២. កម្ពុជាសម័យមុនអង្គរ
ទោះបីជាក្រុមកូនចៅព្រះគុណវរ្ម័នយកជ័យជំនះ កាន់កាប់ត្រួត្រានគរហ្វូណន ឬនគរភ្នំបានក៏ដោយ ក៏សង្គ្រាមផ្ទៃក្នុងរវាងខ្មែរនឹងខ្មែរមិនទាន់បានចប់សព្វគ្រប់ មានសុខសន្តិភាពដែរ ។ ចម្បាំង អសន្តិសុខ និងចលាចលនៅតែមានបន្តជាប់ជានិច្ច ។ ពីព្រោះនគរដែលចំណុះទាំងប៉ុន្មានឆ្លៀតឱកាសនេះដើម្បីរើបង្រះប្រកាសយកឯករាជ្យភាពតែរៀងៗខ្លួន ។ មានដូចជា នគរកម្ពុជា ដែលអ្នកដំណើរចិនបានដាក់ឈ្មោះថា ចេនឡា ជាដើម ។ នគរកម្ពុជា ឬនគរចេនឡា ប្រហែលជាបានកកើតនៅក្នុងសតវត្សទី៥ ។
គេបានសន្និដ្ឋានថា ព្រះរាជវង្សដែលសោយរាជ្យគ្រប់គ្រងនគរកម្ពុជា ឬនគរចេនឡាមានដើមកំណើតចុះមកពីត្រកូលព្រាហ្មណ៍នៅប្រទេសឥណ្ឌា ។ ហើយក្នុងសម័យនោះ នគរហ្វូណនក៏មិនទាន់មានលទ្ធភាពដណ្ដើមយកទឹកដីចេនឡាបញ្ចូលឲ្យក្លាយទៅជានគរតែមួយដែរ ។
ក. នគរកម្ពុជា ឬចេនឡា
១. សិលាចារឹកជាសក្ខីភាព
នគរកម្ពុជា ឬនគរចេនឡា ជាទឹកដីដែលស្ថិតនៅខាងជើង ល្បាក់ខោន (នៅលើដងទន្លេមេង្គ) ក្នុងភូមិភាគ បាសាក់ (គឺស្រុកចម្ប៉ាសាក់) បច្ចុប្បន្នប្រទេសលាវផ្នែកខាងត្បូង ។ ឯព្រះរាជធានីវិញ ដែលស្ថិតក្នុងតំបន់ដដែលនេះ មានឈ្មោះ ស្រេស្ថបុរៈ ។
សិលាចារឹកជាច្រើន ដូចជា នៅភូលោខោន ថ្មគ្រែ ជ្រោយអំពិល វាលកន្ទេល ដែលមានហូរហែតាមដងទន្លេមេគង្គ និងនៅវត្តភូ ក្នុងខេត្តចម្ប៉ាសាក់ ប្រទេសលាវ ជាសក្ខីភាពអាចបញ្ជាក់អំពីអតីតកាល និងព្រឹត្តិការណ៍ដែលកើតមាននៅនគរចេនឡា ។
២. ព្រះមហាក្សត្រចេនឡា
ព្រះមហាក្សត្រនគរកម្ពុជា ឬនគរចេនឡា ជាព្រះរាជវង្សបន្តចុះមកពី ឥសីកម្ពុស្វ័យ្យ៉ាភុវៈ និងព្រះនាង មេរា ដែលមានដើមកំណើតចុះមកពីព្រះអាទិត្យ ។
ក្នុងសតវត្សទី៥ នគរចេនឡា ត្រូវបានព្រះមហាក្សត្របីអង្គមានមហិទ្ធិឫទ្ធិខ្លាំងពូកែ ប្រកបដោយធម៌ សោយរាជ្យ និងគ្រប់គ្រង ។ ព្រះមហាក្សត្រទី១ ព្រះនាមព្រះស្រុត្តវរ្ម័ន ។ បន្ទាប់មក ព្រះរាជបុត្រព្រះអង្គឈ្មោះ ស្រេស្ថវរ្ម័ន បានឡើងស្នងរាជ្យជាបន្ត ។ ព្រះមហាក្សត្រទី៣ គឺ ព្រះបាទវិរៈវរ្ម័ន ។ តាមរយៈសិលាចារឹកនៅវត្តហ្លួងកៅ គេអាចដឹងបានថា នាពាក់កណ្ដាលសតវត្សទី៥ ព្រះមហាក្សត្រនគរកម្ពុជា ឬចេនឡា បានធ្វើសង្គ្រាមវាយប្រហារពង្រីកទឹកដី យកជ័យជំនះលើចាម យកបានភូមិភាគតំបន់ខាងជើងភ្នំដងរែក រហូតទៅដល់ខេត្តនគររាជសីមា និងភូមិភាគខាងត្បូងល្បាក់ខោន ។
