ព្រះពុទ្ធសាសនាចាប់បដិសន្ធិយ៉ាងដូចម្ដេចក្រោយរបបខ្មែរក្រហម ?
ភ្នំពេញ : នៅសម័យអន្តរកប្ប ចន្លោះឆ្នាំ១៩៧៥-៧៩ ប៉ុល ពត បានរំលាយខឿនព្រះពុទ្ធសាសនា ទាំងវត្តអារាម ទាំងព្រះសង្ឃ ទាំងឧបាសក ទាំងឧបាសិកា ទាយក ទាំងយិកាចោលទាំងអស់ ។ មិនត្រឹមតែប៉ុណ្ណោះទេ ថែមទាំងបានបំផ្លាញគម្ពីរដីកាព្រះពុទ្ធសាសនាមួយចំនួនធំទៀត ។
នៅថ្ងៃសៅរ៍ ៣ កើត ខែមិគសិរ ឆ្នាំមមែ ស.ព.២៥២២ ត្រូវនឹងថ្ងៃទី២ ខែធ្នូ គ.ស.១៩៧៨ ប្រជាជនបានបង្កើតរណសិរ្សមួយ ឈ្មោះរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលមានគោលការណ៍១១.ខ ក្នុងគោលបំណងវាយរំដោះប្រជាជនកម្ពុជាឲ្យបានរួចផុតពីរបបបនប្រល័យពូជសាសន៍ ប៉ុល ពត ។ លុះដល់ថ្ងៃអាទិត្យ ១០ កើត ខែបុស្ស ឆ្នាំមមែ ព.ស.២៥២២ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ១៩៧៩ រំដោះប្រជាជនឲ្យរួចផុតពីរបបបនប្រល័យពូជសាសន៍ ប៉ុល ពត បានដូចបំណង ។ នៅពេលនោះឯងហើយប្រជាជនកម្ពុជាអាចមានជំនឿលើព្រះពុទ្ធសាសនាឡើងវិញបានជាបណ្ដើរៗ ពីព្រោះរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាមានយោបល់ថា ព្រះពុទ្ធសាសនា និងចិត្តគំនិតរបស់ប្រជាជនកម្ពុជា មានភាពផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធរាប់ពាន់ឆ្នាំកន្លងមកហើយ មិនអាចមានអ្នកណាម្នាក់មកបេះបំបែកចេញពីគ្នាបានដោយងាយឡើយ ។ សូម្បីនៅក្នុងសម័យប៉ុល ពត ពួក ប៉ុល ពត បានបំបាក់ស្មារតីប្រជាជនឲ្យលះបង់ព្រះពុទ្ធសាសនា បើអ្នកណាមិនព្រមលះបង់ចោលទេ នៅមានការអាឡោះអាល័យព្រះពុទ្ធសាសនា ពួក ប៉ុល ពត នាំយកអ្នកនោះសម្លាប់ចោលទាំងពូជ ។
បើទុកជាមានការគាបសង្កត់សម្លាប់បែបនេះក៏ដោយ ក៏ប្រជាជនមួយចំនួនធំនៅតែលួចថ្វាយបង្គំព្រះសម្ពុទ្ធក្នុងពេលស្ងាត់ ឬក៏នៅតែលើកដៃអធិដ្ឋានចិត្តចំពោះព្រះសម្ពុទ្ធដែរ ។ ចំណែកព្រះសង្ឃវិញ ព្រះសង្ឃមួយចំនួនធំ ពួកប៉ុលពតបង្ខំឲ្យសឹក លោកក៏សឹកតាមបញ្ជា តែចិត្តរបស់ព្រះអង្គវិញ នៅតែអាល័យភេទផ្នួស ពេលយប់យកស្បង់ ចីពរ មកដេកឱប ។ នៅមានព្រះសសង្ឃមួយចំនួនតូចបំផុតមិនព្រមលះបង់ភេទបព្វជិត ដោយប្រើកលល្បិចពេលមានប្រជាជនអ៊ូអរ យកសំពត់សមកស្លៀកដណ្ដប់ តែនៅពេលស្ងាត់វិញលោកយកស្បង់ចីពរ មកគ្រង ខំភាវនាធម៌ មិនខ្លាចសេចក្ដីស្លាប់ឡើយ ។
