់ខ្ចី ស្រណោះខែពិសាខៗ ។
- កន្ដ្រែតៗអើយ ទន្សោងគោបា លេចបន្លាជើងភ្នំ លេបក្រមុំទាំងមូលៗ ។
- ជំនោរខ្យល់បក់ ត្រជាក់ខ្យល់ជួន កាប់ឫស្សីចងក្បូន ជូនប្អូនទៅស្រុកៗ ។
- កន្សែងបងបាត់ បងមិនស្ដាយ បំណាច់ប្អូនឃ្លាតឆ្ងាយ បងស្ដាយតែប្អូនស្រីៗ ។
ពួក អ្នកភ្លេងច្រៀងដរាប លុះព្រានទាំងពីរនាក់ឃើញសត្វទន្សោងដល់គ្នាជាប់ក្រាបរៀងខ្លួន លបបាញ់បាន ទើបដោះយកស្នែងសត្វទន្សោងទាំងពីរទៅតម្កល់នៅកន្លែងដើមវិញ (លេងកន្លះម៉ោងចប់) មេស្មឹងចាប់គ្រឿងតង្វាយគ្រប់មុខ ដាក់កន្ទេលចាក់ស្រា ដោតធូប៣សរសៃរួចនិយាយបួងសួងថា “ថ្ងៃនេះជាពេលល្អ យើងខ្ញុំមកជួបជុំគា្នធ្វើបុណ្យ ឧទិសកុសលចំពោះលោកតាមឿង ដែលមានគុណចំណោះស្រុកខ្មែរ សូមលោកតាឱ្យព្រះពរសព្ទសាធុការ ដល់ប្រទេសកម្ពុជាឱ្យបានសុខសប្បាយ សូមឱ្យព្រះករុណាជាម្ចាស់ជីវិតលើត្បូង សោយសេចក្ដីសុខក្នុងរាជសម្បត្ដិ ព្រមទាំងមន្ដ្រីរាជការទាំងអម្បាលម៉ានក្នុងប្រទេសកម្ពុជា សូមឱ្យបានសេចក្ដីសុខសប្បាយអស់កាលជាអង្វែងរៀងទៅ សូមឱ្យទឹកភ្លៀងបង្អោរចុះមកឱ្យបានសព្វផែនដីប្រទេសកម្ពុជា ឱ្យស្រុកសម្បូណ៌សប្បាយ កុំឱ្យមានភ័យអន្ដរាយអ្វីឡើយ ។ បួងសួង៣ដងស្រេចហើយ យកកន្ទោងទៅដាក់ក្រោមដើមសំរោងនៅមុខអាស្រម ។ រួចលើកគ្រឿងតង្វាយទាំងអស់ចេញ ។ និមន្ដព្រះសង្ឃ៥អង្គបង្សុកូល ពួកឧបាសកសូត្រឧទិសផល មេស្មឹងយកទឹកអប់ប្រោះទៅលើដំបូកដែលជាតួអ្នកតា ពួកអ្នករាជការ ចៅហ្វាយខេត្ត ចៅហ្វាយស្រុក និងមន្ដ្រីតូចតាចគ្រប់តំណែង បាចទឹក១ផ្ដិលៗម្នាក់ រួចអញ្ជើញទៅរាប់បាត្រនៅវាលមុខរោងព្រះសង្ឃ ។
ម៉ោង ១១ រៀបភោជនាហារលៀងពួកមន្ដ្រីសាលាខេត្ត សាលាស្រុកធំតូចគ្រប់តំណែង ដោយវត្ថុដ៏ឧត្ដមពិសា សប្បាយ មានលេងភ្លេងត្រញាំងទា មានប្រុសស្រីច្រៀងតគ្នាជូនអស់លោកស្ដាប់ដល់ម៉ោង១២ជាការ បង្ហើយកិច្ច ។
អំពីទំនៀមរាំពាក់ ស្នែងទន្សោង និងពាក់កន្ទុយក្ងោកនេះ មានសេចក្ដីដំណាលថា ក្នុងកាលដ៏កន្លងយូរមកហើយ (ស័ករាជ និងរាជ្យណាមិនប្រាកដ) មានដើមឈើ១ដើមនៅក្នុងស្រុកពោធិ៍សាត់ ។ ថ្ងៃមួយព្រានព្រៃ២នាក់ មានឈ្មោះមិនប្រាកដ នាំគ្នាចូលព្រៃដើម្បីរកបាញ់សត្វតាមទម្លាប់របស់ខ្លួន ។ លុះចូលទៅដល់ដើមឈើនោះ ឮសូរសម្លេងសត្វកន្លង់ពីរោះ ហាក់ដូចសូរសម្លេងភ្លេងតន្ដ្រីលាន់ឮរងំ ដូចជាសម្លេងទ្រសាយដៀវ ឃើញសត្វទន្សោង១គូ លោតកញ្ឆេងជល់គ្នាលេង ដូចគេរាំ ។ មានសត្វខ្លា១គូ ក្រាបនៅទីនោះវាគោះកន្ទុយបក់ដូចជាគេវាយស្គរ ។ មានសត្វក្ងោក១គូ កាងស្លាបបើកកន្ទុយ លោតចុះលោតឡើង ហាក់ដូចគេចាក់ត្លុកចាក់ក្បាច់ ។ ព្រានទាំងពីរនាក់ លាន់មាត់ថា “ឱហ្ន៎ ! សត្វទាំងនេះប្លែកចម្លែកអស្ចារ្យ សូរសម្លេងសត្វកន្លង់ដូចសម្លេងតូរ្យតន្ដ្រី សត្វទន្សោង និងសត្វក្ងោក ដូចជាអ្នករាំចាក់ក្បាច់ សត្វខ្លាដូចជាអ្នកវាយស្គរបន្ទរតាម យើងគួរប្រកបធ្វើជាភ្លេងលេងតាមសត្វទាំងអស់នេះទុកជាកេរ្តិ៍ឱ្យ កូនចៅឯក្រោយ ៕
No comments:
Post a Comment