នគរចេនឡាតែងតែយកសួយសារអាករទៅថ្វាយព្រះមហាក្សត្រនគរហ្វូណន ឬ នគរភ្នំ ជាប្រក្រតី ។ មិនតែប៉ុណ្ណោះ ព្រះមហាក្សត្រចេនឡាបានទាំងថ្វាយព្រះរាជបុត្រី ព្រះនាមកម្ពុជរាជាលក្ស្មី ទៅព្រះភវវរ្ម័ន ចៅប្រុសព្រះបាទរុទ្ទ្រវរ្ម័ន ទុកធ្វើជាមហេសីទៀត ។ ក្រោយដែលព្រះបាទវិរៈវរ្ម័នចូលទីវង្គត ព្រះភវវរ្ម័ន ត្រូវបានតែងតាំងឡើងសោយរាជ្យនគរចេនឡា ឬនគរកម្ពុជា ។
ដោយសម្អាងថា ព្រះអង្គត្រូវជាចៅព្រះមហាក្សត្រ ព្រះរុទ្ទ្រវរ្ម័ន ព្រះបាទភវវរ្ម័នបានប្រកាសតាំងខ្លួនជាព្រះមហាក្សត្រនគរហ្វូណន ឬនគរភ្នំ ។
ខ. ការបង្រួបបង្រួមទឹកដីកម្ពុជាជាលើកដំបូង
១. ព្រះបាទភវវរ្ម័នទី១ (គ.ស៥៥០‑៦០០?)
ដោយមានប្អូនប្រុសឈ្មោះ ចិនត្រសេនា ជួយជាកម្លាំងផង ព្រះអង្គបានលើកទ័ពចេញទៅធ្វើចម្បាំងបង្ក្រាបពួកព្រះរាជវង្សព្រះគុណវរ្ម័នដែលបះបោរប្រឆាំងនឹងព្រះរាជអំណាចព្រះរុទ្ទ្រវរ្ម័ន ។ ក្រោមការវាយរុញច្រានយ៉ាងខ្លាំងក្លាអង់អាចរបស់ព្រះអង្គ ព្រះរាជវង្សគុណវរ្ម័នបានដកថយរត់ចេញពីព្រះរាជធានីវ័យធបុរៈ ចុះទៅទិសខាងត្បូង តាំងទីក្រុងនៅ អង្គរបូរី ក្នុងខេត្តតាកែវសព្វថ្ងៃ ។ អង្គរបូរី ជារាជធានីចុងក្រោយបង្អស់របស់នគរភ្នំ ក្នុងសម័យហ្វូណន ។
ព្រឹត្តិការណ៍ព្រះមហាក្សត្រចេនឡាលើកទ័ពមកវាយប្រហារកាន់កាប់នគរហ្វូណននេះ ត្រូវបានអ្នកប្រវត្តិវិទូចាត់ទុកជាព្រឹត្តិការណ៍បង្រួបបង្រួមទឹកដីខ្មែរដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ ។ ម្យ៉ាងវិញទៀត ជោគជ័យរបស់ព្រះបាទភវវរ្ម័នក៏បានមកដោយសារព្រះអង្គមានដើមកំណើត ឈាមជ័រជាចៅព្រះបាទរុទ្ទ្រវរ្ម័ន ព្រះមហាក្សត្រនគរហ្វូណន ឬនគរភ្នំដែរ ដែលជាកត្តាធំមួយធ្វើឲ្យនាម៉ឺន មេទ័ព និងប្រជារាស្ត្រនៅហ្វូណនគាំទ្រទទួលស្គាល់ព្រះអង្គ ។
សិលាចារឹកខ្មែរនៅសម័យព្រះបាទភវវរ្ម័នទី១ ដែលគេចាត់ទុកជាឯកសារចាស់ជាងគេបំផុតបានកត់សម្គាល់ថា «ព្រះអង្គជាព្រះមហាក្សត្រដ៏ខ្លាំងពូកែអស្ចារ្យ ធំខ្ពស់សម្បើមដូចភ្នំព្រះសុមេរុ យកជ័យជំនះឈ្នះលើអស់សត្រូវទាំងក្នុងទាំងក្រៅ» ។ល។ និង។ល។ ព្រះអង្គបានលាតសន្ធឹងទឹកដីខ្មែរទៅគ្រប់ទិសទី វាយដណ្ដើមយកបានស្រុកចន្ទបុរី និងស្រុកភូមិភ្នំ ខ្ពង់រាប ព្នងកួយជង ។
ប្រវត្តិបង្រួបបង្រួមនគរចេនឡា (ឬកម្ពុជា) និងនគរហ្វូណន (ឬនគរភ្នំ) ក្រោមស្នាដៃរបស់ព្រះបាទភវវរ្ម័នទី១ អាចចាត់ទុកជាការចាប់ផ្ដើមដំបូងនៃប្រវត្តិកម្ពុជាបច្ចុប្បន្ន ។
២. ព្រះបាទមហិន្ទ្រវរ្ម័ន (គ.ស ៦០០‑៦១៥?)