ដោយគ្រាន់តែបានដឹងថា រដ្ឋអំណាចបន្ធូរឲ្យប្រជាជនមានជំនឿលើព្រះពុទ្ធសាសនាបានភ្លាម ប្រជាជនដែលធ្លាប់ជាពុទ្ធបរិស័ទពីជំនាន់មុន ងើបច្រូងច្រាងនាំគ្នាធ្វើបុណ្យ។ តែនៅពេលនោះមិនទាន់មានព្រះសង្ឃនៅឡើយ នាំគ្នាអញ្ជើញលោកតាៗដែលចេះព្រះពុទ្ធសាសនា ឲ្យធ្វើជាព្រះសង្ឃ ហើយនាំគ្នាវេរបច្ច័យ៤ ឧទិ្ទសកុសលជូនវិញ្ញាណក្ខន្ធបុព្វបុរសដូចជា កាលព្រះពុទ្ធគង់ធម្មាដូចនោះដែរ ។
នៅពេលនោះឯង ព្រះសង្ឃអង្គខ្លះដែលព្រះអង្គលបស្លៀកស្បង់គ្រងចីពរអស់រយៈពេលជាងបីឆ្នាំកន្លងមកហើយនេះ ព្រះអង្គប្រកាសខ្លួនថា នៅសម័យ ប៉ុល ពត ព្រះអង្គមិនដែលឃ្លាតចេញពីភេទបព្វជិតឡើយ ព្រះអង្គស្លៀកស្បង់គ្រងចីពរ ជាធម្មតាវិញ ។ ក៏មានការយល់ថា ការស្លៀកខោពាក់អាវដោយការបង្ខំពីសត្រូវ សីលផ្នួសរបស់ព្រះអង្គមិនបាច់ឡើយពី ព្រោះព្រះអង្គបានរក្សាសីលផ្នួសរបស់ខ្លួនបានដូចធម្មតា ។ ការយល់ដូចនេះ លោកយកស្បង់ចីពរមកស្លៀកដណ្ដប់ ហើយប្រកាសខ្លួនថាខ្លួនជាអ្នកបួសពិតប្រាកដ ។
ដោយមានការបួសគ្មានសណ្ដាប់ធ្នាប់បែបនេះ ទើបទីស្ដីការគណៈកម្មាធិការមជ្ឈិមរណសិរ្សសង្គ្រោះជាតិកម្ពុជាបានចាត់ចែងនិមន្ដព្រះសង្ឃពីប្រទេសវៀតណាមចំនួន ៩ អង្គ មកបំបួសលោកអាចារ្យ ដែលជាអតីតបព្វជិត ហើយដែលមិនមានប្រពន្ធ-កូន ធ្វើជាពូជព្រះសង្ឃដើម្បីបំបួសកុលបុត្របន្តទៅទៀត ។ តាមព្រះសពសម្តេចមង្គលទេពាចារ្យ អ៊ុម ស៊ុម បានឲ្យដឹងថា ព្រះសង្ឃ ៩ អង្គដែលរដ្ឋាភិបាលវៀតណាម បានចាត់តាំងឲ្យមកបំបួសនោះ លោក អាចារ្យ តុង ធ្វើជាព្រះឧប្បជ្ឈាយ៍ និមន្តមកដល់ក្រុងភ្នំពេញព្រះអង្គសុគត ។ សូមបញ្ជាក់ថា ព្រះអង្គព្រះនាម តុង នេះ ពីមុនពេលសម័យប៉ុល ពត ឆ្នាំ១៩៧៥ ព្រះអង្គគង់នៅវត្តមហាមន្ត្រី ក្រុងភ្នំពេញ ។ ឯព្រះសង្ឃ ១ អង្គទៀត ព្រះនាមថាច់ មិញ ជាព្រះសង្ឃមហាយាន ព្រះអង្គជាអ្នកសង្កេតការណ៍ មិនបានចូលរួមជាការកសង្ឃទេ ។
ដូច្នេះ ព្រះសង្ឃជាការកសង្ឃ រៀបចំការបំបួសនោះមានចំនួន ៧ អង្គ ៖
១. ព្រះអង្គ យីវ ងីម ជាព្រះឧបជ្ឈាយ៍
២. ព្រះអង្គ ថាច់ ធៀងតុង ជាគ្រូសូត្រស្តាំ
៣. ព្រះអង្គ ធីវ វីត ជាគ្រូសូត្រឆ្វេង
ឯព្រះអង្គ ៤ ព្រះអង្គទៀត សម្ដេចមិនបានស្គាល់ ។ ការរៀបចំបំបួសធ្វើចំពោះអតីតបព្វជិត ៧រូប នៅថ្ងៃពុធ ១៣ រោចខែភទ្របទ ឆ្នាំមមែ ព.ស.២៥២៣ ត្រូវនឹងថ្ងៃទី ១៩ ខែកញ្ញា គ.ស.១៩៧៩ ។
ឯអតីតបព្វជិត ៧ រូបដែលត្រូវបំបួសនោះ ៖
១. ភិក្ខុ កើត វ៉ាយ មកពីខេត្តកំពង់ធំ ( សុគត ២៥ មករា ១៩៩១ )
២. ភិក្ខុ ប្រាក់ ឌិត មកពីខេត្ត តាកែវ
៣. ភិក្ខុ ឌិន សារុន មកពីខេត្ត កណ្ដាល
៤. ភិក្ខុ អ៊ិត ស៊ុម មកពីខេត្ត តាកែវ ( សុគត ០១.០៩.១៩៩៨ )
៥. ភិក្ខុ នន់ ង៉ែត មកពីខេត្ត តាកែវ
៦. ភិក្ខុ កែន វង្ស មកពីខេត្ត ព្រៃវែង
៧. ភិក្ខុ ទេព វង្ស មកពីខេត្ត សៀមរាប ។
ចាប់ពីពេលបានបំបួសព្រះសង្ឃនេះរួចមក ព្រះឧបជ្ឈាយ៍ព្រះនាម ឋិតស្រីលោ ដែលបានបំបួសភិក្ខុទាំង ៧ អង្គនេះ បានសម្រេចប្រគល់ភារកិច្ចឲ្យភិក្ខុ កើត វ៉ាយ ធ្វើជាព្រះឧបជ្ឈាយ៍ បំបួសភិក្ខុ សាមណេរ បន្តទៅទៀត ក្រោយមកភិក្ខុ កើត វ៉ាយ ព្រះអង្គមានព្រះជន្មច្រើន មានវត្តអារាមនៅឆ្ងាយពីទីក្រុងភ្នំពេញមានផ្លូវលំបាកខ្លាំង ហើយបើព្រះអង្គនិមន្តមកក្រុងភ្នំពេញចេះតែមានព្រះអាពាធ ។
ដោយមានមូលហេតុនេះហើយ ទើបភិក្ខុ កើត វ៉ាយ និមន្តមកបំបួសបានត្រឹមតែមួយលើកប៉ុណ្ណោះ ព្រះអង្គបានប្រគល់នាទីព្រះឧបជ្ឈាយ៍ឲ្យភិក្ខុ ទេព វង្ស បំបួសភិក្ខុ សាមណេរ បន្តពីព្រះអង្គទៅទៀត ។ បន្ទាប់ពីការបំបួសបានព្រះសង្ឃ ៧ អង្គរួចមកគណៈកម្មាធិការមជ្ឈិមរណស្សិ និងក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា មានចំណាប់អារម្មណ៍លើ ៖
-ព្រះពុទ្ធសាសនាបានកើតហើយ តែការរៀបចំព្រះពុទ្ធសាសនា នៅមិនទាន់មាន របៀបរៀបរយល្អនៅឡើយ ។ ដូចនេះ គួរតែរៀបចំព្រះសង្ឃឲ្យមានឯកភាព គឺគ្មានគណៈនិកាយឡើយ ។