នេះជាព្រះនាមថ្មីរបស់ព្រះចិត្រសេនា ប្អូនព្រះបាទភវវរ្ម័ន ដែលទើបតែឡើងសោយរាជ្យជាព្រះមហាក្សត្រនគរកម្ពុជាបន្តពីបង ។ ចំណែកឯព្រះរាជបុត្ររបស់ព្រះភវវរ្ម័នមិនបានឡើងសោយរាជ្យបន្តពីឪពុកទេ ។ ឯកសារចិន និងសិលាចារឹកខ្មែរផ្សេងៗ មិនបានពញ្ជាក់អំពីហេតុផលទាំងនេះឡើយ ។
សិលាចារឹកនៅភូលោខោន និងអង្គជំនីក បានត្រឹមតែរៀបរាប់អធិប្បាយអំពីរាជ្យព្រះភវវរ្ម័ន និងព្រះអង្គចិត្រសេនាមហិន្ទ្រវរ្ម័នតែប៉ុណ្ណោះ ។ ដោយសារសិលាចារឹកនេះ យើងអាចដឹងបានថា ព្រះមហិន្ទ្រវរ្ម័នបានបន្តនយោបាយបង្រួបបង្រួមជាតិរបស់បងព្រះអង្គ ។ ព្រះបាទមហិន្ទ្រវរ្ម័នបានបង្ក្រាបនគរតូចធំយកមកដាក់ជាចំណុះ ហើយលាតសន្ធឹងទឹកដីខ្មែរធំទូលាយទៅគ្រប់ទិសទី ។
ក្នុងការគ្រប់គ្រង កសាងប្រទេសជាតិ ព្រះអង្គបានរក្សាទុកមន្ត្រីធំដ៏ចំណានពីរនាក់របស់ព្រះភវវរ្ម័ន ដែលមានតម្រិះវិជ្ជាខ្ពង់ខ្ពស់ មានប្រាជ្ញាឈ្លាសវៃ ទៀងត្រង់ យុត្តិធម៌ ប្រកបទៅដោយធម៌ ហើយដែលពូកែមានប្រសិទ្ធភាពក្នុងកិច្ចការចាត់ចែងនគរ ។ មន្ត្រីធំទាំងពីរត្រូវជាបងប្អូនជីដូនមួយបង្កើត ដោយសារឪពុក និងឪពុកជាបងប្អូនបង្កើត ។ ម្នាក់ឈ្មោះធម្មទេវៈ ជាកូនរបស់ព្រហ្មទ្ត ហើយម្នាក់ទៀតឈ្មោះសិង្ហទេវៈ ជាកូនរបស់ព្រហ្មសិង្ហៈ ។ បើយោលទៅតាមឈ្មោះ យើងអាចស្មានបានថា មន្ត្រីដ៏ឧត្ដមទាំងពីរស្ថិតក្នុងវណ្ណៈព្រាហ្មណ៍ ។
មន្ត្រីធំទាំងពីរ ធម្មទេវៈ និងសិង្ហទេវៈ បានធ្វើការបម្រើព្រះបាទមហិន្ទ្រវរ្ម័ន និងជាតិបានប្រកបទៅដោយជោគជ័យ គ្រប់ប្រការ ក្នុងគ្រប់មជ្ឈដ្ឋាន ដែលជាកត្តានាំឲ្យរាជ្យព្រះមហាក្សត្រ និងជីវភាពប្រជានុរាស្ត្រខ្មែរបានស្គាល់នូវសេចក្ដីសុខចម្រុងចម្រើន ។ គុណសម្បត្តិធំធេងរបស់មន្ត្រីទាំងពីរត្រូវបានអ្នកប្រវត្តិវិទូខ្មែរឆ្លាក់ចារទុកលើថ្ម ថែរក្សាទុករហូតមកដល់សព្វថ្ងៃ ។ យើងបានដឹងទៀតថា មន្ត្រីទាំងពីរបានទទួលបេសកកម្មពីព្រះមហាក្សត្រទៅ ចរចារស្វែងរកសន្តិភាពជាមួយនឹងស្ដេចចាម ដើម្បីជៀសវាងកុំឲ្យមានវិបត្តិ និងចម្បាំងរាំងជលរវាងប្រទេសទាំងពីរនៅតាមព្រំដែនទិសខាងកើត ។ បេសកកម្មនេះបានទទួលជោគជ័យ ហើយនាំមកនូវសេចក្ដីសុខក្សេមក្សាន្តដល់ប្រទេសជាតិ ។