-គួររៀបចំពុទ្ធសាសនាឲ្យមានព្រះសង្ឃមជ្ឈិម និងក្រសួងធម្មការសម្រាប់ជួយសម្រួលកិច្ចការព្រះពុទ្ធសាសនា ។
-អ្នកមានសទ្ធាចូលបួសក្នុងព្រះពុទ្ធសាសនាកាន់តែមានច្រើនឡើង ។ ឯព្រះសង្ឃមជ្ឈិមអាចចេញទៅបំបួសតាមខេត្តនានាមិនទាន់ពេលតាមសំណូមពររបស់ពុទ្ធបរិស័ទបានឡើយ ។
ដូចនេះ គណៈកម្មការមជ្ឈិមរណសិរ្ស និងក្រុមប្រឹក្សាប្រជាជនបដិវត្តន៏កម្ពុជា បានឯកភាពជាមួយព្រះសង្ឃមជ្ឈិមរណសិរ្សបង្កើតឲ្យមានព្រះឧបជ្ឈាយ៍ និងការកសង្ឃនៅគ្រប់ខេត្ត ក្នុងប្រទេសកម្ពុជាទាំងមូល ។
ឯការបំបួសនោះទៀតសោត ត្រូវគោរពតាមសារាចរស្ដីពីរបៀបបំបួសកុលបុត្រ ក្នុងព្រះពុទ្ធសាសនា លេខ ២៤-៨១ស.រ ចុះថ្ងៃទី៥ ខែមិថុនា គ.ស ១៩៨១/ព.ស.២៥២៤ ។
សារាចរបានរៀបរាប់ថា ព្រះពុទ្ធសាសនាបានដុះជាប់ជានិស្ស័យចិត្តគំនិតរបស់ប្រជាជនកម្ពុជាជាច្រើនពាន់ឆ្នាំមកហើយ ថែមទាំងបានផ្សារភ្ជាប់នឹងទំនៀមទម្លាប់ខ្មែរទៀតផង ព្រោះហេតុនោះទើបប្រជាជនកម្ពុជា ៩៩ ភាគរយគោរពរាប់អាន ។
ក្រោយថ្ងៃ១៧ មេសា ១៩៧៥ មកទល់នឹងថ្ងៃ ៧ មករា ១៩៧៩ រយៈកាលជិត ៤ ឆ្នាំ ព្រះពុទ្ធសាសនាត្រូវធ្លាក់ដល់សូន្យ ដោយពួកទមិឡឥតសាសនា ជាបនប្រល័យពូជសាសន៍ ប៉ុល ពត អៀង សារី ខៀវ សំផន វារលាយសូន្យសុង ។ ក្រោយថ្ងៃ៧ មករា ១៩៧៩ ជាថ្ងៃជ័យជម្នះរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានដេញកម្ចាត់ពួកទមិឡទាំងនោះបានសម្រេចជោគជ័យជាស្ថាពរហើយ អង្គការនេះក៏បានបើកសិទ្ធិនិងសេរីភាពយ៉ាងបរិបូរណ៍ឡើងវិញ ឲ្យប្រជាជនគ្រប់ឋានៈ មានសិទ្ធិ សេរីភាពខាងជំនឿ សាសនាជាដើម ។ ប្រជាជនកម្ពុជាដែលធ្លាប់តែមានសន្ដានចិត្តគោរពប្រតិបត្តិព្រះពុទ្ធសាសនា ទាំងបព្វជិតដែលត្រូវរងគ្រោះដោយបនក្បត់ ប៉ុល ពត ផ្សឹក ក៏ដូចជាអ្នកធ្លាប់ជឿ គោរពសាសនាព្រះពុទ្ធសាសនាទាំងអស់ដែរ មានសទ្ធាជ្រះថ្លាចូលកាន់ភេទបព្វវិជ្ជាឡើងវិញជាច្រើន ។ ការបួសនេះចាប់ផ្ដើមក្រោយពីថ្ងៃ៧ មករា ១៩៧៩ ដោយសំអាងលើរដ្ឋប្រគល់សិទ្ធិ សេរីភាពខាងជំនឿសាសនា ត្រូវនឹងបំណងប្រាថ្នារបស់ខ្លួនហើយ ក៏ចេះតែបួសបានតាមទំនើងចិត្តយល់ឃើញរបស់ខ្លួនទៅ រហូតដល់មានអ្នកខ្លះគ្រាន់តែយកព្រះពុទ្ធរូបជាសាក្សី ក៏ស្លៀកពាក់ត្រៃចីវរសន្មតខ្លួនថាជាបព្វជិតក៏មាន ដោយរដ្ឋអំណាចមិនទាន់គិតគូរដល់ផង ។ លុះក្រោយពីនោះបន្តិចមក ដោយការបួសនេះច្របូកច្របល់ ពុំមានលក្ខណៈត្រឹមត្រូវ រដ្ឋក៏បានចាត់ចែងនិមន្តឧបជ្ឈាយ៍ និងការកសង្ឃមួយចំនួនពីប្រទេសវៀតណាមមកបំបួសអតីតបព្វជិត ៧ រូប នៅវត្តឧណ្ណាលោម ក្រុងភ្នំពេញ ដើម្បីជាការបណ្ដុះពូជព្រះសង្ឃ ជាលើកដំបូងនៅថ្ងៃទី ១៩.៩.១៩៧៩ ។
បន្ទាប់ពីនោះមក រដ្ឋក៏បានចាប់អារម្មណ៍ក្នុងការរៀបចំសាសនាឲ្យបានឯកភាពត្រឹមត្រូវសមស្របល្អ ។ ផ្ដើមរៀបចំឲ្យមានព្រះសង្ឃមជ្ឈិម និងមានក្រសួងធម្មការ បណ្ដោះអាសន្ន ធ្វើសារាចរ លេខ០១ ចុះថ្ងៃទី ០១.១១.៧៩ សម្រាប់ឲ្យអ្នកមានសទ្ធាចូលរួមអនុវត្តតាម ដើម្បីឲ្យមានរបៀបរៀបរយឯកភាពតែមួយបែប សមស្របជាព្រះសង្ឃ សាមគ្គីភាពតែមួយគត់ គ្មានគណៈនិកាយឡើយ ។
ចាប់តាំងពីនោះមក ការបួសក៏ត្រូវអនុវត្តតាមសារាចរខាងលើរហូតមកបានលទ្ធផលល្អប្រសើរ ។ ឥឡូវនេះ ដោយការបួសកាន់តែច្រើនឡើងៗនៅគ្រប់ខេត្ត ព្រះសង្ឃមជ្ឈិមពុំអាចចេញទៅបំបួសបានតាមសំណូមពររបស់ប្រជាជន ។ គណៈកម្មការមជ្ឈិមរណសរ្ស និងក្រុមប្រឹក្សាប្រជាជនបដិវត្តកម្ពុជា ឯកភាពគ្នាជាមួយនឹងព្រះសង្ឃមជ្ឈិម បង្កើតឲ្យមានឧបជ្ឈាយ៍ និងការកសង្ឃគ្រប់ខេត្ត ដើម្បីតម្រូវតាមបំណងរបស់ប្រជាជន ។ ឯការបួសបន្តទៅទៀត តាមខេត្តត្រូវអនុវត្តតាមគោលការណ៍តទៅនេះ ។ ការអនុវត្តនេះត្រូវបានចែកជាពីរផ្នែកគឺ ផ្នែកទី១ អំពីឧបជ្ឈាយ៍ និងការកសង្ឃ ផ្នែកទី២ អំពីកុលបុត្រអ្នកបួស ។
ផ្នែកទី ១ អំពីឧបជ្ឈាយ៍ និងការកសង្ឃ
ឧបជ្ឈាយ៍ ជាអ្នកទទួលខុសត្រូវផ្ទាល់ចំពោះការបំបួសកុលបុត្រ ។ ដូចនេះ ឧបជ្ឈាយ៍ត្រូវប្រកបដោយលក្ខណៈដូចខាងក្រោមនេះ :