ព្រះមហាក្សត្រខ្មែរ ព្រះបាទមហិន្ទ្រវរ្ម័ន បានចូលទីវង្គតក្នុងគ.ស៦១៥ ។ ព្រះរាជបុត្រព្រះអង្គព្រះនាម ឥសានសេនា (ឥសាន គឺព្រះឥសូរ) បានឡើងសោយរាជ្យសម្បត្តិជាបន្ទាប់ ។
៣. ព្រះបាទឥសានវរ្ម័នទី១ (គ.ស៦១៥‑៦៣៥?)
គឺជាព្រះនាមជាក្សត្ររបស់ព្រះឥសានសេនា ។ ព្រះអង្គបានបន្តនយោបាយវាយប្រហារបង្រួបបង្រួមទឹកដីនគរហ្វូណន ឬនគរភ្នំបញ្ចូលមកក្នុងនគរចេនឡា ឲ្យមានតែនគរកម្ពុជាតែមួយ ។ ក្នុងគ.ស៦៣០ ព្រះអង្គវាយដណ្ដើមយកបានទីក្រុងអង្គរបូរី ។ ដូច្នេះ នយោបាយបង្រួបបង្រួមជាតិដែលចាប់ផ្ដើមអនុវត្តក្នុងរជ្ជកាលព្រះបាទភវវរ្ម័ន ត្រូវបានសម្រេចចប់សព្វគ្រប់ជាស្ថាបពរក្នុងរាជ្យរបស់ព្រះអង្គ ។
ដោយសារមហិទ្ធិឫទ្ធិខ្លាំងពូកែពិតជាអ្នកចម្បាំង ទើបបានជាសិលាចារឹកខ្មែរនៅវត្តចារក្រិត និងស្វាយច្នូ អួតសរសើរថា «ព្រះអង្គមានឫទ្ធិស្មើនឹងព្រះឥន្ទ្រ មានតេជៈបារមីស្មើនឹងព្រះហរិ (ព្រះហរិ គឺព្រះវិស្ណុ ឬព្រះនរាយណ៍)» ។ល។
ក្នុងគ.ស៦១៦ ប្រហែលជាក្នុងន័យរារាំងបរទេសកុំឲ្យលូកដៃចូលក្នុងរឿងខ្មែរ ទើបបានជាព្រះអង្គបញ្ជូនព្រះតំណាងឲ្យទៅគាល់ស្ដេចចិន ដោយមានទាំងនាំយកទៅថ្វាយនូវរបស់របរដ៏មានតម្លៃជាច្រើនផង ។ ក្នុងគ.ស៦២៣ និង៦២៨ ព្រះរាជតំណាងខ្មែរបានទៅគាល់ស្ដេចចិនពីរលើកទៀត ។ ប្រហែលជាក្នុងន័យដដែលនេះដែរ ទើបបានជាព្រះអង្គសុខចិត្តរៀបការបុត្រីព្រះអង្គព្រះនាមម្ចាស់ក្សត្រីសុវណ្ណី ជាមួយនឹងចៅទួតរបស់ព្រះមហាក្សត្រនគរចម្ប៉ា ។ ថ្ងៃក្រោយ ព្រះនាងប្រសូត្របានរាជបុត្រមួយព្រះអង្គដែលក្នុងគ.ស៦៥៣ បានឡើងសោយរាជ្យសម្បត្តិនៅនគរចាម្ប៉ា ។ ព្រះនាមព្រះអង្គជាក្សត្រគឺ វិក្រាន្ត ។ ព្រះអង្គមានសន្ដានចិត្តជ្រះថ្លានឹងសាសនា ដោយបានកសាង និងជួយឧបត្ថម្ភជាច្រើន ។