១. ភិក្ខុដែលត្រូវធ្វើជាឧបជ្ឈាយ៍ ត្រូវមានសមត្ថភាពទូទៅ កម្រិតវប្បធម៌ខាងផ្លូវសាសនា, ផ្លូវលោក បើមិនច្រើនក៏បង្គួរ ។
២. ឧបជ្ឈាយ៍ ត្រូវជាអ្នកឆ្លៀវឆ្លាតប្រតិពល ក្នុងពិធីសង្ឃកម្មផ្សេងៗ ចេះពិន័យបព្វជ្ជាខន្ធកៈយល់ច្បាប់នូវអក្ខរប្បភេទចេះដឹងនូវធម៌សម្រាប់ឧបជ្ឈាយ៍ និងសិទិ្ធវិហារិក ចេះនាយកធម៌ ហើយប្រតិបត្តិដោយត្រឹមត្រូវចេះចាំអនុសាសន៍ៈ ៨ យ៉ាង ប្រៀនប្រដៅនូវកភិក្ខុច្បាស់លាស់ "ផ្ដាំនាគ" ។
៣. មានវត្តប្រតិបត្តិខាងផ្លូវសាសនា ក៏ដូចជាផ្លូវលោក និងមានគោលជំហរល្អ ស្មោះត្រង់ចំពោះសាសនា ក៏ដូចជាចំពោះបដិវត្តន៍។
៤. មានសីលធម៌ស្អាតស្អំ គួរជាទីគោរពរបស់សិទ្ធិវិហារិក និងបរិស័ទទូទៅ ។
៥. មានភារកិច្ចពិនិត្យឲ្យបានល្អិតល្អន់ ក្នុងការជ្រើសរើសបេក្ខសមណៈ ដែលមានប្រវត្តិរូបស្អាតស្អំ និងស្របច្បាប់ ។
៦. ការជ្រើសរើសនោះ ត្រូវចៀសវាងបក្ខពួកនិយម អត្តនោមតិនិយម ។
៧. ករណីយកិច្ចបំបួស ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមវិន័យបព្វជ្ជាខន្ធកវិធី បំបួសកុលបុត្រដែលដកស្រង់ចេញពីវិន័យបិដក ។
៨. ការកសង្ឃជាកម្មវាចាចារ្យ ត្រូវការអនុវត្តតាមបព្វជ្ជាខន្ខកៈដែលស្រង់ចេញពីវិន័យបិដក ត្រូវតែឲ្យត្រៃសរណគមន៍ និងសូធ្យញត្តិចតុត្ថកម្មវាចាច្បាស់ ត្រូវឆ្លៀវឆ្លាតប្រតិពលអង់អាច ក្នុងការពិនិត្យសម្លឹងរំពៃក្នុងសង្ឃកម្មនេះដោយច្បាស់លាស់ ។
៩. ឧបជ្ឈាយ៍ ការកសង្ឃសម្រាប់ខេត្តណាបំបួសបានតែក្នុងខេត្តនោះ ពុំអាចឆ្លងទៅបំបួសខេត្តដទៃ ឬក៏ពុំអាចណែនាំអ្នកចង់បួសពីខេត្តដទៃមកបំបួសខេត្តរបស់ខ្លួនបានឡើយ ។
១០. កាលបើបំបួសរួចហើយ ព្រះឧបជ្ឈាយ៍ត្រូវតែចេញលិខិតសម្គាល់ភេទ ដោយមានរដ្ឋអំណាចមូលដ្ឋានបានឯកភាពជាមួយផង ដើម្បីឲ្យវនកភិក្ខុដែលបានបួសហើយកាន់សម្គាល់តទៅ ។
១១. ការលបលាក់បំបួសដោយអត្តនោមតិ ត្រូវហាមឃាត់ ។
ផ្នែកទី ២ អំពីកុលបុត្រអ្នកបួស
កុលបុត្រអ្នកបួស គឺជាបុគ្គលដែលមានជំនឿមោះមុតក្នុងធម្មវិន័យព្រះពុទ្ធសាសនា ប្ដេជ្ញាខ្លួនប្រតិបត្តិតាមគោលមាគ៌ារបស់ព្រះពុទ្ធជាម្ចាស់ ។ ដូចនេះកុលបុត្រនេះត្រូវតែប្រកបដោយលក្ខណៈដូចខាងក្រោម :