ព្រះបាទឥសានវរ្ម័ន បានរើដូរព្រះរាជធានីពីវ័យធបុរៈ មកគង់នៅឯ សម្បូណ៌ព្រៃគុក ក្នុងខេត្តកំពង់ធំបច្ចុប្បន្ន។ ពីព្រោះព្រះអង្គយល់ថា ទីក្រុងថ្មីនេះ ដែលមានឈ្មោះថា ឥសានបុរៈ ស្ថិតនៅចំកណ្ដាលប្រទេស និងនគរចំណុះទាំងអស់ ។ សក្ខីភាពរបស់អ្នកដំណើរចិន បានបញ្ជាក់ឲ្យដឹងថា ព្រះរាជធានីឥសានបុរៈ មានផ្ទះប្រមាណជាពីរម៉ឺនខ្នង ។
ជាមួយគ្នានេះដែរ តាមរយៈប្រាសាទ និងសិលាចារឹកជំនាន់រាជ្យរបស់ព្រះអង្គដែលមានសេសសល់រហូតមកដល់សព្វថ្ងៃ គេអាចដឹងថា អរិយធម៌ខ្មែរនៅសម័យនោះ បានរីកចម្រើនលូនលឿន ថ្កុំថ្កើង ភ្លឺចិញ្ចែងចិញ្ចាច ។
ក្នុងរជ្ជកាលព្រះបាទឥសានវរ្ម័ន ប្រាង្គប្រាសាទនានាច្រើនតែសង់អំពីឥដ្ឋ ដោយមានក្លោងទ្វារធ្វើអំពីថ្ម ហើយមានកំពូលខ្ពស់ទៅលើ ។ ចំណែកអក្សរដែលគេសរសេរចារនៅលើសិលចារឹកវិញ បុព្វបុរសខ្មែរមិនមែនត្រឹមតែចារជាភាសាសំស្ក្រឹតទេ គេបានទាំងចារជាភាសាខ្មែរទៀត ។
ឯកសារសិលាចារឹកទាំងនេះ បានរាប់រៀបអធិប្បាយបញ្ជាក់អំពីជំនឿរបស់ព្រះមហាក្សត្រ អ្នកដឹកនាំ និងប្រជារាស្ត្រដែលគោរពបូជាព្រហ្មញ្ញសាសនា តែឲ្យតម្លៃទៅលើព្រះហរិហរៈ ។ ព្រះហរិហរៈ ជាព្រះបដិមាមួយអង្គដែលមានពាក់កណ្ដាលជាព្រះវិស្ណុ និងពាក់កណ្ដាលទៀតជាព្រះឥសូរ ។ ដូច្នេះ ព្រះបដិមាតែមួយតំណាងព្រះវិស្ណុផង ព្រះឥសូរផង ។ ប៉ុន្តែព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា រួមរស់នៅជាប់ជាមួយគ្នាដោយសុខសាន្ត គ្មានការប្រកាន់ ឬប៉ះទង្គិចគ្នាឡើយ ។ នៅតាមកន្លែងគោរពបូជា នៅតាមសាលា ឬនៅផ្ទះសំណាក់តាមដងផ្លូវសម្រាប់អ្នកដំណើរ គេឃើញមានព្រះពុទ្ធបដិមា និងរូបព្រះអាទិទេពទាំងឡាយក្នុងព្រហ្មញ្ញសាសនាដាក់តាំងលើហ៊ឹងលើអាសនៈជាមួយគ្នា ។
រីឯកសារប្រវត្តិសាស្ត្រចិនឈ្មោះ ស៊ូអឺយ (ជាឈ្មោះព្រះរាជវង្សស្ដេចចិនដែលបានសោយរាជ្យពីគ.ស៥៨៩ ទៅដល់គ.ស៦១៨) ដែលនិពន្ធចងក្រងដោយតំណាងប្រទេសចិននៅកម្ពុជា បានរៀបរាប់អំពីសវនាការព្រះបាទ ឥសានវរ្ម័ន និងការរស់នៅរបស់ប្រជានុរាស្ត្រខ្មែរយ៉ាងច្បាស់លាស់ដែលយើងអាចចាត់ទុកជាសក្ខីភាពមួយយ៉ាងសំខាន ។ ឯកសារដដែលបានកត់ត្រាថា ប្រទេសខ្មែរតែងតែមានចម្បាំងជាញឹកញាប់ជាមួយនឹងនគរចម្ប៉ា (ប្រទេសចាម ក៏ដូចជាប្រទេសខ្មែរដែរ មាននគរតូចធំជាច្រើន ដែលមានស្ដេចសោយរាជ្យខុសអំពីគ្នា) ។ ជាពិសេស នគរចាមដែលស្ថិតនៅជាប់នឹងសមុទ្ទ ។
បន្ទាប់ពីព្រះបាទឥសានវរ្ម័នចូលទីវង្កតក្នុងគ.ស៦៣៥ ប្រទេសខ្មែរបានជួបប្រទះចលាចល រំជើបរំជួល និងអសន្តិសុខពាសពេញនគរ ។
៤. ព្រះបាទភវវរ្ម័នទី២ (គ.ស៦៣៩‑៦៥៥?)
ព្រះអង្គជាព្រះមហាក្សត្រសោយរាជ្យបន្ទាប់ពីព្រះបាទឥសានវរ្ម័ន ។ ព្រអង្គបានបង្ក្រាបពួកបះបោរ ហើយរៀបចំទឹកដីឲ្យបានសន្តិសុខ ចម្រើនរុងរឿងឡើងវិញ ។ គេពុំបានស្គាល់ប្រវត្តិព្រះអង្គដោយច្បាស់លាស់ទេ ហើយគក៏មិនអាចដឹងអំពីខ្សែស្រឡាយព្រះអង្គពិតប្រាកដជាមួយនឹងព្រះមហាក្សត្រព្រះភវវរ្ម័ន ឬព្រះឥសានវរ្ម័នដែរ ។ សិលាចារឹកមួយនៅ ហាន់ជ័យ បានត្រឹមតែកត់បញ្ជាក់ថា ព្រះបាទភវវរ្ម័នទី២ ព្រះអង្គគោរពបូជាព្រហ្មញ្ញសាសនាផ្នែកព្រះឥសូរ ។ ព្រះអង្គបានកសាងប្រាសាទជាច្រើន មានដូចជានៅ ភ្នំបាយ៉ង់ ជាដើម ។
រជ្ជកាលព្រះអង្គ បើតាមអ្នកប្រវត្តិវិទូខ្លះ ហាក់បីដូចជាខ្លី ហើយគេក៏ពុំបានដឹង ពុំបានស្គាល់អំពីអវសានរាជ្យព្រះអង្គដែរ ។
៥. ព្រះបាទជ័យវរ្ម័នទី១ (គ.ស៦៥៥‑៦៨១)
ព្រះអង្គជាបុត្រព្រះបាទភវវរ្ម័នទី២ ។ ព្រះអង្គបានឡើងស្នងរាជ្យបន្តពីឪពុក ។ ព្រះអង្គត្រូវបានប្រជានុរាស្ត្រ និងមន្ត្រីសេនាតូចធំ ចាត់ទុកព្រះអង្គជាក្សត្រមួយអង្គដែលស្រឡាញ់និយមសន្តិភាព ហើយយកចិត្តទុកដាក់នឹងកិច្ចការគ្រប់គ្រងការពារប្រទេសជាតិទឹកដីដែលបុព្វបុរសខ្មែរជំនាន់មុនបានបង្កបង្កើតទុកមកជាមរតក ។ សិលាចារឹកកត់ត្រាថា ព្រះអង្គឈ្លាសវៃ មានភ្នែករាប់រយពាន់ អាចមើលឃើញទៅឆ្ងាយ (សិលាចារឹក វត្តព្រៃវាល និង អង្គជំនីក) ។
No comments:
Post a Comment