១. អនុវត្តតាមពុទ្ធសាសនាតែមួយគត់ គឺជាពុទ្ធសាសនាខ្មែរ ដែលផ្សារភ្ជាប់នឹងទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរតាំងពីយូរអង្វែងមកហើយ ។
២. ការបួសក្នុងសម័យនេះ ត្រូវអនុវត្តតាមធម៌វិន័យពុទ្ធប្បញ្ញត្តិ និងពុទ្ធានុញ្ញាតដែលមានព្រះត្រ័យបិដកជាគោល ដូចដែលរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងក្រុមប្រឹក្សាប្រជាជនបដិវត្តន៏កម្ពុជាបានបណ្តុះពូជព្រះសង្ឃឲ្យមានឡើងវិញ គឺថ្ងៃទី ១៩.៩.១៩៧៩ ។
៣. ជាបឋមនេះ គឺលើកទី ១ នៃការបួសឡើងវិញ ។ ត្រូវជ្រើសរើសយកតែអតីតបព្វជិត ដែលត្រូវរងគ្រោះដោយពួកទមិឡឥតសាសនាក្បត់ជាតិប្រល័យពូជសាសន៍ ប៉ុល ពត បានផ្សឹក ហើយមិនមានគ្រួសារ ប្រពន្ធ កូន ហើយមិនដែលបានបង្កលក្ខណៈអន្តរាយដល់បដិវត្តន៍ម្ដងណាផង ។
៤. ការបួសនេះ ត្រូវផ្អែកលើប្រវត្តិរូបស្មោះត្រង់ មិនវៀចវេរ ដែលប្រជាជនគោរពរាប់អាន និងមានសេចក្តីបញ្ជាក់ទទួលស្គាល់ពីររដ្ឋអំណាចមូលដ្ឋាន ហើយអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សបានពិនិត្យសម្រេច ។
៥. កុលបុត្រអ្នកបួស ត្រូវបួសនៅក្នុងខេត្តដែលចេញប្រវត្តិរូប គឺប្រវត្តិរូបធ្វើនៅមូលដ្ឋានណា ត្រូវបួសនៅមូលដ្ឋាននោះ ។ ដាច់ខាតកុលបុត្រអ្នកបួស មិនបានអនុញ្ញាតឲ្យទៅបួសនៅខេត្តដទៃ ក្រៅពីមូលដ្ឋានចេញប្រវត្តិរូបឲ្យឡើយ ។
ការបួស និងការបំបួសទាំងឡាយ ត្រូវតែបានអនុវត្តតាមលក្ខណ៍ការណ៍ខាងលើនេះដោយដាច់ខាត ។ បើឧបជ្ឈាយ៍ ការកសង្ឃ និងអ្នកបួសទាំងឡាយណាប្រព្រឹត្តផ្ទុយពីនេះ គណៈសង្ឃមជ្ឈិម និងរដ្ឋអំណាចបដិវត្តន៍មិនទទួលស្្គាល់ដាច់ខាត ហើយក៏ត្រូវតែមានវិធានការចាំបាច់កែលំអឡើងវិញ ។
សារាចរខាងលើនេះ មានចុះហត្ថលេខានិងត្រា ដោយលោក ហេង សំរិន ក្នុងឋានៈជាប្រធានគណៈគម្មាធិការមជ្ឈិមរណសិរ្ស និងជាប្រធានក្រុមប្រឹក្សាប្រជាជនបដិវត្តន៍ ៕
No comments:
Post a Comment